អានតួអត្ថបទ
អូតង់

OTAN/NATO៖ លោក យែន ស្តុលទែនប៊ែរ ត្រូវបានតែងតាំងឲ្យ​បន្តធ្វើជាអគ្គលេខាធិការ មួយឆ្នាំទៀត

លោក យែន ស្តុលទែនប៊ែរ ត្រូវបាន​ប្រទេសសមាជិកអង្គការសម្ព័ន្ធមិត្តអូតង់ បោះឆ្នោតសម្រេចឲ្យ​បន្តធ្វើជា​អគ្គលេខាធិការអូតង់ មួយឆ្នាំទៀត។ នេះគឺជាការផ្តល់​សេចក្តីទុកចិត្ត លើការងារ​របស់​លោកកន្លងមក ក្នុងកាលៈទេសៈ ដែល​ក្រុមប្រទេសអូតង់ កំពុងតែ​ប្រឈមមុខខ្លាំងជាមួយ​រុស្ស៊ី ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន​។​

លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់ ថ្លែងសារ​នៅ​មូលដ្ឋាន​ Pabrade ប្រទេសលីទុយអានី ថ្ងៃទី ២៦ មិថុនា ២០២៣
លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់ ថ្លែងសារ​នៅ​មូលដ្ឋាន​ Pabrade ប្រទេសលីទុយអានី ថ្ងៃទី ២៦ មិថុនា ២០២៣ AP - Mindaugas Kulbis
ផ្សាយពាណិជ្ជកម្ម

លើទំព័រ Twitter លោក យែន ស្តុលទែនប៊ែរ បាន​សរសេរសារ ថាលោកសូមអរគុណ ចំពោះការ​ផ្តល់សេចក្តី​ទុកចិត្ត ពីសំណាក់​ប្រទេសសមាជិក​សម្ព័ន្ធមិត្តអូតង់ ដែល​បានអនុញ្ញាតឲ្យ​លោក​បន្តការងារ​មួយ​ឆ្នាំ​ទៀត រហូតដល់ថ្ងៃទី​១ខែតុលាឆ្នាំ​២០២៤។ អតីតនាយករដ្ឋមន្ត្រីន័រវែស វ័យ​៦៤ឆ្នាំរូបនេះ បានបន្ថែមថា ចំណងសហប្រតិបត្តិការ ​រវាង​អឺរ៉ុប និង​អាមេរិកខាងជើង តាមរយៈសម្ព័ន្ធភាពអូតង់ បានធានាឲ្យ​មាន​សិទ្ធិសេរីភាព និង​បានការពារសន្តិសុខ​អស់រយៈពេល​៧៥ឆ្នាំមកហើយ។ ក្នុងកាលៈទេសៈ ដែលពិភពលោក​កាន់តែប្រឈមគ្រោះថ្នាក់ សម្ព័ន្ធភាព​នេះកាន់តែមានសារៈសំខាន់ខ្លាំងឡើងថែមទៀត។

គួររំលឹកថា អស់ជាច្រើនសប្តាហ៍​មកហើយ ដែលអង្គការសម្ព័ន្ធភាពអាត្លង់ទិកខាងជើង ហៅកាត់ថា អូតង់ ឬ ណាតូ ត្រូវស្វែងរកមនុស្ស​ថ្មីម្នាក់​ មកកាន់​មុខតំណែងជាអគ្គលេខាធិការ ខណៈដែល​លោក​យែន ស្តុលទែនប៊ែរ ត្រូវចប់អាណត្តិ។ មាន​ឈ្មោះបេក្ខជនខ្លះ ត្រូវបានគេលើកឡើងថាអាចមកជំនួសលោក យែន ស្តុលទែនប៊ែរ ដូចជា លោកស្រីអតីត​នាយករដ្ឋមន្រ្តីដាណឺម៉ាក Mette Frederiksen និងលោក​រដ្ឋមន្ត្រី​ការពារជាតិអង់គ្លេស Ben Wallace ជាដើម។

តែទីបំផុត អគ្គរដ្ឋទូតនៃប្រទេសទាំង​៣១សមាជិកអូតង់ បានជួបប្រជុំគ្នានៅស្នាក់ការធំរបស់អូតង់ នៅក្រុងព្រុចស៊ែល ​ដោយ​បាន​សម្រេច​យល់ព្រម ពន្យាអាណត្តិរបស់​​លោក យែន ស្តុលទែនប៊ែរ ថែមមួយឆ្នាំ​ទៀត។ តែទន្ទឹមគ្នានេះ មន្ត្រីទូតមួយចំនួន​ បានបង្ហាញ​ការបារម្ភ ថា​ការពន្យាពេលដល់ឆ្នាំក្រោយ ដើម្បីរើសមនុស្សថ្មីមកធ្វើជាអគ្គលេខធិការអូតង់ វាអាចនឹងចោទជាបញ្ហាកាន់តែ​លំបាក ព្រោះវាកៀកនឹង​ការបោះឆ្នោតសភាអឺរ៉ុប នៅខែមិថុនា២០២៤ ព្រមទាំងការបោះឆ្នោតប្រធានាធិបតីអាមេរិក ខែវិច្ឆិកា២០២៤។ ការបោះឆ្នោតទាំងនេះ អាចនឹងធ្វើ​ឲ្យ​មាន​ការផ្លាល់​ប្តូរនយោបាយផ្ទៃក្នុង ព្រមទាំងការតែងតាំងមុខតំណែងសំខាន់ៗផងដែរ​។

យ៉ាងណាក៏ដោយ លោក​ ចូ បៃដិន បានផ្ញើសារអបអរសាទរ និង​បាន​សរសើរការងារដឹកនាំរបស់​លោក យែន ស្តុលទែនប៊ែរ នៅក្នុងកាលៈទេសៈដ៏រំជើបរំជួល ដែល​អង្គការអូតង់កំពុងតែឆ្លងកាត់នាពេលនេះ ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន​។ យ៉ាងណាមិញ នៅប៉ុន្មានថ្ងៃ​ខាងមុខនេះ អូតង់នឹងបើកជំនួបកំពូល​ធំរបស់ខ្លួននៅ​ទីក្រុងវីលនុស ប្រទេស​លីទុយអានី។ លោក​ប្រធានាធិបតី​អ៊ុយក្រែន បាន​ថ្លែងរំលឹកថា លោកសង្ឃឹម​ថាជំនួបកំពូលនេះ នឹង​ផ្តល់ពន្លឺជាក់ច្បាស់ ទាក់ទិននឹងការទទួលយក​បេក្ខភាពអ៊ុយក្រែន ចូលជាសមាជិករបស់អូតង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ