អានតួអត្ថបទ

បារាំង ជំរុញ  ​អារ៉ាប៊ីសាអូឌីត​ ឲ្យ​ពន្លឿន​សកម្មភាព​ដើម្បី​បុព្វហេតុអាកាសធាតុ

រដ្ឋមន្ត្រី​ថាមពល​បារាំង បាន​​​ជំរុញ ព្រះ​​រាជាណាចក្រ​ប្រេង​ ​អារ៉ាប៊ីសាអូឌីត​ ឲ្យ​ពិនិត្យ​​ផែនការ​សកម្មភាពឡើងវិញ ​ដើម្បីបុព្វហេតុ​​បរិស្ថានអាកាសធាតុ​ ​ជាពិសេស​ឲ្យ​ពន្លឿន​អព្យាក្រឹតកាបូន​។ ការ​ណ៍​នេះបង្ហាញ​ឲ្យ​ដឹង​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​រដ្ឋមន្ត្រី​ថាមពល​បារាំង​ នៅ​រាជធានី​រីយ៉ាដ​​ នា​ថ្ងៃ​អាទិត្យ ទី​៩កក្កដា ។​ បារាំង ក៏​បាន​ឆ្លៀតឱកាស ​ស្នើ​ប្រាប់​ ​អារ៉ាប៊ីសាអូឌីត​ អំ​ពី​លទ្ធភាព​-សមត្ថភាព​របស់​ខ្លួន ក្នុងការ​​វិនិយោគទុន​ផ្នែ​ក​ថាម​ពល​នុយក្លេអ៊ែរ។  

រដ្ឋមន្ត្រីថាមពលបារាំង អ្នកស្រី Agnès Pannier-Runacher
រដ្ឋមន្ត្រីថាមពលបារាំង អ្នកស្រី Agnès Pannier-Runacher AP - Olivier Matthys
ផ្សាយពាណិជ្ជកម្ម

​គឺ​ក្នុងរបៀប​វរៈ​​ ថាមពល​និងអាកាសធាតុ ដែល​ រដ្ឋមន្ត្រី​ថាមពល​បារាំង អ្នកស្រី​ Agnès Pannier-Runacher​ អញ្ជើញ​ទៅ​ ក្រុង​រីយ៉ាដ របស់​​ ​អារ៉ាប៊ីសាអូឌីត​។ ​តាំង​តែ​ពីឆ្នាំ២០២១មក អារ៉ាប៊ីសាអូឌីត​ ប្រទេស​​ផលិត​ប្រេងនាំចេញ​លំដាប់​ធំជាងគេលើពិភពលោក ​​បា​នសន្យាបង្ហាញ​សុ​ឆន្ទៈ​ កាត់​បន្ថយ​​បញ្ចេញ​ផ្សែង​ពុល​​ និង​គ្មាន​បញ្ចេញផ្សែងពុល​​សោះ យ៉ាង​យូរ​បំផុត​​ឆ្នាំ​២០៦០។  ក៏ប៉ុន្តែ រដ្ឋមន្ត្រី​ថាមពល​បារាំង ចង់ឲ្យ អារ៉ាប៊ីសាអូឌីត​ ពន្លឿន​ឲ្យ​កាន់តែ​ឆាប់​ជាង​នេះ គឺត្រឹមឆ្នាំ​ ២០៣០-២០៣៥​។​ ស្រប​នឹង​សម្តីនេះ អ្ន​កស្រី Agnès Pannier-Runacher​ ចង់​លើកឡើង​ថា ​បារាំង ​អាច​នឹង​ជួយ​​​ អារ៉ាប៊ី​សាអូឌីត ឲ្យ​ឆាប់​សម្រេច​ផែនការ។

ទោះបី​ជារង​ការ​រិះគន់​ពីក្រុម​អ្នក​ប្រឆាំង​នឹង​ថាមពល​បរមាណូក្តី ក៏រដ្ឋបាល​ទីក្រុង​ប៉ារីស បាន​​ ជ្រើស​រើស​ការ​វិយោគទុន​​បង្កើន​ថាមពល​នុយក្លេអ៊ែរ​ ដែល រដ្ឋ​បារាំង​សព្វថ្ងៃ ចាត់​ទុកថាជា​ថាមពលស្អាត និងជា​​ចំណែក​មួយ​ក្នុងការ​​ចូលរួម​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល​​។

តាមរយៈ​ប្រសាសន៍​របស់អ្ន​កស្រីរដ្ឋមន្ត្រី​ Agnès Pannier-Runacher​ គឺ​បារាំងមាន​សមត្ថភាព​ប្រកួត​ប្រជែង​ខ្ពស់ ខាង​ថាមពល​នុយក្លេអ៊ែរ​ ដែល​អាច​នឹង​បំពេញ​តម្រូវការ​ ក្តីរំពឹង​ទុក របស់ អារ៉ាប៊ីសាអូឌីត​ បាន។​

បើតាម Aramco ​ក្រុមហ៊ុន​រដ្ឋ​​​របស់​អារ៉ាប៊ីសាអូឌីត គឺ​ប្រទេស​នេះ​អាច​នឹង​ឈាន​ដល់​សម្រេច​ផែន​ការ​អព្យាក្រឹត្យ​កាបូន នៅឆ្នាំ​២០៥០ ពោល​គឺ​១០​ឆ្នាំ​មុន​ផែនការ ខណៈ​ដែល​ប្រទេសជិតខាង​ គឺ​ អេម៊ីរ៉ាត់​អារ៉ាប់រួម​ ក៏​បាន​ចាក់​បញ្ចូល​ថវិការាប់​រយ​លាន​ដុល្លារ ដើម្បី​វិនិយោគទុន​​គម្រោង​កម្មវិធី​ថាមពល​ស្អាត​ ហើយ​ នៅ​ចុង​ឆ្នាំនេះ អេម៊ីរ៉ាត់​អារ៉ាប់រួម​ ក៏​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពីអាកាសធាតុ Cop28 នៅក្រុង​ឌុយប៉ៃ ទៀត​ផង ។

ទាំង​អារ៉ាប៊ីសាអូឌីត ទាំង​អេម៊ីរ៉ាត់​អារ៉ាប់រួម​ និង​ប្រទេស​ផលិត​ប្រេង​នៅ​ឈូង​សមុទ្រពែរ្ស៍ គឺ​ហាក់​បង្ហាញ​សកម្មភាព​និង​សម្តី​សន្យាអំពី​ការគិតគូរ​​ពីបរិស្ថាន​អាកាសធាតុ។ ប៉ុន្តែ នៅ​ពីម្ខាងទៀត ក៏ពឹត​ប្រឹង​បូម​ចម្រាញ់​ប្រេង​ ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារផង​ និង​ជា​សេដ្ឋកិច្ច​ចម្បង​របស់ខ្លួនផង​។ ទង្វើនេះ​ជាហេតុ​ដែល​ ​សកម្មជន​បរិស្ថាន​អាកាសធាតុ បាន​​រិះគន់ថា ពួក​គេ​ ដៃម្ខាង​ពន្លត់ភ្លើង ដៃម្ខាងទៀត ដុតភ្លើង​ ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ