អានតួអត្ថបទ
បារាំង-អាកាសចរណ៍

បារាំង​បើកសម្ពោធពិព័រណ៍យន្តហោះអន្តរជាតិ Bourget ក្រោយអាក់ខាន​ដោយសារកូវីដ

ថ្ងៃចន្ទទី​១៩មិថុនា បារាំងបានបើកសម្ពោធពិព័រណ៍យន្តហោះអន្តរជាតិដ៏ធំរបស់ខ្លួន នៅ​ជាយ​ក្រុងប៉ារីស បន្ទាប់ពីអាក់ខានអស់រយៈពេល​៤ឆ្នាំ ដោយសារតែកូវីដ​១៩​។ កម្មវិធីពិព័រណ៍ពេញមួយសប្តាហ៍នេះ គឺជា​ឱកាសតាំងបង្ហាញ​ នូវ​យានផ្លូវអាកាសគ្រប់ប្រភេទ ប្រកបដោយ​បច្ចេកវិទ្យាទំនើបចុងក្រោយ​បំផុត នៃបណ្តាក្រុមហ៊ុនឧស្សាហកម្មផ្លូវអាកាស។ ពិព័រណ៍ឆ្នាំនេះ គឺគេរំពឹងរងចាំមើល យន្តហោះ​ដែល​បញ្ចេញ​​ឧស្ម័ន​កាបូនិកតិចបំផុត​។

លោកប្រធានាធិបតីម៉ាក្រុង ឈរក្បែរលោក​អគ្គនាយក Airbus Guillaume Faury (ស្តាំ) សម្លឹងមើល​យាន Airbus Zero ជាប្រភេទយន្តហោះ hybrid-hydrogen។ International Paris Air Show ថ្ងៃទី ១៩ មិថុនា ២០២៣
លោកប្រធានាធិបតីម៉ាក្រុង ឈរក្បែរលោក​អគ្គនាយក Airbus Guillaume Faury (ស្តាំ) សម្លឹងមើល​យាន Airbus Zero ជាប្រភេទយន្តហោះ hybrid-hydrogen។ International Paris Air Show ថ្ងៃទី ១៩ មិថុនា ២០២៣ AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

លោក​ម៉ាក្រុងបានមានវត្តមាន ពេញមួយព្រឹក​ថ្ងៃទី​១៩មិថុនា នៅក្នុង​កម្មវិធីបើកសម្ពោធពិព័រណ៍យន្តហោះអន្តរជាតិ  Bourget នៅជាយ​ខាងជើងក្រុងប៉ារីស។ លោក​បានធ្វើដំណើរទៅ ដោយជិះឧទ្ធម្ភាគចក្រ H160 ដ៏ទំនើបចុងក្រោយ​បង្អស់ ផលិតដោយ​ក្រុមហ៊ុន Airbus Helicopters ដែល​ឧទ្ធម្ភាគចក្រនេះ អាចហោះបានដោយ​ប្រើសាំងក្នុងទំហំ​៣០% ដែល​ជាប្រភេទសាំង​យន្តហោះ​ចីរភាព​ (SAF)។ នេះគឺជាការបង្ហាញចេតនារបស់រដ្ឋភិបាលបារាំង ដែលចង់ផ្តោតអាទិភាពទៅលើ ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក នៅក្នុងវិស័យអាកាសចរណ៍។

នៅថ្ងៃទីមួយនៃពិធីពិព័រណ៍ដ៏នេះ ក៏មានផងដែរនូវការហោះបង្ហាញ​ លើផ្ទៃអាកាស នូវ​យន្តហោះចម្បាំងទំនើប ដូចជាយន្តហោះ Rafale និងយន្តហោះដឹកអ្នកដំណើរប្រភេទថ្មី Airbus A321 XLR។ នៅលើដី មនុស្ស​ម្នាជាច្រើននាក់ មានខ្លះក្នុងសម្លៀកបំពាក់ស៊ីវីល ខ្លះក្នុងសម្លៀកពាក់ទាហានផ្លូវអាកាស បន្តដើរចូលតាមស្តង់ធំៗ ទាំងអស់មានប្រមាណ​២៥០០ ដែលសុទ្ធតែជា​ក្រុមហ៊ុន​បច្ចេកវិទ្យា និងឧស្សាហកម្មផ្នែកផ្លូវអាកាស។

គួរបញ្ជាក់ថា ពិព័រណ៍យន្តហោះអន្តរជាតិ Bourget របស់បារាំង គឺជាពិព័រណ៍ធំជាងគេបង្អស់ នៃពិភពលោកក្នុងវិស័យនេះ។ ជានិច្ចជាកាល ក្នុងឱកាសនេះ គឺជាពេលវេលា ដែល​ក្រុមហ៊ុននានាចុះកិច្ចសន្យាបញ្ជាទិញយន្តហោះ ឬក៏បច្ចេកវិទ្យាថ្មីៗសម្រាប់ប្រើ​ក្នុងវិស័យនេះ​។ តែទន្ទឹមគ្នានេះ វិស័យដឹកជញ្ជូនផ្លូវអាកាស បានចូលរួមបញ្ចេញ​ឧស្ម័ន​កាបូនិក ប្រមាណ​ជា​៣% នៃទំហំកាបូនិកទូទាំងសកលលោក។ ​ក្រុម​អង្គការបរិស្ថានរិះគន់ថា វិស័យនេះត្រូវ​តែកាត់បន្ថយសកម្មភាព ដើម្បី​ចូលរួម​ដោះស្រាយ​វិបត្តិអាកាសធាតុសកលលោក។

តែយ៉ាងណា លោក​ប្រធានាធិបតី​​បារាំង បាន​ឆក់ឱកាសនេះ ដើម្បីប្រកាសការពារគម្រូសេដ្ឋកិច្ចនិងសង្គម ដែលផ្តោត​​ទៅលើ​ របកគំហើញថ្មី បច្ចេកវិទ្យាថ្មី ដើម្បី​ពង្រឹងវិស័យឧស្សាហកម្ម​ផ្លូវអាកាស ធ្វើយ៉ាងណាឈានទៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នកាបូនិក​ មានតម្លាភាព ជាជាងការហាមឃាត់រារាំង មិនឲ្យ​មានការរីកចម្រើនទៅមុខ។

តាមការរំពឹងទុក នៅរវាង២៥ឆ្នាំទៀត វិស័យអាកាសចរណ៍​នឹងកើនឡើងមួយទ្វេជាពីរ។ ដើម្បីចូលរូម​ដោះស្រាយ​វិបត្តិអាកាសធាតុ វិស័យអាកាសចរណ៍ពិភពលោក បាន​កំណត់កម្មវត្ថុរួម ឈានទៅ​មានអព្យាក្រិត្យភាពកាបូននៅឆ្នាំ​២០៥០។ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវជាច្រើន នឹងបញ្ជាទិញនូវយន្តហោះថ្មី ដែលស៊ីសាំងកាន់តែតិច ហើយ​បញ្ចេញ​ឧស្ម័ន​កាបូនិកតិចបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ