អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គម្រោងយន្តហោះអ៊ីពែរសូនិករបស់អឺរ៉ុប៖ ប៉ារីស-ញូវយ៉កត្រឹម៩០នាទី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

យន្តហោះ​គ្មានមនុស្សបើក (ដ្រូន) ដឹកអ្នក​ដំណើរ​ ពី​ប៉ារីស ទៅ​ញូវយ៉ក ដោយ​ប្រើ​ពេល​ត្រឹមតែ ៩០នាទី ហើយ​ដោយ​មិន​បញ្ចេញ​ឧស្ម័ន​កាបូនិក​សោះ... នេះ​គឺ​ជា​គម្រោង​របស់​ក្រុមហ៊ុន Start-up មួយ​នៅ​អឺរ៉ុប ឈ្មោះ Destinus។ កន្លងមក គេធ្លាប់សង្កេតឃើញ​មាន​គម្រោង​ស្រដៀងគ្នា​នេះ​ច្រើន​រួចមកហើយ ក៏ប៉ុន្តែ គម្រោង​របស់ Destinus ហាក់​បោះជំហានទៅមុខ​លឿន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​យន្តហោះគំរូដើមមួយ​ត្រូវ​បាន​គេ​យក​មក​ដាក់​បង្ហាញ នៅ​ក្នុង​អំឡុង​ពិព័រណ៌​យន្តហោះអន្តរជាតិ​នៅ​ប៉ារីស កាល​ពី​សប្តាហ៍​កន្លងទៅ។

យន្តហោះ ដែល​ក្រុមហ៊ុន Destinus គ្រោង​ផលិត ជា​ប្រភេទយន្តហោះ​គ្មាន​មនុស្សបើក​ធុន​អ៊ីពែរសូនិក ដែល​មាន​ល្បឿន​លឿនជាងសំឡេង​យ៉ាងតិច ៥ដង (រូបតំណាង)
យន្តហោះ ដែល​ក្រុមហ៊ុន Destinus គ្រោង​ផលិត ជា​ប្រភេទយន្តហោះ​គ្មាន​មនុស្សបើក​ធុន​អ៊ីពែរសូនិក ដែល​មាន​ល្បឿន​លឿនជាងសំឡេង​យ៉ាងតិច ៥ដង (រូបតំណាង) © AP/Destinus
ផ្សាយពាណិជ្ជកម្ម

គិតមកទល់នឹង​ពេលនេះ ជិត ២០ឆ្នាំហើយ ដែល​ការហោះហើរ​ដឹកអ្នក​ដំណើរ ក្នុងល្បឿន​លឿន​កម្រិត​ស៊ូពែរសូនិក ត្រូវ​បិទបញ្ចប់ ជាមួយនឹង​ការ​ហោះហើរ​ចុងក្រោយ​របស់​​យន្តហោះ​ធុន Concorde កាលពីខែវិច្ឆិកា​ឆ្នាំ២០០៣។

យន្តហោះប្រភេទ​ថ្មី ដែ​លក្រុមហ៊ុន Destinus កំពុង​អភិវឌ្ឍ​នៅ​ពេលនេះ ក្រៅពីជា​ប្រភេទ​យន្តហោះ​គ្មាន​មនុស្ស​បើក គឺ​នឹង​មាន​ល្បឿនលឿន​ជាង​ Concorde រហូត​ដល់​ទៅ ៣ដង។ ជាប្រភេទ​យន្តហោះ​អ៊ីពែរសូនិក ដោយ​មាន​ល្បឿន​លឿន​ជាង​សំឡេង​យ៉ាងតិច ៥ដង គឺលើសពី ​​ ៦១០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង ហើយ​អាច​ហោះ​​រហូត​ទៅដល់​កម្ពស់ ពី ៣០គីឡូម៉ែត្រ ទៅ ៤០គីឡូម៉ែត្រ ពោលគឺ រហូតដល់​ទៅ​ជាង ៣ដង ខ្ពស់​ជាង​រយៈកម្ពស់​យន្តហោះ​ដឹកអ្នកដំណើរ​បច្ចុប្បន្ន​។

ក្នុងល្បឿន​អ៊ីពែរសូនិក​នេះ យន្តហោះ​ Destinus អាច​ធ្វើ​ដំណើរ​ឆ្លង​មហាសមុទ្រ​អាត្លង់ទិក​ពី​ប៉ារីស​ទៅ​ញូវយ៉ក ដោយ​ប្រើ​រយៈពេល​ត្រឹមតែ ១ម៉ោង​កន្លះ ចំណែក​​ពី​ប៉ារីស​ទៅ​ស៊ីដនី ប្រើ​ពេល​ត្រឹមតែ​ ៤ម៉ោង​ប៉ុណ្ណោះ។ លើសពីនេះ​ទៅទៀត ការហោះហើរ​នេះ​ក៏​នឹង​មិន​មាន​បញ្ចេញ​ឧស្ម័ន​កាបូនិក​នោះដែរ ដោយសារ​តែ​វា​ជា​ប្រភេទ​យន្តហោះ​ប្រើ​អ៊ីដ្រូសែន (ជាប្រភេទ​អ៊ីដ្រូសែន​រាវ ដែល​បច្ចុប្បន្ន​ត្រូវបាន​​គេ​ប្រើ​សម្រាប់​​រ៉ុកកែតអវកាស)។

គួរបញ្ជាក់ថា ក្រុមហ៊ុន Destinus មាន​ទីស្នាក់ការ​កណ្តាល នៅ​ក្នុង​ប្រទេស​ស្វ៊ីស ហើយ​មានទីតាំង​នៅ​ក្នុង​ប្រទេស​មួយចំនួន​ផ្សេងទៀត នៅ​អឺរ៉ុប គឺ​រួមមាន នៅ​បារាំង អាល្លឺម៉ង់ និង​អេស្ប៉ាញ។

ក្រុមហ៊ុន​នេះ​ទើប​នឹង​ត្រូវ​បាន​បង្កើត​ឡើង កាល​ពី​ឆ្នាំ២០២១កន្លងទៅនេះ​ប៉ុណ្ណោះ ក៏ប៉ុ​ន្តែ គម្រោង​ផលិត​យន្តហោះអ៊ីពែរសូនិក​​បាន​បោះជំហាន​ទៅមុខ​យ៉ាងលឿន គួរ​ឲ្យ​កត់សម្គាល់ ដោយ​ត្រឹមតែ ៨ខែ​ក្រោយ​បង្កើតក្រុមហ៊ុន យន្តហោះគំរូដើម​តូចមួយ ដែល​គេ​ឲ្យឈ្មោះ​ថា Destinus 1 ដែល​មាន​ប្រវែង​ ៤ម៉ែត្រ ត្រូវ​បាន​គេ​ផលិត និង​ដាក់​ហោះហើរ​សាកល្បង​ប្រកប​ដោយ​ជោគជ័យ ហើយ Destinus 2 ដែល​មាន​ប្រវែង ១០ម៉ែត្រ បាន​ហោះហើរ​ដោយជោគជ័យ ប្រមាណ​ជា ២ខែក្រោយ​មកទៀត។

យន្តហោះគំរូ​ទាំងពីរគ្រឿងនេះ ត្រូវបាន​គេ​ផលិតឡើង ក្នុង​គោលដៅ​​​​សាកល្បង​ម៉ូទ័រ ដែលប្រើ​កេរ៉ូសែន​ធម្មតា បូកបន្ថែម​ជាមួយ​អ៊ីដ្រូសែន ហើយវា​មានល្បឿនយឺតជាងល្បឿន​សំឡេង​នៅឡើយ។ ចំណែក​ Destinus 3 ដែល​គេ​គ្រោង​ហោះសាកល្បង នៅ​ដើមឆ្នាំ២០២៤​ខាងមុខ ទើប​អាច​ហោះ​ដល់​កម្រិត​ស៊ូពែរសូនិក គឺ​ល្បឿនលឿន​ជាងសំឡេង​ជិត១ដងកន្លះ។ Destinus 4 នឹង​បង្កើនល្បឿន​ដល់ ២ដងកន្លះ​នៃ​ល្បឿន​សំឡេង ហើយ​ចុងក្រោយ Destinus 5 ដែលគេ​គ្រោង​ហោះសាកល្បង នៅ​ក្នុង​ចន្លោះ​ឆ្នាំ២០២៧-២០២៨ នឹង​ត្រូវ​បំពាក់​គ្រប់​បច្ចេកវិទ្យា​ទាំងអស់ សម្រាប់​ការ​ហោះហើរ​ក្នុងល្បឿនអ៊ីពែរសូនិក។

គោលដៅ​របស់ Destinus គឺ​ចង់​ផលិត​ និង​ដាក់​ឲ្យ​ដំណើរការ​យន្តហោះគ្មានមនុស្សបើក ប្រភេទ​អ៊ីពែរសូនិក ដែល​អាច​ដឹកទំនិញបាន​ពី ៣តោន ទៅ ៤តោន ឬ​ដឹកអ្នក​ដំណើរ​ពី ២៥ ទៅ ៣០នាក់ នៅ​ក្នុង​អំឡុង​ឆ្នាំ២០៣១-២០៣២​ខាងមុខ។ នៅក្នុងជំហានដំបូងនេះ ការហោះហើរដឹកអ្នកដំណើរ​នឹង​ធ្វើឡើង សម្រាប់​តែ​ Business Class តែប៉ុណ្ណោះ ដោយ​គេ​រំពឹង​ថា ថ្លៃហោះហើរ​នឹង​មាន​កម្រិតខ្ពស់។ ក៏ប៉ុន្តែ នៅ​ជំហាន​ជា​បន្តបន្ទាប់​ទៅទៀត គេ​គ្រោង​នឹង​ផលិត​យន្តហោះ​ កាន់តែ​ធំ ដឹកអ្នក​ដំណើរ​បាន​កាន់តែច្រើននាក់ ហើយ​រួមជាមួយ​នឹង​ការ​ធ្លាក់ថ្លៃ​នៃ​ថាមពល​អ៊ីដ្រូសែន​ផង គេរំពឹងថា នឹង​អាច​បញ្ចុះ​តម្លៃ​សំបុត្រ​យន្តហោះ ហើយ​ឈាន​ទៅ​ពង្រី​ក​ការ​ដឹកអ្នក​ដំណើរ​ធម្មតា ក្នុង​ Economy Class

គិតមកទល់នឹងពេលនេះ ក្រុមហ៊ុន Destinus រកទុនវិនិយោគ​បាន​ប្រមាណ​ជា ៥០លាន​អឺរ៉ូ ដើម្បី​ចំណាយ​ទៅលើ​គម្រោង​របស់​ខ្លួន ដោយ​នៅ​ក្នុងនោះ មាន​មួយផ្នែក​បានមកពី​វិនិយោគឯកជន ចំណែក​មួយផ្នែក​ទៀត​បាន​ពី​ជំនួយ​របស់​រដ្ឋ តាមរយៈ​កម្មវិធី​អភិវឌ្ឍថាមពល​បៃតង គឺ​អ៊ីដ្រូសែន។ ក៏ប៉ុន្តែ នាយកក្រុមហ៊ុន Destinus បាន​ឲ្យដឹង​ថា គេនៅត្រូវការ​ទុន​ច្រើន​បន្ថែម​ទៀត គឺ​រហូតដល់​ទៅ​ប្រមាណ​ជា ១ពាន់លាន​អឺរ៉ូ ដើម្បី​ចំណាយទៅលើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា និង​ផលិត​យន្តហោះ​សាកល្បង រហូតដល់​ដំណាក់កាល​ចុងក្រោយ គឺ​យន្តហោះគំរូ Destinus 5។ ក្រោយ​ពី​ហោះសាកល្បង​បាន​ជោគជ័យ​ជាស្ថាពរ​រួចហើយ គេនៅត្រូវការ​ទុន​ជាច្រើន​ពាន់​លានអឺរ៉ូប​បន្ថែម​ពីលើ​នេះ​ទៅទៀត ដើម្បី​ចំណាយ​ទៅលើ​ការផលិតយន្តហោះ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​​ជា​លក្ខណៈទៀងទាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ