អានតួអត្ថបទ
បាតុភូតឡានីញ៉ា-អាកាសធាតុ

បាតុភូត​ឡានីញ៉ា​នៅ​តែ​មិន​អាច​បញ្ចៀស​ការ​កើន​ឡើង​កម្តៅ​ផែន​ដី​បាន

បាតុភូត​ឡានីញ៉ា​ (La Nina) បាន​វិល​ត្រលប់​មក​វិញ​ ហើយទំនងជា​នឹង​មាន​វត្តមាន​ដល់​ដើម​ឆ្នាំ​ ២០២២​ខាងមុខ។ ក៏ប៉ុន្តែ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​និយាយថា​ទោះបីជា​មាន​ឥទ្ធិពល​ត្រជាក់​របស់​​​ឡានីញ៉ា​ក្តី​ ក៏​សីតុណ្ហភាព​នៅក្នុង​តំបន់​ជាច្រើន​នឹង​នៅតែ​ជៀស​មិន​ផុត​ពី​ការ​កើន​ឡើង​កម្តៅ​ហួស​កម្រិត​មធ្យម​ឡើយ​។

អង្គការឧតុនិយមពិភពលោក និយាយនៅថ្ងៃអង្គារ ទី៣០ វិច្ឆិកាថា ទោះបីជាមានឥទ្ធិពលត្រជាក់របស់បាតុភូតឡានីញ៉ាក្តី ក៏សីតុណ្ហភាពនៅក្នុងតំបន់ជាច្រើននឹងនៅតែជៀសមិនផុតពីការកើនឡើងកម្តៅហួសកម្រិតមធ្យមឡើយ។
អង្គការឧតុនិយមពិភពលោក និយាយនៅថ្ងៃអង្គារ ទី៣០ វិច្ឆិកាថា ទោះបីជាមានឥទ្ធិពលត្រជាក់របស់បាតុភូតឡានីញ៉ាក្តី ក៏សីតុណ្ហភាពនៅក្នុងតំបន់ជាច្រើននឹងនៅតែជៀសមិនផុតពីការកើនឡើងកម្តៅហួសកម្រិតមធ្យមឡើយ។ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

អង្គការ​ឧតុនិយម​ពិភពលោក​ (WMO) បាននិយាយ​នៅ​ថ្ងៃអង្គារ ទី៣០ វិច្ឆិកាថា​បាតុភូត​ឡានីញ៉ាដែលបាន​គ្រប់ដណ្តប់ពិភពលោក​ក្នុងរវាង​ខែសីហា​ ឆ្នាំ២០២០​ ដល់​ខែ​​ឧសភា​​ឆ្នាំ​​នេះ​​នឹង​លេច​រូបរាងជាថ្មី​ ហើយ​អាច​អូសបន្លាយ​ដល់​ដើមឆ្នាំ​ ២០២២ខាងមុខ​។

តែទោះបីជា​មាន​ឥទ្ធិពលត្រជាក់​នៃ​បាតុភូត​ធម្មជាតិនេះ​ក៏ដោយ​ ក៏គេ​ព្យាករថា​សីតុណ្ហភាព​នៅក្នុង​ផ្នែកជាច្រើន​នៃ​ពិភពលោកនឹងនៅតែកើនឡើងខ្ពស់​ជាង​សីតុណ្ហភាព​កម្រិត​មធ្យម​ ដោយ​សារ​តែកម្តៅប្រមូល​ផ្តុំ​នៅក្នុង​បរិយាកាស​។ កម្តៅ​ដែលគេដឹងថា​កើនឡើងពី​ការ​​បញ្ចេញ​​ឧស្ម័ន​​ផ្ទះ​កញ្ចក់​ និងកើតចេញពីស្នាដៃរបស់មនុស្ស។

ប្រធាន​អង្គការ WMO​ លោក Petteri Taalas និយាយថា ឥទ្ធិពល​ត្រជាក់​នៃបាតុភូត​ឡានីញ៉ាឆ្នាំ ២០២០/២០២១ (ខែសីហា ឆ្នាំ២០២០-ខែ​ឧសភា​ឆ្នាំ​២០២១) នឹងធ្វើឲ្យឆ្នាំ ២០២១នេះក្លាយជាឆ្នាំមួយក្នុងចំណោមឆ្នាំក្តៅបំផុតទាំង១០នៅក្នុង​កំណត់ត្រា។ ​តែ​​បើ​គ្មាន​បាតុភូតធម្មជាតិ​នេះនោះទេ ២០២១ អាចនឹងក្លាយជាឆ្នាំដែល​ក្តៅ​បំផុត​។

គួរបញ្ជាក់ថា ឡានីញ៉ា​អាច​ជួយ​កាត់​​បន្ថយ​ការកើនឡើងកម្តៅបានរយៈពេលខ្លី​។ ​វាគឺជា​ការពិតជាក់ស្តែង​ណាស់ដែលថា​បាតុភូតនេះ​នឹង​មិន​អាចផ្លាស់ប្តូរ​និន្នាការឡើងកម្តៅរយៈពេលវែង​ ឬ​កាត់បន្ថយភាព​បន្ទាន់​នៃ​សកម្មភាព​ដើម្បី​អាកាសធាតុ​ឡើយ​។

សីតុណ្ហភាព​ត្រូវ​បានព្យាករ​ថានឹងខ្ពស់​ជាង​កម្រិត​មធ្យម​ នៅ​តំបន់​ភាគខាងកើត និង​ភាគ​អាគ្នេយ៍​អាមេរិកខាងជើង​ ភាគច្រើន​នៃ​ទ្វីប​អឺរ៉ុប​ និង​ភាគឦសាននៃអាស៊ី​។ សីតុណ្ហភាព​ខ្ពស់ជាង​កម្រិតធម្មតា​ ក៏ត្រូវបានគេ​ប៉ាន់ស្មាន​ដែរថា​នឹង​កើតឡើង​នៅជិត​តំបន់អេក្វាទ័រ​នៃ​ទ្វីប​អាហ្រ្វិក​ រួមទាំង​តំបន់​ម៉ាដាហ្គាស្កាដែលរងគ្រោះ​ដោយ​គ្រោះរាំង​ស្ងួតរួចហើយ​ និង​ដែលត្រូវបានគេចាត់ទុកថា​ជាទីតាំង​កំពុងប្រឈមមុខ​នឹងការ​ប្រែប្រួល​អាកាសធាតុ​ដំបូងបង្អស់​របស់ពិភពលោក​។

គួរជ្រាបដែរថា​ ឡានីញ៉ាសំដៅ​ដល់​ការ​ចុះត្រជាក់​ទ្រង់ទ្រាយធំ​នៃសីតុណ្ហភាព​លើ​ផ្ទៃ​នៅ​កណ្តាល​ និង​ភាគខាងកើត​នៃ​មហាសមុទ្រប៉ាស៊ីហ្វិក​។ បាតុភូតឡានីញ៉ា​កើតឡើង​រៀងរាល់​ពីរ​ទៅប្រាំពីរឆ្នាំម្តង​។ ប៉ុន្តែ​ WMO បានព្រមានថា​ការឡើងកម្តៅផែនដី​កំពុង​បណ្តាល​ឲ្យ​ឥទ្ធិពល​បាតុភូត​ធម្មជាតិ​នេះផ្លាស់ប្តូរ​និង​មាន​ទម្រង់កាន់​តែ​ធ្ងន់ធ្ងរទៅៗ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ