អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអ្វីទៅជា “ចំណុចរបត់” អាកាសធាតុ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាទូទៅ នៅក្នុងការ​ចរចា​រក​កិច្ចព្រមព្រៀង​ទប់ស្កាត់​ការឡើងកម្តៅផែនដី គេ​ច្រើន​តែ​នាំគ្នា​និយាយ​ពី​​ភាពចាំបាច់​ក្នុង​ការកម្រិត​សីតុណ្ហភាព​មិន​ឲ្យ​កើនឡើង​លើស​ពី ១,៥អង្សា ឬ២អង្សា។ ក៏ប៉ុន្តែ សម្រាប់​អ្នក​វិទ្យាសាស្រ្ត​ជំនាញខាង​អាកាសធាតុ មាន​ចំណុច​សំខាន់​មួយទៀត ដែល​កាន់តែ​គួរ​ឲ្យ​បារម្ភ​ជាង​កម្រិត​សីតុណ្ហភាព​នេះ​ទៅទៀត គឺ “ចំណុចរបត់” អាកាសធាតុ។ តើ “ចំណុចរបត់” អាកាសធាតុ​នេះ​ជាអ្វី? ហេតុអ្វី​បាន​ជា​គេ​ត្រូវ​បារម្ភ​ពី​វា?

AP
ផ្សាយពាណិជ្ជកម្ម

ចំណុចរបត់អាកាសធាតុ គឺ​សំដៅទៅលើ​ចំណុចសន្មត់មួយ ដែល​ការប្រែប្រួល​អាកាសធាតុ ​ត្រូវ​​ដើរដល់​ចំណុចដែល​នាំ​ឲ្យ​បាត់​ស្ថិរភាព​ទាំងស្រុង មិនអាច​ត្រឡប់​ក្រោយ​វិញបាន ឬ​ក៏​អាច​កែតម្រូវ​​បានដែរ ក៏ប៉ុន្តែ​​ត្រូវ​ចំណាយពេល​យូរ​រហូតដល់​ទៅ​រាប់​រយ ឬ​រាប់ពាន់​ឆ្នាំ ទើប​អាច​ត្រឡប់​មក​រក​សភាពដើម​ឡើងវិញ​បាន។

ចំណុចរបត់នេះ​មិនមែន​មានតែមួយនោះទេ គឺ​មាន​ច្រើន ដោយ​​ចំណុច​របត់​ខ្លះ​​មាន​វិសាលភាពត្រឹម​​ក្នុង​កម្រិតតំបន់​ណាមួយ ចំណែក​ចំណុចរបត់​ខ្លះ​ទៀត​មាន​វិសាលភាព​នាំ​ឲ្យ​ប្រែប្រួល​អាកាសធាតុ​​​​ជាសកល នៅ​ទូទាំង​ពិភពលោកទាំងមូល។ ចំណុចរបត់ខ្លះ​កើតឡើង​ទាល់តែសីតុណ្ហភាព​លើ​ភពផែនដី​កើនឡើង​ខ្លាំង ចំណែក​ចំណុចរបត់​ខ្លះ​ទៀត​​ងាយនឹង​កើតឡើង ទោះជា​មាន​កំណើន​សីតុណ្ហភាព​ត្រឹម​កម្រិត​ទាប។

រហូតមកទល់នឹង​ពេលនេះ អ្នកវិទ្យាសាស្ត្រា​បាន​កំណត់​ចំណុច​របត់​សំខាន់ៗ នៅ​ក្នុង​ប្រព័ន្ធអាកាសធាតុ​ផ្សេងៗគ្នា​រហូតដល់​ទៅ​ជាង​១០ ក្នុងនោះ ចំណុចរបត់​អាកាសធាតុ​ដែល​គេ​តែងតែ​ឮ​ញឹកញាប់​ជាងគេ រួមមាន​ជា​អាទិ៍ ការ​ខូចខាត​ជម្រក​ផ្កាថ្ម ដែល​នាំ​ឲ្យ​បាត់បង់​ទាំងស្រុង​នូវ​ស្ថិរភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​បាតសមុទ្រ។ ការរលាយទឹកកក​នៅ​តំបន់​ប៉ូល រហូត​ធ្វើ​ឲ្យ​ផ្ទាំងទឹកកក​ធំៗ ខ្លះ​ទំហំប៉ុនប្រទេសមួយទាំងមូល ត្រូវបាក់​​ធ្លាក់​ទៅ​ក្នុងទឹកសមុទ្រ ហើយ​ត្រូវ​បាត់បង់​ជារៀងរហូត។ ការបាត់បង់​ព្រៃឈើ​​នៅ​តំបន់​អាម៉ាហ្សូន​ដល់​កម្រិតមួយ​ ដែលនាំ​ឲ្យ​អាកាសធាតុ​នៅ​ក្នុងតំបន់​ត្រូវប្រែប្រួល​ខ្លាំង រហូត​ធ្វើ​ឲ្យ​រុក្ខជាតិ​ទ្រាំទ្រលែងបាន នាំឲ្យ​​តំបន់​ព្រៃអាម៉ាហ្សូន​ត្រូវ​ឈាន​ទៅ​​បាត់បង់​ទាំងស្រុង​សង្រ្គោះលែងបាន។ ការរលាយដីពែរម៉ាហ្វ្រូស ដែល​ជា​ជង្រុកស្តុក​ឧស្ម័នផ្ទះកញ្ចក់ ។ល។

គ្រោះថ្នាក់​នៃ​ចំណុចរបត់​អាកាសធាតុ​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្រ្ត​​លើកឡើង តាំង​ពី​ជាង​១០ឆ្នាំមុនមកម៉្លេះ ក៏ប៉ុន្តែ ចំណោទ​នៅត្រង់ថា ​ម៉ូដែល​អាកាសធាតុ​ដែល​​មាន​សព្វថ្ងៃនេះ មិន​អាច​ឲ្យ​គេ​ព្យាករ​បានជាក់លាក់​ថា តើ​កំណើន​សីតុណ្ហភាព​ត្រឹម​កម្រិតណា ទើប​​ការប្រែប្រួល​អាកាសធាតុ​ត្រូវ​ដើរ​ដល់​ចំណុច​របត់​នេះ? ការព្យាករខ្លះ​បង្ហាញ​ថា ចំណុចរបត់​អាកាសធាតុ​​កើតឡើង ទាល់​តែ​ផែនដីឡើងកម្តៅ​ដល់ ៥អង្សា ចំណែក​ការព្យាករខ្លះទៀត​ថា វា​អាច​កើតឡើង នៅ​ត្រឹម​កម្រិត ៣អង្សា ឬ​តិចជាងនេះ។

មែនទែន​ទៅ ភាពស្មុគស្មាញ​នៅ​ក្នុងការ​ព្យាករ​​ ពិបាកនឹង​អាច​ដឹង​ច្បាស់​ថា ទៅដល់​ត្រឹមណា​ដែលអ្វីៗ​ត្រូវ​ហួសពេល​មិន​អាច​ត្រឡប់ក្រោយ​វិញ​បាន​នេះហើយ ដែល​ជា​កត្តាចម្បងមួយ ​ធ្វើ​ឲ្យ​អ្នកវិទ្យាសាស្រ្ត​មាន​ការព្រួយបារម្ភ ហើយ​នៅ​ក្នុង​របាយការណ៍​​អ្នក​ជំនាញ​អាកាសធាតុ​របស់​អ.ស.ប ដែល​ចេញផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បានព្រមាន​ផងដែរ អំពី​ចំណុចរបត់​អាកាសធាតុ​នេះ។

កត្តាចម្បងមួយទៀត ដែល​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ ហើយដែល​អ្នកវិទ្យាសាស្ត្រ​កំពុងផ្តោត​ការ​យកចិត្តទុកដាក់​​ក្នុងការ​សិក្សា​ស្រាវជ្រាវ គឺ​​ភាពប្រទាក់​ក្រឡាគ្នា​​រវាង​ចំណុចរបត់​អាកាសធាតុ​ ពោលគឺ នៅក្រោយពេល​ដែល​ប្រព័ន្ធអាកាសធាតុ​មួយ​ដើរដល់​​ចំណុចរបត់ វា​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ទៅដល់​ប្រព័ន្ធអាកាសធាតុ​ផ្សេងទៀត ជំរុញ​ឲ្យ​មាន​ចំណុចរបត់​ផ្សេងទៀត ជាខ្សែសង្វាក់គ្នាពីមួយទៅមួយ ហើយ​ចុងក្រោយ គឺ​ប្រព័ន្ធអាកាសធាតុ​សកល ដែល​ត្រូវ​ដើរ​ដល់​ចំណុចរបត់ ធ្វើ​ឲ្យ​សីតុណ្ហភាព​មធ្យម​លើ​ភពផែនដី​​ទាំងមូល​ត្រូវ​កើនឡើង លែងអាច​ទប់ស្កាត់​បានតទៅទៀត។

ហេតុដូច្នេះហើយ​បាន​ជា​មាន​អ្នក​វិទ្យាសាស្រ្ត​ជំនាញខាងអាកាសធាតុខ្លះ​បាន​លើកឡើង​ថា ការ​ទប់ស្កាត់​កំណើន​សីតុណ្ហភាពផែនដី​ត្រឹម ១,៥អង្សា ឬ២អង្សា វាមិនមែន​ត្រឹមតែ​ជាគោលដៅ​ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ទៅលើ​វិស័យសេដ្ឋកិច្ច និង​សង្គម​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​អាច​ជា​ខ្សែបន្ទាត់​ព្រំដែ​ន​មួយ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ការឡើងកម្តៅលើភពផែនដី​របស់​យើង​នេះ​ត្រូវ​ដើរដល់​ចំណុចរបត់​លែងអាច​ត្រឡប់​ថយក្រោយ​វិញបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ