អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថ្នាំ​ពុល​ជា​អាវុធ​នយោបាយ​របស់ភ្នាក់ងារ​ចារកិច្ច​​រុស្ស៊ី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានភាព​សុខភាពរបស់​​លោក អាឡិចសី ណាវ៉ាល់នី Alexeï Navalny នៅ​ធ្ងន់ធ្ងរ​ខ្លាំង ទើប​ក្រុមគ្រូពេទ្យ​រុស្ស៊ី សម្រេច​​បដិសេធ​មិន​​ឱ្យជម្លៀស​​​ជន​រងគ្រោះ​ទៅ​ព្យាបាល​នៅ​បរទេស តាម​សំណើរ​​របស់​បារាំង​ឬ​អាល្លឺម៉ង់។ ជាសេចក្តីបដិសេធដោយ​ឈរ​លើ​ស្ថានភាព​វេជ្ជសាស្ត្រ​សុទ្ធ​សាធ។ នេះ​បើ​តាម​អ្នកនាំ​ពាក្យ​វិមាន​ក្រេមឡាំង។ ប៉ុន្តែ​សម្រាប់​​ក្រុម​គ្រួសារ​និង​ជំនិត​ លោក ណាវ៉ាល់នី ពេទ្យ​រុស្ស៊ី​ ​រារាំងមិន​ឱ្យ​លោក ណាវ៉ាល់នី​ ទៅព្យាបាល​នៅ​បរទេស ដោយ​ហេតុផល​នយោបាយ។

លោក Alexei Navalny រូបថត​ថ្ងៃ​ទី ២៩ កុម្ភៈ២០២០
លោក Alexei Navalny រូបថត​ថ្ងៃ​ទី ២៩ កុម្ភៈ២០២០ REUTERS/Shamil Zhumatov
ផ្សាយពាណិជ្ជកម្ម

ចង់​ដឹង​អំពី​ស្ថានភាព​សុខភាព​របស់​លោក ណាវ៉ាល់នី មិនមែន​ជា​ងាយស្រួល​ទេ។ មន្ទីរពេទ្យ​ក្រុង​ អុំ តំបន់​ស៊ីបេរី​ ស្ថិត​ក្រោម​ការយាម និង​​​ត្រួត​ពិនិត្យ​ យ៉ាង​តឹង​តែង។ សូម្បី​តែ​ភរិយា​របស់​លោក ណាវ៉ាល់នី​ផ្ទាល់ ក៏​ទើប​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មក​មើល​ថែ​ស្វាមី នៅ​ពេល​ល្ងាច​ថ្ងៃព្រហស្បតិ៍ តែ​ប៉ុណ្ណោះ។

គេ​អាច​ដឹង​អំពី​ស្ថានភាព​សុខភាព​របស់លោក ណាវ៉ាល់នី តាម​រយៈ​សេចក្តី​ថ្លែងការណ៍ និង​ការ​ជូន​ដំណឹង​របស់មន្ទីរ​ពេទ្យ ដែល​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​ប្រកាសថា​​ ពុំ​មាន​រក​ឃើញ​មាន​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន (ក្នុង​ទឹកនោម​ ឬ​ឈាម) ​មេបក្ស​ប្រឆាំង​រុស្ស៊ី​ទេ។ ​លោក​ អាណាតូទី កាលីនីឆិនកូ ប្រធាន​មន្ទីរពេទ្យ Omsk ដ៏​ធំជាង​គេ​នៅ​ស៊ីបេរី ដែល​ទទួល​ព្យាបាល​លោក​ណាវ៉ាល់​នី មិន​ជឿ​ថា​លោក ណាវ៉ាល់នី ត្រូវ​ថ្នាំ​ពុល​ទេ។ បើ​តាម​លោក​ប្រធាន​មន្ទីរពេទ្យ​ដដែល ស្ថានភាព​សុខភាព​លោក ណាវ៉ាល់នី បាន​​ប្រសើរ​ជាង​ម្សិលមិញ​បន្តិច តែ​​នៅ​ឡើង​ចុះ​ខ្លាំង​​មិនទាន់​នឹង​ទេ។ សន្លប់​បាត់​ស្មារតី​​តាំង​ពេល​បញ្ជូន​ចូល​មន្ទីរពេទ្យ​កាលពី​ម្សិលមិញ ភ្លាម ដោយបញ្ហា​មេតាបូលិក ចុះ​ជាតិ​ស្ករ​ខ្លាំង លោក​ណាវ៉ាល់នី កំពុង​ទទួល​ការព្យាបាល​សង្គ្រោះ​បន្ទាន់ និង​មាន​ដង្ហើម​ ដោយ​សារ​មាន​ជំនួយ​ពី​ម៉ាស៊ីនដក​ដង្ហើម។ តែលោក​មិន​អា​ច​លម្អិត​អាការៈ​​រោគ​ដោយ​លម្អិត​បាន​​ទេ ព្រោះ​ជា​ការ​សម្ងាត់​ពេទ្យ និង​ត្រូវ​គោរព​ច្បាប់ ប៉ុន្តែ​ ​បាន​ផ្តល់​ដំណឹង​ដល់​ក្រុមគ្រួសារ​ហើយ។​

មន្ទីរពេទ្យ​មិន​ព្រម​បញ្ជូន​​លោក ណាវ៉ាល់​នី ទៅ​ព្យាបាល​នៅ​បរទេស​

សម្រាប់​មន្ទីរពេទ្យ​រុស្ស៊ី ស្ថានភាពសុខភាព​លោក ណាវ៉ាល់នី​ នៅ​ពេល​នេះ មិន​អនុញ្ញាត​ឱ្យ​ធ្វើ​បំលាស់​ទី​ ផ្ទេរ​បញ្ជូន​ទៅទី​​ណា​បាន​ឡើយ។ វា​ជា​ការ​ឆាប់​ជ្រុល។ ការ​​ផ្ទេរ​អាច​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជីវិត បើទោះ​បី​ជា​យន្តហោះបំពាក់​គ្រឿង​បរិក្ខា​ពេទ្យ ​យ៉ាងណា​ក៏​ដោយ។

គ្រាន់​តែ​បាន​ទទួល​ដំណឹង​​ថា​លោក​ណាវ៉ាល់នី ចូល​សង្គ្រោះ​បន្ទាន់​ភ្លាម អាល្លឺម៉ង់​និង​បារាំង​ តាម​រយៈ​ប្រសាសន៍​របស់​លោកប្រធានាធិបតី​បារាំង​ ម៉ាក្រុង និងលោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ មែរកិល បាន​ប្រកាស​ទទួល​​ផ្តល់​ជំនួយ​ថែទាំនិង​ព្យាបាល​លោក ណាវ៉ាល់នីភ្លាម។  យន្តហោះ​ពេទ្យ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ បាន​ទៅ​ដល់​ក្រុងOmsk ដើម្បី​​ដឹក​លោក ណាវ៉ាល់នី​ យក​មកព្យាបាល​នៅ​​អាល្លឺម៉ង់​។

​ក្រោយ​ការ​បដិសេធ​របស់​មន្ទីរពេទ្យ​រុស្ស៊ី​ អាល្លឺម៉ង់​បាន​ទាក់ទង​ម៉ូស្គូ​ដោយ​ផ្ទាល់​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​ចាំបាច់​ជួយ​លោក​ណាវ៉ាល់នី។ អាល្លឺម៉ង់​និង​សហភាព​អឺរ៉ុប​ថែម​​បាន​ជំរុញ​ឱ្យ​រុស្ស៊ី​ បើក​អង្កេត​ឯករាជ្យ និង​ប្រកប​ដោយ​តម្លាភាព ជុំ​វិញ​ការ​សង្ស័យ​ដែល​ថា​លោក ណាវ៉ាល់នី ត្រូវ​គេ​បំពុល។

ប៉ុន្តែ​សម្រាប់​ក្រុមគ្រួសារ​និង​ជំនិត​របស់​លោកណាវ៉ាល់នី ​​​រុស្ស៊ី​មាន​ចេតនា​​​រារាំង និង​ចេញ​សេចក្តី ​បដិសេធ​បែប​នយោបាយ មិនមែន​ដោយ​ឈរ​លើ​គោលការណ៍​វេជ្ជសាស្ត្រ​ទេ។  “ជីវិត​អាឡិចសី កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ហើយ គេ​បដិសេធ​មិន​ព្រម​ឱ្យ​បញ្ជូន​ទៅ​ព្យាបាល​នៅ​បរទេស ព្រោះ​​ពេទ្យរុស្ស៊ី​ទុក​ឱ្យ​ចាំទាល់​​ជាតិ​ពុល​ហូរ​អស់​ វិភាគ​លែង​ឃើញ​ គឺ​គ្មានការ​វិនិច្ឆ័យ​និង​វិភាគ​អ្វី​ទេ”។ នេះ​ជា​ពាក្យ​បរិហារ​របស់​លោក​Volkoc ដៃ​ស្តាំរបស់​លោក​ណាវ៉ាល់នី។​

ហេតុ​អ្វី​​លោក​ណាវ៉ាល់នីអាច​​ត្រូវបាន​គេ​បំពុល​?

ថ្វីបើ​ពេល​នេះ ពុំ​ទាន់​មាន​ការ​វិភាគ​ត្រឹម​ត្រូវ ឯករាជ្យ ​និង​ដូច​ជា​ឆាប់​ជ្រុ​លបន្តិច​ក្នុង​ការ​សន្និដ្ឋានថា​មេបក្ស​ប្រឆាំង​ពិត​ជារ​ង​ការ​បំពុល​មែន​ក៏​ដោយ ក៏​ហេតុការណ៍​ដែល​កើត​ឡើង​ពី​មិ្សល​ វា​ចំពេល​ណាស់ ៖ បេឡារុស​កំពុង​មាន​វិបត្តិ បក្ស​ប្រឆាំង​កំពុង​ធ្វើ​បាតុកម្ម​តវ៉ាខ្លាំង ដែល​មាន​​​ហានិភ័យ​​​ឆ្លងរាលដាលខ្ពស់។ ហើយ នៅ​រុស្ស៊ី ចលនា​ប្រឆាំង​និង​បាតុកម្ម​ ក៏​មាន​កាន់​តែ​ញឹកញយៗ​ឡើង​ផង​នា​ពេល​នេះ​ ជា​ពិសេស​នៅ​តំបន់​បែក​ខាង​កើត។ ហេតុ​ដូច្នេះ​ហើយទើប​អាជ្ញាធរ​រុស្ស៊ី​ចង់​ប្រើ​វិធី​បង្ក្រាប​ បំភិតបំភ័យ​ ដោយ​ប្រយោល​ដើម្បី​បង្អើល​​ ក្រុម​ប្រឆាំង​បេឡារុស។ នេះ​បើ​តាម​លោក Michel Eltichaninoff អ្នក​ជំនាញ​នយោបាយ​រុស្ស៊ី​ម្នាក់​ដែល​ជឿ​ជាក់​ថា ហេតុការណ៍​កើត​លើ​រូប​លោក ណាវ៉ាល់នី​ មាន​ទម្រង់​ ជា​​ការ​គំរាមកំហែង​ ​ក្រុម​​ប្រឆាំង នៅ​​រុស្ស៊ី​ និងបេឡារុស។

​ថ្នាំ​ពុល​ ​ជា​អាវុធរបស់​ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី

​រុស្ស៊ី​ធ្លាប់​មាន​ប្រវត្តិ​ប្រើ​ថ្នាំ​ពុល​ ​តាំង​ពី​សតវត្សរ៍​ទី​២០​មក​។ នៅ​ឆ្នាំ​១៩២១ លោក លេនីន បាន​បង្កើត​មន្ទីរពិសោធន៍​ថ្នាំពុល​​មួយ​ដែល​អាច​ផលិត​សារធាតុ​ពុល​ផ្សេង​ៗ​សម្រាប់​យក​ទៅកម្ចាត់​អ្នក​​នយោបាយប្រឆាំង។​ រុស្ស៊ី​ប្រើ​វិធី​នេះ​ពេញ​មួយ​សតវត្សរ៍​ទី​២០។ ​ក្នុង​​សម័យ​ថ្មី​នេះ ​គេក៏សង្កេត​ឃើញ​មានករណី​ចារកិច្ច​រុស្ស៊ី​ប្រើ​ថ្នាំ​បំពុល​ច្រើន​ដែរ។

កាលពី​ឆ្នាំ​២០១៨ អតីត​ចារកិច្ច​រុស្ស៊ី​ លោក ស៊ែកហ្គៃ ស្គ្រីប៉ាល់​ ដែល​ងាកមក​បំរើ​លោក​ខាង​លិច​ ត្រូវ​បាន​គេ​បំពុល​នៅ​អង់គ្លេស ដោយ​ប្រើ​សារធាតុ​គីមី​តាំង​ពី​សម័យ​សូវៀត។ នៅ​ឆ្នាំ​២០០៨ លោក អាឡិចសង់​ លីតវីនេនកូ Alexandre Litvinenko អតីត​ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី​ម្នាក់​ទៀត ក៏​ត្រូវ​បាន​គេ​បំពុល​ឱ្យ​ស្លាប់​ ដោយ​ប្រើ​សារធាតុ​លោហៈ​វិទ្យុសកម្ម។ កាលពី​ឆ្នាំ​២០០៦ អ្នកកាសែត​រុស្ស៊ី Anna Politkoskaïa ត្រូវ​គេ​បំពុល ក្នុង​ទឹក​តែ ​ពេល​ជិះយន្តហោះ​ពីក្រុង​មួយ​ទៅ​ក្រុង​មួយ​ផ្ទៃ​ប្រទេស​រុស្ស៊ី ដូច​ករណី​លោក ណាវ៉ាល់នី​។ ពេល​កំពុង​ជាប់​ឃុំ​ឃាំង​ កាលពី​ខែកក្កដា ២០១៩ លោក​ណាវ៉ាល់នី ក៏​ធ្លាប់​ពុល​ រហូត​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់ម្តង​ហើយ​​ដែរ។ កាលណោះ​គេ​ក៏​សង្ស័យ​ថា​ជា​ការ​ប៉ុន​ប៉ង​ដាក់​បំពុល​ដែរ។

បេក្ខជន​ប្រធានាធិបតីអ៊ុយក្រែន​ Viktor Iouchtchenko ដែល​ជាមនុស្ស​ដ៏​សង្ហា ​តែ​ត្រូវ​ខូច​មុខ​ខូច​មាត់ ក្រោយ​រង​ការ​បំពុល។ ដូច្នេះ​សរុប​ទៅ​​​ថ្នាំ​បំពុលជា​អាវុធ​ដែល​ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ី​ ប្រើ​ជា​រឿយៗ ជួន​ដើម្បី​សម្លាប់​ ជួន​គ្រាន់​តែ​ជា​ការ​បំភិត​បំភ័យ។ នេះ​​ បើ​តាម​ការ​យល់ឃើញ​របស់​អ្នក​ជំនាញ​រុស្ស៊ីលោក Michel Eltichaninoff ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ