អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​៖ វិធានការ​ពាក់​ម៉ាស់​ជា​ចាំ​បាច់ តាម​ទី​សាធារណៈ​ ចូល​ជា​ធរមាន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​ប្រទេសបារាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ចាប់​ពី​ថ្ងៃចន្ទ ទី២០ កក្កដា២០២០ទៅ ការ​ពាក់ម៉ាស់នៅ​តាម​ទីសាធារណៈ​បិទជិតជា​រឿង​ចាំ​បាច់។ ពលរដ្ឋ​អាច​ជ្រើសរើស​ការ​ពាក់​ម៉ាស់​ពេទ្យ​ក៏​បាន​  ម៉ាស់​ក្រណាត់​ផលិត​ដោយ​ខ្លួនឯង​ក៏​បាន​។ ​ការ​បំពាន​លើ​វិធានការ​មួយ​នេះ​នឹង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន ១៣៥អឺរ៉ូ។ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​បង្ខំ​ឲ្យ​ពាក់ម៉ាស់​ នៅ​ពេល​នេះ ? តើ​មាន​ទីកន្លែង​សាធារណៈ​បិទជិត​ណា​​ខ្លះ​ដែល​ត្រូវ​អនុវត្ត​វិធានការ​នេះ ? ហេតុអ្វី​បាន​ជាចាំ​បាច់​ត្រូវ​ពាក់ម៉ាស​នៅ​ទីកន្លែង​បិទជិត?

ទេសចរ​ពាក់​ម៉ាស់ នៅ​វាំង Versailles។ រូបថត​ក្នុង​ថ្ងៃ​បើកទ្វារ​ទទួល​ដំបូង ថ្ងៃទី ៦ មិថុនា ២០២០
ទេសចរ​ពាក់​ម៉ាស់ នៅ​វាំង Versailles។ រូបថត​ក្នុង​ថ្ងៃ​បើកទ្វារ​ទទួល​ដំបូង ថ្ងៃទី ៦ មិថុនា ២០២០ REUTERS / Charles Platiau
ផ្សាយពាណិជ្ជកម្ម

បើតាម​សេចក្តី​ប្រកាស​របស់​លោកប្រធានាធិបតី​បារាំង ក្នុង​ថ្ងៃបុណ្យ​ជាតិ​ ថា​ការ​​ពាក់​ម៉ាស់​ជា​ដាច់​ខាត​នៅ​តាម​ទី​សាធារណៈ​បិទ​ជិត នឹង​ចាប់​អនុវត្ត​នៅ​ថ្ងៃទី ១ សីហាទេ ប៉ុន្តែនៅ​ទី​បំផុតវិធានការ​នេះ​បាន​​​ចូល​ជា​ធរមាន ចាប់​ពី​ថ្ងៃនេះ​តែ​ម្តង​។

បើ​តាម​អាជ្ញាធរ​សុខាភិបាល គ្រប់​ទី​​កន្លែង​​បិទ​ជិត​​ ដែលមាន​ទទួលសាធារណជន​ ត្រូវ​គោរពវិធានការ​​​​​ពាក់​ម៉ាស់​ជា​ចាំបាច់ ទាំង​អស់។​ ទីកន្លែង​ទាំង​នោះ​មាន​ជា​អាទិ៍ ហាងទំនិញ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​មន្ទីរ​ស្ថាប័ន​រដ្ឋបាល ធនាគារ ឬ​ ផ្សារ​ដែល​មាន​ដំបូល​​។

ពេល​ចូល​​បន្ទប់​ប្រជុំ​ រោង​ភាព​យន្ត ភោជនីដ្ឋាន សណ្ឋាគារ សាល​ល្បែង-សាល​កីឡា វិហារសាសនាសារមន្ទីរ​  ក្នុង​បរិវេណ​ស្ថានីយ៍​រថភ្លើង អាកាសយានដ្ឋាន ក្នុង​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ (រថយន្ត​ក្រុង រថភ្លើង​ក្នុង​ក្រុង​ រថភ្លើង​ផ្លូវឆ្ងាយ តាក់ស៊ី) ពលរដ្ឋ​គ្រប់​រូប​ ​ត្រូវ​បន្ត​គោរព​វិន័យ​ ​ ​ពាក់​ម៉ាស់​ដាច់​ខាតទៀត បើ​មិន​ចង់​រង​ការ​ផាក​ពិន័យ​១៣៥​អឺរ៉ូ។

នៅ​ក្នុង​អាហារដ្ឋាន​ ឬ​ហាង​កាហ្វេ អ្នក​បំរើការ​ត្រូវ​ពាក់​ម៉ាស់​ជា​ដាច់ខាត ឯ​ភ្ញៀវ​វិញក៏​ត្រូវ​តែ​ពាក់​ដែរ ទាល់​តែដល់​ពេល​ញ៉ាំ​ទើប​អាច​ដោះបាន។

អ្នក​វិទ្យាសាស្ត្រ​បាន​ទាមទារ​​​ឱ្យ​បុគ្គលិកធ្វើ​ការ​​នៅ​តាមការិយាល័យក្រុមហ៊ុន​ឯកជន​សាធារណៈ ​ ដែល​ភាគ​ច្រើន​មាន​ទី​តាំង​នៅ​ក្នុង​អគារ​ទំនើប​ មាន​កញ្ចក់​បិទ​ជិត​នោះ ចាំបាច់​ត្រូវ​តែ​ពាក់​ម៉ាស់​ដែរ​ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​បារាំង​បាន​សម្រួល​វិធានការ​បន្តិច។ ​ បុគ្គលិក​ចាំបាច់​ត្រូវ​ពាក់​ម៉ាស់រហូត​ក្នុង​ពេល​ធ្វើការ ដរាប​ណា​តែ​នៅ​ក្នុង​ការិយាល័យ​នោះគេ​មិន​អាច​គោរព​ពិធីសារ​សុខភាព រក្សា​គម្លាត​​សុវត្ថិភាព​១ម៉ែត្រ​ពី​បុគ្គល​ម្នាក់​ទៅបុគ្គលម្នាក់​បានតែ​ប៉ុណ្ណោះ។​

ហេតុអ្វី ត្រូវ​ពាក់​ម៉ាស់​នៅ​កន្លែង​បិទ​ជិត ?

កាលពី​ផ្ទុះ​កូវីដ​១៩​ភ្លាមដំបូង និង​កំពុង​ផ្ទុះជំងឺ​​ខ្លាំង បារាំង​ព្រមទាំង​បណ្តាល​ប្រទេស​បស្ចិម​លោក​ជា​ច្រើន មិន​ណែនាំ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​សោះ ស្រាប់​តែ​ឥលូវ​ប្រែក្រឡាស់​​សេចក្តី​ណែនាំ​ទាំង​ស្រុង ព្រោះ​ដោយ​​មាន​ហេតុផល​ច្រើន។

ពី​ដំបូង​ភ្លាម គេ​មិនទាន់​ស្គាល់​កូវីដ១៩ ហើយ​ខាង​បស្ចិមលោក​គ្មានទម្លាប់​ពាក់​ម៉ាស់ ការពារ​ខ្លួន​ (គេ​ពាក់​តែ​នៅ​ពេល​ឈឺ) ដូច​នៅ​អាស៊ីទេ។ ម្យ៉ាង​វិញ​ទៀត ក្នុង​ពេល​ផ្ទុះ​ការ​រាតត្បាត​ខ្លាំង​ អឺរ៉ុប និង​ជាក់​ស្តែង​​បារាំង គ្មាន​ម៉ាស់ក្នុង​ស្តុក​គ្រប់គ្រាន់​​សម្រាប់បុគ្គលិក​ពេទ្យ​ដែល​ស្ថិត​នៅ​ជួរ​មុខ​ផ្ទាល់​នឹង​មេរោគ​ជា​រៀង​រាល់​ផង តើ​ធ្វើ​ដូច​ម្តេច​នឹង​អាចណែនាំឱ្យ​​​ពលរដ្ឋ​ជា​ទូទៅពាក់​ម៉ាស់​បាន។ វា​អាច​នឹង​ធ្វើ​ភាព​ស្លន់ស្លោ​រញ៉េរញៃ​ខ្លាំង។

តែ​ពេល​នេះ​ពិភពលោក​​ស្គាល់​កូវីដ១៩ ច្រើន​ជាង​មុន ទើប​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់ ដើម្បី​ផ្តាច់​ការ​ចម្លង​រាតត្បាត។ បើ​តាម​អ្នក​នាំ​ពាក្យ​ រដ្ឋាភិបាលតម្រូវ​ការ​ពាក់​ម៉ាស់​ជា​ចាំបាច់ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​បិទ​ខ្ទប់​ប្រទេស​ម្តង​ទៀត​។ គេ​សង្កេត​ឃើញ​ថា​ប្រជាពលរដ្ឋ​ហាក់​ចាប់​​ភ្លេចខ្លួន និង​​​មាន​ទំនោរលែង​សូវ​ចង់​​ពាក់​ម៉ាស់​ទេ តែ​វីរុស​ហាក់​ចាប់​កំរើក​ ចំនួន​អ្នក​ឆ្លង​ថ្មី​បាន​កើន​ឡើង​ តំបន់​​មានលេច​​ករណី​កូវីដ១៦ច្រើន​ផ្តុំ​គ្នា​ក៏​មាន​កាន់​តែ​ច្រើន។ អត្រា​ចម្លង​របស់​វីរុស​ក៏ឡើង​ខ្ពស់​វិញ​បន្តិច (អ្នក​ជំងឺ​កូវីដ១៩​ម្នាក់​អាច​ចម្លង​ ​ទៅ​មនុស្ស ១,២​នាក់​ជា​មធ្យម និង​ដល់​២,៦​ជា​មធ្យម​នៅ​តំបន់​ភាគ​ខាង​ត្បូង ដែល​មាន​ន័យ​ស្មើ​នឹង​ការ​ចាប់​រាតត្បាត​ជំងឺ)។

ជាង​នេះ​ទៅទៀត សេចក្តី​សម្រេច​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​នៅ​ទីកន្លែង​សាធារណៈ​បិទជិត ក៏​ព្រោះ​តែ​អ្នក​វិទ្យាសាស្ត្រ​ និង​ពិភពអ្នក​វេជ្ជសាស្ត្រ​កាន់​តែ​ច្រើន​ឡើង​ៗ​បាន​ទាញ​អាសន្ន​ និងប្រាប់​អំពី​គ្រោះ​​​ចម្លង​កូវីដ​១៩ តាម​ខ្យល់។ អង្គការ​សហប្រជាជាតិ​ក៏​បាន​ទទួល​ស្គាល់​អំពី​ហានិភ័យ​ចម្លង​តាម​ខ្យល់​ដែរ។ កូវីដ១៩​អាច​ចម្លង​ដូច​មេរោគ​ផ្តាសាយ​ និង​មិន​អាចទប់​ស្កាត់​​ការ​ចម្លង​ត្រឹម​ការ​លាង​ដៃ​និង​ការរក្សា​គម្លាត១ម៉ែត្រ​ពី​គ្នា​ទេ។ ដូច្នេះ​ទើប​ត្រូវ​តែ​​​​ពាក់​ម៉ាស់​​ ដើម្បី ការពារ​ខ្លួន​ឯង​ផង និង​ការពារ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ផង។

​ម៉ាស​អាច​ទប់ ទឹក​មាត់​និង​ចំហាយ​ទឹក​មាត់​មិន​ឱ្យ​ខ្ទាត​សាយ​ក្នុង​ខ្យល់​ បាន​មួយ​ភាគ​ធំ និង​រារាំង​មិន​ឱ្យ​វីរុស​បាក់តេរី​នៅ​​ក្នុង​ខ្យល់​ជ្រៀត​ចូល​តាម​ផ្លូវ​ដង្ហើម​​បានដោយ​ត្រង់​ពេក។ អាជ្ញាធរ​បារាំង​ដែល​ធ្លាប់​រងការ​រិះគន់​យ៉ាង​ខ្លាំង កាលពី​ផ្ទុះ​កូវីដ​១៩ភ្លាម​នោះ ក៏​មាន​កម្មវត្ថុ​និង​សមត្ថភាព​ផលិត​ម៉ាស់​បាន​ហើយ អាច​បាន​ដល់​ទៅ​៦០​លាន​​ពេល​នេះ​ដល់​ចុង​ខែ​កញ្ញា​ទល់​នឹង​៣លាន​កន្លះ​កាលពីដំបូង។

ក្នុង​ពេល​រង់​ចាំ​រក​ឃើញ​ថ្នាំព្យាបាល​និ​ងថ្នាំ​បង្ការ ពិភពលោក​គ្មាន​មធ្យោបាយ​អ្វី​ក្រៅ​អំពី​ធ្វើ​តេស្ត​និង​ពាក់​ម៉ាស់​ជា​ទូទៅ​ទេ។ មាន​ប្រទេស​កាន់តែ​ច្រើន​ឡើងៗ មិនមែន​តែ​បារាំង​ទេ ដែល​ជ្រើសរើស​ចាត់​វិធានការ​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ