អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកម៉ាក្រុង​ប្រកាស​បើកប្រតិបត្តិការយោធា​ដើម្បីប្រយុទ្ធប្រឆាំង​នឹង​កូវីដ ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេស​បារាំង លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង​កាលពី​ថ្ងៃ​ពុធទី ២៥មីនា បាន​ប្រកាស​បើក​ប្រតិបត្តិការ​យោធា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ដែល​បាន​សម្លាប់មនុស្ស ជាង​១៣០០នាក់ និង​ឆ្លងទៅមនុស្ស​ជាង២ម៉ឺន ៥ពាន់នាក់ នៅទឹកដីបារាំង។ 

ប្រធានាធិបតីបារាំង ចុះទៅពិនិត្យ​មន្ទីរពេទ្យ​យោធា ដែលបង្កើតឡើង​ជាបន្ទាន់សម្រាប់​ព្យាបាលអ្នកជំងឺ កូវីដ ១៩ កាលពីថ្ងៃទី ២៥មីនា ២០២០
ប្រធានាធិបតីបារាំង ចុះទៅពិនិត្យ​មន្ទីរពេទ្យ​យោធា ដែលបង្កើតឡើង​ជាបន្ទាន់សម្រាប់​ព្យាបាលអ្នកជំងឺ កូវីដ ១៩ កាលពីថ្ងៃទី ២៥មីនា ២០២០ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​បារាំង កងទ័ព​បាន​អន្តរាគម​ក្នុង​វិបត្តិកូវីដ ១៩ តាំងពី​ជាង ១​សប្តាហ៍មកហើយ ដូចជា​ចេញ​ដឹកផ្ទេរ​អ្នកជំងឺ​ចេញពីមន្ទីរពេទ្យ នៅ​តំបន់ភាគខាងកើត​ប្រទេស ដែល​កំពុង​ជួប​បញ្ហា សំបូរ​អ្នកជំងឺ ដើម្បី​យកទៅ​ដាក់​នៅ​មន្ទីរពេទ្យ​នៅភាគខាងលិច ឬ​ខាងត្បូងប្រទេស ដែល​គ្មាន​ជួបបញ្ហា​ខ្វះគ្រែ ព្យាបាល​អ្នកជំងឺ កូវីដ១៩។ នៅ​សប្តាហ៍នេះ កងទ័ព​បារាំង បានបោះតង់ ជា​មន្ទីរពេទ្យ ដែល​អាច​ដាក់អ្នកជំងឺ ៣០នាក់ នៅទីក្រុង Mulhouse ក្បែរ​ព្រំដែន​អាល្លឺម៉ង់។ ចំណែក​កងទ័ព​ជើងទឹកបារាំង​បាន​ចេញទៅ​ដឹកអ្នកជំងឺ​ពីមន្ទីរពេទ្យ​នៅ​កោះ Corse ក្បែរអ៊ីតាលី មកដាក់​នៅមន្ទីរពេទ្យ នៅទីក្រុង​ម៉ាសីយ៍ជាដើម។

កងទ័ព​បារាំង បាន​ចេញធ្វើ​ការងារ​របស់ខ្លួន​រួចហើយ គឺ​នៅមុន​ការប្រកាស​បើក​ប្រតិបត្តិការ​យោធា របស់​លោក​ប្រធានាធិបតី​បារាំង កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ ទៅទៀត។

លោកប្រធានាធិបតី បារាំង បាន​ឆ្លៀត ប្រកាស បើក​ជា​ផ្លូវការ ប្រតិបត្តិការ​យោធា ដែល​មាន​ឈ្មោះថា ប្រតិបត្តិការ​Résilience នៅពេល​លោក​ចុះ​ទៅ​ពិនិត្យ មើល​មន្ទីរពេទ្យ យោធា ដែលបាន​សង់ឡើង ជាបន្ទាន់ សម្រាប់ អ្នកជំងឺ​កូវីដ ១៩។ តាម​លោក​ប្រធានាធិបតី បារាំង ប្រតិបត្តិការ យោធា​លើកនេះ មាន​គោលដៅ ជួយ និង​ការពារ​ជីវិត​ប្រជាជន​បារាំង ទាំង​ក្នុង​ប្រទេស និង​នៅ​ឯទឹកដី​បារាំង ឯ​នាយសមុទ្រ ដែល​កំពុង​ប្រឈម​នឹង​ការឆ្លងរាតត្បាតខ្លាំង​នៃជំងឺកូវីដ ១៩។

ជាក់ស្តែងទៅ កងទ័ព​បារាំង​នឹង​បន្ត​បេសកកម្ម​របស់ខ្លួន ក្នុង​ការចេញ​ទៅ​ជួយ​ដឹកជញ្ជូន អ្នកជំងឺ ដើម្បី​សម្រាល​បន្ទុក​របស់​មន្ទីរពេទ្យ ដែល​ខ្វះសម្ភារៈ គ្រែ​សម្រាប់​ដាក់​អ្នកជំងឺ​ធ្ងន់ធ្ងរ។ បន្ថែម​ពី​ប្រតិបត្តិការ​យោធា​បច្ចុប្បន្ន កងទ័ព​បារាំង​នឹងបញ្ជូន​ផងដែរ កប៉ាល់​ដឹក​ឧទ្ធម្ភាគចក្រ ពីរគ្រឿង ទៅកាន់​ទឹកដីបារាំង នៅ​ឯនាយសមុទ្រ ដូចជា កោះ​Reunions នៅ មហាសមុទ្រ​ឥណ្ឌា ឬ​ទឹកដី​Guyane Antilles ជាដើម។

តាម​ក្រសួងការពារ​ជាតិ​បារាំង នាវា​ដឹកឧទ្ធម្ភាគចក្រ​២គ្រឿងនឹង​ត្រូវ​ប្រែក្លាយ​ជា​មន្ទីរពេទ្យ​ សម្រាប់​ទទួល​ព្យាបាល​អ្នកជំងឺ ដើម្បី សម្រាល​បន្ទុក​របស់​មន្ទីរពេទ្យ លើដីគោក ដែលគេ​ទុក​សម្រាប់​តែអ្នកជំងឺ​កូវីដ ១៩។

ក្រសួងការពារ​ជាតិ បារាំង កាលពី​ថ្ងៃ​ពុធ ទី ២៥មីនា បាន​បញ្ជាក់​សាជាថ្មី​ម្តងទៀត បេសកកម្ម​របស់​កងទ័ព គឺ​ដើម្បី​ជួយ​ទ្រទ្រង់​ការងារ​មន្ទីរពេទ្យ ប៉ុន្តែ នឹង​គ្មាន​គោលដៅ ទៅ​ជួយ​ពង្រឹង​ការងារ​របស់​ប៉ូលិស ដែល​រឹតបន្តឹង​ការអនុវត្ត វិធានការ​ស្ថិតនៅ​ក្នុង​ផ្ទះ ដូចដែល​ទាហាន​អ៊ីតាលី​កំពុង​តែ​ធ្វើនោះទេ។

កងទ័ព​បារាំង​ខ្វះមធ្យោបាយ ដោយសារ​រដ្ឋាភិបាល​វិធានការ​រឹតបន្តឹង​ថវិកា

សព្វថ្ងៃនេះ កងទ័ព​បារាំង មាន​មនុស្ស​ជាង ១ម៉ឺន ៤ពាន់នាក់ ដែលធ្វើការ​ក្នុងផ្នែក​សុខាភិបាល ដែល​នៅក្នុង​នោះ មាន​២៤០០នាក់ ជា​គ្រូពេទ្យ។ អាច​ថា កងទ័ព​មាន​ធនធាន​មនុស្ស ច្រើន ប៉ុន្តែ មិនសូវ​មាន​មធ្យោបាយ​នោះទេ។ ដោយសារ​វិធានការ​កាត់បន្ថយ​ថវិកា​យោធា ផ្នែក​ជាច្រើន​នៅក្នុង​វិស័យ​កងទ័ព បាន​ជួប​បញ្ហា​ខ្វះខាត។ មន្ទីរពេទ្យ យោធា ដ៏ល្បីឈ្មោះ នៅទីក្រុង​ប៉ារីស Val de Grâce បាន​បិទទ្វារ កាលពី​ឆ្នាំ ២០១៧ បន្ទាប់ពី រដ្ឋាភិបាល​វាយតម្លៃថា ការជួសជុល ដែលមាន​តម្លៃ ២៥០ លានអឺរ៉ូ គឺ​ជា​ការចាយលុយ​ខ្ជះខ្ជាយ គ្មាន​ប្រយោជន៍។

លោក​ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាស​បើក​ប្រតិបត្តិការ​យោធា ប្រាប់​ឲ្យ​កងទ័ព​ជួយ​ជីវិត​ប្រជាជន នៅក្នុង​ស្ថានភាព​ដែល​ប្រទេស​កំពុង​វិបត្តិ​កូវីដ ១៩។ ប៉ុន្តែ លោក​មិន​បាន​ផ្តល់​មធ្យោបាយ​ឲ្យ​កងទ័ព​នោះទេ។ នៅ​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ បារាំង​ផ្តោត​តែទៅលើ​ប្រតិបត្តិការ​យោធា នៅបរទេស។ ការងារ​ចំបង​របស់​កងទ័ព​បារាំង គឺ ចូលរួម​ប្រយុទ្ធ​នៅស៊ីរី អ៊ីរ៉ាក់ នៅតំបន់​អាហ្វ្រិក ចំណែក​រឿង​ចូលរួម ក្នុង​អន្តរាគមន៍​ជួយ​អ្នករងគ្រោះ ដោយសារ​គ្រោះមហន្តរាយ ធម្មជាតិ គឺ​មាន​តិចតួចណាស់។

ជាក់ស្តែង នៅមុន​រដ្ឋាភិបាល​ប្រកាស​បើក​ប្រតិបត្តិការ​Resilience នេះទៅទៀត មន្រ្តីយោធា​ជាច្រើន​បាន​លើកឡើង​រួចហើយ ពី​ការខ្វះខាត សម្ភារៈ ដូចជា បំពង់​អុកស៊ីហ្សែន និង​គ្រែ​ពិសេស​សម្រាប់​អ្នកជំងឺ​ដែល​មានបញ្ហា​ផ្លូវដង្ហើម ដូចក្នុង​ករណី កូវីដ ១៩។ គ្រូពេទ្យ​ទាហាន មាន​ឧបករណ៍ សម្រាប់​ព្យាបាល​អ្នក​ដែល​រងរបួស នៅក្នុង​សង្រ្គាម ប៉ុន្តែ នៅពេលនេះ ត្រូវមក​ប្រឈម​នឹង​ការព្យាបាល អ្នកជំងឺផ្លូវដង្ហើមកូវីដ ១៩។ ស្ថិត​ក្នុង​ស្ថានភាព​ដែលជំងឺ កូវីដ ១៩​កំពុង​រាតរាលដាល​ខ្លាំង យ៉ាងដូច្នេះ កង្វះសំភារៈ មធ្យោបាយ គឺ​ជារឿង​ដ៏ឈឺក្បាល​សម្រាប់​ពេទ្យ​ទាហាន។

ដោយសារ​តែ​កូវីដ១៩ រដ្ឋាភិបាល​បារាំង​នឹង​ដកកងទ័ព​ចេញពី​ប្រទេស​អ៊ីរ៉ាក់

បន្ទាប់ពី​អាមេរិក និង​អង់គ្លេស​ដែល​ប្រកាស​កាត់បន្ថយ​វត្តមាន​ទ័ព​របស់ខ្លួន ក្នុងប្រទេស​អ៊ីរ៉ាក់ ក្រសួងការពារ​ជាតិ​បារាំង កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ប្រកាសថា បារាំង នឹង​កងទ័ព​របស់ខ្លួន ​ចេញពី​ទឹកដី​អ៊ីរ៉ាក់ ដោយសារ​តែ​វិបត្តិ​កូរ៉ូណាវីរុស​លើកនេះ។ តាម​ទីបញ្ជាការ​កងទ័ព​បារាំង កងទ័ព​បារាំង ប្រមាណ​២០០នាក់ ដែល​កំពុង​បណ្តុះបណ្តាល​ទាហាន​អ៊ីរ៉ាក់ និង​កំពុង​ធ្វើការក្នុង​ទីបញ្ជាការកងទ័ព​អ៊ីរ៉ាក់ នឹង​ចាកចេញ​ពីអ៊ីរ៉ាក់ ចាប់ពីថ្ងៃ​ព្រហស្បតិ៍នេះ។

សូមបញ្ជាក់ថា ដើម្បី​ទប់ស្កាត់​ការរីករាល​ជំងឺ​កូវីដ ១៩ ដែល​បាន​សម្លាប់មនុស្ស​២០នាក់ និង​ឆ្លង​ទៅមនុស្ស​២៣៣​នាក់ នៅអ៊ីរ៉ាក់ រដ្ឋាភិបាល​ក្រុង​បាដដាត​បាន​ផ្អាក​រាល់​ការហ្វឹកហាត់ សម្រាប់ទាហាន​របស់ខ្លួន។ សម្រាប់​អ្នកនាំពាក្យ​របស់​ទីបញ្ជាការកងទ័ព​បារាំង បារាំង ដក​កងទ័ព មួយរយៈ ពី​អ៊ីរ៉ាក់ ដោយសារ​កូវីដ ១៩។ ប៉ុន្តែ យ៉ាងណាក៏ដោយ បារាំង​នៅមិនទាន់​សម្រេច​យ៉ាងណានៅឡើយទេ ទាក់ទង​នឹង​វត្តមានទ័ព​បារាំង ជាង ៥ពាន់នាក់ ដែលកំពុង​ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម នៅ​តំបន់​សាហែល ក្នុង​ទឹកដី​អាហ្វ្រិក។

ការសម្រេច​ដកកងទ័ព​ពី​អ៊ីរ៉ាក់ លើកនេះ អាច​ជាការខាតបង់​មួយ សំខាន់​សម្រាប់​បារាំង ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់។ គេ​កំពុង​បារម្ភថា នៅអ៊ីរ៉ាក់ ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​បាក់ស្បាត ទាំងស្រុង​ដោយសារ​ប្រតិបត្តិការ​របស់សម្ព័ន្ធ​អន្តរជាតិ ហាក់​ចាប់កំរើកខ្លួន​ឡើងវិញ។ បារាំង​ព្រួយបារម្ភ​ខ្លាំង​ពីបញ្ហា​នេះ ព្រោះថា ក្រុមមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ជា​ក្រុមគោលដៅ ដែលតែង​ គំរាមកំហែង វាយប្រហារ​ភេរវកម្ម នៅទឹកដី​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ