អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេរោគកូរ៉ូណាថ្មី៖បារាំងផ្តើមផ្អាកសកម្មភាពចាប់ពីថ្ងៃទី១៧ មីនារហូតដល់ថ្ងៃទី៣១ មីនា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​បារាំង ការ​វិវឌ្ឍន៍​នៃ​មេរោគកូរ៉ូណាថ្មី​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​វិធានការ​បន្ថែម​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល។ វិធានការ​បន្ថែម​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​លោក​ម៉ាក្រុង​នៅ​យប់​ថ្ងៃ​ចន្ទ ទី១៦ មីនា។ នេះ​ជា​អន្តរាគមន៍​លើកទី២ របស់​លោក​ម៉ាក្រុង បន្ទាប់​ពី​អន្តរាគមន៍​របស់​លោក​លើក​ទី១ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ១២ មីនា។ នៅ​ក្នុង​បទអន្តរាគមន៍​លើកទី២ រយៈពេល ៣០នាទី លោក​ម៉ាក្រុង​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ស្ថិត​នៅ​តែ​ក្នុង​ផ្ទះ លើកលែង​តែ​ក្នុង​ករណី​ចាំបាច់​បំផុត។ លោក​ម៉ាក្រុង​បាន​ចាត់​ទុក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង Covid-១៩ ដូច​ជា​ការ​ធ្វើ​សង្រ្គាម ហើយ​ពាក្យ « សង្រ្គាម » នេះ​ត្រូវ​បាន​លោក​ម៉ាក្រុង​ប្រើ​ដល់​ទៅ ៦ដង។ វិធានការ​ថ្មី​ប្រកាស​ដោយ​លោក​ម៉ាក្រុង​ផ្តើម​ចូល​ជា​ធរមាន​ចាប់​ពី​ម៉ោង ១២ថ្ងៃត្រង់​ក្នុង​ថ្ងៃទី១៧ មីនា​រហូត​ដល់​ថ្ងៃទី៣១ មីនា។

ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង
ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង AFP/Ludovic Marin
ផ្សាយពាណិជ្ជកម្ម

អន្តរាគមន៍​របស់​ប្រធានាធិបតី​លោក​ម៉ាក្រុង​តាម​កញ្ចក់​ទូរទស្សន៍​នៅ​យប់​ថ្ងៃ​ចន្ទ ទី១៦ មីនា​មាន​ការ​តាម​ដាន​មើល និង​ស្តាប់​ដោយ​ពលរដ្ឋ​បារាំង​ជាង ២៨លាននាក់។ បន្ទាប់​ពី​អន្តរាគមន៍​របស់​លោក​ម៉ាក្រុង លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក Christophe Castaner បាន​អន្តរាគមន៍​តាម​កញ្ចក់​ទូរទស្សន៍​ដោយ​ដើម្បី​លំអិត​លើ​ចំណុច​នីមួយៗ​នៃ​វិធានការ​ថ្មី។ បន្ទាប់​មក​ក្នុង​ថ្ងៃ​អង្គារ ទី១៧ មីនា ក្រឹត្យ​មួយ​ចុះ​ហត្ថលេខា​ដោយ​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​កាសែតផ្លូវការ។ ចាប់​ពី​ពេល​នេះ​ត​ទៅ និង​មាន​រយៈពេល​យ៉ាង​តិច ១៥ថ្ងៃ ការ​ចេញ​ពី​ផ្ទះ​ដែល​អនុញ្ញាត​រួម​មាន៖

ទី១ ការ​ចេញ​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើ​ការ ប្រសិន​បើ​ការងារ​នោះ​ជា​ការងារ​ចាំ​បាច់ ហើយ​មិន​អាច​ធ្វើ​ពី​ផ្ទះ​បាន។

ទី២ ការ​ចេញ​ពី​ផ្ទះ​ទៅ​ទិញ​ម្ហូបអាហារ​ចាំ​បាច់​នៅ​ក្នុង​ហាងទំនិញ​ដែល​អនុញ្ញាត​ឲ្យ​បើក​ទ្វារ។

ទី៣ ការ​ចេញ​ពី​ផ្ទះ​ក្រោម​ហេតុផល​សុខភាព​ដើម្បី​ទៅ​ជួប​ពេទ្យ។

ទី៤ ការ​ចេញ​ពី​ផ្ទះ​ក្រោម​ហេតុផល​គ្រួសារ​មាន​បញ្ហា​ដែល​ត្រូវ​ជួយ​បន្ទាន់ ពិសេស​មនុស្ស​ងាយរងគ្រោះ ឬ​ការ​មើល​កូនក្មេង។ ក្នុង​ករណី​ដែល​ប្តី ប្រពន្ធ​លែងលះ​គ្នា​ដែល​មាន​កូន និង​ត្រូវ​មើល​កូន​ម្តង​ម្នាក់ គេ​អាច​ចេញ​ពី​ផ្ទះ​យក​កូន​ទៅ​ឲ្យ​គ្នា​ម្តង​ម្នាក់។

ទី៥ ការ​ចេញ​ពី​ផ្ទះ​ដោយ​ស្ថិត​ក្បែរ​ផ្ទះ ដូច​យ៉ាង​ដើរ​ហាត់ប្រាណ​បន្តិចបន្តួច ឬ​មួយ​នាំ​ឆ្កែ ឬ​ឆ្មា​ចេញ​ក្រៅ​ក្នុង​រយៈពេល​ខ្លី។ តែ​ហាម​មិន​ឲ្យ​មាន​ការ​ហាត់ប្រាណ​ជា​ក្រុម ជួបជុំ​ជជែក​ជាមួយ​អ្នកជិតខាង ឬ​មួយ​ជាមួយ​មិត្តភក្តិ។

រដ្ឋាភិបាល​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​ប៉េអឹម​ចំនួន ១០០ ០០០នាក់

គ្រប់​ការ​ចេញ​ពី​ផ្ទះ​ទាំង​អស់ទោះ​ទៅ​ធ្វើ​ការ ទៅ​ផ្សារ ទៅ​ជួប​ពេទ្យ ទៅ​មើល​ក្រុមគ្រួសារ​ឈឺស្កាត់ ឬ​មួយ​ក៏​នាំ​ឆ្កែ ឬ​ឆ្មា​ចេញ​ក្រៅ​ត្រូវ​តែ​បង្ហាញ​លិខិតបញ្ជាក់​ចុះ​ហត្ថលេខា​ដោយ​សាម៉ីខ្លួន​ដែល​រដ្ឋាភិបាល​បាន​រៀបរៀង​ឲ្យ​ស្រាប់។ លិខិត​បញ្ជាក់​នេះ​អាច​ទាញ​យក​បាន​ពី​គេហទំព័រ​របស់​រដ្ឋាភិបាល ហើយ​ពលរដ្ឋ​ណា​គ្មាន​ម៉ាស៊ីន​កុំព្យូទ័រ ឬ​គ្មាន​ម៉ាស៊ីន​ទាញ​យក​អាច​សរសេរ​ដៃ​លើ​ក្រដាស ស ដោយ​ចម្លង​ដូច​ច្បាប់​ដើម។ នៅ​ក្នុង​លិខិត​នោះ​មាន​កន្លែង​គូស​ពី​មូលហេតុ​ចេញ​ពី​ផ្ទះ។ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ផ្ទៀងផ្ទាត់​លើ​ចម្លើយ​ពិត​របស់​មនុស្ស​ណា​ម្នាក់​បាន​ទេ មាន​ន័យ​ថា អ្នក​ណា​ចង់​គូស​មូលហេតុ​អ្វី​ក៏​គូស​ទៅ។ តែ​រដ្ឋាភិបាល​បាន​ដាក់​សេចក្តីទុកចិត្ត និង​ជឿ​លើ​ភាព​ស្មោះត្រង់​របស់​មនុស្ស​ម្នាក់ៗ។ សម្រាប់​អ្នក​ចេញ​ទៅ​ធ្វើ​ការ​ត្រូវ​មាន​លិខិត​បញ្ជាក់​ពី​កន្លែង​ធ្វើ​ការ ហើយ​បើ​ជា​អ្នកកាសែត​វិញ អាច​មាន​ត្រឹម​កាត​អ្នកកាសែត គឺ​គ្រប់គ្រាន់។

ដើម្បី​អាច​ត្រួតពិនិត្យ​លើ​បម្រាម​នេះ​បាន រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​ប៉េអឹម​ចំនួន ១០០ ០០០នាក់​នៅ​ទូទាំង​ប្រទេស។ កម្លាំង​ប៉ូលិស និង​ប៉េអឹម​ទាំង ១០០ ០០០នាក់​នេះ​ត្រូវ​ចែក​ជា​កម្លាំង​ប្រចាំ​ការ និង​កម្លាំង​ចល័ត។ កម្លាំង​ប្រចាំ​ការ​ត្រូវ​ដាក់​នៅ​តាម​ច្រក​ផ្លូវ​ចេញ ចូល ឬ​នៅ​តាម​ភ្លើង​ស្តុក​ដើម្បី​កាក់​ឡាន​ឆែកឆេរ ហើយ​អ្នក​ដើរ​ក៏​នឹង​ត្រូវ​សួរ​នាំ​ដែរ។ ចំពោះ​អ្នក​ដែល​បាន​រំលោភ​លើ​បម្រាម​នឹង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន ៣៨អឺរ៉ូ ហើយ​ទឹកប្រាក់​ពិន័យ​នេះ​នឹង​អាច​ឡើង​ដល់ ១៣៥អឺរ៉ូ​នា​ពេល​ខាង​មុខ។ កម្មវត្ថុ​របស់​រដ្ឋាភិបាល​មិនមែន​ដើម្បី​ប្រមូល​លុយ ចង់​ធ្វើ​បាប ឬ​ដាក់​គំនាប​លើ​ពលរដ្ឋ​ខ្លួន​ឯង​ទេ តែ​ចង់​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល Covid-១៩ ដើម្បី​ការពារ​សុខភាព​របស់​ពលរដ្ឋ​គ្រប់រូប​ដោយ​គ្មាន​ការ​រើសអើង។

នៅ​ក្រោយ​ថ្ងៃទី៣១ មីនា?

នៅ​ក្នុង​ជំហាន​ដំបូង វិធានការ​មួយ​នេះ​នឹង​មាន​រយៈពេល​យ៉ាង​តិច ១៥ថ្ងៃ ពោល​ចាប់​ពី​ម៉ោង ១២ថ្ងៃ​ត្រង់​ថ្ងៃទី១៧ មីនា​រហូត​ដល់​ថ្ងៃទី៣១ មីនា។ តែ​លោក​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក​អូលីវីយេ វេរ៉ង់​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ ទី១៧ មីនា​ថា​នៅ​ក្រោយ​ថ្ងៃទី៣១ មីនា វិធានការ​មួយ​នេះ​អាច​នឹង​សម្រាល​បន្តិច ឬ​មួយ​លើក​ចេញ​ទាំង​ស្រុង គឺ​វា​អាស្រ័យ​លើ​ការ​វិឌ្ឍន៍​របស់ Covid-១៩ នៅ​ពេល​ខាង​មុខ។ បើ​ស្ថានការណ៍​នៅ​បន្ត​ធ្ងន់ធ្ងរ វិធានការ​មួយ​នេះ​អាច​នឹង​បន្ត​មាន​នៅ​ក្រោយ​ពី​ថ្ងៃទី៣១ មីនា​ដែរ។ គួរ​រម្លឹក​ថា​គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី១៦ មីនា បារាំង​មាន​អ្នក​ស្លាប់​ដោយ Covid-១៩ ជាង ១៤៥នាក់ និង​អ្នក​ឈឺ​ជាង ៦ ៥០០នាក់។

លោក​វេរ៉ង់​បាន​រម្លឹក​សារ​ដដែល​ដោយ​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​ពលរដ្ឋ​បារាំង​ស្ថិត​ក្នុង​ផ្ទះ កាត់​បន្ថយ​រាល់​សកម្មភាព​ទាំង​អស់ រួម​ទាំង​កាត់​បន្ថយ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​មនុស្ស​ដោយ​ប្តូរ​ការ​ទាក់ទង​តាម​មធ្យោបាយ​ផ្សេង​វិញ ដូច​តាម​ទូរស័ព្ទ ឬ​បណ្តាញសង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ