អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទៅដល់អាស៊ី​កណ្តាល ប្រមុខការទូតអាមេរិក អំពាវនាវ​​ឱ្យ​​ជួយ​ជនជាតិ​ភាគតិច​នៅ​ស៊ីនជាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក មាឃ ប៉ុមប៉េអូ (Mike Pompeo) កំពុង​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​នៅ​តំបន់​អាស៊ីកណ្តាល។ បន្ទាប់​ពី​អ៊ុយក្រែន និងបេឡារុស នៅថ្ងៃ​អាទិត្យ​ទី ២កុម្ភៈ ២០២០ លោកប៉ុមប៉េអូ បានទៅ​ដល់​ កាហ្សាក់ស្ថាន និង​អ៊ូសបេគីស្ថាន ដែល​ជា​អតីត​សហភាព​សូវៀត ស្និទ្ធ​នឹង​រុស្ស៊ី តែ​រំពឹង​ខ្លាំង​លើ​ចិន​ក្នុង​ផ្នែក​សេដ្ឋកិច្ច។ គឺ​ពី​ទីនោះ​ហើយ ដែល​លោក​ប្រមុខ​ការទូត​អាមេរិក បាន​អំពាវនាវ​ហៅ​​សហគមន៍​អន្តរជាតិ​ឱ្យ​ប្រឹង​ជួយ​ជនជាតិ​ភាគតិច​​កាន់​សាសនា​អ៊ីស្លាម ​នៅ​តំបន់​​ស៊ីជាំង ​បន្ថែម​ទៀត ពីការ​គាប​សង្កត់របស់​អាជ្ញាធរ​ចិន។

ប្រមុខ​ការទូត​អាមេរិក (ឆ) និង ប្រធានាធិបតី​កាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev
ប្រមុខ​ការទូត​អាមេរិក (ឆ) និង ប្រធានាធិបតី​កាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​​បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន កាលពី​ថ្ងៃ​សុក្រ និង​នៅ​បេឡារុស ក្នុង​​​ថ្ងៃសៅរ៍ នៅ​ថ្ងៃ​អាទិត្យ​នេះ ជា​លើក​ទី​មួយ គិត​ចាប់​តាំងពី​ឆ្នាំ​២០១៥​មក លោក ប៉ុមបេអូ បានមក​ដល់​​កាហ្សាក់ស្ថាន រួច​នឹង​បន្ត​ទៅ​​អ៊ូសបេគីស្ថានទៀត​ក្នុង​ថ្ងៃ​ដដែល។ ​ក្រៅអំពី​ជំនួបទ្វេភាគី លោក​ប៉ុមប៉េអូ បាន​ជួប​ពិភាក្សា​ជាមួយ​​រដ្ឋមន្ត្រីក្រសួង​ការបទេស ទាំង​៥​​ប្រទេស​ ក្នុង​តំបន់​អាស៊ី​កណ្តាល ដែល​ជា​អតីតសហភាព​សូវៀត​ទាំ​ងអស់​ គឺ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន និងកៀហ្ស៊ីស៊ីស្ថានទៀត។

ឯករាជ្យ​និង​អធិបតេយ្យ

កម្មវត្ថុ​នៃ​ទស្សនកិច្ច គ្មាន​អ្វី​ក្រៅ​អំពី​ការ​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ ក្រុម​ប្រទេស​ដែល​ ​ស្ថិត​ក្រោម​ដែន​ឥទ្ធិពលរ​បស់រុស្ស៊ី​ឡើយ។ លោក ប៉ុមប៉េអូ បាន​ប្រកាស​​​ជួយ​​ប្រទេស​ទាំង​អស់​នេះ ដែល​បាន​ទទួល​ឯករាជ្យ​ ដោយសារ​ការ​ដួល​រលំ​ទៅ​នៃ​របប​សហភាព​សូវៀត​ ឱ្យ​មាន​ឯករាជភាព​ និងអធិបតេយ្យភាព ​​ពេញលេញ។

ប៉ុន្តែ សហរដ្ឋ​អាមេរិក​ មាន​ឥទ្ធិពល​តិច​តួច​ណាស់​នៅក្នុង​តំបន់អាស៊ីកណ្តាល។ ថ្វីបើ​អាមេរិកធ្លាប់​បាន​ប្រើទឹក​ដី​នេះ​ ក្នុង​នាម​អង្គការ​អូតង់ ជា​ទីតាំង​រក្សា​ទុក​នូវ​រាល់​សម្ភារៈ​បរិក្ខា​រដ៏​សន្ធឹកសន្ធាប់​ក្នុង​ពេល​មាន​​សង្គ្រាមខ្លាំង​​នៅ​អាហ្វហ្កានីស្ថាន​ក្តី ក៏បច្ចុប្បន្ន​នេះ​ ​អាមេរិក​គ្មាន​បន្សល់​ទុកអ្វីសោះ​ក្នុង​តំបន់។

ផ្ទុយ​ទៅ​វិញ រុស្ស៊ី​បាន​​រក្សាទុក​​មូលដ្ឋាន​ទ័ព​ជា​ច្រើន​ផង និងបានក្លាយ​​​ជា​ប្រមុខ​ដឹកនាំ​សម្ព័ន្ធ​យោធា​ ​សហភាព​សេដ្ឋកិច្ចនិង​ពន្ធគយ ដែល​មាន​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ជា​សមាជិកទៀត។ ពោល​គឺក្រៅ​អំពី​ចំណង​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ និង​វប្បធម៌ រុស្ស៊ី​បាន​រក្សា​ឥទ្ធិពល​របស់​ខ្លួនថាយ៉ាង​ឋិតថេរ លើ​តំបន់​អាស៊ី​កណ្តាល។

​ទទួល​​ជនជាតិភាគតិច​កាន់​សាសនា​អ៊ីស្លាម​ឱ្យ​ជ្រកកោន​នយោបាយ

លោក​ ប៉ុមប៉េអូ បាន​ទទួល​ស្គាល់​ថា ចិន​បង្ហាញ​វត្តមានខ្លាំង​សម្បើម​ណាស់​នៅ​ក្នុង​តំបន់ ដែលពុំ​ចែក​ជា​៥​ប្រទេស ក្រោមការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ ដែល​មាន​ទំនោរ​​បែប​ផ្តាច់ការ​ និងមិន​សូវ​គោរព​សិទ្ធិមនុស្ស​។ ​

អ៊ូសបេគីស្ថាន ទើប​ដើរ​ចេញ​ពីភាព​ឯកា មាន​ប្រមុខ​ដឹកនាំថ្មី ធ្វើ​កំណែទម្រង់បើក​ទ្វារ​ទទួល​ទេសចរ និ​ងអ្នក​វិនិយោគ។ កាហ្សាក់ស្ថាន ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​​ក្រោម​ដី ជា​ប្រភពប្រេង ​រ៉ែ​អ៊ុយរ៉ានីញ៉ូម និងជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ជាង​គេ​ក្នុង​តំបន់ និង​មានព្រំដែន​ជាប់​ជិត​​នឹង​ចិន។ ​អំណោយ​ទាន​ផ្នែក​ទីតាំង​ភូមិសាស្ត្រ​នេះ បាន​ចង​ភ្ជាប់សេដ្ឋកិច្ច​​​តំបន់​អាស៊ី​កណ្តាល​ជាមួយ​​ចិន យ៉ាង​តឹង​ម៉ឺង។ ចិន​បាន​បញ្ចូល​អាស៊ី​កណ្តាល ទៅ​ក្នុង​ផែនការ​​សេដ្ឋកិច្ច​ដ៏​មហាសាល “ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ”។

កាហ្សាក់ស្ថាន ​មាន​ទំនាក់ទំនង​ស្អិត​ល្មួត​ខ្លាំង​ណាស់​ជាមួយ​ចិន ប៉ុន្តែ ប្រទេស​ជា​អតីត​សហភាព​សូវៀតមួយ​នេះ ក៏​បាន​ក្លាយ​ជា​កន្លែង​ប្រមូល​ផ្តុំ​​របស់​អង្គការ​ សង្គម​ស៊ីវិល​ផ្សេង ដែល​ការពារ​ជនជាតិ​ភាគតិច​កាន់​សាសនាអ៊ីស្លាម​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ចនៅកាហ្សាក់ស្ថាន និង​ជាពិសេស​ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​រួម​ជាមួយ​សមភាគី​កាហ្សាក់ស្ថាន​ លោក ប៉ុមប៉េអូ បាន​​លើក​អំពី​បញ្ហា​សិទ្ធិមនុស្ស​មក​និយាយ និងបាន​ធ្វើ​សេចក្តី​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ប្រឹង​ប្រែង​ជួយ​ជនជាតិភាគតិច​​កាន់​សាសនា​អ៊ីស្លាម ដែល​រង​ទុក្ខ​បុកម្នេញ​នៅ​​ចិន។

ដើម្បី​បិទ​បញ្ចប់​សកម្មភាព​​គាប​សង្កត់​របស់អាជ្ញាធរ​​ចិនលើ​ជនជាតិ​ភាគតិច ការពារ​ភាព​ជា​មនុស្ស យើង​ត្រូវ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ! នេះ​ជា​ប្រសាសន៍​របស់​ លោក​ប៉ុមប៉េអូ ដែល​​ បាន​ទទូច​ឱ្យ គ្រប់​ប្រទេស​ទាំងអស់ ចូល​រួម​ ជាមួយសហរដ្ឋ​​អាមេរិក ​​ព្រម​ទទួល​យក​ជនជាតិ​ភាគតិចកាន់សាសនា​អ៊ីស្លាម ណា​ដែល​ចង់​រត់​ចេញ​ពី​ចិន និង​ស្វែង​ជម្រក​ថ្មី ​ឱ្យ​មក​ជ្រកកោន​នយោបាយ។

បើ​តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស មាន​ពលរដ្ឋ​ចិនជា​អ្នក​​កាន់​សាសនា​អ៊ីស្លាម (ភាគ​ច្រើន​ជា​ជនជាតិភាគតិច​អ៊ុយហ្គួរ​នៅ​ស៊ីនជាំង និងខ្លះ​ជាជនជាតិ​កាហ្សាក់ស្ថាន) មិន​តិច​ជាង​មួយ​លាន​នាក់ទេ ដែល​ត្រូវ​បានគេ​ចាប់​បញ្ជូន​ទៅ​កាន់ មណ្ឌល​អប់រំ​និង​កែប្រែ របស់​អាជ្ញាធរ​កុម្មុយនិស្ត​ចិន។ ប៉េកាំង​បាន​បដិសេធ​តួលេខ​ខាង​លើ និង​និយាយ​តែ​អំពីការ​បើក​​ មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ ដែល​មាន​ទិសដៅ​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​រកការងារ​ធ្វើ និង​ជួយ​ពលរដ្ឋ​កុំ​ឱ្យ​ធ្លាក់​ក្នុង​អន្លង់​សាសនា​ជ្រុលនិយម។

​ចំណែក​សភា​អ្នក​តំណាង​អាមេរិក បាន​ចេញ​​របាយការណ៍​ កាលពី​ដើម​ខែ​មករា ចោទ​ប្រកាន់​ចិន ថា​បាន​ប្រព្រឹត្ត​អំពើ​​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​ស៊ីនជាំង ដោយ​ប្រកាន់​យក​នយោបាយ​​ការពារ​សន្តិសុខ​កំរិត​ខ្ពស់​បំផុត​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​ភេរវកម្ម​សម្លាប់​ជនស៊ីវិល​ ពី​សំណាក់ក្រុម​ផ្តាច់​ទឹក​ដី​និយម​អ៊ុយហ្គួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ