អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​អាហ្វហ្កានីស្ថាន ៖ ការ​បែងចែង​អំណាច​​ដ៏​គ្រោះថ្នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

សេចក្តី​ប្រកាស​​ថ្ងៃ​ទី​២១ ថា​អាហ្វហ្កានិស្ថាន​មាន​ប្រធានាធិបតី​ថ្មី មាន​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ បន្ទាប់​ពី​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​ព្រម​ចែក​រំលែក​អំណាច​គ្នា បាន​ទទួល​ការ​ស្វាគមន៍​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ និង​សហគមន៍​អន្តរជាតិ​ទាំង​មូល។ ប៉ុន្តែភាព​រឹងមាំ​នៃ​សម្ព័ន្ធ​ភាព​អតីត​គូ​ប្រជែង​ទាំង​ពីរ បាន​និង​កំពុង​ចោទ​ជា​សំណួរ សម្រាប់​អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន។​ ​​​ អាហ្វហ្កានីស្ថាន​​កំពុង​ធ្វើ​ដំណើរ​លើ​វិថី​នៃ​ការ​ផ្សះផ្សាជាតិ និង​ស្ថិរភាព ឬ​ក៏​គ្រាន់តែ​ជាការ​​ស្ងប់ស្ងាត់បន្លំ​ភ្នែក​មុន​នឹង​ព្យុះ​ភ្លៀង​ថ្មី ? ក្តី​សង្ឃឹម​និង​ព្រួយ​បារម្ភ​មាន​ទន្ទឹម​គ្នា។

លោក Abdullah Abdullah (ឆ្វេង) និង​លោក​ប្រធានាធិបតី​ថ្មី​អាហ្វហ្កានីស្ថាន Ashraf Ghani ក្រោយ​ពេល​ចុះ​កិច្ចព្រមព្រៀង​ចែក​អំណាច
លោក Abdullah Abdullah (ឆ្វេង) និង​លោក​ប្រធានាធិបតី​ថ្មី​អាហ្វហ្កានីស្ថាន Ashraf Ghani ក្រោយ​ពេល​ចុះ​កិច្ចព្រមព្រៀង​ចែក​អំណាច REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​ការ​ចំណាយ​ពេលអស់​ជាង​បី​ខែ និង​ទស្សនកិច្ច​របស់​លោក​ចន​ឃែរី នៅ​ក្រុង​កាប៊ូល​យ៉ាង​ហោច​ណាស់​ពីរ​ដង ទម្រាំ​នាំ​អាហ្វហ្កានីស្ថាន​ឱ្យ​ចេញ​ផុត​ពី​ភាព​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​បាន។ ឈ្នះ​ដាច់​ខ្លាំង​នៅ​ជុំ​ទី​មួយ (ថ្ងៃទី ៥​មេសា) លោក អាប់ឌូឡា អាប់ឌូឡា បាន​បរិហារ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ នៅ​ជុំ​ទី​ពីរ​ដែល​លោក​ជា​អ្នក​ចាញ់។ គណៈកម្មការ​អឺរ៉ុប ក៏​សង្កេត​ឃើញ​អំពី​ការ​លួច​បន្លំ​នេះ​ដែរ ជា​ហេតុ​ធ្វើ​ឱ្យ​ស្ថានភាព​ឡើង​តាន​តឹង​ខ្លាំង។ សកម្មជន​គាំទ្រ​លោក អាប់ឌូឡា អាប់ឌូឡា គំរាម​បង្កើត​រដ្ឋាភិបាល​មួយ​ផ្សេង​ប្រសិន​បើ​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ប្រកាស​ជ័យ​ជំនះ​ដល់​លោក អាស្ហ្រាហ្វ ហ្កានី។

 
ប្រឈម​មុន​នឹង​គ្រោះ​ប្រេះ​ឆា​ក្នុង​ផ្ទៃ​ប្រទេស លោក ចន ឃែរី ប្រមុខ​ការ​ទូត​អាមេរិក​បាន​ដាក់គំនាប គំរាម​បញ្ឈប់​ជំនួយ​ហិរញ្ញវត្ថុ​ ប្រសិន​បើ​គូប្រជែង​ទាំង​ពីរ​មិន​ព្រម​ចុះ​សម្រុង​នឹង​គ្នា។ ​ពាក្យ​គំរាម​​ត្រូវ​ចំណុច​ ព្រោះ​ថវិកា​អាហ្វហ្កានីស្ថាន​​រំពឹង​ស្ទើរ​តែ​ទាំង​ស្រុង (៩០%) លើ​ជំនួយ​អន្តរជាតិ ពិសេស​គឺ​អាមេរិក​តែ​ម្តង។

នៅ​ថ្ងៃអាទិត្យ​ទី ២១​កញ្ញា ២០១៤ កិច្ចព្រមព្រៀង ​បានកើត​​ចេញ​ជា​រូបរាង​ គូប្រជែង​ព្រមចែក​រំលែក​អំណាច​គ្នា ! ជា​ដំណឹង​ល្អ​ក្រៃ ព្រោះ​អាហ្វហ្កានីស្ថាន​មាន​ប្រធានាធិបតី​ ឈ្មោះ Ashraf Ghani អាយុ​៦៥​ឆ្នាំ​ សេដ្ឋវិទូ ធ្លាប់​បង្រៀន​នៅ​មហាវិទ្យាល័យ​សហរដ្ឋអាមេរិក មុន​នឹង​ចូលកាន់​តួនាទី​សំខាន់​មួយ​​ធនាគារ​ពិភពលោក មក​បន្ត​តំណែង​ប្រធានាធិបតី​ចាស់​ផុត​អាណត្តិ​និង​កាន់​អំណាច​ជាប់​អត់​ដាច់​រាប់​សិប​ឆ្នាំ​តាំង​ពី​របប​តាលីបង់​ដួល​រលំ​ទៅ​នៅ​ឆ្នាំ​២០០១។

កំណែ​ទម្រង់រដ្ឋធម្មនុញ្ញ

ប៉ុន្តែ​ថ្វី​ដ្បិត​តែ​សហរដ្ឋ​អាមេរិក​ចាត់​ទុក​ជា​ជោគជ័យ ដោយ​បាន​បញ្ចៀស​អាហ្វហ្កានីស្ថាន​មិន​បែកខ្ញែកគ្នា​មែន ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​ ជា​បរាជ័យ​ផ្នែក​ដំណើរការ​បោះឆ្នោត ព្រោះ​ប្រមុខ​រដ្ឋ​ថ្មី ជា​អ្នក​ឈ្នះ​ដែល​គ្មាន​ពិន្ទុ (​គ្មាន​ចំនួន​សំឡេង​ឆ្នោត)។ គណៈកម្មការ​បោះឆ្នោត​ មិន​ប្រកាស​សោះ​លទ្ធផល​ឆ្នោត​ជុំ​ទីពីរ (ថ្ងៃទី ១៤​មិថុនា)។ គូប្រជែង​ អាប់ឌូឡា អតីត​លេខាពិសេស​របស់​មេ​បញ្ជាការ​ម៉ាស៊ូត តាលីបង់​ បាន​ដាក់​កំហិត​មិន​ឱ្យគណៈកម្មការ​​ប្រកាស​លទ្ធផល​ឆ្នោត ដែល​ប្រលូក​ប្រឡាក់​ពេញ​ទៅ​ដោយ​ការ​លួច​បន្លំ។ ​បោះឆ្នោត​ហើយ​គ្មាន​ការ​ប្រកាស​លទ្ធផល មាន​តែ​ឈ្មោះ​ប្រធានាធិបតី​ឈ្នះ​ឆ្នោត តើ​ធ្វើ​ដូចម្តេច​អាចចាត់​ទុក​ថា​​ការ​ស្ថាបនា​ប្រទេស​អាហ្វហ្កានីស្ថាន​ឡើង​វិញ​ តាម​​ដំណើរ​ការ​ប្រជាធិបតេយ្យ​មាន​ជោគ​ជ័យ​ទៅ​កើត​​។ រដ្ឋាភិបាល​ថ្មី​ក៏​មាន​ភាព​ស្រប​ច្បាប់​ទន់​ខ្សោយ​ទៅ​តាម​នោះ​ដែរ។

ចំពោះ​ខ្លឹម​សារ​នៃ​កិច្ចព្រមព្រៀង​ ដែល​តម្រូវ​ឱ្យ​មាន​ការ​បែង​ចែង​អំណាច​រវាង​អតីត​គូប្រជែង​ លោក ហ្កានី​ និង​លោក អាប់ឌូឡា អាច​នឹង​ជួប​ការ​លំបាក​ខ្លាំង​ជាង​វិបត្តិជាប់​គាំង​បី​ខែ​នេះ​ទៅ​ទៀត ព្រោះ​ថា ប្រសិ​ន​បើ​លោក ហ្កានី បាន​ទទួល​មុខងារ​ជា​ប្រធានាធិបតីមែន ប៉ុន្តែ​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​អំណាច​ប្រតិបត្តិ ដែល​មាន​តម្លៃស្មើ​នឹង​កៅអី​នាយករដ្ឋមន្ត្រី​ត្រូ​វប្រគល់​ទៅ​ឱ្យ​លោក​ អាប់ឌូឡា។ តែ​កៅអី​នេះ​គ្មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​អាហ្វហ្កានីស្ថាន​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​គេ​ឃើញ​មាន​គម្រោង​ទុក​ពេល​​ពីរ​ឆ្នាំ​ ឱ្យ​សភា​ "Loya Jirga » ​អនុម័ត​ការ​ធ្វើកំណែ​ទម្រង់​ប្រព័ន្ធ​នយោបាយ​អាហ្វហ្កានីស្ថាន។
 
បុគ្គលពីរ​ទស្សនៈពីរ

ក្នុង​ពេល​ជាក់​ស្តែង​ភ្លាម​នេះ ម៉ាស៊ីន​​ដឹកនាំ​ប្រទេស​មានក្បាល​ពីរ តើ​​ត្រូវ​ចែករំលែក​អំណាច​គ្នាយ៉ាង​ដូច​ម្តេច? បើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ប្រទេស​នេះ ប្រធានាធិបតី​មាន​អំណាច​ច្រើន​ក្នុង​ដៃ។ ភាព​មិន​ច្បាស់លាស់​ និង​សម្ពាធ​មាន​ជាប់​ជានិច្ច​មិន​ថាចំពោះ​បុគ្គល​ទាំង​ពី​ផ្ទាល់ ឬ​ចំពោះ​ក្រុមបក្ស​ដិបក្ស​ទាំង​ពីរ​ទេ។ ការ​រូបរួម​គ្នា ដែល​ជា​ស្ពាន​នាំ​ដល់សិ្ថរភាព​ ត្រូវ​តែ​នាំ​មុខ​ការ​ប្រជែង​អំណាច​គ្នា​ ព្រោះ​បើ​ពុំ​នោះ​រវាង​បុគ្គល​ពីរ ដែល​មាន​ទស្សនៈ​ពីរ គឺ​ពិត​ជា​នឹង​អាច​ធ្វើ​ឱ្យ​អាហ្វហ្កានីស្ថាន​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ជាង​ការជាប់គាំង​នយោបាយ​បី​ខែ​នេះ​ទៀត នោះ​គឺ​ជម្លោះ​ជាតិពិន្ធុ។

លោក អាស្ហ្រាហ្វ ហ្កានី ជា​អ្នក​ភាគ​ខាងត្បូង និង​កើត​ប្រទេស ធា្លប់ទទួល​ខុស​ត្រូវ​ផ្នែក​ផ្ទេរ​កម្លាំង​យោធា​អូតង់​ទៅ​អាហ្វហា្កនីស្ថាន មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​។ ចំណែក​លោក អាប់ឌីឡា បាន​ទទួល​ការគាំទ្រ​ពី​ពលរដ្ឋ​នៅភាគ​ខាង​ជើង​ អតីត​មនុស្ស​ជំនិត​នឹង​របប​ដឹកនាំ​សឹក និង​ជា​ធ្លាប់ធ្វើ​ជា​រដ្ឋ​មន្ត្រី​ឱ្យ​រដ្ឋាភិបាល​លោក ហាមីត កាហ្សៃ​ មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​ក្រុមកុលសម្ព័ន្ធ​ផង​ ជាមួយ​ក្រុម​បស្ចឹម​លោក​ផង។ ដូច្នេះ​ប្រសិន​បើ​រដ្ឋាភិបាល​បង្រួបបង្រួម​ ត្រូវ​ប្រេះ​ឆា បែក​ធ្លាយ​ នោះ​ជម្លោះ​ជនជាតិ​នឹង​អាច​ផ្ទុះ​ឡើង​ភា្លម​ នាំ​អាហ្វហ្កានីស្ថាន ឱ្យធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ដូច​សម័យ​ទសវត្ស​​ឆ្នាំ​៩០​ ទុក​ឱ្យ​ពួក​តាលីបង់​ឡើង​ចាង​ជា​ប្រាកដ។
ដូច្នេះ​វិញ្ញាសាទី​​មួយ​ដែល​កំពុង​រង់ចាំ​ដៃគូ​កាន់​អំណាច​ថ្មី​​​អាហ្វហ្កានីស្ថានគឺ​ធានា​សន្តិសុខ​ប្រទេស​។ លោក ហ្កានី និងអាប់ឌូឡា បាន​ព្រមព្រៀង​​លើ​ចំណុច​សំខាន់​មួយ គឺ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សន្តិសុខ​ទ្វេ​ភាគី​ជាមួយ​អាមេរិក​ ដែល​នឹង​អនុញ្ញាត​ឱ្យ​រក្សា​កងទ័ព​អាមេរិក​ចំនួន​១២០០០​នាក់​បន្ត​នៅ​​ស្ថិត​ក្នុង​ទឹក​ដី​អាហ្វហ្កានីស្ថានរហូត​ដល់ចុ​ងឆ្នាំ​២០១៦ ខណៈ​ដែល​ទ័ព​សម្ព័ន្ធ​មិត្ត​ត្រូវ​ដក​ចេញអស់​នៅ​ចុងឆ្នាំ។ ជុំ​វិញ​បញ្ហា​តាលីបង់​វិញ ប្រធានាធិបតី​ចង់​ដោះស្រាយ​តាម​ផ្លូវ​ចរចា ឯ​នាយករដ្ឋមន្ត្រីប្រឆាំង។ នេះ​សញ្ញា​សំខាន់​មួយ​ទៀត​ដែល​អាច​នាំ​ដល់ការ​បែក​បាក់​ និង​ផលវិបាក​ធំ។ ដៃ​គូ​រដ្ឋាភិបាល​មាន​អាយុ​យឺនយូរ​ក៏​អាស្រ័​យ​ផង​ដែរ​ទៅ​នឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ ១២​ឆ្នាំ​ក្រោយ​អន្តរាគមន៍លោក​ខាងលិច អាហ្វហ្កានីស្ថាន​នៅ​តែជា​ប្រទេស​​ក្រីក្រ​បំផុត​មួយ​លើ​លោក​ រុំ​រួត​ដោយ​អំពើ​ពុក​រលួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ