អានតួអត្ថបទ
អាមេរិក-អាហ្វហ្កានីស្ថាន

ប្រធានាធិបតី​អស់អាណត្តិ​អាហ្វហ្កានីស្ថាន​លែង​រអា​នឹង​និយាយ​បរិហារ​អាមេរិក

នៅថ្ងៃ​ចុងក្រោយ​នៃ​ការកាន់អំណាច​របស់ខ្លួន ប្រធានាធិបតី​អស់​អាណត្តិ លោក​អាមីដ កាហ្សៃ បាន​ថ្លែង​សុន្ទរកថា វាយប្រហារ​ទៅលើ​រដ្ឋបាលអាមេរិក។ កាលពី​ថ្ងៃ​អង្គារ​ទី ២៣ កញ្ញា លោក​អាមីដ កាហ្សៃ ដែល​ត្រូវ​បាន​សហរដ្ឋអាមេរិក​លើក​បន្តុប​ជា​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន កាលពី​១៣​ឆ្នាំមុន បាន​និយាយ​ចោទប្រកាន់​ខ្លាំងៗ​អាមេរិក​ថា ជាអ្នកទទួល​ខុសត្រូវ ធ្វើ​ឲ្យ​មាន​សង្រ្គាម នៅ​អាហ្វហ្កានីស្ថាន។  

ប្រធានាធិបតី​អស់អាណត្តិ​អាមីដ កាហ្សៃ ថ្លែង​សុន្ទរកថា រិះគន់​អាមេរិក​នៅថ្ងៃ​ចុងក្រោយ​អាណត្តិ​របស់​ខ្លួន នៅថ្ងៃ​ទី ២៩ កញ្ញា២០១៤
ប្រធានាធិបតី​អស់អាណត្តិ​អាមីដ កាហ្សៃ ថ្លែង​សុន្ទរកថា រិះគន់​អាមេរិក​នៅថ្ងៃ​ចុងក្រោយ​អាណត្តិ​របស់​ខ្លួន នៅថ្ងៃ​ទី ២៩ កញ្ញា២០១៤ ©REUTERS/Mohammad Ismail
ផ្សាយពាណិជ្ជកម្ម

លោក​អាមីដ កាហ្សៃ បាន​ឡើង​ក្លាយ​ជា​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន នៅ​ឆ្នាំ ២០០១ បន្ទាប់ពី​អាមេរិក និង​អង្គការ​អូតង់​ប្រើ​កម្លាំង​យោធា បណ្តេញ​ពួក​តាលីបង់ ពី​អំណាច។ ប៉ុន្តែ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ទំនាក់ទំនង​រវាង​លោក​អាមីដ កាហ្សៃ និង​អាមេរិក​បាន​ធ្លាក់​ចុះ​ដល់​ចំណុច​សូន្យ បន្ទាប់ពី​លោកអាមីដ កាហ្សៃ បាន​បដិសេធ​មិន​ចុះ​ហត្ថលេខា លើ​កិច្ចព្រមព្រៀង​ទ្វេភាគី ដែល​នៅក្នុង​នោះ អាមេរិក​ទាមទារ​អភ័យឯកសិទ្ធិ​ឲ្យ​ទាហាន​របស់ខ្លួន ដែល​ត្រូវ​នៅ​បន្តតាំងទី ក្រោយ​កងទ័ព​អូតង់​ដក​អស់​ពី​អាហ្វហ្កានីស្ថាន នៅ​ចុងឆ្នាំនេះ។

 
ទាំងភាគី​អាមេរិក និងលោកប្រធានាធិបតី​អាហ្វហ្កានីស្ថាន​អស់អាណត្តិ បាន​លេងល្បែង​រិះគន់​គ្នា​ទៅវិញ ទៅមក ដោយ​អាមេរិក​បាន​ចោទ​អតីត​ប្រមុខ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ពី​រឿង​ពុករលួយ។ ចំណែក​លោកអាមីដ កាហ្សៃ​បាន​ចោទប្រកាន់​មិន​លើក​ថ្ងៃ ថា អាមេរិក​ជា​អ្នកបង្ក​ឲ្យ​មាន​សង្រ្គាម​នៅអាហ្វហ្កានីស្ថាន។ លោក​កាហ្សៃ​ហ៊ាន​និយាយ​ទៅដល់​ថា អាមេរិក​ជាអ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​របស់​ពួកតាលីបង់ ព្រោះ​អាមេរិក​មាន​មហិច្ឆតា​ចង់​រក្សា​មូលដ្ឋាន​ទ័ព​របស់ខ្លួន នៅក្នុងទឹកដី​អាហ្វហ្កានីស្ថាន។

នៅថ្ងៃ​អង្គារ​ម្សិលមិញនេះ​ទៀត នៅក្នុង​ឱកាស​ពិធី​និយាយ​លា​សមាជិក​រដ្ឋាភិបាល លោក​អតីត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន បាន​និយាយ​រំលឹក​ថា សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន​មិនមែន​ជា​សង្រ្គាម​របស់​ប្រជាជន​អាហ្វហ្កានីស្ថានទេ ប៉ុន្តែ ជា​សង្រ្គាម​ដែល​គេ​តម្រូវ​ឲ្យ​អាហ្វហ្កានីស្ថាន​ទទួល​យក ហើយ​ដែល​អ្នកដែល​រងគ្រោះ គឺ​ប្រជាជន​របស់​ប្រទេស​នេះ។

សូមបញ្ជាក់ថា សង្រ្គាម​១៣​ឆ្នាំ​ប្រឆាំង​នឹង​ក្រុម​តាលីបង់ បាន​សម្លាប់​ប្រជាជន​អាហ្វហ្កានីស្ថាន​រាប់ម៉ឺននាក់។ អាមេរិក និង​ប្រទេស​ដទៃ សមាជិក​របស់​អូតង់​វិញ​បាន​បាត់បង់​ទាហាន​របស់ខ្លួន ជាង​២២០០​នាក់ នៅ​ក្នុង​សង្រ្គាម​អាហ្វហ្កានីស្ថាន។

ក្រៅពី​អាមេរិក លោក​កាហ្សៃ បាន​ចោទ​ផងដែរ ប្រទេស​ជិតខាង ប៉ាគីស្ថាន​ថា បាន​លូកដៃ នៅក្នុង​នយោបាយ​ការបរទេស​របស់​អាហ្វហ្កានីស្ថាន។ សម្រាប់​លោក​កាហ្សៃ​ដដែល សន្តិភាព​អាច​កើតមាន​នៅ​អាហ្វហ្កានីស្ថាន នៅពេល​ណា​ដែល​អាមេរិក និង​ប៉ាគីស្ថាន​ប្រាថ្នា​ចង់បាន។

ដូច្នេះ នៅថ្ងៃ​ចុងក្រោយ​នៃ​អាណត្តិ​របស់ខ្លួន ប្រធានាធិបតី​ចេញពី​តំណែង បាន​ថ្លែង​ផ្តាំផ្ញើ​ផងដែរ​ដល់​ប្រធានាធិបតី​ថ្មី ឲ្យ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​នឹង​អាមេរិក និង​ប្រទេស​លោក​ខាង​លិច​ផ្សេងទៀត។

លោក​អាស្រាហ្វ ហ្កានី ប្រធានាធិបតី​ថ្មី ដែល​នឹង​ស្បថ​ចូល​កាន់តំណែង នៅថ្ងៃ​ទី ២៩​កញ្ញា​ខាងមុខ ធ្លាប់​បាន​សន្យា​ចុះ​កិច្ចព្រមព្រៀង​ទ្វេភាគី​អាមេរិក ដែល​និយាយ​ពី​ការបន្ត​វត្តមាន​ទ័ព​អាមេរិក នៅក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន ក្រោយ​ឆ្នាំ ២០១៤៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ