អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Covid-19៖ ក្រៅពី​បំបិទ​ការរិះគន់ក្នុងស្រុក ចិន​បណ្តេញ​អ្នក​កាសែត​បរទេស​៣នាក់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួងការបរទេសចិន បានសម្រេចនៅថ្ងៃពុធ ទី១៩កុម្ភៈ ដោយបានដកអាជ្ញាបណ្ណការងារ ពីអ្នកកាសែត៣នាក់ របស់កាសែត The Wall Street Journal របស់សហរដ្ឋ​អាមេរិក។ ចិន បាន​ចោទប្រកាន់ អ្នកកាសែតទាំង៣នាក់ ថាបានសរសេរបង្កាច់បង្ខូចកិត្តិយសរបស់ប្រទេសចិន ទាក់ទិននឹង​វិបត្តិកូរ៉ូណាវីរុស​ ព្រមទាំងមិនព្រម​ធ្វើការ​សុំទោស​ប្រទេចចិន ជាសាធារណៈថែមទៀតផង។ យើងឃើញថា ជាមួយនឹងការផ្ទុះឡើងនូវមេរោគ​កូរូណាវីរុសនេះ រដ្ឋាភិបាលចិន បានរិតបន្តឹងយ៉ាងខ្លាំង ចំពោះការរិះគន់នានា​ មិនថានៅក្នុងស្រុក ឬមកពីក្រៅប្រទេស ទាក់ទិននឹងចំណាត់ការរបស់ខ្លួន ​ក្នុងការទប់ការឆ្លងរាលដាល។

លោក Chen Qiushi អ្នកធ្វើវីដេអូ​រិះគន់​អាជ្ញាធរ​នៅវូហាន បាត់ខ្លួន​តាំងតែ​​ពី​ថ្ងៃ​​៦កុម្ភៈ​​២០២០​
លោក Chen Qiushi អ្នកធ្វើវីដេអូ​រិះគន់​អាជ្ញាធរ​នៅវូហាន បាត់ខ្លួន​តាំងតែ​​ពី​ថ្ងៃ​​៦កុម្ភៈ​​២០២០​ RFI/រូបថតចេញពីវីដេអូ
ផ្សាយពាណិជ្ជកម្ម

“ចិន៖ មនុស្សមានជំងឺប្រចាំអាស៊ី”

មាន​អត្ថបទមួយចុះផ្សាយ ដោយ​កាសែត The Wall Street Journal នៅថ្ងៃទី​៣កុម្ភៈ ដែលមានចំណងជើងថា « ចិន៖ មនុស្សមានជំងឺប្រចាំទ្វីបអាស៊ី »។ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ចំណងជើង ព្រមទាំងខ្លឹមសាររបស់អត្ថបទនេះ មានលក្ខណៈមើលងាយ និងបង្កប់​ដោយ​ការរើសអើងប្រកាន់ពូជសាសន៍មកលើប្រទេសចិន។ អ្នកនាំពាក្យរូបនេះ​ បន្ថែមទៀតថា ចំណងជើងអត្ថបទនេះ មានលក្ខណៈពន្យុះបង្អើល។

ក្រសួងការបរទេសចិន បានទាមទារឲ្យ ម្ចាស់អត្ថបទ ព្រមទាំងកាសែត The Wall Street Journal ធ្វើការសុំទោសចិន តែគ្មានការសុំទោស ដូច្នេះ អាជ្ញាធរចិនបានដកហូតបណ្ណអ្នកកាសែត ពីអ្នកកាសែត៣នាក់ដែលជាអ្នកសរសេរ និងបោះផ្សាយ​អត្ថបទនេះ។ អ្នកកាសែតទាំង៣នាក់ គឺឈ្មោះ Chao Deng និង John Chin ជនជាតិអាមេរិកដើមកំណើតចិន និងម្នាក់ទៀតឈ្មោះ Philip Wen ជនជាតិអូស្ត្រាលី។ អ្នកកាសែតទាំង៣​នាក់​ មានពេល​៥ថ្ងៃ ដើម្បីចាកចេញឲ្យផុតពីទឹកដីចិន។

តាមពិតទៅ ពាក្យថា « ចិន៖ មនុស្សមានជម្ងឺប្រចាំទ្វីបអាស៊ី » ជាពាក្យគេធ្លាប់និយាយ និងសរសេរដោយ​អ្នកកាសែត​ប្រទេសលោក​ខាងលិច យូរយាមកហើយ។ ឃ្លានេះ តែងតែត្រូវបាន​ចិនចាត់ទុកថាជា​ការមើលងាយ។ សម្រាប់អត្ថបទ របស់កាសែត The ​Wall Street Journal គឺគេបានសរសេរលើកឡើង អំពីបញ្ហា​ធ្ងន់ធ្ងរជាច្រើន ដែលចិនកំពុងប្រឈម ជាមួយនឹងការផ្ទុះឡើង នូវមេរោគកូរ៉ូណាប្រភេទថ្មី។

អត្ថបទ បានលើកឡើងថា​ អាជ្ញាធរចិន​ គ្មានវិធានការឆ្លើយតប ឲ្យមានប្រសិទ្ធិភាព ឬមានភាពយឺតយ៉ាវ ដោយសារតែប្រព័ន្ធសុខាភិបាលចិន នៅមានកម្រិត ហើយបូកផ្សំជាមួយ​នឹងប្រព័ន្ធរដ្ឋបាល​ប្រមូលផ្តុំ​ មានអំពើពុករលួយថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ សេដ្ឋកិច្ចចិនទាំងមូលកំពុងតែប្រឈមនឹងមាត់ជ្រោះគ្រោះថ្នាក់ ដោយសារមេរោគនេះ។ ចំណែក​សេដ្ឋកិច្ចពិភពលោកទាំងមូល ក៏នឹងជួបវិបតិ្តផងដែរ ព្រោះ កម្លាំងចលករសេដ្ឋកិច្ចចិន ត្រូវឈប់គាំងមិនដំណើរ​ការ។ ក៏ប៉ុន្តែខ្លឹមសារសរសេរទាំងអស់នេះ​ ត្រូវបានក្រសួងការបរទេសចិន ចាត់ទុកថាជាការមើលងាយដល់ការប្រឹងប្រែង របស់អាជ្ញាធរចិនគ្រប់ជាន់ថ្នាក់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូរ៉ូណាប្រភេទថ្មី​។

អាមេរិកចាត់ទុកបណ្តាញ​ព័ត៌មានចិន​ ជាឧបករណ៍ឃោសនារបស់បក្សកុម្មុយនីស្តចិន

ដោយឡែក កាលពីថ្ងៃអង្គារទី១៨កុម្ភៈ  ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បានរិតបន្តឹង​វិធានច្បាប់ ដោយបានដាក់​​កំហិត​​មួយចំនួន​ ទៅលើ​បណ្តាញ​សារព័ត៌មាន​ចិន​ ប្រចាំការនៅសហរដ្ឋអាមេរិក។​ ចិនបានចាត់ទុកវិធានការនេះ ថាជាការ​រំលោភ លើសិទ្ធិសេរីភាពសារព័ត៌មាន។

តើការដែលចិនដកបណ្ណការងារ ពី​អ្នកកាសែតអាមេរិកនាពេលនេះ អាចចាត់ទុកថាជាការសងសិកដែរឬទេ? តាមពិតទៅវាជារឿងចៃដន្យច្រើនជាង។ រឿងទាំងពីរនេះ មិនទាក់ទងគ្នាទេ។ តែ​​​យើងក៏អាចនិយាយបានដែរថា ការសម្រេចរបស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃអង្គារ អាចជំរុញទឹកចិត្ត ឲ្យរដ្ឋាភិបាល​ចិន សម្រេចនៅថ្ងៃពុធ ដកបណ្ណអ្នកកាសែតរបស់ The Wall Street Journal។

ទាក់ទិននឹង​នឹងវិធានការរិតបន្តឹងថ្មីរបស់រដ្ឋាភិបាលអាមេរិក គឺគេបាន​ដាក់កំហិត ទៅលើបណ្តាញ​ព័ត៌មាន​​ចិនទាំង៥ ដែលធ្វើការនៅសហរដ្ឋអាមេរិក ក្នុងនោះមាន​ ទីភ្នាក់សារព័ត៌មានចិនXinhua ស្ថានីយទូរទស្សន៍​ចិន​ជាភាសាអង់គ្លេស CGTN ​​វិទ្យុចិនអន្តរជាតិ កាសែតChina Daily និង​ការសែតដំណឹង​ប្រជាជនចិន។ រដ្ឋាភិបាល​អាមេរិក បានដាក់កំហិតថា បណ្តាញព័ត៌មានចិនទាំង៥នេះ ត្រូវសុំការអនុញ្ញាតពីក្រសួងការបរទេស​អាមេរិក មុននឹង​អាច​​មានសិទ្ធិ ទិញ​កាន់កាប់​អចលនទ្រព្យ​ណាមួយ នៅក្នុង​ទឹកដី​អាមេរិក។

លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន​ រិះគន់ថា ការដាក់កំហិតនេះ ជាវិធានការរារាំងដំណើរការងារ​ របស់​បណ្តាញសារព័ត៌មានចិន​។ អ្នកនាំពាក្យដដែលអះអាងទៀតថា តាំងពីដើមរៀងមកបណ្តាញ​សារព័ត៌មាន​ចិន ​បានធ្វើការ​ប្រកបដោយ​ការ​​គោរព​ក្របខណ្ឌវិជ្ជាជីវៈច្បាស់លាស់ មិន​លំអៀង​ទៅភាគី​ណាមួយ​ឡើយ។

ដោយឡែក មន្ត្រីម្នាក់របស់ក្រសួងការបរទេសអាមេរិក បានលើកឡើង ថា​ការដាក់កំហិតថ្មី​ទៅ​លើ​បណ្តាញ​​សារព័ត៌មាន​ចិន គឺមិន​មាន​អ្វី​ប៉ះពាល់​ដល់ការអនុវត្តការងារ ជាក់ស្តែង​​របស់​អ្នកកាសែតចិន​ ដែលធ្វើការ​​នៅ​សហរដ្ឋ​អាមេរិក​ឡើយ។ ដូច្នេះ​ការចោទថា អាមេរិកបំពានសិទ្ធិសេរីភាពសារព័ត៌មាន ​គឺជា​រឿងមិន​សមហេតុ​ផល។

មន្ត្រីអាមេរិកដដែលបន្ថែមថា ជាយូរយាមកហើយ នរណាក៏ដឹងដែរ ថាបណ្តាញព័ត៌មានចិន គឺជាឧបករណ៍​ឃោសនា​ របស់​បក្សកុម្មុយនីស្ត​ចិន។ តួនាទីឃោសនា អួតបំប៉ោងនេះ កាន់តែ​រឹងមាំ​ខ្លាំងឡើង ​បន្ទាប់ពី​លោក​ស៊ី ជីនពីង បាន​ឡើង​កាន់តំណែង។ បណ្តាញ​ព័ត៌មានចិន​ដែលធ្វើការ​នៅក្រៅ​ស្រុក ​ទទួលបញ្ជា​ដោយផ្ទាល់ ពី​បក្សកុម្មុយនីស្ត​ចិន និងធ្វើ​ការ​ឃោសនា​បើក​ចំហរ។

“ពីក្រោយមានមេរោគកូរ៉ូណា ពីមុខមានបក្សកុម្មុយនីស្តចិន”

ទាក់ទិន​នឹងសេរីភាព​សារព័ត៌​មាននេះដែរ នៅក្នុងស្រុកឯនោះវិញ គេសង្កេតឃើញថា រដ្ឋាភិបាលចិន បាន ចាត់វិធានការកាន់តែតឹងតែង ដើម្បីរិតត្បិត មិនឲ្យមាន​ព័ត៌មាន​រិះគន់ណាមួយ ជុំវិញ​វិបត្តិ​មេរោគ​កូរ៉ូ​។ មានមតិខ្លះ បានលើកថា​មុខមាត់ កិត្តិយសរបស់បក្សកុម្មុយនីស្តចិនកំពុងតែប្រឡាក់ប្រឡូស ដោយការរិះគន់ ពីសំណាក់ប្រជាជនចិនខ្លួនឯង។

ជាការពិតមែន ក្រោយការផ្ទុះមេរោគកូរ៉ូណាថ្មីនេះ យើងសង្កេតឃើញ​ ប្រជាជនចិន ជា​ពិសេស​​អ្នកដែល​រស់នៅ​ក្រុង​វូហានតែម្តង ដែល​​បានចេញមុខរិះគន់អាជ្ញាធរ ក៏ដូចជាបក្សកុម្មុយនីស្តិចិន។ វិធីតែមួយ ដើម្បី​បញ្ចេញមតិ គឺ​ប្រើប្រាស់​បណ្តាញ​សង្គម។ គេសង្កេតឃើញថា ដោយខ្វះតម្លាភាព ពីសំណាក់អាជ្ញាធរ​​រដ្ឋចិន ប្រជាជន​ចិន​ខ្លះ បាន​ប្រមូល​សេចក្តីក្លាហាន ធ្វើជាអ្នកផ្សព្វផ្សាយ​ព័ត៌មាន​ដោយខ្លួនឯង តាម​រយៈ​​ការ​ថតរូបភាព ថតវីដេអូ​ ផ្សាយផ្ទាល់​នៅតាម​មន្ទីរពេទ្យ និងផ្សាយ​ពីជីវិត​ប្រចាំថ្ងៃ​នៅ​ក្រុង​វូហាន។

ក្នុងចំណោមនោះ គឺមានបុរសម្នាក់ឈ្មោះ Chen Qiushi ដែលបានធ្វើវីដេអូជាច្រើន ផ្សាយតាមបណ្តាញសង្គមនៅចិន។ វីដេអូទាំងនោះ រៀបរាប់ពីការលំបាករបស់ប្រជាជន ដែលជាប់នៅវូហាន​ រៀបរាប់​ពី​ភាពអសកម្ម គ្មាន​សមត្ថភាព​របស់​អាជ្ញាធរចិន ពីការ​ខ្វះខាត​សម្ភារៈពេទ្យ និង​ពីភាព​រញ៉ៃរញ៉ៃ គ្មាន​ការរៀបចំ​ត្រឹមត្រូវ នៅតាម​មន្ទីរពេទ្យ ដែល​ពោរពេញ​ដោយ​អ្នកជំងឺ​ផ្ទុក​មេរោគកូរ៉ូណា។ ក្រោយមក លោក​Chen Qiushi ​បានធ្វើវីដេអូមួយទៀត ថាលោកមាន​ការភ័យខ្លាច ហើយ​បារម្ភពី​សុវត្ថិភាព “ពីក្រោយមានមេរោគកូរ៉ូណា ពីមុខមានបក្សកុម្មុយនីស្តចិន”។ ទីបំផុតទៅ នៅថ្ងៃទី​៦កុម្ភៈ លោកChen Qiushi បានបាត់ខ្លួន បាត់ដំណឹងឈឹងតែម្តង។ តាមការសង្ស័យគឺគាត់ច្បាស់ជាត្រូវគេចាប់ខ្លួន។

បន្ទាប់មក ក្រោយការស្លាប់របស់លោកវិជ្ជបណ្ឌិត Li Wenliang ក៏បង្កើតឲ្យមានចិត្តតវ៉ា ខឹងសម្បារនិងអាជ្ញាធរ​ដែរ។ នៅតាមបណ្តាញសង្គមចិន ឈ្មោះលោក Li Wenliang ត្រូវបានគេផ្សព្វផ្សាយប្រៀបបាននឹងវិរៈបុរស ព្រោះគឺ​លោកនេះហើយ ដែលបាន​ទាញសញ្ញាអាសន្ន​​កាលពីចុងខែធ្នូ ប្រាប់ទៅថ្នាក់លើ ថាមានមេរោគប្រភេទថ្មី។ តែទីបំផុតអាជ្ញាធរចិន មិនត្រឹមតែមិនជឿលោកទេ ថែមទាំងបានបង្ខំលោក ឲ្យផ្តិតមេដៃ​សុំទោស ចំពោះ​ការបំផុតព័ត៌មាន​បង្ករ​អស្ថិរភាព​សង្គមទៀតផង។

បញ្ហាទាំងអស់នេះ វាបានធ្វើឲ្យប្រជាជនចិន លែង​​ទុកចិត្តអាជ្ញាធរ​រដ្ឋ។  អ្វីដែលគេសង្កេតឃើញប៉ុន្មានថ្ងៃចុងក្រោយនេះ គឺអាជ្ញាធរចិន​ បាន​ចាត់វិធានការតឹងតែង​ណាស់ ដោយបានលុប​ចោល ​សារទាំងអស់ នៅលើបណ្តាញអ៊ីនធ័រនិត​ ដែលពាក់ព័ន្ធនឹងលោក Li Wenliang ក៏ដូចជាលោក Chen Qiushi។ ព័ត៌មានរិះគន់គ្រប់ទំរង់​ ត្រូវបានគេលុប​ចោល​ទាំងអស់តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ