អានតួអត្ថបទ
ភូមា-អ៊ុងសានស៊ូជី

របប​សឹក​ភូមា​សម្រាល​ទោសលោកស្រីអ៊ុងសានស៊ូជីឱ្យ​​​ចេញ​ពីពន្ធនាគារ​ទៅ​ជាប់​ឃុំ​នៅ​ផ្ទះ

ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ប្រពៃណី រដ្ឋាភិបាល​សឹក​ភូមា​បាន​សម្រេច​​ដោះលែងអ្នក​ទោសចំនួន​ជាង​បីពាន់​នាក់។ ​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​លោកស្រី​ អ៊ុងសានស៊ូជី គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ដោះលែង​នោះ​ទេ ប៉ុន្តែ​របប​សឹក​បាន​សម្រេច​សម្រាល​ទោស ដោយ​ផ្ទេរ​លោកស្រីចេញពី​ពន្ធនាគារ ទៅ​ឃុំឃាំង​នៅក្នុង​គេ​ហដ្ឋាន​វិញ។

​​របប​សឹក​ភូមា​សម្រាល​ទោសលោកស្រីអ៊ុងសានស៊ូជីឱ្យ​​​ចេញ​ពីពន្ធនាគារ​ទៅ​ជាប់​ឃុំ​នៅ​ផ្ទះ
​​របប​សឹក​ភូមា​សម្រាល​ទោសលោកស្រីអ៊ុងសានស៊ូជីឱ្យ​​​ចេញ​ពីពន្ធនាគារ​ទៅ​ជាប់​ឃុំ​នៅ​ផ្ទះ AP - Nyein Chan Naing
ផ្សាយពាណិជ្ជកម្ម

មិន​ដឹង​ថា​តើករណី​លោកស្រី​អ៊ុងសានស៊ូជី​ ជា​ការ​សម្រាលទោស​ជា​បណ្តោះ​អាសន្ន​ ឬ​ជាសេចក្តី​សម្រេច​ ជា​ផ្លូវការទេ។ ​​បើ​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ របប​សឹក​ផ្ទេរ​លោកស្រីប្រមុខ​បក្ស​ប្រឆាំង​អ៊ុងសានស៊ូជី និងលោក​ វីន មីង អតីត​ប្រធានាធិបតី​ភូមា​ ចេញ​ពី​ពន្ធនាគារហើយ​ នៅ​ថ្ងៃ​ពុធ​ទី ១៧​មេសា​២០២៤​នេះ ដោយ​យក​ទៅ​ឃុំឃាំង​​នៅ​ក្នុង​​គេហដ្ឋានវិញ។ ​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ អ្នក​នាំពាក្យរដ្ឋាភិបាល​សឹក​ពន្យល់​ថា ដោយ​ហេតុ​តែ​រលក​កម្តៅ​សីតុណ្ហភាព​ឡើង​ខ្លាំង​ខុស​ប្រក្រតី ទើប​អាជ្ញាធរ​សម្រេច​ចាត់​វិធានការ​ការពារ​អ្នក​ទោស​ទន់​ខ្សោយ។ ក្រៅ​​​​លោកស្រី​អ៊ុងសានស៊ូជី​ និង​លោក វីន មីង​ អ្នក​ទោស​វ័យ​ចំណាស់​ជា​ច្រើន​ផ្សេង​សុទ្ធ​តែ​បាន​ទទួល​ថែទាំ​ចាំបាច់​ ប្រឈម​នឹង​ផលវិបាក​នៃ​អាកាសធាតុក្តៅ​ខ្លាំង។

ក្នុង​វ័យ​៧៨​ឆ្នាំ មាន​ទោស​ជាប់​ពន្ធនាគារ​ចំនួន​២៧​ឆ្នាំ ពី​បទ​ពុក​រលួយ​និង​មិន​គោរព​ច្បាប់កូវីដ​ ។ល។ លោកស្រី អ៊ុងសានស៊ូជី ដែល​របប​សឹក​ចាប់​យក​ទៅ​ឃុំ​ឃាំង​មិន​ឱ្យ​សាធារណជន​ឃើញ​មុខ​តាំងពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​មក ទំនង​ជា​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង។​ បើ​តាម​កាសែត​ក្នុង​ស្រុក លោកស្រី មាន​អាការៈ​វិល​មុខ ក្អួត​ចង្អោរ និង​មិន​អាច​ទទួល​ទាន​បាន​ទេ​នៅ​ពេល​ខ្លះ​ព្រោះ​តែ​ឈឺ​ធ្មេញ។ កាលពី​ខែ​កុម្ភៈកូនប្រុស​របស់​លោកស្រី​ម្ចាស់​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១​ បាន​ប្រកាស​ថា​ម្តាយ​កំពុងបន្ត​​ជាប់​​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​នៅ​ទីក្រុង​ណៃពិដោ។ ជា​ពន្ធនាគារ​​សង់​ពី​បេតុង ជ្រាប​ទឹក​ពេល​ខែ​ភ្លៀង ហើយ​​គ្មាន​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​នៅ​ខែ​ក្តៅ​ទេ ពោល​គឺ​លក្ខខណ្ឌ​ដ៏​លំបាក​ផ្ទុយ​ស្រលះ​នឹងការ​ឃុំ​ឃាំង​នៅ​ក្នុង​​គេហដ្ឋាន​ដែល​លោកស្រី​ធ្លាប់​ជាប់​រាប់​សិប​ឆ្នាំ​ កាល​សម័យ​របប​សឹកមុន។

សូម​បញ្ជាក់​ថា ក្នុង​ឱកាសអបអរ​សាទរបុណ្យ​ចូល​​ឆ្នាំ​ថ្មី​ជា​ប្រពៃណី​ របប​សឹក​បាន​ដោះ​លែង នៅថ្ងៃពុធ​នេះ ​​អ្នក​ទោស​ចំនួន ៣៣០០ នាក់ ក្នុង​នោះ​១៣នាក់​ជាជនជាតិ​ឥណ្ឌូណេស៊ី និង​ស្រីលង្កា​១៥​នាក់ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​ភ្លាម។ អ្នក​ទោស​ផ្សេង​ទៀត លើកលែង​តែ​អ្នក​ជាប់​ទោស​ឧក្រិដ្ឋ​ ភេរវកម្ម​ និង​ជួញ​ដូរ​គ្រឿង​ញៀន​​ ក៏​បាន​ទទួល​ការ​សម្រាល​ទោស​ចំនួន​១ភាគ​៦​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ