អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

រុស្ស៊ីបាញ់ស្រោចមីស៊ីល ៤០គ្រាប់ និងដូ្រនផ្ទុះ ៤០គ្រឿង ទៅលើអ៊ុយក្រែនក្នុងពេល១យប់

យប់ថ្ងៃពុធទី ១០ មេសា ឆ្លងចូលថ្ងៃព្រហស្បតិ៍ រុស្ស៊ីបានបាញ់ស្រោចមីស៊ីល ៤០ គ្រាប់ និង ដ្រូនបំពាក់គ្រាប់ផ្ទុះ ៤០ គ្រឿង ទៅលើអ៊ុយក្រែន ដោយសំដៅហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ ក្នុងប្រទេស មានជាអាទិ៍ ស្ថានីយផលិតថាមពលអគ្គីសនី និង មណ្ឌលចែកចាយហ្គាស ជាដើម។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌេមៀ ហ៊្សេឡេនស្គី បានឲ្យដឹងថា មីស៊ីល និងដូ្រន មួយចំនួន ត្រូវបានប្រព័ន្ធការពារអ៊ុយក្រែនបាញ់កម្ទេចទាន់ពេល តែជាអកុសល មួយចំនួនទៀត បានទៅបង្កការខូចខាតយ៉ាងដំណំ នៅទីក្រុងសំខាន់ៗ តួយ៉ាងទីក្រុង កៀវ ហ៊្សាប៉ូរីហ្សា និង អូដេសា។

រុស្ស៊ីសម្រុកវាយប្រហារដោយមីស៊ីល ៤០ គ្រាប់ និងដ្រូន ៤០ គ្រឿង លើអ៊ុយក្រែន ក្នុងពេល១យប់
រុស្ស៊ីសម្រុកវាយប្រហារដោយមីស៊ីល ៤០ គ្រាប់ និងដ្រូន ៤០ គ្រឿង លើអ៊ុយក្រែន ក្នុងពេល១យប់ © via REUTERS - STATE EMERGENCY SERVICE OF UKRAI
ផ្សាយពាណិជ្ជកម្ម

ក្នុងការវាយប្រហារទ្រង់ទ្រាយធំនេះ ម៉ូស្គូ បានប្រើមីស៊ីលបណ្តែត និង ដ្រូនប្រភេទ Shahed ដែលផលិតដោយអ៊ីរ៉ង់។ នេះបើតាមរបាយការណ៍ របស់អគ្គសេនាធិការកងទ័ពអ៊ុយក្រែន ចេញផ្សាយលើ បណ្តាញហ្វេសប៊ុក។ ប្រភពដដែលបញ្ជាក់ថា ក្នុងចំណោម ដ្រូនរុស្ស៊ីទាំង ៤០ គ្រឿង អ៊ុយក្រែនបានបាញ់ទម្លាក់ទាន់ពេលចំនួន ៣៧ គ្រឿង។  

ក្រោយការវាយប្រហារដ៏គំហុកនេះ លោក ហ៊្សេឡេនស្គី បានទទូចជាថ្មីម្តងទៀត ទៅបណ្តាសម្ព័ន្ធមិត្តបស្ចិមលោក កុំឈរឱបដៃមើល នៅចំពោះមុខស្ថានការណ៍ដ៏អាក្រក់នេះ និង បនុ្តផ្គត់ផ្គង់បន្ថែមទៀត នូវប្រព័ន្ធខែលការពារសន្តិសុខផ្លូវអាកាស មកឲ្យអ៊ុយក្រែន ដែលបានឈានចូលឆ្នាំទី៣ នៃសង្គ្រាមជាមួយរុស្ស៊ី។

គួររំឭកថា ជាច្រើនសប្តាហ៍មកហើយ ដែលរុស្ស៊ី បានធ្វើប្រតិបត្តិការ បាញ់ប្លោងស្រោច ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន មានជាអាទិ៍ នៅជុំវិញក្រុង Kharkiv ដែលបណ្តាលឲ្យមានការដាច់ចរន្តអគ្គីសនីនៅច្រើនកន្លែង ក្នុងប្រទេសអ៊ុយក្រែន។

ចំណែកខាងរុស្ស៊ីវិញ បានប្រកាសឲ្យដឹងថា នៅយប់ថ្ងៃពុធឆ្លងមកថ្ងៃព្រហស្បតិ៍ដដែល ខ្លួនបានបាញ់កម្ទេច ដ្រូនអ៊ុយក្រែន ចំនួនសរុប ១២ គ្រឿង ពោលគឺ ៣ គ្រឿង នៅតំបន់ខាងកើតនៃ ខេត្ត Mordovie ហើយ ៩ គ្រឿងទៀត នៅលើខេត្ត Koursk, Tambov, Belgorod, Briansk និង ខេត្ត Lipetsk ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ