អានតួអត្ថបទ
យោធាភូមា

របបសឹកភូមាដាក់​​ច្បាប់​កាតព្វកិច្ច​យោធាចំពោះយុវជនចន្លោះពី​ ១៨ ទៅ​ ៣៥ ឆ្នាំ

នៅភូមា​ របបសឹក​​បាន​ដាក់​ច្បាប់​​កាតព្វកិច្ច​យោធាចំពោះយុវជន។ ច្បាប់​ថ្មីនេះ មិន​ប្រកាន់​ភេទ​ឡើយ និងតម្រូវ​ឲ្យ យុវជនភូមា ទាំងប្រុស​និងទាំង​​ស្រី វ័យ​​ពេញកម្លាំង​​ ​ត្រូវ​បំពេញ​ករណីយកិច្ច​យោធា យ៉ាងតិចរយៈពេល​ចំនួន​ ២ ឆ្នាំ។ បើតាម​ប្រព័ន្ធ​ឃោសនា​ផ្សព្វផ្សាយផ្លូវការ​​របស់​របបសឹក​ភូមា, ច្បាប់​​កាតព្វកិច្ច​យោធា នេះ​ ប្រកាសភ្លាមហើយ​និង​ចូល​ជាធរមាន​ភ្លាម​តែម្តង នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤។  

ពួកយោធាភូមា នៅក្នុងឱកាស​ខួប​៧៨ឆ្នាំ នៃកងកម្លាំងជាតិ ថ្ងៃទី​២៧ មីនា ២០២៣។
ពួកយោធាភូមា នៅក្នុងឱកាស​ខួប​៧៨ឆ្នាំ នៃកងកម្លាំងជាតិ ថ្ងៃទី​២៧ មីនា ២០២៣។ AP - Aung Shine Oo
ផ្សាយពាណិជ្ជកម្ម

អំណឺះតទៅ នៅភូមា ប្រុស អាយុ​ចន្លោះពី ១៨ ទៅ ​៣៥ឆ្នាំ ហើយ​ ស្រី វ័យចន្លោះពី ១៨ ទៅ​ ២៧ ឆ្នាំ​ ត្រូវតែ​​បម្រើការ​នៅ​ក្នុង​វិស័យ​កងទ័ព យ៉ាងហោច ២ ឆ្នាំ​។ នេះបើតាម​ប្រព័ន្ធឃោសនាព័ត៌មាន​នៃរបបសឹកភូមា ដោយ​បញ្ជាក់ថា ក្រសួង​ការពារជាតិ នឹង​ផ្សព្វផ្សាយ​​លម្អិត ​អំពី​បទដ្ឋាន​នានា រួម​ទាំង នីតិវិធីចាំបាច់​​ ហើយ​និង បែបបទ​ណែនាំ​ ជាក់លាក់​ល្អិត​ល្អន់​បន្ថែម​ នៅពេល​ខាងមុខ។ ខណៈពេល​ភ្លាមៗ​នេះ របបសឹកភូមា នៅពុំ​ទាន់​ឲ្យដឹង​អំពី​ កាតព្វកិច្ច​យោធា​ ថា​តម្រូវ​ឲ្យ​​ ពួក​យុវជន ​ទៅធ្វើ​អ្វីខ្លះ​នៅឡើយ​ទេ។​ អ្នក​នាំពាក្យ​របបសឹក​ភូមា លោក Zaw Min Tun គ្រាន់តែបាន​អះអាង​ថា «នៅក្នុង​ប្រព័ន្ធ​យោធា​របស់​ជាតិ​មួយ តម្រូវ​ឲ្យ​រួម​បញ្ចូល​កម្លាំង​ពលរដ្ឋ​ទាំងអស់​គ្នា​ ដើម្បីទប់​ទល់​នឹង​ស្ថានការណ៍​​ជាក់ស្តែង ដែល​ប្រទេសជាតិ​ភូមា ​កំពុងតែ​ប្រឈមមុខ»។​

ស្ថានការណ៍ប្រឈម​ជាក់ស្តែង​ចំពោះមុខ បើ​តាម​អ្នក​វិភាគជំនាញកិច្ចការ​ភូមា​ គឺនៅម្ខាង កង​យោធា​របបសឹក​ ហាក់​កំពុងតែ​ទន់​ដៃ ប្រឈម​ប្រយុទ្ធនឹង ចលនាតស៊ូរំដោះជាតិ​ ​ដែល​ជា​កងកម្លាំងសម្ព័ន្ធ​​យោធា ចំនួនបីរួម​គ្នា ភាគច្រើន​ជា​ជនជាតិ​ភាគតិច​ប្រដាប់​អាវុធ​។ ​សម្ព័ន្ធ​​ចលនាតស៊ូយោធា​នេះ បាន​វាយប្រហារដណ្តើម​​កាន់កាប់​យក​ទីតាំង​យុទ្ធសាស្ត្រ​​ចំនួន ២ ដ៏​សំខាន់ របស់​របបសឹក នៅ​ប៉ែក​ខាងជើងប្រទេស​ ក្នុង​រដ្ឋស្សាន។ ​ទីនោះ​​ជា​ដង្ហើម​ពាណិជ្ជកម្ម​ភូមា​​ នាំទំនិញចេញ ​ទៅស្រុក​​ចិន។ ម្យ៉ាងវិញទៀត កង​កម្លាំង​យោធា​ភូមា​ខ្លួន​ឯង អ្នក​មួយ​​ចំនួន​បាន​រត់​ចោល​ជួរ ហើយ​ខ្លះ​ទៀត រត់​ចូល​ទឹក​ដី​ឥណ្ឌា និង​ទឹក​ដី​ចិន​។ ត្រង់​ចំណុច​នេះ មិនធ្វើ​ឲ្យ ​ចិន ​សប្បាយចិត្តប៉ុន្មាន​ទេ។ នាពេលថ្មីៗកន្លងទៅ​នេះ មន្ត្រីជាន់​ខ្ពស់​​រដ្ឋអំណាច​ចិន បាន​ទៅ​ដល់​រដ្ឋធានី​ណៃពិដោ ដើម្បីប្រាប់​ឲ្យថ្នាក់ដឹកនាំ​​របបសឹក​ ឲ្យ​ដោះស្រាយ​រកផ្លូវ​សម្របសម្រួល​ និង​ធ្វើ​បទ​ឈប់​បាញ់ នៅប៉ែក​ខាង​ជើង​ប្រទេស​។​

ប្រភព​យោធា​ដែល​សុំ​លាក់​ឈ្មោះ បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអេហ្វប៉េ ថា ស្មារតី​កង​​​​ទ័ពភូមា​​ កំពុងតែ​មិន​សូវ​ល្អ​ទេ រាប់តាំងពី​ទាហាន​ថ្នាក់​តូច​តាច ដល់​នាយ​យោធា​ថ្នាក់​ខ្ពស់។

សូមជ្រាបថា ច្បាប់ចាស់ភូមា ចេញពី​ឆ្នាំ២០១០ តែមិនដែល​អនុវត្តទេ គឺធ្លាប់​ចែង​ពី​​​កាតព្វកិច្ច​យោធាភូមា កម្រិត​រយៈពេល​រហូត​ដល់​ ៥ ឆ្នាំ​ ហើយ​និងត្រូវ​​ដាក់​ទោស​ពន្ធនាគារ ចំពោះ​ជនណា​ ដែល​ចង់​គេចវេស​មិន​ព្រមទៅ​បំពេញកាតព្វកិច្ច តាមការ​កោះហៅ​​​។

របបសឹក​ភូមា ឡើង​កាន់អំណាច​ដោយ​រដ្ឋប្រហារយោធា នៅ​ដើមខែកុម្ភៈ​ឆ្នាំ​២០២១ ដែល​បាន​បិទ​បញ្ចប់​សម័យកាល​ប្រជាធិបតេយ្យ​ពេល​​ដ៏ខ្លី ក្រោម​ការ​ដឹកនាំ​របស់​ជ័យលាភី​ណូបែល លោកស្រី អ៊ុង សានស៊ូជី។ ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ​ រដ្ឋអំណាច​ភូមាបាន​គាប​សង្កត់​លើក​​ក្រុមអ្នក​​ប្រឆាំង បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោច ៤ ៥០០ នាក់​ ស្លាប់​បាត់​បង់ជីវិត ហើយ​ជាង ២៦ ០០០ នាក់​ត្រូវ​ចាប់ឃុំខ្លួន​។​ នៅ​ចុង​ឆ្នាំ​២០២៣ ថ្ងៃទី​៣១ធ្នូ អគ្គមេបញ្ជាការ​យោធាភូមា ក៏​បាន​ដាក់​ចេញ​វិធានការ​ប្រកាស​ភាព​អាសន្នជាតិ ចំនួន​ ៦ ខែ​បន្ថែម ហើយ​និង​ ​លើកពេល​បោះឆ្នោត​ ជាថ្មីទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ