អានតួអត្ថបទ
ភូមា

របបសឹក​ភូមា​ប្រកាស​បន្ធូរ​ច្បាប់​ចុះ​ឈ្មោះ​បោះឆ្នោត តែ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន

នៅថ្ងៃ​ពុធ​ទី ៣១​មករា​២០២៤​នេះ របប​សឹក​ភូមា​បាន​ប្រកាស​បន្ធូរ​បន្ថយ​ច្បាប់​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​​ក្នុង​បញ្ជី​បោះឆ្នោត។ ក៏​ប៉ុន្តែ​កាលបរិច្ឆេទ​បោះឆ្នោត​ត្រូវ​លើក​ពេល​ជា​ថ្មី​ទៀត ព្រោះ​នៅ​តែ​ប៉ុន្មាន​ម៉ោង​មុន​ផុត​ឱសានវាទ មេ​ដឹកនាំ​យោធា​ភូមា​​បាន​ប្រកាស​បន្ត​ដាក់​ប្រទេស​ភាពអាសន្ន​ចំនួន​៦​ខែ​បន្ថែម​ទៀត​។

របបសឹកភូមាប្រកាសបន្ធូរច្បាប់ចុះឈ្មោះបោះឆ្នោត តែបន្តដាក់ប្រទេសក្នុងភាពអាសន្ន
របបសឹកភូមាប្រកាសបន្ធូរច្បាប់ចុះឈ្មោះបោះឆ្នោត តែបន្តដាក់ប្រទេសក្នុងភាពអាសន្ន AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

ពុំ​មា​នការ​បញ្ជាក់​អំពី​មូលហេតុ​ដែល​ជំរុញ​ឱ្យ​ប្រមុខ​ដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុងឡាំង ចុះ​ហត្ថលេខា​សម្រេច​​បន្ធូរ​បន្ថយ​​ច្បាប់​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ក្នុង​បញ្ជី​​បោះឆ្នោតទេ​។ អ្វី​ដែល​គេ​ដឹងសម្រាប់​ពេល​នេះ​ គឺ​គ្រប់​​គណបក្ស​ដែល​មាន​សមាជិក​ត្រឹម​៥​ម៉ឺន​នាក់ មិនមែន​១០ម៉ឺន​នាក់​ដូច​ពី​មុន អាច​ចុះ​ឈ្មោះ​ចូល​រួម​បោះឆ្នោត​ថ្នាក់​ជាតិ និង​និង​ថ្នាក់​ឃុំ​សង្កាត់ បាន​ហើយ។

ប៉ុន្តែ​តើ​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ណា​ឱ្យ​ប្រាកដ?

១កុម្ភៈ​២០២៤ ជា​ខួប​គម្រប់​បី​ឆ្នាំ​គត់​ដែល​ក្រុម​ឧត្តមសេនីយ៍​​ភូមាបាន​ធ្វើ​រដ្ឋប្រហារថ្ងៃ​១កុម្ភៈ​២០២១-​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ភូមា ក្រោម​ហេតុផល​មាន​ការ​លួច​បន្លំ​សន្លឹក​ក្នុង​សម័យ​បោះឆ្នោត​ឆ្នាំ​២០២០។ ក្រុមយោធា​​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្នភ្លាមនាពេល​នោះ​​ ហើយ​សន្យា​​​រៀប​ចំ​ការ​បោះឆ្នោត​ឡើង​វិញ​​ ជាមួយ​នឹង​ការតាក់តែង​ច្បាប់​បោះឆ្នោត​ថ្មី ដ៏​​តឹង​រ៉ឹង ​ផ្តល់​ប្រៀប​ដល់​ខ្លួន។ ​ប៉ុន្តែ​ប្រឈម​នឹង​កម្លាំង​​ប្រឆាំង​ដ៏​ខ្លាំងក្លា និង​ការ​រីក​រាល​ដាល​​នៃជម្លោះ​ស៊ីវិល​នៅ​តាម​​តំបន់​ជា​ច្រើន​ក្នុង​ផ្ទៃ​ប្រទេស​ ពោល​គឺ​រវាង​ក្រុមប្រដាប់​អាវុធ​ជាមួយ​សកម្មជន​បក្ស​ប្រឆាំងផង​ និង​ជាមួយ​ក្រុមជនជាតិ​ភាគ​តិច​ប្រដាប់​អាវុធផង​ របប​សឹក​បាន​លេស​ពន្យារ​ពេល​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ម្តង​ហើយ​ម្តង​ទៀត ដែល​ធ្វើឱ្យ​​ការ​បោះឆ្នោត​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន។

ហើយ​​នៅ​ថ្ងៃ​ទី​៣១​មករា២០២៤​នេះ ប៉ុន្មាន​ម៉ោង​មុន​ផុត​ឱសានវាទ និងក្រោយ​​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ ​មេដឹកនាំ​យោធា​ភូមា​បាន​ប្រកាស​បន្ត​ដាក់ប្រទេស​ក្នុង​ភាព​អាសន្ន​ជា​ថ្មី​ និង​បន្ថែម​ចំនួន​៦​ខែ​ទៀត។ ប្រធានាធិបតី​ភូមា​បាន​ពន្យល់​អំពី​ភាព​ចាំបាច់​នៃ​ការ​បន្ត​ដាក់​ប្រទេស​ភាព​អាសន្ន​​ថា ស្ថានភាព​មិន​ទាន់​ត្រលប់​មក​រក​ភាពធម្មតា​ និងដើម្បី​អាច​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម។ ក្រុមប្រឹក្សា​ការពារនិង​សន្តិសុខ​ជាតិ​បាន​​ពិភាក្សា​អំពីដំណើរ​​រៀប​ចំ​បោះឆ្នោត​ជាតិ និង​អំពី​ការធ្វើ​ជំរឿន​ថ្នាក់​ជាតិ​មុន​បោះឆ្នោត​​​ជាមួយ​គណបក្ស​ជា​ច្រើន។ នេះ​បើ​តាម​ខ្លឹម​សារ​នៃ​សេចក្តី​ថ្លែងការណ៍​​ដោយ​គ្មាន​ផ្តល់​ព័ត៌មាន​លម្អិត​ជាង​នេះ​ទេ។

​​សម្រាប់​អ្នក​វិភាគ​ឯករាជ្យដូច​យ៉ាង​​លោក David Mathierson របប​​ដែលចុះ​ខ្សោយ​រួញ​អំណាចស្ទើរ​អស់ ត្រូវ​​​តែ​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​​​ទៀត។ រដ្ឋធម្មនុញ្ញ​ភូមា​ឆ្នាំ​២០០៨ តាក់តែង​ដោយ​ក្រុម​យោធា និងដែល​​មេដឹកនាំ​សឹក​គោរព​តាម​ បាន​ចែង​ឱ្យ​អាជ្ញាធរ​ត្រូវ​រៀប​ចំ​ការ​បោះឆ្នោត​សភា នៅ​រវាង​៦​ខែ​ក្រោយ​ការ​លើក​ប្រទេស​ចេញ​ពី​ភាព​អាសន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ