អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ចូកូវីដូដូ ប្រធានាធិបតី​ដែល​បានលើក​​​ឥណ្ឌូណេស៊ី​ឱ្យ​ត្រដែត​លើ​ពិភពលោក

ឥណ្ឌូណេស៊ី ត្រូវ​រៀប​ចំ​ការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​នៅថ្ងៃទី​១៤​កុម្ភៈ​២០២៤។ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ជាតិ ប្រធានាធិបតី​ផុត​អាណត្តិ​លោក ចូកូវីដូដូ មិន​អាច​ឈរ​ឈ្មោះ​ជា​ថ្មី​ទេ ប៉ុន្តែ​ប្រជាប្រិយភាព​របស់​លោក​នៅ​ខ្ពស់​ត្រដែត ក្នុង​កំរិត​ចន្លោះ​ពី​​៧៥ទៅ​៨០% គួរ​ជា​ទី​ច្រណែន​សម្រាប់​មេដឹកនាំ​ផ្សេង​ទៀត​នៅលើ​ពិភពលោក។ ក្នុង​រយៈ​ពេល​១០​ឆ្នាំ លោក​ចូកូវី បាន​ប្រែក្លាយ​ឥណ្ឌូណេស៊ី​ ឱ្យ​ទៅ​​ជាប្រទេស​​មហា​សេដ្ឋកិច្ច​លំដាប់​ពិភពលោក មិន​មែន​តែ​ត្រឹម​ថ្នាក់​តំបន់​ទេ។ តើ​លោក​ចូកូវីដូដូ បាន​បន្សល់​ទុក​នូវ​ស្នាដៃ​យ៉ាងណាខ្លះសម្រាប់​ប្រទេស?

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ចូកូ វីដូដូ ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ Tanimbarពេល​ថ្លែងសារ​ជាតិ នៅ​សភា​ក្រុង​ហ្សាការតា
ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ចូកូ វីដូដូ ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ Tanimbarពេល​ថ្លែងសារ​ជាតិ នៅ​សភា​ក្រុង​ហ្សាការតា AFP - WILLY KURNIAWAN
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​លើក​​ដំបូង​បំផុត​នៅ​ឆ្នាំ​២០១៤ លោក ចូកូវីដូដូ​ មិន​បញ្ឈប់​សារ​ជំរុញទឹកចិត្ត​​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី​ទាំងអស់​ថា អាច​និង​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​លើ​ឥណ្ឌូណេស៊ី​ខ្លួន​ឯង​ទើប​ជាតិ​មាន​វឌ្ឍនភាពទេ។ លោក​ចង់ឃើញ​ឥណ្ឌូណេស៊ី​​ ​មាន​បដិវត្ត​ខួរ​ក្បាល​ ដើម្បី​ភាព​រីក​ចម្រើន​ ក្លាយ​ជា​ប្រទេស​ដ៏​ធំ​ ទាំង​ផ្នែក​​ទំហំ​ប្រទេស​​បើ​និយាយ​ក្នុង​ន័យ​ចំ ឬក្នុង​​ផ្នែក​អភិវឌ្ឍលើ​គ្រប់​វិស័យ​បើនិយាយ​ន័យ​ធៀប។

​ពីរអាណត្តិ​ក្រោម​ការ​ដឹកនាំរបស់​​លោក ឥណ្ឌូណេស៊ី​ពិត​បាន​ក្លាយ​ប្រទេស​ដ៏​ធំ​មែន! ​នៅ​ឆ្នាំ​២០២៤ ឥណ្ឌូណេស៊ី​ត្រូវ​មាន​​​​សេដ្ឋកិច្ច​លំដាប់​ទី​៥ពិភពលោក ដោយ​វ៉ារ​ឈ្នះ​ប្រទេសអង់គ្លេស​ទៅ​ទៀត។ នេះ​បើ​តាមក្តី​រំពឹង​របស់ធនាគារ​ពិភពលោក និង​​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។ ​កាលពី​៨​ឆ្នាំ​មុន ឥណ្ឌូណេស៊ី​មិន​ស្ថិត​ក្នុង​ចំណោម​៣០ប្រទេស​ដំបូង​គេ​ផង។

សន្ទុះ​ដ៏​លឿន​ស្លេវ​នេះ បាន​មក​ពី​កំណើន​នៃ​ប្រជាពលរដ្ឋ​ស្រទាប់​កណ្តាល ដែល​ស្ទើរ​គ្មាន​សោះ​​កាលពី​១៥​ឆ្នាំមុន​។ ៣ភាគ​បួន​នៃ​ប្រជាជន​ឥណ្ឌូណេស៊ី​ជា​ជន​ក្រីក្រ​ មួយភាគ​ជា​អ្នក​មាន​កំពូល​ក្តោប​គ្រប់ធនធាន​សេដ្ឋកិច្ច​ជាតិ។

គ្មាន​​ហេរដ្ឋារចនា​សម្ព័ន្ធ​ត្រឹម​ត្រូវកាលពី​១០​ឆ្នាំមុន រដ្ឋធានី​ហ្សាការតា​បច្ចុប្បន្ន​មាន​បណ្តាញ​រថភ្លើង​ក្រោម​ដី រថភ្លើង​ក្រុង​ដើរ​ដោយ​អគ្គិសនី។ មាន​តែ​មួយ​ខ្សែឆ្លង​កាត់​ក្រុង​មែន តែជា​មធ្យោបាយ​ដឹកជញ្ជូន​ដ៏​ល្អ​សម្រាប់​មក​ជំនួស​ម៉ូតូឌុប។ ឥណ្ឌូណេស៊ី​ជា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​តែ​មួយ​គត់​ដែល​មាន​រថភ្លើង​ល្បឿនលឿន​ ភ្ជាប់​ពីក្រុង​ហ្សាការតាទៅ​ក្រុងBandung​ ដោយចំណាយពេលតែ​​៤៥នាទី​ទល់​នឹងការ​ជិះឡាន​​៤ម៉ោង​។

លោកចូកូវី រហ័សនាម​របស់​លោក​ប្រធានាធិបតី​ ផ្តល់​តម្លៃ​ពិសេស​ដល់​ការ​អភិវឌ្ឍ​​ហេដ្ឋារចនា​សម្ព័ន្ធ​ កិច្ច​​ការពារ​សង្គម​ ទន្ទឹម​នឹង​ការ​ទ្រទ្រង់​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ថេរកំរិត ៥%​ (លើក​លែង​តែ​ឆ្នាំ​កូវីដ​២០២០)។ គម្រោង​លើ​រដ្ឋ​ធានី​ទៅ​ភាគ​ខាង​ជើង​កោះ​Java ក៏​ស្ថិត​ក្នុង​ទស្សនវិស័យ​អភិវឌ្ឍ​គោលនេះ​​ដែរ។ ដូច្នេះសន្ទុះ​កំណើន​សេដ្ឋកិច្ច​ ​ ​បាន​​ហុច​ផល​ដល់​គ្រប់​ខេត្តដែល​មាន​បណ្តាញ​ផ្លូវ​ថ្នល់​-ផ្លូវ​ដែក​ល្បឿន​លឿន​ តាំងពី​អាឆេ ដល់​ស៊ូមាត្រា​និង​ប៉ាពូអាស៊ីខាង​កើត។

លោក​ចូកូវីដូដូ មាន​ជំនឿ​ថា​ឥណ្ឌូណេស៊ី​ត្រូវ​តែ​ក្លាយ​ជា​ប្រទេស​មាន​​សេដ្ឋកិច្ចខ្លាំង​ជាង​គេ​បំផុត​​មួយ​នៅលើ​ពិភពលោក នៅ​ខួប​១០០​ឆ្នាំនៃ​ការ​ទទួល​ឯករាជ្យ (១៩៤៥) ដោយ​បាន​ចារ​កម្មវត្ថុ ​ក្នុង​ផែនទី​ចង្អុល​ផ្លូវ​ឈ្មោះ​​ថា​« Golden Indonesia”។ មហិច្ឆតា​របស់​ចូកូវី​មិន​ហួស​ប្រមាណ​ទេ ព្រោះ​បើ​តាមការ​ព្យាករ​របស់​​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និងអភិវឌ្ឍ(OECD) ផលិតផលសរុប​ក្នុង​ស្រុក​ឥណ្ឌូណេស៊ី​នឹង​ឡើង​ដល់​ជិត​៩០០០ពាន់​លាន​ដុល្លារ​នៅឆ្នាំ​២០៤៥។ ហើយកាន់​តែ​ប្រសើរទៀត ចំនួន​ប្រជាជន​​នឹង​ឡើង​លើស​​៣០០លាន​នាក់ ក្នុង​នោះ​៦៥%​ជា​ពលរដ្ឋ​ពេញ​អាយុ​សកម្ម(ធ្វើការ)។

ប្រជាប្រិយភាព​របស់​លោក​ចូកូវីដូដូ ក៏​បាន​មក​ពីជំហរ​នយោបាយ​ធ្វើ​កំណែទម្រង់​ច្បាប់​ការងារ ​គិត​គូរ​ដល់​សង្គម អោបក្រសោបរួម​រស់​ជាមួយ​គ្រប់​​សាសនា​ ដោយ​មិន​ភ្លេចក្រុមមូលធននិយម ពោល​គឺ​លោក​ជា​អ្នក​សង្គមនិយមផង ជាអ្នក​សេរីនិយម​ផង ដែល​បែង​ចែក​ផល​​សេដ្ឋកិច្ច​ដល់​អ្នក​ក្រីក្រ និង​សម្រួល​ការ​វិនិយោគ​បរទេស​ក្នុង​ប្រទេស។

ជាមួយ​នឹង​ប្រជាប្រិយភាព​៨១%​ នៅ​មុន​ថ្ងៃបោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី បក្ស​ប្រឆាំង​ហាក់​ពិបាក​បំពង​លទ្ធផល​អវិជ្ជមាន​នៃ​កា​រដឹកនាំ​របស់​លោកចូកូ​វីដូដូ​ណាស់។ តែ​ស្នាដៃ​មិន​ល្អ​ក៏​មាន​ច្រើន​ដែរ ដូច​ជា​ក្នុង​វិស័យ​សិទ្ធិមនុស្ស​ អង្គការ​Human Rights Watch មិន​សរសើរ​លោក​ប្រធានាធិបតី​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២៤​ទេ ព្រោះ​រដ្ឋាភិបាល​នេះ​មិន​បាន​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរើស​អើង​ឬ​ការ​រំលោភ​ក្រុមសាសនា​ភាគ​តិច ក្រុមអ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។ ចំពោះ​សិទ្ធិស្ត្រី​វិញ ឥណ្ឌូណេស៊ី​អាចធ្វើ​បាន​ប្រសើរ​ជាង​នេះ។

រដ្ឋាភិបាល​លោក​ចូកូវីដូដូ​រង​ការ​បន្ទោស​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ គឺ​​មិន​អាច​ជំរុញមេដឹកនាំ​សឹក​​ភូមា​ឱ្យ​អនុវត្ត​កិច្ចព្រមព្រៀង​៥​ចំណុច​ កាល​ខ្លួន​ជា​ប្រធាន​ផ្លាស់វេន​អាស៊ាន។ លទ្ធផលដ៏​អាក្រក់​បំផុត សម្រាប់​លោក​ចូកូវី គឺ​អំពើ​ពុក​រលួយ​។ លោក​បាន​ចាកចេញ​ពី​តំណែង ដោយ​បន្សល់​ទុក​នូវ​ឥណ្ឌូណេស៊ី​ជា​ប្រទេស​ពុក​រលួយ​ខ្លាំងមួយ ដោយធ្លាក់​ចំណាត់​ថ្នាក់​ពី​៩៦​មក​ទី​១១០​ក្នុង​ចំណោម​​១៨០​ប្រទេស​។ កាលពី​ឆ្នាំ​២០១៤​ ឥណ្ឌូណេស៊ី​ស្ថិត​នៅ​លំដាប់​លេខ​១០៧​លើ​១៧៥​ប្រទេស។ នេះ​បើ​តាម​អង្គការ​Transparency International ដែល​បញ្ជាក់​ថា​រដ្ឋបាល​លោក​ចូកូ​វីដូដូ​ មិន​​ពុក​រលួយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ