អានតួអត្ថបទ
ពុករលួយ-ច្បាប់-នយោបាយ

ម៉ាឡេស៊ី បន្ធូរបន្ថយទោស​អតីត​នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់

​អតីត​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក​ ណាជីប រ៉ាហ្សាក់ ដែលតុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន១២ឆ្នាំ នៅ​ពេលនេះ ត្រូវ​​​ព្រះមហាក្សត្រម៉ាឡេស៊ី​ ព្រះរាជានុញ្ញាត​បន្ធូរបន្ថយទោស ចំនួន​ពាក់​កណ្តាល មក​ត្រឹម៦ឆ្នាំ។​ នេះ​បើតាម​ ក្រុម​ប្រឹក្សា​លើកលែងទោស​ ដែល​បាន​ផ្សាយបញ្ជាក់​នៅ​ថ្ងៃសុក្រ ទី​២កុម្ភៈ។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ត្រូវ​ប៉ូលិស​នាំខ្លួន​។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ត្រូវ​ប៉ូលិស​នាំខ្លួន​។ REUTERS - HASNOOR HUSSAIN
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​​បាន​ពិនិត្យ​សំណុំ​រឿងនិង​​​បាន​​ពិភាក្សាគ្នារួច​​មក​ ក្រុម​​ប្រឹក្សា​លើកលែង​ទោស​សហព័ន្ធ​ម៉ាឡេស៊ី  បាន​សម្រេច​អនុញ្ញាត​លើកលែង​ទោស​ទណ្ឌកម្មនិងការ​ផាកពិន័យ ​ចំនួន​ ៥០% ចំពោះ​អតីត​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក​ ណាជីប រ៉ាហ្សាក់។ កិច្ចប្រជុំ​ពិភាក្សាអំពី​​លើក​លែក​ទោស​​នេះ មាន​វត្តមាន​អគ្គព្រះរាជអាជ្ញា​ បាន​​​ធ្វើឡើង​​នៅដើម​​សប្តាហ៍​​ ​ក្រោម​​ព្រះរាជាធិបតី ព្រះចៅស៊ូតង់ អាប់ឌូឡា ស៊ូតង់ អាហ្មាដ ស្សាហ៍។​ ពោល​គឺ​២ថ្ងៃ​មុន​ទ្រង់ដល់វេន​ដាក់រាជ្យថ្វាយ​ព្រះមហាក្សត្រថ្មី។​ (នៅម៉ាឡេស៊ី រាជាធិបតេយ្យ​អាស្រ័យ​សភា ហើយ ព្រះមហាក្សត្រ​ប្តូរ​វេន​សោយរាជ្យ​​៥ឆ្នាំម្តង។)

ដោយ​​មិនពន្យល់​​ប្រាប់​ហេតុផល​លម្អិត ក្រុម​​ប្រឹក្សា​លើកលែង​ទោស គ្រាន់តែ​បាន​បញ្ជាក់​ថា  ទណ្ឌិតលោក​ ណាជីប រ៉ាហ្សាក់ ត្រូវ​សម្រាល​ទោស មកត្រឹម៦ឆ្នាំតែប៉ុណ្ណោះ​ ហើយ​នៅ​ជាប់​ពិន័យ​ប្រាក់​ត្រឹមតែ ៥០លាន​រីងហ្គីត ស្មើប្រមាណ​នឹង ១០,៥ លាន​ដុល្លារ​។ អាស្រ័យ​ហេតុនេះ​​ លោក​ ណាជីប រ៉ាហ្សាក់ អាច​នឹង​ត្រូវ​រួច​ទោសមាន​សេរីភាព​ ​នៅឆ្នាំ​២០២៨។ ចំពោះ​ការ​សង​ថវិកាផាកពិន័យ​វិញ​ ប្រសិន​បើ​លោកគ្មាន​លទ្ធភាព​នឹងសង​ទេ តុលាការ​អាច​នឹងបន្ថែមទោស​​១ឆ្នាំទៀត​។​

ជុំវិញ​សំណុំ​រឿង​នេះ ទីភ្នាក់ងារ​ព័ត៌មា​នបារាំង​អាអេហ្វប៉េ ពុំអាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ពីសំ​ណាក់​​​​មេធាវី​របស់​ទណ្ឌិត​និង​តំណាង​រដ្ឋាភិបាល​ បាន​ភ្លាម​ៗនោះឡើយទេ​​ កាលពី​​ថ្ងៃសុក្រ​។​

គួរ​រំឭក​ជម្រាបថា លោកអតីត​នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ បាន​កាន់​អំណាច​​ ​នៅចន្លោះ​ឆ្នាំ ២០០៩ ដល់ ​ឆ្នាំ​២០១៨។ នៅ​ឆ្នាំ២០២០ ថ្នាក់ដឹកនាំប្រទេស​រូបនេះ ត្រូវ​​តុលាការ​ក្រុង​កូឡាឡាំពួរ ផ្តន្ទាទោសដាក់​ពន្ធនាគារចំនួន ១២ឆ្នាំ ​ពីបទរំលោភអំណាច បទលាង​លុយកខ្វក់​ និង​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ។ បទអំពើ​​​ពុករលួយ​ ក៏​​ពីព្រោះតែ​លោក​ត្រូវ​ជាប់​សង្ស័យ​ថា​បាន​គៃបន្លំ​លុយ​​ពីគម្រោង​អភិវឌ្ឈសាធារណរបស់​រដ្ឋ បង្វិល​មក​ដាក់​ធនាគារ​ផ្ទាល់ខ្លួន ចំនួនយ៉ាង​តិច ​ក៏​ប្រមាណជិត​ ៩ លាន​ដុល្លារ។​ ​សំណុំរឿង​អាស្រូវ​ពុក​រលួយ​នេះ បាន​​បណ្តាល​ឲ្យ​រូប​លោក​ធ្លាក់​ប្រជាប្រិយភាព និង​ចាញ់​ការ​បោះឆ្នោត​នៅឆ្នាំ​២០១៨​។ ចំណែក​ភរិយា​របស់​លោក ក៏ត្រូវ​ជាប់​បទ​សង្ស័យ​ជាមួយ​ស្វាមីដែរ។

​​អ្នក​ជំនាញកិច្ចការ​អាស៊ី នៅ​សកលវិទ្យាល័យ​អូស្ត្រាលី Tasmania សាស្ត្រាចារ្យ​ James Chin បាន​ចាត់ទុកថា ការ​​លើកលែងទោស​នេះ ​ស្រដៀង​គ្នា​នឹងករណី​​លើកលែងទោស​ទៅ​នាយករដ្ឋមន្ត្រី អានវ៉ា អ៊ីប្រាហ៊ីម។​ ការណ៍​នេះបង្ហាញ​ឲ្យ​ឃើញថា​ ​​នៅម៉ាឡេស៊ី មាន​ច្បាប់​ស្តង់ដារ២។​ ១គឺ​ច្បាប់​សម្រាប់​ពួក​អ្នក​នយោបាយ​មាន​អំណាច​ អ្នកវណ្ណៈ​អភិជន​ខ្ពង់ខ្ពស់ ហើយ​និង១ទៀត ច្បាប់​សម្រាប់​​ប្រជារាស្ត្រ​សាមញ្ញ​​​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ