អានតួអត្ថបទ
ម៉ាឡេស៊ី-ឥណ្ឌូណេស៊ី-សិង្ហបុរី

សិង្ហបុរីនិង​ម៉ាឡេស៊ី ត្អូញត្អែរខ្លាំងអំពីការដុត​រាន​​ដីចំការ​​​ នៅ​ឥណ្ឌូណេស៊ី ដែល​បង្កជាផ្សែងពុល

អាជ្ញាធរសិង្ហបុរី និង​ម៉ាឡេស៊ី បាន​ចេញ​ប្រតិកម្ម​ផ្ទួនៗគ្នា ត្អូញត្អែរ អំពី​ផ្សែងពុល​ក្នុងបរិយាកាស បង្កហានិភ័យដល់សុខភាពមនុស្ស ដោយសារតែ​ការ​ដុតរានដី​ចំការ​ នៅកោះស៊ូម៉ាត្រា ប្រទេស​​​ឥណ្ឌូណេស៊ី។ ថ្ងៃសៅរ៍​ទី​៧តុលា អាជ្ញាធរបរិស្ថាន​សិង្ហបុរី បានជូនដំណឹងថាខ្យល់ពុល​បានគ្របដណ្តប់​ ពាសពេញសិង្ហបុរី ក្នុងកម្រិត​មួយ លើសពីកម្រិតស្តង់ដារ ដែល​អាចបង្កគ្រោះថ្នាក់​ដល់សុខភាព​។​ អាជ្ញាធរ​សិង្ហបុរី បានជូន​ដំណឹង​ប្រាប់ទៅ​ពលរដ្ឋ ឲ្យ​សំងំនៅក្នុងផ្ទះ ប្រសិន​បើពុំមានការចាំបាច់ត្រូវចេញក្រៅ​។

រូបថតពី​លើ​មេឃ ថ្ងៃទី​ ២តុលា២០២៣ ៖ ការដុតរានដីចំការ​ នៅតំបន់ Ogan Ilir នៅខាងត្បូង​កោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី​
រូបថតពី​លើ​មេឃ ថ្ងៃទី​ ២តុលា២០២៣ ៖ ការដុតរានដីចំការ​ នៅតំបន់ Ogan Ilir នៅខាងត្បូង​កោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី​ AFP - AL ZULKIFLI
ផ្សាយពាណិជ្ជកម្ម

ផ្សែងពុល​លាយឡំដោយ​ផេះផង់ ត្រូវបាន​អាជ្ញាធរសិង្ហបុរី អះអាងថា គឺហោះចេញមកពី​កោះស៊ូម៉ាត្រាឥណ្ឌូណេស៊ី ជាទី​ដែល​គេដុតរានដីចំការនិង​ដី​ព្រៃ ដើម្បីធ្វើកសិកម្ម​។ យោងតាមរូបភាពផ្កាយរណប ចំណុចភ្លើងព្រៃប្រមាណ ជា​២១២កន្លែង ត្រូវបាន​គេប្រទះឃើញ នៅ​ភាគកណ្តាលនិងខាងត្បូងកោះស៊ូម៉ាត្រា នៅថ្ងៃ​សៅរ៍ទី​៧តុលា។ អាជ្ញាធរបរិស្ថាន​​សិង្ហបុរី លើកឡើងថា ជាធម្មតា​ក្នុងអំឡុងពេល​នេះ គឺជារដូវប្រាំង ដែល​នៅ​ឥណ្ឌូណេស៊ី តែងតែមានការដុតរានដីចំការ ដីព្រៃ ដើម្បីធ្វើ​កសិកម្ម តែឆ្នាំនេះ គឺលើកទី​១​ហើយ​បើគិតពីឆ្នាំ​២០១៩មក ដែល​កម្រិត​ផ្សែងពុល បានឡើងលើស​កម្រិតអនុញ្ញាតស្តង់ដារសុខភាព។

គួរបញ្ជាក់ថា មិនមែនមានតែសិង្ហបុរីទេ ដែលបានត្អូញត្អែរទាក់ទិននឹងផ្សេងពុលនេះ។ ក្រសួងបរិស្ថានម៉ាឡេស៊ី  ក៏​បានចេញលិខិតមួយ​ដែរ ដោយ​បាន​ស្តីបន្ទោសប្រទេសឥណ្ឌូណស៊ី ដោយចំៗតែម្តង ថាជាអ្នកធ្វើ​ឲ្យ​គុណភាពខ្យល់ដកដង្ហើមត្រូវធ្លាក់ចុះ​ខ្លាំង ហើយ​បង្កហានិភ័យដល់សុខភាព​ពលរដ្ឋម៉ាឡេស៊ី​​។ យោងតាម​លិខិតដែល​បានចេញ​ ​កាលពីថ្ងៃទី​៣០កញ្ញា គឺអាជ្ញាធរម៉ាឡេស៊ី បានអះអាងថា ដោយ​ផ្អែកតាម​ទិន្នន័យរបស់ ទីភ្នាក់ងារឧតុនិយម​អាស៊ាន គឺមានភ្លើងឆេះ​ចំនួន ៥២ចំណុច នៅ​លើ​កោះស៊ូ​ម៉ាត្រា និង​ប្រមាណ២៦៤ចំណុច នៅលើកោះប័រណេអូ របស់ឥណ្ឌូណេស៊ី​។​

ប្រតិកម្ម​ចំពោះ​ការចោទពីសំណាក់ ក្រសួងបរិស្ថានម៉ាឡេស៊ីនេះ លោកស្រី Siti Nurbaya Bakar រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ឥណ្ឌូណេស៊ី បានច្រានចោល​ទាំងស្រុង និងបានអះអាងថា គ្មានផ្សែងពុល​រសាត់​ឆ្លងព្រំដែន​ចូលទៅប្រទេសក្បែរខាង​​ឡើយ​។ តែយ៉ាងណា លោកស្រីបានបញ្ជាក់ថានឹងស្រាវជ្រាវ ចាប់​អ្នកទទួលខុសត្រូវក្រុមហ៊ុន​មក​ទទួលទោស ប្រសិនបើគេរកឃើញថា ក្រុមហ៊ុន​កសិកម្ម​ទាំងនោះ បានដុតរានដីចំការនិងដីព្រៃ​។

សូមបញ្ជាក់ដែរថា កាលពី​ថ្ងៃទី​៣តុលា អាជ្ញាធរក្រុងJambi លើ​កោះស៊ូម៉ាត្រា បានចេញបញ្ជាឲ្យ​បិទសាលារៀន​ជាច្រើនថ្ងៃ ដោយសារតែផ្សែងពុលអួរអាប់ គ្របដណ្តប់ពិបាកដកដង្ហើម បង្កឡើងដោយ​ភ្លើងព្រៃនៅក្នុងខេត្តPalembang ប្រមាណ​ជិត១ខែមកហើយ​។ នៅតំបន់នេះ កម្រិតល្អងធូលីក្នុងខ្យល់ គឺលើស​កម្រិត​អនុញ្ញាតនៃអង្គការសុខភាពពិភព​លោក ដល់ទៅ​១០។​

គួររំលឹកថា ជារៀងរាល់ឆ្នាំ ក្នុងរដូវប្រាំង​និងក្តៅស្ងួត នៅឥណ្ឌូណេស៊ីដែលជាប្រទេសដាំដំណាំដូងប្រេងច្រើនជាងគេបង្អស់​ តែងតែមានការដុតរានដីចំការ ហើយឆេះរាលដាលជាភ្លើងឆេះព្រៃទប់​មិនឈ្នះ។ យោងតាមអាជ្ញាធរម៉ាឡេស៊ី ភ្លើងឆេះឆ្នាំនេះនៅឥណ្ឌូណេស៊ី គឺធ្ងន់ជាង​ឆ្នាំ​២០១៩ទៅទៀត។ កាលពីឆ្នាំ​២០១៦ យោងតាមការសិក្សាមួយ ធ្វើឡើងដោយសកលវិទ្យាល័យ Colombia និង​សកលវិទ្យាល័យ Haward បាន​សន្និដ្ឋានថា ផ្សែងពុលលាយឡំដោយ​ផេះ​ល្អង​ធូលី បានបណ្តាលឲ្យ​មនុស្ស​ស្លាប់​មុនអាយុ ចំនួន​១សែននាក់ នៅ​អាស៊ីអាគ្នេយ៍ ដែល​ក្នុងចំណោមនេះ មានប្រមាណ​​៦៥០០នាក់នៅ​ម៉ាឡេស៊ី និង​ ២២០០នាក់ នៅសិង្ហបុរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ