អានតួអត្ថបទ
ចិន-ភូមា

របបសឹក​ភូមាយល់ព្រមព្រៀង​ឈប់បាញ់​ជាមួយពួកឧទ្ទាម ក្រោម​ការសម្របសម្រួលរបស់ចិន

រដ្ឋាភិបាល​សឹកភូមា និង​ក្រុមប្រឆាំង​ប្រដាប់អាវុធ​៣ក្រុម​បាន​យល់ព្រមព្រៀង​គ្នា​អនុវត្ត​បទឈប់បាញ់ នៅតំបន់​ភាគខាងជើង ជាប់ព្រំដែន​ជាមួយ​ប្រទេស​ចិន។ តាម​អ្នកនាំពាក្យ​របស់​របបសឹកភូមា ការចរចា​ស្តីពីបទឈប់​បាញ់​រៀបចំ​ឡើង​នៅ​ទីក្រុង​គុនមីង ក្រោមការជួយសម្របសម្រួល​របស់​ប្រទេស​ចិន កាលពីថ្ងៃ សុក្រ ទី​១២ មករា។ ភាគីជម្លោះទាំងពីរ​មិនបាន​បញ្ជាក់​តំបន់​ដែលត្រូវ​អនុវត្ត​បទឈប់បាញ់ នៅឡើយទេ ប៉ុន្តែ កាលពី​សប្តាហ៍មុន សម្ព័ន្ធប្រដាប់អាវុធ ៣ក្រុម​ទើបប្រកាសវាយដណ្តើម​កាន់កាប់ទីក្រុង​ឡូកី ដែលជា​ច្រកសំខាន់​សម្រាប់​ពាណិជ្ជកម្ម​នាំ​ចេញ​របស់ភូមា​ទៅ​កាន់​ប្រទេស​ចិន។

មេដឹកនាំរបបសឹកភូមា លោក​មីន អ៊ុងឡាំង
មេដឹកនាំរបបសឹកភូមា លោក​មីន អ៊ុងឡាំង REUTERS - Stringer .
ផ្សាយពាណិជ្ជកម្ម

នៅក្រោម​ជួយ​សម្របសម្រួល​របស់​ចិន ភាគីជម្លោះនៅភូមា​បាន​ជួបចរចា និង​យល់ព្រមព្រៀងគ្នា​អនុវត្ត​បទឈប់បាញ់ នៅភាគខាងជើង​ប្រទេស​ភូមា។ តាម​អ្នកនាំពាក្យ​របស់​របបសឹកភូមា លោក ច មីនទុន ក្រុមឧទ្ទាមប្រដាប់អាវុធ​៣ក្រុម​បាន​យល់ព្រម​បើកផ្លូវ​ពាណិជ្ចកម្ម​នៅព្រំដែន​ជាមួយ​ចិន។

អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​ចិន លោកស្រី ម៉ៅ នីង​បន្ថែមថា ភាគីជម្លោះ​នៅភូមា​បាន​យល់ព្រម​អនុវត្តបទឈប់បាញ់​បន្ទាន់ និង​ដកកម្លាំងយោធា និងស្វែងរកដំណោះស្រាយ តាមផ្លូវ​ចរចាសន្តិភាព។

ទាំងអ្នកនាំពាក្យ​ចិន មិនបាន​លម្អិត​ឈ្មោះ​ក្រុមឧទ្ទាមទាំងអស់ និង​តំបន់ដែល​ត្រូវ​អនុវត្ត​បទឈប់បាញ់ នៅភាគខាងជើង​ភូមានោះទេ។ ប៉ុន្តែ អ្នកនាំពាក្យ​របស់​របបសឹកភូមា​បាន​បញ្ជាក់​ឈ្មោះ កងទ័ព​រំដោះជាតិ​តាអាង (Ta’ang)។ ក្រុមនេះ ស្ថិតនៅ​ក្នុង​សម្ព័ន្ធ​ប្រដាប់អាវុធ ជនជាតិភាគតិច​បីក្រុម​ដែល​ទើប​វាយ​ដណ្តើមយក​បាន​ទីក្រុង​ឡូកី ពីកណ្តាប់ដៃគ្រប់គ្រង​របស់​កងទ័ពភូមា កាលពី​សៅរ៍​សប្តាហ៍មុន។ ក្រុមអ្នកជំនាញវាយតម្លៃថា បរាជ័យ​ជាបន្តបន្ទាប់របស់​កងទ័បភូមា នៅ​រដ្ឋស្ហានតាមបណ្តោយព្រំដែនភូមាចិន ​ជា​ហេតុផលមួយដែលធ្វើ​ឲ្យ​របបសឹក​បន្ទន់ជំហរ ចរចាជាមួយ​ក្រុមឧទ្ទាម។

ស្ថិត​ជាប់ព្រំដែន​ភូមា-ចិន ទីក្រុង​ឡូកី ដែល​ស្ថិតក្រោមការគ្រប់គ្រង​របស់​ក្រុមយុទ្ធជន​ស្និទ្ធនឹង​មេដឹកនាំយោធាភូមា ជា​ទីក្រុង​ល្បីឈ្មោះ​ខាង​មាន​បនល្បែង បនពេស្យាចារ ហើយនិង​មជ្ឈមណ្ឌលរកស៊ីឆបោក​អនឡាញ។

ដោយសារ​តែ​មជ្ឈមណ្ឌល​រកស៊ី​ឆបោកអនឡាញ ដែល​ដៅ​សំខាន់​ប្រជាជនចិន ប៉េកាំង​ធ្លាប់​បង្ហាញ​ការមិនសប្បាយចិត្ត​នឹង​រដ្ឋាភិបាល​សឹក​ភូមា ដែល​ខកខាន​មិន​អាច​បង្រ្កាប​ក្រុមជនពាល​ដែល​ប្រើទឹកដីភាគខាងជើង​ភូមា​ជាកន្លែង​រកស៊ីបោកប្រាស់​ប្រជាជនចិន។

មួយវិញទៀត ការប្រយុទ្ធគ្នារវាង​កងទ័ពរដ្ឋាភិបាលសឹកភូមា និង​ក្រុមឧទ្ទាមជនជាតិភាគតិចនៅ​តំបន់ជាប់ព្រំដែន នៅប៉ុន្មានខែ​មកនេះ មិនត្រឹម​ប៉ះពាល់​ដល់​ការដោះដូរ​ពាណិជ្ជកម្ម ចិន ភូមា តែប៉ុណ្ណោះទេ ប៉ុន្តែ វាប៉ះពាល់​ដល់​សុខសុវត្ថិភាព​របស់​ប្រជាជនចិន​រស់នៅ​ភាគខាងជើង​ភូមា។

នៅ​ដើម​ខែ​ធ្នូ​កន្លងទៅ ចិន​ធ្លាប់​សំដែង​ក្តីត្រេកអរ​ដែល​ឃើញ​ការចរចា​រវាង​របបសឹក និង​ពួកឧទ្ទាម​ផ្តល់លទ្ធផល​ជា​វិជ្ជមាន។ ប៉ុន្តែ នៅក្រោយមក ភាគីជម្លោះទាំងពីរ​នៅតែបន្ត​ប្រយុទ្ធគ្នា រហូត​ធ្វើ​ឲ្យ​ចិន​អំពាវនាវ​ឲ្យប្រជាជន​ខ្លួន​ចាកចេញពី​ទឹកដី​ភូមា។

នៅ​សប្តាហ៍មុន ប៉េកាំងបាន​ដំឡើងសំឡេង​ខ្លាំងៗ​ដាក់​ភូមា បន្ទាប់ពី​គ្រាប់ប្លោង​មួយគ្រាប់​ហោះទៅធ្លាក់ក្នុង​ទីក្រុងមួយ នៅជាប់​ព្រំដែន​ជាមួយ​ភូមា រហូត​ធ្វើ​ឲ្យជនជាតិចិន​រងរបួស។ កាលណោះ ប៉េកាំង​បាន​សន្យា​ចាត់វិធានការចាំបាច់​ដើម្បីការពារ​ជនជាតិ​របស់ខ្លួន។ នៅក្នុងសន្និសីទកាសែត​កាលពីថ្ងៃ​សុក្រ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន និយាយ​ថា លើកនេះ ភាគី​ជម្លោះ​យល់ព្រម មិន​បង្កគ្រោះថ្នាក់ ដល់​ជនជាតិចិន​នៅភូមា ហើយនិង​​មិន​បង្ក​បញ្ហា​អសន្តិសុខ នៅ​តាម​បណ្តោយព្រំដែនចិន។ តើភាគីជម្លោះនៅភូមា​អាច​រក្សា​ការសន្យា​បានប៉ុណ្ណា? ក្រុមឧទ្ទាមប្រដាប់អាវុធ​ជនជាតិភាគតិច ដែល​មានប្រៀប វាយបណ្តេញ​កងទ័ព​ភូមា ប្រាកដ​ជា​មិន​ព្រម​បណ្តោយរបូត​ទឹកដី​ដែល​ខ្លួន​ទើបវាយដណ្តើម​យកបាន​ពីរបបសឹកភូមានោះទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ