អានតួអត្ថបទ

ឆ្នាំនេះ ពិភពលោក​ប្រើប្រាស់​ធ្យូងថ្ម អស់​ចំនួន​​ច្រើន​ខ្លាំង​បំផុត មិនធ្លាប់​ជួប

ក្នុង​ឆ្នាំ​២០២៣ ពិភពលោក​ទាំងមូល បាន​កើន​កម្តៅ​ក្តៅបំផុត ​មិន​ធ្លាប់​មាន ​ហើយ​ស្របគ្នា​នេះដែរ ប្រទេស​ក្នុង​ពិភពលោក ក៏បាន​​ប្រើប្រាស់​ធ្យូង​ថ្ម​ អស់ចំនួនច្រើនខ្លាំងបំផុត មិនធ្លាប់ជួបដែរ​។ ក្នុង​ឆ្នាំនេះ តម្រូវការ​ប្រើ​ប្រាស់​​ធ្យូងថ្ម បាន​កើន​ដល់​ចំនួន​ ៨,៥៣ ពាន់លាន​តោន ដែល​ជាចំនួនកើនឡើង​​ខ្លាំង​បំផុត​នៅក្នុ​ងប្រវត្តិសាស្ត្រ​ពិភពលោក។ នេះបើតាម​របាយការណ៍អង្កេត​ថ្មី ​របស់​ ​​ទីភ្នាក់​ងារ​ថាមពល​អន្តរជាតិ Agence internationale de l'énergie (AIE) ចេញផ្សាយ​ថ្ងៃ​សុក្រ ទី​១៥ ធ្នូ។​​

រូបភាពថត​ខែ​មិថុនា ឆ្នាំនេះ​​ មជ្ឈមណ្ឌល​អគ្គិសនី​ចម្រាញ់ពីធ្យូងថ្ម នៅ Mpumalanga ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។
រូបភាពថត​ខែ​មិថុនា ឆ្នាំនេះ​​ មជ្ឈមណ្ឌល​អគ្គិសនី​ចម្រាញ់ពីធ្យូងថ្ម នៅ Mpumalanga ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ AP - Themba Hadebe
ផ្សាយពាណិជ្ជកម្ម

​ធ្យូងថ្ម ជាប្រភពសំខាន់​សម្រាប់ផលិត​​ថាមពល​អគ្គិសនី និង​ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម ក៏ប៉ុន្តែ ចំហេះធ្យូងថ្ម ជា​បញ្ហា​ចម្បង​ខ្លាំង​ជាងគេ ដែល​ជំរុញ​ឲ្យ​មាន​កំណើន​កម្តៅ​ផែន​ដី​។ ​២០២៣ ជាឆ្នាំ​ដែល​ក្តៅ​បំផុត​មិន​ធ្លាប់​ជួប​ ហើយ​ ប្រទេសក្នុងពិភពលោក ក៏បានប្រើប្រាស់ធ្យូងថ្ម អស់ចំនួនច្រើនខ្លាំងបំផុត មិនធ្លាប់មានដែរ។ ឆ្នាំនេះ ចំនួន​ប្រើប្រាស់​ធ្យូងថ្ម ​កើនឡើងខ្លាំងជាងឆ្នាំទៅមិញ​ ហើយ​​ក៏​បាន​​កំបែក​កំណត់ត្រា ឆ្នាំ​២០១៦ ទៀត​ផង។

ប្រទេស​ដែល​ប្រើប្រាស់​ធ្យូងថ្ម ច្រើន​ជាងគេ គឺនៅក្នុង​តំបន់​អាស៊ី ជាអាទិ៍ ឥណ្ឌា ចិន និង​ឥណ្ឌូនេស៊ី។ ក្នុង​ឆ្នាំ២០២៣នេះ ចិន ​ ប្រើ​ធ្យូងថ្មកើនឡើង ២២០ លាន​តោន ស្មើនឹងជិត​៥% កើនឡើងច្រើន​ជាង​ឆ្នាំ​ទៅមិញ។ មហាយក្ស​ ចិន ជាប្រទេស​ដែល​ប្រើ​ប្រាស់​​ធ្យូងថ្ម ស្ទើរតែច្រើនជាងគេ​លើលោក​ ពោលគឺ​ស្មើ​នឹង​ជាង​ពាក់​កណ្តាល​នៃការប្រើប្រាស់​ក្នុង​ពិភពលោក ហើយក្នុងនោះ ជាង​៦០% គឺ ​​ចិន ​ប្រើ​​​សម្រាប់វិស័យ​​ឧស្សាហកម្ម និង​ផលិត​ថាមពល​អគ្គិសនី​។ ក្នុង​ឆ្នាំនេះ​​ រដ្ឋអំណាច​ចិន​ បាន​អនុម័ត​សម្រេច​គម្រោង ឲ្យ​បង្កើន​​មជ្ឈ​មណ្ឌលធ្យូងថ្ម ថែមទៀត​ផង។​

បន្ទាប់ពី​ចិន គឺ ឥណ្ឌា។ មហាយក្ស​អាស៊ី​ខាងត្បូងនេះ ​ប្រើ​ប្រាស់​ធ្យូងថ្ម​កើនឡើង​ ៩៨ លាន​តោន ស្មើ​នឹង​ ៨% កើនឡើង​ជាង​ឆ្នាំ ​២០២២។

ចំណែក​ ឥណ្ឌូនេស៊ី ប្រើ​ប្រាស់​ធ្យូងថ្ម​ កើនឡើង​ ២៣ លាន​តោន ស្មើនឹង​ ១១% ច្រើន​ជាង​ឆ្នាំមុន។ ឥណ្ឌូនេស៊ី ប្រើ​ចំហេះ​ធ្យូងថ្ម​ច្រើន​ គឺ​ដើម្បី​​ឧស្សាហកម្ម​នីស្សារណកម្ម   ផលិត​ចម្រាញ់​រ៉ែ ដូចជា រ៉ែ​នីកែល ដែលកំពុងតែ​ពេញនិយមក្នុងទីផ្សារ ព្រោះ​​គេ​យកវា​​ទៅ​ប្រើ​ប្រាស់​សម្រាប់​ផលិត​ថ្មអាគុយ​រថយន្ត​អគ្គិសនី។​

តួលេខទាំង​នេះ បើយោង​តាម​របាយការណ៍​អង្កេត របស់ ទីភ្នាក់ងារថាមពលអន្តរជាតិ និង​ដែល​បាន​លម្អិតដែរ ​ថា ប្រទេស​ខាង​បច្ចិមលោក​ ​ប្រើប្រាស់​ធ្យូង​ថ្ម ថយចុះខ្លាំង​។ ប្រទេស​ក្នុង​សហភាពអឺរ៉ុប​ ថយចុះ​​ ១០៧ លានតោន ស្មើ​នឹង ថយ​២៣% ធៀប​នឹង​ឆ្នាំ ​២០២២ ហើយ​នៅ សហរដ្ឋអាមេរិក ថយចុះ ៩៥ លាន​តោន ថយ​ជាង​២១% ធៀប​នឹង​ឆ្នាំ​មុន​។

ផ្ទុយ​ទៅវិញ ​រុស្ស៊ី ដែល​ជា​ប្រទេសផលិត​ធ្យូង​ថ្ម ច្រើន​លំដាប់​ទី៤លើពិភព​លោក គឺទីភ្នាក់ងារថាមពលអន្តរជាតិ បាន​សារភាព​ថា លំបាក​រក​ទិន្នន័យ​សម្រាប់​វាយ​តម្លៃ ពីព្រោះតែ​ រុស្ស៊ី កំពុង​តែ​ជាប់ដៃ​ផុង​ក្នុងសង្គ្រាម​នៅ​អ៊ុយក្រែន​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ