អានតួអត្ថបទ

ឥណ្ឌូណេស៊ីសម្ពោធរថភ្លើងល្បឿនលឿន "Whoosh" ក្នុងតម្លៃជាង ៧ ០០០លានដុល្លារ

នៅ​ថ្ងៃ​ចន្ទ ទី២ តុលា ប្រទេស​ឥណ្ឌូណេស៊ី​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​រថភ្លើង​ល្បឿន​លឿន​ឈ្មោះ « Whoosh »។ ពិធី​បើក​សម្ពោធ​នេះ​បាន​ចូលរួម​ដោយ​ប្រធានាធិបតី​លោក​យ៉ូកូ វីដូដូ រួម​ទាំង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត​នៅ​ក្នុង​រដ្ឋាភិបាល។ « Whoosh » ជា​រថភ្លើង​ល្បឿនលឿន​ទី១ នៅ​អាស៊ីអាគ្នេយ៍​ដោយ​មាន​ការ​ចូលរួម​សាងសង់​ពី​ប្រទេស​ចិន​តាម​រយៈ​គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង។

ប្រធានាធិបតីឥណ្ឌូណេស៊ី​លោក​យ៉ូកូ វីដូដូនៅ​ក្នុង​ពិធីសម្ពោធរថភ្លើងល្បឿនលឿនឈ្មោះ « Whoosh » ថ្ងៃទី២ តុលា ២០២៣។
ប្រធានាធិបតីឥណ្ឌូណេស៊ី​លោក​យ៉ូកូ វីដូដូនៅ​ក្នុង​ពិធីសម្ពោធរថភ្លើងល្បឿនលឿនឈ្មោះ « Whoosh » ថ្ងៃទី២ តុលា ២០២៣។ AFP - BAY ISMOYO
ផ្សាយពាណិជ្ជកម្ម

« Whoosh » ជា​រថភ្លើង​ល្បឿនលឿន​ដែល​ត​ភ្ជាប់​ទីក្រុង​ហ្សាការតា និង​ទីក្រុង​ធំ​មួយ​ឈ្មោះ « បង់ឌុង » ក្នុង​ចម្ងាយ​ផ្លូវ​ប្រវែង ១៥០គីឡូម៉ែត្រ។ ជាមួយ​នឹង​រថភ្លើង « Whoosh » ដែល​អាច​រត់​ក្នុង​ល្បឿន ៣៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​ដឹក​អ្នកដំណើរ​បាន​ជាង ៦០០នាក់​ពេល​នេះ ការ​ធ្វើ​ដំណើរ​ពី​ក្រុង​ហ្សាការតា​ទៅ​ក្រុង​បង់ឌុង​ត្រូវ​ចំណាយ​ពេល​ប្រមាណ​តែ ៤៥នាទី​ប៉ុណ្ណោះ ពោល​តិច​ជាង​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ធម្មតា​ដែល​ត្រូវ​ចំណាយ​ពេល​ជិត ៣ម៉ោង។ « រថភ្លើង​ល្បឿនលឿន ហ្សាការតា បង់ឌុង​គឺ​ជា​និមិត្តរូប​នៃ​ទំនើបនីយកម្ម​ក្នុង​វិស័យ​ដឹកជញ្ជូនសាធារណៈ​ដោយ​មាន​ការ​ត​ភ្ជាប់​យ៉ាង​ល្អ​ឥតខ្ចោះ​ជាមួយ​នឹង​មធ្យោបាយដឹកជញ្ជូន​ផ្សេង​ទៀត » នេះ​ជា​ការ​ថ្លែង​របស់​ប្រធានាធិបតី​លោក​យ៉ូកូ វីដូដូ។

គួរ​បញ្ជាក់​ថា រថភ្លើង​ល្បឿនលឿន « Whoosh » នេះ​ត្រូវ​បាន​ចាប់​ផ្តើម​សាងសង់​ក្នុង​ឆ្នាំ ២០១៥ គ្រោង​បញ្ចប់​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០១៩ និង​ត្រូវ​ចំណាយ​លុយ​តិច​ជាង ៥ ០០០លានដុល្លារ។ តែ​ភាព​យឺតយ៉ាវ​ក្នុង​ការ​សាងសង់ និង​វិបត្តិ​កូវីដ១៩​បាន​ធ្វើ​ឲ្យ​ការ​សាងសង់​អូសបន្លាយ​ពេល​ដល់​ឆ្នាំ ២០២៣។ ចំណែក​ទំហំ​នៃ​ចំណាយ​ក្នុង​ការ​សាងសង់​វិញ​គឺ​មាន​រហូត​ជាង ៧ ០០០លានដុល្លារ ពោល​មិន​មែន​តិច​ជាង ៥ ០០០លានដុល្លារ​ដូច​ដែល​បាន​គ្រោង​ទុក​ទេ។ ពិតណាស់ រថភ្លើង​ល្បឿនលឿន « Whoosh » ជា​ជោគជ័យ​មួយ​របស់​ឥណ្ឌូណេស៊ី​ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី១ នៅ​អាស៊ីអាគ្នេយ៍។ តែ​ចិន​ក៏​មាន​ចំណែក​នៅ​ក្នុង​ជោគជ័យ​នេះ​ដែរ ព្រោះ​ចិន​បាន​ចេញ​លុយ និង​បាន​ចូលរួម​សាងសង់​ជាមួយ​ឥណ្ឌូណេស៊ី។

រដ្ឋមន្រ្តី​ឥណ្ឌូណេស៊ី​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​វីដូដូ​គ្រោង​អញ្ជើញ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ដើម្បី​ជិះ​រថភ្លើង​ល្បឿនលឿន « Whoosh » នា​ឱកាស​ទស្សនកិច្ច​របស់​លោក​ស៊ី​នៅ​ឥណ្ឌូណេស៊ី​នា​ពេល​ខាង​មុខ។ តាម​ពិត ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​រថភ្លើង​ល្បឿនលឿន « Whoosh » នៅ​ឥណ្ឌូណេស៊ី​ជា​ផ្នែក​មួយ​នៃ​មហា​គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង។ អ្វី​ដែល​លោក​ស៊ី​ចង់​បាន​នៅ​ក្នុង​មហាគម្រោង​នេះ គឺ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​កំពង់ផែ ផ្លូវថ្នល់ ឬ​ផ្លូវដែក​នៅ​ក្រៅ​ទឹកដី​ចិន​ដើម្បី​ត​ភ្ជាប់​រវាង​ចិន​ជាមួយ​ជាមួយ​តំបន់​ផ្សេងៗ​ក្នុង​លោក។ ឥណ្ឌូណេស៊ី​ក៏​ដូច​ជា​ប្រទេស​ផ្សេង​មិន​បាន​លាក់បាំង​ពី​ការ​ពឹង​លើ​វិនិយោគ​របស់​ចិន​ឡើយ។ ក្នុង​ខែ​កក្កដា​កន្លង​ទៅ លោក​យ៉ូកូ វីដូដូ និង​សមភាគី​ចិន​លោក​ស៊ី ជីនពីន​បាន​បង្ហាញ​គម្រោង​ច្រើនដំណាក់កាល ​ដែល​មាន​ទឹកប្រាក់​រាប់សិបពាន់លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ