ហេតុអ្វីចិនសម្លឹងមិនប៉ប្រិចភ្នែកមើលជំនួបរវាងក្រុមមេទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅឥណ្ឌា?
ឥណ្ឌាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់មេទ័ព និងមន្រ្តីយោធារវាងអាមេរិក និងសម្ព័ន្ធមិត្តរយៈពេល ២ថ្ងៃដោយចាប់ផ្តើមក្នុងថ្ងៃអង្គារ ទី២៦ កញ្ញា។ កម្មវត្ថុនៃកិច្ចប្រជុំរយៈពេល ២ថ្ងៃផ្តោតសំខាន់លើសន្តិសុខនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលតំបន់មួយនេះកំពុងត្រូវបានចិនបង្កើនឥទ្ធិពលកាន់តែខ្លាំង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៩
កិច្ចប្រជុំថ្នាក់មេទ័ព និងមន្រ្តីយោធារវាងអាមេរិក និងសម្ព័ន្ធមិត្ត ឬហៅសន្និសីទរវាងមេដឹកនាំយោធានៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩។ សន្និសីទមួយនេះបានចូលរួមដោយ ៣០ប្រទេស រួមមានអាមេរិក បារាំង អូស្រា្តលី ជប៉ុន ឥណ្ឌា វៀតណាម ឬមួយក៏ប្រទេសហ្វីលីពីន។ ឥណ្ឌូប៉ាស៊ីហ្វិកជាប្រធានបទចម្បងនៃកិច្ចប្រជុំថ្នាក់មេទ័ព និងមន្រ្តីយោធារវាងអាមេរិក និងសម្ព័ន្ធមិត្តរយៈពេល ២ថ្ងៃក្នុងទីក្រុងញូដដែលី ប្រទេសឥណ្ឌា។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត នាយសេនាធិការកងទ័ពជើងគោកអាមេរិកលោក Randy George ដែលឈរក្បែរសមភាគីឥណ្ឌាលោក Manoj Pande បានរម្លឹកពីសារៈសំខាន់របស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងសន្យាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីរក្សាតំបន់មួយនេះឱ្យនៅសេរី និងបើកចំហ។
ចំណែកលោក Manoj Pande បានថ្លែងថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានប្រឈមនឹងបញ្ហាសន្តិសុខនៅលើគោក និងនៅលើសមុទ្រ។ តាមសេនាធិការកងទ័ពជើងគោកឥណ្ឌារូបនេះដដែល បញ្ហាសន្តិសុខនេះនឹងនាំឲ្យមានជម្លោះទឹកដីពាក់ព័ន្ធនឹងដីគោក និងក្នុងករណីខ្លះអាចពាក់ព័ន្ធនឹងការបង្កើតទីប្រជុំកោះសិប្បនិមិត្មកាន់តែច្រើនដើម្បីសាងសង់លំនៅដ្ឋាន និងមូលដ្ឋានទ័ព។ ត្រង់ចំណុចនេះ លោក Manoj Pande ចង់និយាយសំដៅប្រទេសចិនដែលកំពុងទាមទារយកសមុទ្រចិនខាងត្បូងជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួន។ ចូរកុំភ្លេចថា នៅក្នុងរឿងសមុទ្រចិនខាងត្បូងនេះ ចិនកំពុងមានជម្លោះជាមួយប្រទេសអាស៊ានខ្លះ ពិសេសវៀតណាម និងហ្វីលីពីន។
ដូច្នេះសម្រាប់ចិន ការនិយាយពីអាស៊ីប៉ាស៊ីហ្វិក ឬឥណ្ឌូប៉ាស៊ីហ្វិកជារឿងដែលខ្លួនមិនអាចនៅស្ងៀមឈរឱបដៃមើលបានឡើយ។ ខណៈដែលកិច្ចប្រជុំក្នុងប្រទេសឥណ្ឌាកំពុងឈានចូលថ្ងៃទី២ ក្នុងថ្ងៃពុធ ទី២៧ កញ្ញា ចិនតាមរយៈប្រមុខការទូតលោកវ៉ាង យីបានធ្វើសន្និសីទកាសែតមួយក្នុងក្រុងប៉េកាំង។ លោកវ៉ាង យីបានព្រមាននៅក្នុងសន្និសីទកាសែតថា ចិនប្រឆាំងដាច់ខាតនឹងការពង្រីកដោយឥតប្រុងប្រយ័ត្ននៃសម្ព័ន្ធភាពយោធា និងការបង្រួមទំហំសន្តិសុខរបស់ប្រទេសផ្សេង។ តាមពិត ការព្រមានរបស់លោកវ៉ាង យីនេះមិនមែនជាថ្មីទេ ព្រោះចិនធ្លាប់បានព្រមានតាំងពីយូរថា កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសម្ព័ន្ធភាពយោធា ដូចជាអង្គការអូតង់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងបង្កឲ្យមានជម្លោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ