ពីកោះវ៉ានូទូ លោកម៉ាក្រុង បរិហារអំពី “នយោបាយចក្រពត្រនិយមសម័យថ្មី” ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
ចុះផ្សាយនៅថ្ងៃ៖
លោកអេម៉ានុយអែល ម៉ាក្រុង បន្ទាប់ពីចេញពីកោះនូវែលកាឡេដូនី បានធ្វើដំណើរទៅដល់ កោះវ៉ានូទូ ដែលជាប្រទេសឯករាជ្យមួយក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកខាងត្បូង។ នេះគឺជាដំណើរទស្សនកិច្ច ក្នុងទិសដៅដែលលោកម៉ាក្រុង ចង់ពង្រឹងបញ្ជាក់ អំពីវត្តមានរបស់បារាំង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលកំពុងតែស្ថិតនៅចន្លោះ នៃការដណ្តើមវាតទីឥទ្ធិពល រវាងចិន និងសហរដ្ឋអាមេរិក។ យ៉ាងណាមិញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ពីកោះវ៉ានូទូ លោកម៉ាក្រុង បានថ្លែងបរិហារដោយមិនបញ្ចេញឈ្មោះ ស្តីអំពី គោលនយោបាយចក្រពត្រនិយមសម័យថ្មី នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។
ទស្សនកិច្ចរបស់លោកម៉ាក្រុងនៅវ៉ានូទូ វាស្ថិតនៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រការទូតរបស់បារាំង ដើម្បីឈរជើងមានវត្តមាន សហការជាមួយដែនដី ព្រមទាំងប្រទេសកូនកោះទាំងអស់ នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ កាលពីដើមសប្តាហ៍នេះ លោកម៉ាក្រុងបានទៅដល់ កោះនូវែលកាឡេដូនី ដែលជាដែនដីនាយសមុទ្ររបស់បារាំង ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីប្រជុំកោះវ៉ានូទូ។
“វត្តមានបារាំង ដើម្បីការពារអធិបតេយ្យភាពរបស់ប្រជាជនម្ចាស់ស្រុក”
កោះវ៉ានូទូ គឺជាប្រទេសឯករាជ្យតែមួយគត់ក្នុងតំបន់នេះ ដែលនិយាយភាសាបារាំង។ កាលពីអតីតកាល កោះនេះធ្លាប់ត្រូវបានបារាំងដាក់អាណានិគមដែរ ដោយប្រជែងគ្នាជាមួយអង់គ្លេស។ នៅក្នុងសុន្ទរកថា ថ្លែងចេញពីក្រុង ប៉រវីឡា រដ្ឋធានីវ៉ានូទូ លោកម៉ាក្រុង បានរៀបរាប់ អំពីគោលគំនិតរបស់រដ្ឋបារាំង ទាក់ទិននឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យុទ្ធសាស្ត្រនេះ លោកម៉ាក្រុង បានបញ្ជាក់ថា នឹងផ្តោតទៅលើ បន្ទាត់២ដ៏សំខាន់ ដែលបារាំងបានផ្តល់អាទិភាព ទីមួយគឺផ្នែកសន្តិសុខការពារជាតិ ហើយទី២គឺ ការប្រយុទ្ធប្រឆាំងនឹងការកើនឡើងកំដៅផែនដី ដែលជាចំណុចស្លាប់រស់ នៃបណ្តាប្រទេសកូនកោះក្នុងតំបន់នេះ តួយ៉ាងដូចវ៉ានូទូនេះឯង។
ហើយនៅពីក្រោយបន្ទាត់សំខាន់ទាំង២នេះ គឺលោកម៉ាក្រុង បានបញ្ជាក់ថា បារាំងបានកំនត់ត្រីវិស័យថ្មីមួយ ដោយធ្វើយ៉ាងណា ជួយការពារ បូរណភាព អធិបតេយ្យភាព ជូនប្រជាជនម្ចាស់ស្រុក ព្រមទាំងការពារឯករាជ្យភាព ភាពជាម្ចាស់ការ របស់រដ្ឋ របស់ប្រទេសក្នុងតំបន់នេះ។
លោកម៉ាក្រុង បានថ្លែងបញ្ជាក់ថា ក្នុងនាមលោកជាប្រធានាធិបតីបារាំង លោកពិតជាទទួលស្គាល់ ចំពោះប្រវត្តិសាស្ត្រ ការឈឺចាប់ទាំងអំបាលម៉ាន ដែលបានកើតឡើងដោយសារតែការដាក់អាណានិគមបារាំង កាលពីអតីតកាល។ បារាំងកាលជំនាននោះ បានបានកាប់គាស់បូមជញ្ជក់ស្រូបយកធនធាន របស់កោះវ៉ានូទូ ព្រមទាំងបានជិះជាន់កេងប្រវញ្ចលើប្រជាជនម្ចាស់ស្រុក។ តែយ៉ាងណា លោកម៉ាក្រុង បានថ្លែងថា សម្រាប់ពេលនេះនិងពេលអនាគត បារាំងដែលមានវត្តមាន នៅកោះនូវែលកាឡេដូនី និងប្រជុំកោះប៉ូលីណេស៊ី គឺបារាំងចង់ពង្រឹងវត្តមាន មានសិទ្ធិឈរជើង ក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ដោយគោរព និងមានតម្លាភាពបំផុត។ ពោលគឺបារាំង អាចជាជម្រើសមួយដ៏ត្រឹមត្រូវ សម្រាប់ប្រទេសក្នុងតំបន់នេះ។
“ចក្រពត្រនិយមសម័យថ្មី”
យ៉ាងណាមិញ ដោយមិនបានបញ្ចេញឈ្មោះឲ្យចំ លោកម៉ាក្រុង បានថ្លែងសារបរិហារ អំពីគ្រោះថ្នាក់ នៃនយោបាយ “ចក្រពត្រនិយមសម័យថ្មី” នៅក្នុងតំបន់នេះ។ នរណាៗក៏ដឹងដែរថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយ កំពុងតែក្លាយជាសង្វៀនប្រជែង ដណ្តើមឥទ្ធិពល រវាងចិននិងសហរដ្ឋអាមេរិក។ ស្ថិតក្នុងបរិបទនេះ លោកម៉ាក្រុង បានលើកឡើងថា បារាំងអាចជាកម្លាំងមួយថ្មី ដើម្បីធានាតុល្យភាព នៅចន្លោះការប្រជែងដណ្តើមគ្នា រវាងចិន និងសហរដ្ឋអាមេរិក។ ពោលគឺយើងនិយាយឲ្យងាយស្តាប់ថា លោកម៉ាក្រុង ខំប្រឹងអួតថា បារាំង គឺជាមហាអំណាចមួយ ដែលរក្សាតុល្យភាព។
លោកម៉ាក្រុង បានបន្ថែមថា នៅតំបន់អូសេអានី ប៉ាស៊ីហ្វិកខាតត្បូងនេះ ការលូកដៃចូលជ្រៀតជ្រែកពីមហាអំណាចធំៗ គឺកាន់តែខ្លាំងដៃទៅៗហើយ។ ជាសកម្មភាព ដែលលោកម៉ាក្រុង ចាត់ទុកថា ជាគោលនយោបាយ ចក្រពត្រសម័យថ្មី របស់ប្រទេសខ្លះ ដែលចង់សង្កត់ឥទ្ធិពលទៅលើប្រទេសតូចៗក្នុងតំបន់នេះ។ គោលនយោបាយនេះ វាគំរាមអធិបតេយ្យភាព ឯករាជ្យភាពរបស់ប្រទេសទាំងនេះ។ លោកបានលើកឧទាហរណ៍ អំពី ការផ្តល់ប្រាក់កំចី ទាំងដុំៗ ជាមួយលក្ខខណ្ឌគ្មានតម្លាភាព ដើម្បីបងបញ្ឆោតប្រទេសតូចៗ។ ជាបំណុលដែលចងក ច្របាច់ក ធ្វើឲ្យរដ្ឋកូនបំណុល ឈានធ្លាក់ទ្រុឌទ្រោម ស្ថិតក្រោមគំនាមគេតែម្តង។
លោកម៉ាក្រុង មិនបានបញ្ចេញឈ្មោះចិនទេ តែកាលពីនៅកោះនូវែលកាឡេដូនី លោកម៉ាក្រុង បាននិយាយក្រឿនរំលឹក ដល់ក្រុមអ្នកនយោបាយដែលចង់បានឯករាជ្យ ហើយចង់បើកឲ្យចិនចូលមកវិនិយោគបើកកំពង់ផែធំៗ។ លោកម៉ាក្រុង បានថ្លែងបែបចំអក កុំសង្ឃឹមថានឹងការពារឯករាជ្យបាន នៅពេលណាបើកកំពង់ផែឲ្យចិនមកគ្រប់គ្រងនោះ។
ទាក់ទិននឹងសហរដ្ឋអាមេរិកវិញ យើងសង្កេតថាមានការចៃដន្យណាស់ ព្រោះថា លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ឡយ អូស្ទីន កំពុងតែមានវត្តមាននៅ ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។ តាមធម្មតាថ្ងៃស្អែកនេះ លោកម៉ាក្រុង នឹងបន្តដំណើរទៅទីនោះ។ តែគ្មានគម្រោងជួបគ្នាណាមួយ រវាងលោករដ្ឋមន្ត្រីការពារជាតិអាមេរិក ជាមួយ លោកម៉ាក្រុងទេ។ លោកម៉ាក្រុងបានប្រកាសថា បារាំងនឹងបើកស្ថានទូតមួយ នៅឯកោះសាម៉័រ។ ចំណែកលោកអង់តូនីប្លីងកិនវិញ កំពុងស្ថិតនៅកោះតុងហ្កា ដើម្បីបើកសម្ពោធស្ថានទូតមួយដែរ។ លោកប្លីងកិន ក៏បានថ្លែងក្រើនរំលឹកដែរ ឲ្យប្រយ័ត្នចំពោះបំណុល កម្ចីវិនិយោគ ដែលចិនប្រើជាអន្ទាក់។
“បារាំងជាមហាអំណាចនៃតុល្យភាព”
បើយើងស្តាប់សម្តីលោកម៉ាក្រុង អ្វីដែលបារាំងមានជាពិសេសជាងគេ គឺភាពស្មោះត្រង់ និងតម្លាភាព។ វត្តមានរបស់បារាំង គឺជាវត្តមានដែលនឹងផ្តោតជាអាទិភាព ដល់សុខមាលភាព និងការរីកចម្រើនរបស់ប្រជាជនម្ចាស់ស្រុក។ លើសពីនេះ បារាំងមានភាពស្របច្បាប់ ព្រោះបារាំងជាប្រទេសអឺរ៉ុបតែមួយគត់ ដែលមានដែនដីរដ្ឋបាលនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប្រជាជនបារាំងមានចំនួន១លាន៦សែននាក់ រស់នៅតាមដែនដីនាយសមុទ្រទាំង៧របស់បារាំង ក្នុងតំបន់នេះ។ បារាំងមានសិទ្ធិស្របច្បាប់ លើលំហដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ ទំហំ ៩លានគីឡូម៉ែត្រក្រឡា។
គម្រោងរបស់បារាំង គឺមិនមែនផ្តោតតែទៅលើបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្ម ឬការពារជាតិនោះទេ។ តែបារាំងនឹងជួយជ្រោមជ្រែងប្រទេសកូនកោះទាំងអស់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ យ៉ាងណាមិញ កោះវ៉ានូទូ ជាកោះដែលប្រឈមបំផុត ដោយសារទឹកសមុទ្រឡើងកំពស់ ហើយរដ្ឋាភិបាលប្រទេសនេះ គឺជាអ្នកនាំមុខគេមួយ នៅក្នុងយុទ្ធនាការអូសទាញ ពញ្ញាក់សហគមន៍អន្តរជាតិ ឲ្យប្រឹងប្រែងដោះស្រាយវិបត្តិអាកាសធាតុ។ បារាំង ធ្លាប់បានគាំទ្រយ៉ាងសកម្ម នៅពីក្រោយវ៉ានូទូ ជាពិសេសក្នុងឈានទៅអនុម័តសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាសន្តិសុខ ស្តីពីការកំណត់កាតព្វកិច្ចរបស់ប្រទេសនីមួយៗ ដែលត្រូវដោះស្រាយវិបត្តិអាកាសធាតុ។
ជាសក្ខីកម្មមួយបញ្ជាក់ពីការសន្យាជួយរបស់បារាំងក្នុងតំបន់ ប៉ាស៊ីហ្វិកខាងត្បូង លោកម៉ាក្រុងបានប្រកាសថា ទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍន៍ នឹងមានកញ្ចប់ប្រាក់ចំនួន ២០០លានអឺរ៉ូ ពាក់កណ្តាលជាជំនួយឥតសំណង ពាក់កណ្តាលជាកម្ចីវិនិយោគ ដើម្បីប្រើក្នុងតំបន់នេះ។ ទឹកប្រាក់នេះកើនលើស៥ឆ្នាំមុន មួយទ្វេរជា៥ឯណោះ។ ចេញពីវ៉ានូទូ លោកម៉ាក្រុងនឹងបន្តដំណើរទៅស្រីលង្ការ ប្រទេសកូនបំណុលមួយទៀតរបស់ចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ