អានតួអត្ថបទ
បារាំង-បង់ក្លាដែស

បន្ទាប់ពី G២០ ប្រធានាធិបតីបារាំងទៅបង់ក្លាដែសដើម្បីពង្រឹងយុទ្ធសាស្រ្តបារាំងនៅឥណ្ឌូប៉ាស៊ីហ្វិក

បន្ទាប់​ពី​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល G២០ ក្នុង​ប្រទេស​ឥណ្ឌា ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​បាន​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​នា​យប់​ថ្ងៃ​អាទិត្យ ទី១០ កញ្ញា។ កម្មវត្ថុ​របស់​លោក​ម៉ាក្រុង​គឺ​ដើម្បី​បើក​ទំព័រ​ថ្មី​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​បង់ក្លាដែស និង​ដើម្បី​ពង្រឹង​យុទ្ធសាស្រ្ត​របស់​បារាំង​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក។

ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ និង​​នាយករដ្ឋមន្ត្រី​បង់ក្លាដែស​លោកស្រី​ឆេក ហាស៊ីណា​ក្នុង​ក្រុង​ដាកា ថ្ងៃទី១១ កញ្ញា ២០២៣។
ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ និង​​នាយករដ្ឋមន្ត្រី​បង់ក្លាដែស​លោកស្រី​ឆេក ហាស៊ីណា​ក្នុង​ក្រុង​ដាកា ថ្ងៃទី១១ កញ្ញា ២០២៣។ via REUTERS - Prime Minister's Office of Bangl
ផ្សាយពាណិជ្ជកម្ម

ជម្រើស​របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​ប្រទេស​នៅ​អាស៊ីខាងត្បូង​មួយ​នេះ​រក​ឃើញ​ឡើង​វិញ​បន្តិច​ម្តងៗ​នូវ​កន្លែង​របស់​ខ្លួន​នៅ​លើ​ឆាកអន្តរជាតិ។ នៅ​ក្នុង​អំឡុង​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជា​ផ្លូវការ​ជាមួយ​​នាយករដ្ឋមន្ត្រី​បង់ក្លាដែស​លោកស្រី​ឆេក ហាស៊ីណា​ក្នុង​ក្រុង​ដាកា លោក​ម៉ាក្រុង​បាន​កោតសរសើរ​ពី​ជោគជ័យ​ដ៏​អស្ចារ្យ​របស់​ប្រទេសបង់ក្លាដែស​ដែល​បាន​កសាង​ឡើង​ដោយ​ផ្អែក​លើ​គោលការណ៍ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។

លោក​ម៉ាក្រុង​បាន​សន្យា​នៅ​ចំពោះ​មុខ​លោកស្រី​ឆេក ហាស៊ីណា​ថា បារាំង​នឹង​ស្ថិត​នៅ​ជាមួយ​បង់ក្លាដែស​នា​ពេល​អនាគត ពិសេស​ជួយ​បង់ក្លាដែស​ឲ្យ​សម្របខ្លួន​ទៅ​នឹង​ការ​ឡើង​កម្តៅ​លើ​ភពផែនដី។ តែ​បើ​តាម​មើល​ទៅ នេះ​គ្រាន់​ជា​គោលដៅ​តូច​មួយ​ប៉ុណ្ណោះ ព្រោះ​អ្វី​ដែល​លោក​ម៉ាក្រុង​ចង់​បាន​តាម​រយៈ​ទស្សនកិច្ច​នៅ​បង់ក្លាដែស​ពេល​នេះ គឺ​ពង្រឹង​យុទ្ធសាស្រ្ត​របស់​បារាំង​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ដែល​កំពុង​ស្គាល់​កំណើន​តានតឹង និង​ការ​ប្រជែង​គ្នា​ខ្លាំង​រវាង​អាមេរិក និង​ប្រទេស​ចិន។

« នៅ​ក្នុង​តំបន់​មួយ​ដែល​បាន​ប្រឈម​នឹង​ចក្រពត្តិនិយម​ថ្មី យើង​ចង់​ស្នើ​ផ្លូវ​ទី៣ ដោយ​គ្មាន​ឆន្ទៈ​ចង់​បំភិតបំភ័យ​ដៃគូ​របស់​យើង ឬ​មួយ​ក៏​ចង់​នាំ​ពួក​គេ​ឲ្យ​ចូល​ទៅ​ក្នុង​ផែនការ​មួយ​ដែល​គ្មាន​និរន្តរភាព » នេះ​ជា​ការ​ថ្លែង​របស់​លោក​ម៉ាក្រុង។ ទោះ​បី​ជា​លោក​ម៉ាក្រុង​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​ក៏​ដោយ​ក៏​គេ​ដឹង​ថា​លោក​ចង់​និយាយ​សំដៅ​លើ​ចិន​ដែល​បាន​ប្រើ​ជំនួយ​ជា​ការទូត​បំណុល​សម្រាប់​ប្រទេស​ក្រីក្រ ដូច​យ៉ាង​បង់ក្លាដែស។

ជា​ការ​ឆ្លើយ​តប​វិញ លោកស្រី​ឆេក ហាស៊ីណា​បាន​សាទរ​លើ​ការ​លើក​ឡើង​របស់​លោក​ម៉ាក្រុង​ដែល​ស្របគ្នា​នឹង​គោលនយោបាយការបរទេស​របស់​បង់ក្លាដែស។ តាម​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ វត្តមាន​របស់​លោក​ម៉ាក្រុង​នៅ​បង់ក្លាដែស​ជា​ឱកាស​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ខណៈ​ដែល​បង់ក្លាដែស​កំពុង​ស្គាល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឆាប់​រហ័ស និង​កំពុង​ស្វែង​រក​ដៃគូ​ពី​គ្រប់​ទីសទី។ លោក​ម៉ាក្រុង​បាន​ថ្លែង​ក្នុង​ថ្ងៃ​ចន្ទ ទី១១ កញ្ញា​ថា បង់ក្លាដែស​សន្យា​ទិញ​យន្តហោះ Airbus ប្រភេទ A350 ចំនួន ១០គ្រឿង​ក្នុង​តម្លៃ​សរុប​ជាង ៣ ២០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ