អានតួអត្ថបទ
តួកគី-គ្រោះធម្មជាតិ

រញ្ជួយដីនៅតួកគី៖ អ.ស.ប. បានទទួលប្រាក់ជំនួយ​ចំនួន​១ភាគ៤ ក្នុង​ប្រតិបត្តិការមនុស្សធម៌

គ្រោះរញ្ជួយដី​កាលពីថ្ងៃទី៦កុម្ភៈ បានប៉ះពាល់ដោយផ្ទាល់ទៅលើ​ប្រជាជនតួកគីប្រមាណ៩លាននាក់។ អង្គការសហប្រជាជាតិបានអំពាវនាវ ប្រមូល​ប្រាក់វិភាគទានចំនួន​១ពាន់​លានដុល្លារ ដើម្បីជួយ​យកអាសារជនរងគ្រោះ ដែលកំពុងរស់នៅ ក្នុងស្ថានភាព​លំបាកយ៉ាងខ្លាំង​។ គិតត្រឹមពេលនេះ អង្គការសហប្រជាជាតិ បានទទួលប្រាក់ចំនួន ប្រមាណ​១ភាគ​៤ហើយ ដែលស្មើនឹង ២៦៨លានដុល្លារ។

ប្រជាជនដែលបាត់បង់ផ្ទះសម្បែង ដោយគ្រោះរញ្ជួយដី កំពុងតម្រង់ជួរទទួលជំនួយ​មនុស្សធម៌។ ជំរំនៅក្រុង Iskenderun ភាគខាងត្បូងតួកគី ថ្ងៃទី ១៤ កុម្ភៈ ២០២៣
ប្រជាជនដែលបាត់បង់ផ្ទះសម្បែង ដោយគ្រោះរញ្ជួយដី កំពុងតម្រង់ជួរទទួលជំនួយ​មនុស្សធម៌។ ជំរំនៅក្រុង Iskenderun ភាគខាងត្បូងតួកគី ថ្ងៃទី ១៤ កុម្ភៈ ២០២៣ AP - Hussein Malla
ផ្សាយពាណិជ្ជកម្ម

យោងតាម​អ្នកនាំពាក្យការិយាល័យ​សម្របសម្រួល​​កិច្ចការមនុស្សធម៌​ នៃអង្គការសហប្រជាជាតិ លោក Jens Laerke គឺគិតត្រឹមពេលនេះ អង្គការសហប្រជាជាតិបានទទួលប្រាក់ជំនួយ ចំនួន២៦៨លានដុល្លារ។​ ក្នុងចំណោមអ្នកដែ​ល​បានផ្តល់​ប្រាក់វិភាគទាននេះច្រើនជាងគេ គឺមាន​ សហរដ្ឋអាមេរិក កូវ៉េត សហភាពអឺរ៉ុប អារ៉ាប៊ីសាអូឌីត និង​ប្រាក់បានមកពីមូនិធិ​សង្គ្រោះបន្ទាន់​នៃអង្គការសហប្រជាជាតិ​។

អ្នកនាំពាក្យនេះអះអាងថា ប្រតិបត្តិការជួយសង្គ្រោះ​ដំណាក់កាលទី​១ បានចប់សព្វគ្រប់ហើយ  ដោយក្រុមជំនាញ​មនុស្សធម៌នៃអង្គការសហប្រជាជាតិ បាន​បើកប្រតិបត្តិការរុករកអ្នករស់រានមានជីវិត និង​ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់​ជនរងគ្រោះដោយ​ការរញ្ជួយដីនៅតួកគី។ ក្រុមការងារកំពុងតែបោះជំហាន ឈានចូលដល់ដំណាក់កាលបន្ទាប់ ដែលជាដំណាក់​ការ​ផ្តល់ជំនួយ​មនុស្សធម៌បន្ទាន់ ដល់​ប្រជាជនរងគ្រោះដែលបាត់បង់ការងារនឹងជម្រក។

គួរបញ្ជាក់ថា យោងតាមតួលេខអង្គការសហប្រជាជាតិ គ្រោះរញ្ជួយដី​កាលពីថ្ងៃទី​៦កុម្ភៈ បានបណ្តាលឲ្យស្លាប់មនុស្ស​ប្រមាណ​៥៥០០០នាក់ និងបានប៉ះពាល់​ដោយ​ផ្ទាល់ ដល់​ប្រជាជនតួកគី​​​ប្រមាណ​៩លាននាក់ ក្នុងនោះយ៉ាងហោច៣លាននាក់ ត្រូវ​ក្លាយជាជនភៀស​ខ្លួន​។ ក្រុមការងារមនុស្សធម៌នៃអង្គការសហប្រជាជាតិ បាន​បើក​ប្រតិបត្តិការជួយ​ផ្តល់ជាជំនួយសម្ភាៈប្រើប្រាស់ សម្ភារៈធ្វើជម្រកបណ្តោះអាសន្ន ចំណីអាហារ និង​ថ្នាំសង្កូវ ដល់​មនុស្ស​ប្រមាណជាង​៤លាននាក់។

យោងតាមអង្គការ FAO ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ទីតាំងស្តុកទិន្នផលដំណាំ ដីចំការ ទីទាំងកសិដ្ឋាន​ចិញ្ចឹមសត្វ និង​ការនេសាទជាដើម ត្រូ​វបានខូចខាតយ៉ាងដំណំ។ ២០%នៃផលិតផល​កសិកម្មរបស់​តួកគី ត្រូវបាន​ខូចខាតដោយសារតែគ្រោះមហន្តរាយនេះ​ ដែលគិតជាទឹកប្រាក់ខូចខាត​សរុប មានទំហំប្រមាណ​១៣០០លានដុល្លារ​។ អង្គការ FAO បានអំពាវនាវរកប្រាក់ចំនួន ១១២លានដុល្លារ ដើម្បី​ជួយដល់តំបន់រងគ្រោះ តាមរយៈការ​ផ្តល់ពូជតំណាំ ពូជសត្វចិញ្ចឹម និង​សម្ភា​រៈកសិកម្ម​ចាំបាច់នានា ដល់​ប្រជាកសិករ​។

គួរបញ្ជាក់ដែរថា ក្រៅពីគម្រោងថវិកាជួយផ្នែក​មនុស្ស​ធម៌ ដែលអង្គការសហប្រជាជាតិបានអំពាវនាវចំនួន​១ពាន់លានដុល្លារ សហភាពអឺរ៉ុបបាន​ប្រកាសកាលពីថ្ងៃទី​២០មីនា សន្យា​ចំណាយចំនួន​១ពាន់លានអឺរ៉ូ ដើម្បី​ជួយ​សាងសង់​តួកគី ដែលជាជំហានបន្ទាប់នៃប្រតិបត្តិការមនុស្សធម៌​។ ដោយឡែក សម្រាប់ជនរងគ្រោះដោយគ្រោះរញ្ជួយដីនេះនៅស៊ីរីវិញ អង្គការសហប្រជាជនបានអំពាវនាវរកថវិកាចំនួន ៤០០លានដុល្លារ សម្រាប់ចំណាយ​រយៈពេល​៣ខែ ជួយ​ដល់​ជនរងគ្រោះស៊ីរីចំនួន​ប្រមាណ​៥លាននាក់។ គិតត្រឹមពេលនេះ អង្គការសហប្រ​ជាជាតិបានទទួលប្រាក់ ចំនួន​៩២%ហើយ ដែលភាគច្រើន បានមកពី​អាល្លឺម៉ង់ សហរដ្ឋអាមេរិក កូវ៉េត អារ៉ាប៊ីសាអូឌីត និង​ស៊ុយអែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ