អានតួអត្ថបទ
តួកគី

គ្រោះរញ្ជួយដី៖ អង្គការសហប្រជាជាតិ​អំពាវនាវ​រកថវិកា ១ពាន់លាន​ដុល្លារ​សម្រាប់​ជួយតួកគី និងស៊ីរី

នៅចំពោះមុខ​គ្រោះមហន្តរាយធម្មជាតិ គ្រោះរញ្ជួយដី ដែលបានសម្លាប់មនុស្ស​យ៉ាងតិច ៤ម៉ឺននាក់ នៅប្រទេស​តួកគី និង​នៅស៊ីរី អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ស្វែងរកថវិកា ១ពាន់លាន​ដុល្លារ​ដើម្បី​ជួយ​ប្រជាជនរងគ្រោះ ដោយសារ​ការរញ្ជួយដី។ នៅ​តួកគី និងស៊ីរី ប្រតិបត្តិការស្វែងរក​ជនរងគ្រោះ ដោយសារ​នៅតែបន្ត ប៉ុន្តែ ក្តីសង្ឃឹម​រកឃើញ​អ្នកមាន​ជីវិត នៅក្រោម​គំនរអគារថ្ម​បាក់បែក នៅ​១១​ថ្ងៃក្រោយ គ្រោះរញ្ជួយដី មាន​កាន់តែ​តិចតួច។ តាមប្រភព​មន្រ្តីសុខាភិបាល​របស់​តួកគី​និង​ស៊ីរី ជនរងគ្រោះស្លាប់ដោយសារ​គ្រោះរញ្ជួយដី បាន​សម្លាប់មនុស្ស ៤១ ៧៣២នាក់ ដែល​នៅក្នុងនោះ​ ៣៨ ០៤៤នាក់ ជា​ប្រជាជនតួកគី និង​៣៦៨៨នាក់ ស្ថិតក្នុងប្រទេស​ស៊ីរី។

ក្រុមជួយសង្រ្គោះនៅប្រទេស​តួកគី
ក្រុមជួយសង្រ្គោះនៅប្រទេស​តួកគី © Jade
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃ​ព្រហស្បតិ៍ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គូទែរស៍ អំពាវនាវ​ស្វែងរក​ថវិកា​១ពាន់​លាន​ដុល្លារ សម្រាប់ជួយ​ប្រជាជនរងគ្រោះដោយសារ​ការរញ្ជួយដី នៅ​ក្នុង​ប្រទេស​តួកគី និងស៊ីរី។

សម្រាប់​ប្រមុខ​អង្គការ​សហប្រជាជាតិ ថវិកាជំនួយ ១ពាន់លាន​ដុល្លារ អាច​ជួយ​មនុស្ស​ជាង ៥លាន​នាក់ និង​អនុញ្ញាត​ឲ្យ​អង្គការ​មនុស្សធម៌អាច​ផ្តល់ជំនួយ​គាំទ្រ​សកម្មភាព​របស់​រដ្ឋាភិបាល​រដ្ឋាភិបាល តួកគី សម្រាប់​រយៈពេល ៣ខែ។

នៅចំពោះមុខ​គ្រោះរញ្ជួយដី​ដ៏មហន្តរាយ​ប្រចាំសតវត្សរ៍ ដែលបាន​​សម្លាប់ជីវិត​មនុស្ស​ជាង ៤ម៉ឺននាក់ និង​បង្កការខូចខាត រំលំបំផ្លាញអគារ​បាក់រាបដល់ដី នៅ​តួកគី និងស៊ីរី អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បានអំពាវនាវ​សុំ​ឲ្យ​សហគមន៍អន្តរជាតិ​មាន​សាមគ្គីភាព និងចិត្តសុប្បរស ជួយ​តួកគី។

តួកគីដែល​ធ្លាប់​តែ​ជាប្រទេស​មានសណ្តានចិត្ត​ល្អ ធ្លាប់​ជួយ​យក​អាសារ​ផ្តល់ជំរក​ដល់​ប្រជាជន​ភៀសខ្លួន​ស៊ីរី ច្រើនជាងគេ នៅក្នុងពិភពលោក។

សង្រ្គាមស៊ីវិល​ដែលផ្ទុះឡើង​នៅស៊ីរី កាលពី​១២ឆ្នាំមុន បានធ្វើ​ឲ្យ​ប្រជាជន​ស៊ីរី​ប្រមាណ ៤លាននាក់​រត់ភៀសខ្លួន​ចេញពីប្រទេស ទៅជ្រកកោន​នៅ​តួកគី ប្រទេស​ជិតខាង។ នៅថ្ងៃ​សុក្រ នៅច្រកព្រំដែនតួកគី និងស៊ីរី គេ​សង្កេត​ឃើញ​លំហូរ​ប្រជាជន​ភៀសខ្លួន​ស៊ីរី ដែល​តម្រង់ជួរ ធ្វើដំណើរ​ត្រលប់​ចូល​ទឹកដី​ស៊ីរី។

តាម​អង្គការ​សហប្រជាជាតិ ខេត្ត​ចំនួន​១១​របស់​តួកគី ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយសារ​គ្រោះរញ្ជួយដី កម្រិត ៧,៨មាត្រដ្ឋាន​រិចទែរ កាលពីថ្ងៃទី ៦​កុម្ភៈ ធ្លាប់​ជា​កន្លែង​ជ្រកកោន​របស់​ជនភៀសខ្លួន​ប្រមាណ ១លាន ៧សែននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ