អានតួអត្ថបទ

ម៉ាឡេស៊ី៖អតីតនាយករដ្ឋមន្រ្តីត្រូវបានឃាត់ខ្លួនភ្លាមៗនៅក្រោយការសួរនាំពីអង្គភាពប្រឆាំងអំពើពុករលួយ

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី អតីត​នាយករដ្ឋមន្រ្តី​លោក​មូយីដឌីន យ៉ាស៊ីន​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៩ មីនា​ក្រោយ​ពី​ការ​សួរនាំ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅកាត់ MACC។ សំណុំរឿង​ដែល MACC បាន​ចោទ​សួរ​លោក​មូយីដឌីន យ៉ាស៊ីន គឺ​ទាក់ទង​នឹង​ការ​កេងបន្លំ​ថវិកា​រដ្ឋ​ដែល​សម្រាប់​ចាយវាយ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ តែ MACC មិន​ភ្លេច​បញ្ជាក់​ថា អតីត​នាយករដ្ឋមន្រ្តី​រូប​នេះ​អាច​នឹង​រង​បទចោទប្រកាន់​ច្រើន​ទៀត​ក្នុង​ថ្ងៃ​សុក្រ ទី១០ មីនា​នេះ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​សកម្មជន​គាំទ្រ​លោក​មូយីដឌីន យ៉ាស៊ីន​បាន​ចាត់​ទុក​ចំណាត់ការ​របស់ MACC ថា​មាន​លក្ខណៈ​នយោបាយ។

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី អតីត​នាយករដ្ឋមន្រ្តី​លោក​មូយីដឌីន យ៉ាស៊ីន​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៩ មីនា​ក្រោយ​ពី​ការ​សួរនាំ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅកាត់ MACC។
នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី អតីត​នាយករដ្ឋមន្រ្តី​លោក​មូយីដឌីន យ៉ាស៊ីន​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៩ មីនា​ក្រោយ​ពី​ការ​សួរនាំ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅកាត់ MACC។ AP - FL Wong
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៧៥ឆ្នាំ លោក​មូយីដឌីន យ៉ាស៊ីន​ធា្លប់​បាន​អង្គុយ​កៅអី​នាយករដ្ឋមន្រ្តី​រយៈពេល ១៧ខែ​នៅ​ចន្លោះ​ឆ្នាំ ២០២០ និង​ឆ្នាំ ២០២១ ពោល​ក្នុង​ពេល​ដែល​ម៉ាឡេស៊ី​បាន​រង​ការ​វាយប្រហារ​ពេញទំហឹង​ដោយ​កូវីដ១៩។ បច្ចុប្បន្ន លោក​មូយីដឌីន យ៉ាស៊ីន​ជា​ប្រធាន​គណបក្ស​ជនជាតិ​ភាគតិច​ម៉ាឡេស៊ី​ហៅ​កាត់ Bersatu ដែល​ជា​គណបក្សប្រឆាំង។ តាម​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅកាត់ MACC លោក​មូយីដឌីន​ត្រូវ​បាន​សួរ​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ស៊ើបអង្កេត​ទាក់ទង​នឹង​វិធានការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​នៅ​ក្រោយ​កូវីដ១៩ ដែល​លោក​បាន​សម្រេច​ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី​ពេល​នោះ រួម​ទាំង​រឿងរ៉ាវ​ពាក់ព័ន្ធ​ផ្សេង​ទៀត។

នៅ​ពេល​ទៅ​ដល់​ទីស្នាក់ការ MACC លោក​មូយីដឌីន​មិន​បាន​ថ្លែង​អ្វី​ទាំង​អស់។ តែ​ក្រុម​អ្នកគាំទ្រ​លោក​ប្រមាណ​ជា ១០០នាក់​នៅ​ពី​មុខ MACC បាន​ថ្លែង​ថា ការ​កោះ​ហៅ​លោក​មូយីដឌីន​ទៅ​សួរនាំ​ជា​ទង្វើ​យាយី​ផ្លូវ​នយោបាយ ដើម្បី​បំបាក់​មុខមាត់​ប្រធាន​គណបក្ស Bersatu និង​ក៏​ដើម្បី​បំផ្លិចបំផ្លាញ​ប្រជាប្រិយភាព​របស់​គណបក្ស​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​វ័យក្មេង​ដែរ។ គួរ​បញ្ជាក់​ថា នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ការ​ចាប់​ខ្លួន​លោក​មូយីដឌីន MACC បាន​បើក​ការ​ស៊ើបអង្កេត​ស្តីពី​ការ​សង្ស័យ​កេងបន្លំ​ថវិកា​ពាក់ព័ន្ធ​នឹង​កូវីដ១៩ ដោយ​គណបក្ស Bersatu ដែល​លោក​មូយីដឌីន​ជា​ប្រធាន។

ការ​ស៊ើបអង្កេត​កាល​ណោះ​បាន​ឈាន​ដល់​ការ​បង្កក​លុយ​នៅ​ធនាគារ​របស់​គណបក្ស Bersatu និង​ការ​ផ្តន្ទាទោស​អ្នក​ទទួល​ខុស​ត្រូវ​គណបក្ស​ចំនួន ២នាក់​ពី​បទ​ពុករលួយ​ដែល​ជាប់​ជំពាក់​វាក់វិន​នឹង​វិធានការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​នៅ​ក្រោយ​កូវីដ១៩ របស់​​លោក​មូយីដឌីន។ តែ​លោក​មូយីដឌីន​ធា្លប់​បាន​ច្រានចោល​ទាំង​អស់ ហើយ​ក្រុម​សកម្មជន​របស់​លោក​បាន​បញ្ជាក់​ថា ការ​ស៊ើបអង្កេត​របស់ MACC មាន​គោលដៅ​បំផ្លាញ​កិត្តិយស​គណបក្ស Bersatu នៅ​មុន​ការ​បោះឆ្នោត​សភា​នា​ខែ​កក្កដា​ខាង​មុខ។ គួរ​រម្លឹក​ថា​នៅ​ម៉ាឡេស៊ី នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​មាន​អតីត​នាយករដ្ឋមន្រ្តី​ម្នាក់​ជាប់​ជំពាក់​វាក់វិន​នឹង​រឿង​ពុករលួយ។

នៅ​មុន​លោក​មូយីដឌីន យ៉ាស៊ីន គឺ​លោក​ណាជីប រ៉ាហ្សាក់​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១២ឆ្នាំ។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ពី​ជោគវាសនា​របស់​លោក​មូយីដឌីន យ៉ាស៊ីន​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ