អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ម៉ាឡេស៊ី៖ប្រធានអង្គភាពប្រឆាំងអំពើពុករលួយជាប់សង្ស័យក្នុងរឿងអាស្រូវពុករលួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី លោក​អាហ្សាំ បាគី ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ជាប់​សង្ស័យ​ក្នុង​រឿង​អាស្រូវ​ពុក​រលួយ។ លោក​បាន​ជាប់​សង្ស័យ​ក្នុង​បទ​បាន​ទិញ​ភាគហ៊ុន​ដែល​មាន​ទឹកប្រាក់​ជាង ២០០ ០០០អឺរ៉ូ។ តែ​ពេល​នេះ មេ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​ហាក់​មិន​បារម្ភ​ពី​ការ​ស៊ើបអង្កេត​របស់​តុលាការ​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី មាន​មនុស្ស​ប្រមាណ​ជា ២០០នាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​គូឡាឡាំពួរ​កាល​ពី​ថ្ងៃ​សៅរ៍ ទី២២ មករា​ដើម្បី​ទាមទារ​ឲ្យ​លោក​បាគី​ចុះ​ចេញ​ពី​តំណែង។ គួរ​បញ្ជាក់​ថា​នៅ​ម៉ាឡេស៊ី អំពើ​ពុករលួយ​ជា​ប្រធានបទ​រសើប​ខ្លាំង​ណាស់។

នៅម៉ាឡេស៊ី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយជាប់សង្ស័យក្នុងរឿងអាស្រូវពុករលួយ
នៅម៉ាឡេស៊ី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយជាប់សង្ស័យក្នុងរឿងអាស្រូវពុករលួយ AFP - ARIF KARTONO
ផ្សាយពាណិជ្ជកម្ម

តើ​វា​ជា​រឿង​ចម្លែក និង​គួរ​ឲ្យ​ជឿ​ដែរ​ឬ​ទេ​ដែល​មេ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​អ្នក​ដែល​បាន​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ខ្លួន​ឯង​នោះ?។ នៅ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​រឿងរ៉ាវ​មួយ​នេះ​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក​អាហ្សាំ បាគី​បាន​ជាប់​សង្ស័យ​ពី​បទ​បាន​ទិញ​ភាគហ៊ុន​លើស​ចំនួន​កំណត់​ដែល​ច្បាប់​បាន​អនុញ្ញាត​សម្រាប់​មន្ត្រីរាជការ។ បើ​គិត​ជា​ទឹកប្រាក់ លោក​បាគី​បាន​ចំណាយ​ជាង ២០០ ០០០អឺរ៉ូ។ ដើម្បី​អាច​យល់​ពី​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​មេ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក​អាហ្សាំ បាគី​បាន គេ​ត្រូវ​ត្រឡប់​ក្រោយ​ទៅ​មើល​ព្រឹត្តិការណ៍​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​បន្តិច។

អ្វីៗ​បាន​ផ្តើម​ចេញ​ពី​ការ​ស៊ើបអង្កេត​របស់​ស្រ្តីអ្នកកាសែត​ឯករាជ្យ​ម្នាក់​ឈ្មោះ​ឡាលីថា គូណារ៉ាណាម​ស្តីពី​ទិន្នន័យ​ហិរញ្ញវត្ថុ​សាធារណៈ។ កម្មវត្ថុ​នៃ​ការ​ស៊ើបអង្កេត​របស់​ស្រ្តីអ្នកកាសែត​ឯករាជ្យ​រូប​នេះ​ដើម្បី​ចង់​ដឹង​ថា តើ​អាច​មាន​អំពើ​ពុករលួយ​ជាប់​ពាក់ព័ន្ធ​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មាន​លោក​អាហ្សាំ បាគី​ជា​ប្រធាន​ដែរ ឬ​ទេ។ នេះ​ហើយ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​បាន​បែក​ខ្ចរខ្ចាយ​នៅ​ពេល​នេះ។ បែក​ខ្ចរខ្ចាយ​ដោយសារ​តែ​គេហទំព័រ​ដែល​បាន​ផ្សព្វផ្សាយ​ការ​ស៊ើបអង្កេត​របស់​ស្រ្តីអ្នកកាសែត​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​បាន​រង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​ទាក់ទង​នឹង​ការ​ស៊ើបអង្កេត​នោះ។

ចំណែក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​លោក​អាហ្សាំ បាគី​បាន​ចេញ​មុខ​ដាក់​ពាក្យ​ប្តឹង​ពី​បទ​ប្រហារ​កេរ្តិ៍​ដោយ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជា​លុយ​ចំនួន ២លានអឺរ៉ូ​ពី​ស្រ្តីអ្នកកាសែត​លោកស្រី​ឡាលីថា គូណារ៉ាណាម។ នៅ​ចំពោះ​មុខ​អ្នក​កាសែត លោក​បាគី​បាន​ចេញ​មុខ​ការពារ​ខ្លួន​ដែល​គ្រប់​គ្នា​មិន​បាន​រង់ចាំ​ដោយ​ធានា​ថា ភាគហ៊ុន​ដែល​បាន​ទិញ​ដោយ​ប្រើ​ឈ្មោះ​លោក និង​គណនី​របស់​លោក​មិនមែន​ជា​របស់​លោក​ទេ តែ​ជា​របស់​បង​ប្រុស​លោក។ តែ​បញ្ហា​នៅ​ត្រង់​ថា ការ​លើក​ឡើង​របស់​លោក​បាគី​យ៉ាង​ដូច​នេះ​ហាក់​មិន​សមហេតុផល និង​ពិបាក​ទទួល​យក​ណាស់ ព្រោះ​ថា ការ​ប្រើ​គណនី​ធនាគារ​មួយ​ដែល​លោក​បាគី​មិនមែន​ជា​ម្ចាស់​ត្រូវ​បាន​ហាម​ឃាត់។

ទោះ​ជា​យ៉ាង​នេះ​ក្តី​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្រាប់​តែ​ស្ថាប័ន​ឃ្លំាមើល​ការ​ទិញ ដូរ​ភាគហ៊ុន​បាន​ចេញ​មុខ​ការពារ​លោក​បាគី​ដោយ​បញ្ជាក់​ថា លោក​បាគី​មិន​បាន​រំលោភ​លើ​ការ​ហាម​ឃាត់​នោះ​ទេ និង​ថា លោក​បាគី​ពិត​ជា និង​បន្ត​ជា​ម្ចាស់​គណនី​ធនាគារ​នោះ​មែន។ ដោយ​មិន​បង្អង់​យូរ លោក​បាគី​បាន​ថ្លែង​អរគុណ​ស្ថាប័ន​ឃ្លំាមើល​ការ​ទិញ ដូរ​ភាគហ៊ុន​ដោយ​បន្ថែម​ថា ការ​បញ្ជាក់​របស់​ស្ថាប័ន​មួយ​នេះ​ជា​សក្ខីកម្ម​បញ្ជាក់​ពី​ការ​ដែល​លោក​មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ណា​មួយ​ទេ។ សំណួរ តើ​ការ​ពិត​នៅ​ត្រង់​ណា​ទៅ?។ គេ​នៅ​មិន​ទាន់​មាន​ចម្លើយ​ចំពោះ​សំណួរ​នេះ​ទេ​នៅ​ពេល​នេះ។

សម្រាប់​លោក​បាគី ការ​អះអាង​របស់​ស្ថាប័ន​ឃ្លំាមើល​ការ​ទិញ ដូរ​ភាគហ៊ុន​ហាក់​បាន​ធ្វើ​ឲ្យ​លោក​រួច​ខ្លួន និង​មិន​បារម្ភ​ខ្លាច​ពី​ការ​ស៊ើបអង្កេត​របស់​តុលាការ​ទេ។ តែ​សម្រាប់​ក្រុម​អង្គការ​សង្គមស៊ីវិល និង​ក្រុម​គណបក្សប្រឆាំង​វិញ រឿងរ៉ាវ​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រូប​នេះ​ទើប​នឹង​ចាប់​ផ្តើម​ប៉ុណ្ណោះ។ ជាក់ស្តែង​ក្នុង​ថ្ងៃ​សៅរ៍ ទី២២ មករា អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​នយោបាយ​ចំនួន ៣៣អង្គការ​បាន​ចូល​រួម​គាំទ្រ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​បាគី​ចុះ​ចេញ​ពី​តំណែង។ គួរ​បញ្ជាក់​ថា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី រឿង​អាស្រូវ​ពុករលួយ​ជា​រឿង​រសើប​ខ្លាំង​ណាស់ ពិសេស​តាំង​ពី​ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ពុករលួយ​ទាក់ទង​នឹង​មូលនិធិ 1MDB ដែល​បាន​ឈាន​ទៅ​ទម្លាក់​នាយករដ្ឋមន្រ្តី​លោក​ណាជីព រ៉ាហ្សាក់​ក្នុង​ឆ្នាំ ២០១៨។

គួរ​រម្លឹក​ថា រឿង​អាស្រូវ​មូលនិធិ 1MDB របស់​ម៉ាឡេស៊ី​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រឿងអាស្រូវ​ហិរញ្ញវត្ថុ​ដ៏​ធំ​ជាង​គេ​ក្នុង​លោក។ ពី​ដំបូង​ឡើយ មូលនិធិ 1MDB ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​របស់​លោក ណាជីព រ៉ាហ្សាក់​មាន​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ម៉ាឡេស៊ី។ តែ​មាន​លុយ​ចំនួន ៤ ៥០០លានអឺរ៉ូ​ត្រូវ​បាន​លួច​បង្វែរ​ចេញ​ពី​មូលនិធិ​មួយ​នេះ។ ក្រោយ​ការ​ធ្លាក់​ពី​តំណែង តុលាការ​បាន​កាត់ទោស​លោក​ណាជីព រ៉ាហ្សាក់​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន ១២ឆ្នាំ និង​ផាកពិន័យ​ជា​លុយ​ចំនួន ៤៤លានអឺរ៉ូ​ក្នុង​បទ​ពុករលួយ លាងលុយកខ្វក់ និង​រំលោភអំណាច។ តែ​លោក​រ៉ាហ្សាក់​កំពុង​បន្ត​ត តាំង​នឹង​សាលក្រម​មួយ​នេះ។ គេ​បាន​សង្កេត​ឃើញ​ថា នៅ​ក្រោយ​មហារឿងអាស្រូវ 1MDB ទំនុកចិត្ត​រវាង​រដ្ឋាភិបាល និង​ប្រជាជន​ហាក់​ឃ្លាត​ឆ្ងាយ និង​បន្ត​ផុយស្រួយ។

ប្រជាជន​មាន​ការ​ជឿ​ទុកចិត្ត​លើ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​រដ្ឋាភិបាល​ខ្លួន​ឯង​ក្នុង​ការ​រួម​ចំណែក​ជួយ​សង្គម។ ជាក់ស្តែង​នៅ​ក្នុង​គ្រោះទឹកជំនន់​នា​ដំណាច់​ឆ្នាំ ២០២១ កន្លង​ទៅ មាន​ការ​ចែកចាយ​លើ​បណ្តាញ​សង្គម​នូវ​ឃ្លា​មួយ​ថា « ចូរ​អស់​លោក​កុំ​ឲ្យ​លុយ​ទៅ​រដ្ឋាភិបាល »។ តាម​រយៈ​ឃ្លា​មួយ​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា ប្រជាជន​បារម្ភ​ខ្លាច​មន្រ្តីរាជការ​ប្រើ​ជំនួយ​របស់​ពួក​គេ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ