អានតួអត្ថបទ

បក្ស​ប្រឆាំងបង់ក្លាដែសធ្វើ​​បាតុកម្ម​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង

ប្រឈម​នឹង​ការ​ឡើងថ្លៃ​នៃ​ទំនិញ ហ្វូង​មនុស្ស​បាន​នាំ​គ្នា​ចុះ​ពេញ​ក្រុង​ដាកា រដ្ឋធានី​ប្រទេស​បង់ក្លាដែស ដើម្បី​បញ្ចេញ​កំហឹង​និង​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង​​ រួច​រៀប​ចំ​ការ​បោះឆ្នោត​ជា​ថ្មី។ ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​នេះ ​ផ្តួច​ផ្តើមឡើង​ដោយ​គណបក្ស​ជាតិនិយម​បង់ក្លាដែស និង​សម្ព័ន្ធ​បក្ស​ប្រឆាំង​ផ្សេង​ទៀត នៅ​រដ្ឋធានី​ផង និង​នៅតាម​​ក្រុង​តូច​ធំចំនួន​៩​ផ្សេង​ទៀត​។

សកម្មជន​បក្ស​ជាតិ​និយម​បង់ក្លាដែស Bangladesh Nationalist Party (BNP) ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល ថ្ងៃទី ១១ មករា ២០២៣
សកម្មជន​បក្ស​ជាតិ​និយម​បង់ក្លាដែស Bangladesh Nationalist Party (BNP) ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល ថ្ងៃទី ១១ មករា ២០២៣ AFP - MUNIR UZ ZAMAN
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អាជ្ញាធរ​បង់ក្លាដែស មាន​បាតុករ​ប្រមាណ​៥ម៉ឺន​នាក់ បាន​មក​ប្រមូលផ្តុំ​គ្នា នៅ​មុខ​ទីស្នាក់ការ​គណបក្ស​ ​ស្តាប់​លោក មៀរស្ហា អាបាស មេដឹកនាំជាន់ខ្ពស់​គណបក្ស​ជាតិនិយមបង់ក្លាដែស BNP ដែល​ទើប​ត្រូវ​បាន​រដ្ឋាភិបាល​ដោះលែង​ពីពន្ធនាគារ កាលពី​ថ្ងៃ​ចន្ទ​ទី ៩​មករា​២០២៣។ ប៉ុន្តែ​បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​បក្ស​ប្រឆាំង​​វិញ មាន​បាតុករ​ដល់​ទៅ​រាប់​សិបម៉ឺន​នាក់​បាន​ចុះ​ធ្វើ​បាតុកម្ម​នៅរដ្ឋធានី​ដាកា និង​ជា​ច្រើន​សិប​ពាន់​នាក់​ផ្សេង​ទៀត នៅ​តាម​ក្រុងតូច​ធំនានា​​​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស។

មាន​សកម្មជន​បក្ស​ជាតិ​និយម​បង់ក្លាដែស​ជាង​៣០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​។ នេះ​បើ​តាមនាង​ស្ហាម៉ា អូបាអេដ ​មេដឹកនាំ​ចលនា​បាតុកម្ម​របស់​គណបក្ស​ ដែល​បន្ថែម​ថា​មាន​សកម្មជន​យ៉ាង​ហោច​ណាស់​១០០នាក់​ផ្សេង​ទៀត​បាន​រង​របួស​ ដោយ​ការ​វាយប្រហាររបស់​សកម្មជនបក្ស​កាន់​អំណាច​ ដូច​ជា​​ គប់​​ជាតិ​ផ្ទុះ វាយ​នឹង​ដំបង ឬ​គប់​ដុំ​ថ្ម។

កម្មវត្ថុនៃ​​បាតុកម្ម គឺសម្តែង​កំហឹង​​ប្រឆាំង​នឹង​ភាព​គ្មាន​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល នៅចំពោះ​មុខ​វិបត្តិ​ប្រាក់​ចុះ​ថោក​ អស់​២៥% ទំនិញ​ជាពិសេស​ស្បៀង​អាហារ​ និង​ប្រេង​ឡើង​ថ្លៃ​ខ្លាំង​ និង​ទាមទារ​ឱ្យ​លោកស្រី​ នាយករដ្ឋមន្ត្រី ហាស៊ីណា​ចុះ​ចេញ​ពី​តំណែង​ ដើម្បី​ទុក​ឱ្យ​រដ្ឋាភិបាល​អព្យាក្រិត្យ​រៀប​ចំការ​បោះឆ្នោត​ថ្មី។ បង់ក្លាដែសស្ថិតក្នុង​ចង្កោម​​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ​មួយ​នៅអាស៊ី តែ​សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្អាក​ការ​នាំចូល​ប្រេង​ម៉ាហ្សូត​និង​ហ្កាស​ពី​រុស្ស៊ី ជា​ហេតុ​ធ្វើ​ឱ្យ​មានជនក្រីក្រកាន់​តែ​ច្រើនឡើងៗ​ចាំទទួល​អំណោយ​​ចែក​ចាយ​​ស្បៀងអាហារ និង​​ការ​កាត់ផ្តាច់​​ភ្លើង​រយៈ​ពេល​វែង​ខ្លាំង កាលពី​ឆ្នាំទៅ។

ក្រុមបស្ចិមលោក និង​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ដែរ​ចំពោះ​ស្ថានភាព​នយោបាយ​បង់ក្លាដែស​ដែល​បក្ស​របស់​លោកស្រី ហាស៊ីណា មាន​សំឡេង​ភាគ​ច្រើន​នៅក្នុង​សភា។ កាលពី​ខែ​ធ្នូ ២០២១ អាមេរិក​បាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ដៃឆើត ព្រមទាំង​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ​៧នាក់ ក្នុងនោះ​ម្នាក់​ជាមេប៉ូលិស​ជាតិ​ផង ពីបទ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ជ្រងោ។ រដ្ឋាភិបាល​របស់​លោកស្រី​ ហាស៊ីណា បាន​បដិសេធ​ថា​មិនមែន​ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​កា​របាត់​ខ្លួន​សកម្មភាព​និង​ប្រមុខ​បក្ស​ប្រឆាំង​ទេ តែ​មាន​ឧក្រិដ្ឋ​ជន​ជា​ច្រើន​បាន​ស្លាប់​ក្នុង​បាញ់​តតាំង​ជាមួយ​ភ្នាក់ងារ​រដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ