អានតួអត្ថបទ
កូរ៉េខាងជើង-កូវីដ

កូរ៉េ​ខាងជើង​ប្រកាស​ជោគជ័យលើ​ការទប់ស្កាត់​កូវីដ១៩ ហើយ​ព្រមាន​សងសឹក​កូរ៉េខាងត្បូង

នៅចំពោះ​មុខ​បុគ្គលិក​ ក្នុង​ពេល​ដឹកនាំ​ជំនួបប្រជុំ​​ក្រុមបុគ្គលិក​សុខាភិបាល​និង​អ្នក​វិទ្យាសាស្ត្រ  នា​ថ្ងៃពុធ​ទី ១០សីហា ម្សិលមិញ ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន បាន​ប្រកាស​កោត​សរសើរ​ជោគជ័យ​ លើសង្គ្រាម​​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺ​រាតត្បាត​កូវីដ​១៩។ ចំណែក​លោកស្រី គីម យ៉ូជុង ជា​ប្អូន​ស្រី និង​ជា​ទីប្រឹក្សា​ដ៏​មាន​ឥទ្ធិពល​ បាន​ចោទ​កូរ៉េខាងត្បូង​ជា​​​អ្នក​បង្ក​ឲ្យ​មាន​វិបត្តិកូវីដ ដែល​កូរ៉េខាង​ជើង​ត្រូវ​សងសឹកវិញ។

លោក​គីម ជុងអ៊ុន ក្នុង​ពិធី ជួប​ជុំ​ក្រុម​បុគ្គលិក​សុខាភិបាល និងអ្នក​វិទ្យាសាស្ត្រ​ នៅទីក្រុង​ព្យុងយ៉ាង ថ្ងៃទី ១០ សីហា ២០២២
លោក​គីម ជុងអ៊ុន ក្នុង​ពិធី ជួប​ជុំ​ក្រុម​បុគ្គលិក​សុខាភិបាល និងអ្នក​វិទ្យាសាស្ត្រ​ នៅទីក្រុង​ព្យុងយ៉ាង ថ្ងៃទី ១០ សីហា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

តាំងពី​ថ្ងៃទី ២៩ កក្កដា​មក កូរ៉េខាង​ជើង​គ្មាន​​ករណីឆ្លង​ថ្មី​ទេ ! “កូរ៉េខាង​ជើង​បាន​យក​ឈ្នះជំងឺ​កូវីដ១៩។ ចំណាត់ការ​ទប់​ស្កាត់​ជំងឺ​រាតត្បាត​ ជា​អភិនិហា​ដែល​មិន​ធ្លាប់​កើត​មាន​នៅក្នុងប្រវត្តិ​សុខភាព​សាធារណៈ។ នេះ​ជា​​ជោគជ័យរបស់​ប្រជាពលរដ្ឋ​កូរ៉េខាង​ជើង និង​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​អាច​​ប្រាប់​ពិភពលោក​​ជា​ថ្មី​ម្តង​ទៀត​ថា កូរ៉េខាង​ជើងជា​រដ្ឋ​ខ្លាំង ​ពលរដ្ឋមានភាព​អត់ធ្មត់​ និង​ប្រកាន់​ទំនៀមទម្លាប់​ប្រពៃណី​បាន​ល្អ​គួរ​ជាទីមោទនៈ”។ នេះ​ជា​ប្រសាសន៍របស់​លោក​គីម ជុងអ៊ុន ទៅកាន់​អង្គ​ប្រជុំ​ និងដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង​KCNA។

​ជា​ប្រទេស​ដំបូង​គេ​បំផុត​មួយ​ដែល​បាន​បិទ​ព្រំដែនភ្លាម​ គ្រាន់​តែ​​​លេចឮមាន​​វីរុស​នៅ​ចិន​ ​នៅខែ​មករា​ឆ្នាំ​២០២០ កូរ៉េខាង​ជើងបាន​ប្រកាស​រកឃើញ​​អ្នក​វិជ្ជមាន​កូវីដ​ករណីដំបូង នៅ​ថ្ងៃទី ១២​ឧសភា​២០២២។ ហើយ​លោក គីម ជុងអ៊ុន​បាន​ដឹកនាំ​យុទ្ធនាការ​ទប់​ស្កាត់​កូវីដ​ដោយ​ផ្ទាល់​តែ​ម្តង។ ជា​សរុប​កូរ៉េខាង​ជើង​មាន​ករណី​ “ពលរដ្ឋ​ក្តៅខ្លួន” (អាជ្ញាធរ​ព្យុងយ៉ាង​ប្រើពាក្យ​ក្តៅ​ខ្លួន ជំនួស​ពាក្យ​អ្នក​ឆ្លង​កូវីដ) ចំនួន ជិត​៤លាន​៨សែន​នាក់ និង​ស្លាប់​តែ​៧៤នាក់​ប៉ុណ្ណោះ ពោល​គឺ​មាន​អត្រា​មរណៈ​ជា​ផ្លូវការ​ត្រឹម​តែ​០,០០២%​ទេ។ នេះ​បើ​តាម​សារព័ត៌មានKCNA​ដដែល។ ប៉ុន្តែ​អ្នក​ជំនាញ​ និង​អង្គការ​សុខភាពពិភពលោក មិនទុក​ចិត្ត​លើ​ស្ថិតិរបស់​កូរ៉េខាង​ជើង​នេះ​ទេ ព្រោះ​កូរ៉េខាង​ជើង​គ្មាន​ប្រព័ន្ធ​សុខាភិបាល​រឹងមាំ ហើយ​គ្មាន​ថ្នាំបង្ការប្រឆាំង​កូវីដ​ទៀត។ ជា​ការប្រៀបធៀប កូរ៉េខាងត្បូង មាន​អត្រាមរណៈ​ដោយ​កូវីដ១៩​ដល់​ទៅ ០,១២%។

ក្នុង​ពេល​កំពុង​​ប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ លោក គីមជុងអ៊ុន ​ផ្ទាល់ ក៏​បាន​ឆ្ល​ងវីរុស និង​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង​ជា​ច្រើន​ថ្ងៃ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោកស្រី គីម យ៉ូជុង ដោយ​​ព្រមានសងសឹក​​កូរ៉េខាង​ត្បូង យ៉ាង​ចាស់​ដៃ​។ ​​​ជា​ប្អូន​ស្រីបង្កើត​និងជា​ទីប្រឹក្សាផ្ទាល់របស់​លោក គីម ជុងអ៊ុន ដ៏​មាន​ឥទ្ធិពល​បំផុត លោកស្រី គីម យ៉ូជុង បាន​ចោទ​ប្រកាន់​កូរ៉េខាង​ត្បូងថា ជា​អ្នក​ចម្លង​វីវុស​កូវីដ​១៩ មក​កូរ៉េខាង​ជើង​ តាម​រយៈ​ខិត្តបណ្ណ​បង្ហោះ​តាម​ប៉េង​ប៉ោង​ឆ្លង​ព្រំដែន​។

​​សម្រាប់​អ្នក​វិភាគ ពាក្យ​គំរាម​របស់​ គីម យូជុង ពិត​ជា​មាន​ន័យ​គួរឱ្យ​ព្រួយ​បារម្ភ ព្រោះ​កូរ៉េខាង​ជើង​មិន​ត្រឹម​តែ​ប៉ុនប៉ង​ទម្លាក់​កំហុស​លើ​កូរ៉េខាង​ត្បូង​ក្នុង​ករណី​មាន​រលក​ចម្លង​កូវី​ដ​ថ្មីក្នុង​ប្រទេស​ទេ តែ​ជា​ការ​ស្វែងរក​លេស​យោធា​បង្កហេតុផង។ ​​ ប្រកាស​ទទួល​ជោគជ័យ​លើ​កូវីដ១៩ ជា​សារ​បញ្ជាក់ថា​កូរ៉េខាង​ជើង​កំពុង​ងាក​ទៅ​រក​អាទិភាព​ផ្សេង ដូច​ជា ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្ច ឬ ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ