អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្ថានការណ៍​កូវីដ១៩​នៅ​កូរ៉េ​ខាងជើង៖ ស្លាប់​មនុស្ស​២១នាក់​​បន្ថែមទៀត​ និងជាង​៥សែន​នាក់ «ឈឺ​​ក្តៅខ្លួន»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានការណ៍ឆ្លងរាលដាល ជំងឺកូវីដ​១៩ នៅកូរ៉េខាងជើង កំពុងតែបង្កឲ្យ​មានការព្រួយបារម្ភ កាន់តែខ្លាំង។ បន្ទាប់ពីបានប្រកាសថាមានមនុស្សស្លាប់ ៦នាក់ កាលពីថ្ងៃសុក្រ នៅថ្ងៃសៅរ៍នេះ របបផ្តាច់ការកូរ៉េខាងជើង បានប្រកាសថាមាន២១នាក់ទៀត បានស្លាប់ រីឯអ្នកដែលកំពុងឈឺដោយអាការៈក្តៅខ្លួនខ្លាំងវិញ មានប្រមាណជាង​៥សែននាក់។ អ្វីដែលជាការព្រួយបារម្ភបំផុតនោះ គឺ​ក្នុងចំណោម​ប្រជាជនកូរ៉េខាងជើង ប្រមាណ​​២៥លាននាក់ គឺគ្មាននរណាបានទទួលការចាក់វ៉ាក់សាំងទេ ហើយជាងនេះទៀត ប្រព័ន្ធសុខាភិបាល​ប្រទេសនេះ គឺទន់ខ្សោយ​ខ្លាំងណាស់។

ទូរទស្សន៍​កូរ៉េខាងត្បូង ផ្សាយព័ត៌មាន បង្ហាញពីមេដឹកនាំកូរ៉េខាងជើង​​ គីម ជុងអ៊ុន ដឹកនាំការប្រជុំបន្ទាន់ ដើម្បី​ចាត់វិធានការប្រយុទ្ធប្រឆាំងកូវីដ១៩។ ស្ថានីយ៍រថភ្លើង ក្រុងសេអ៊ូល ថ្ងៃទី ១៤ ឧសភា ២០២២
ទូរទស្សន៍​កូរ៉េខាងត្បូង ផ្សាយព័ត៌មាន បង្ហាញពីមេដឹកនាំកូរ៉េខាងជើង​​ គីម ជុងអ៊ុន ដឹកនាំការប្រជុំបន្ទាន់ ដើម្បី​ចាត់វិធានការប្រយុទ្ធប្រឆាំងកូវីដ១៩។ ស្ថានីយ៍រថភ្លើង ក្រុងសេអ៊ូល ថ្ងៃទី ១៤ ឧសភា ២០២២ AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

ឈឺក្តៅខ្លួន​បន្តបន្ទាប់គ្នា ក្រោយថ្ងៃ២៥មេសា

កាលពីថ្ងៃសុក្រទី​១៣ឧសភា​ ទីភ្នាក់ងារព័ត៌មានផ្លូវការ​កូរ៉េខាងជើង បានប្រកាសថាមានស្លាប់៦នាក់ ដែលក្នុងនោះមាន១នាក់ ដែលមានផ្ទុកកូវីដ​អូមីក្រុង។ នៅព្រឹកថ្ងៃសៅរ៍​ ទីភ្នាក់ងារព័ត៌មាន​ផ្លូវការ​ដដែលនេះ បានផ្សាយថា មាន​អ្នកស្លាប់ចំនួន​២១នាក់បន្ថែមទៀត។ មានន័យថា គិតមកត្រឹមពេលនេះ គឺមានមនុស្សស្លាប់សរុប ចំនួន២៧នាក់។

តែយ៉ាងណា អាជ្ញាធររបបផ្តាច់ការកូរ៉េខាងជើង មិនបានបញ្ជាក់ឲ្យ​ច្បាស់ទេ ថា​អ្នកស្លាប់ទាំងនោះ សុទ្ធតែមានផ្ទុកកូវីដ​ឬយ៉ាងណាទេ គ្រាន់តែអះអាងថាសុទ្ធតែឈឺក្តៅខ្លួនខ្លាំង ហើយ​ស្លាប់។ បើតាមលោក Cheong Seong-chang អ្នកជំនាញនៅវិទ្យាស្ថាន Sejong គឺថាវាប្រាកដណាស់ហើយ ដែលអ្នកស្លាប់ទាំងនេះ អាចសុទ្ធតែស្លាប់ដោយកូវីដ។ កូរ៉េខាងជើងមិនបញ្ជាក់ថា មិនមែនថាមិនចង់ទេ តែមកពីគ្មានលទ្ធភាពធ្វើតេស្តរកមេរោគ។

ទាក់ទិននឹងចំនួនមនុស្សធ្លាក់ខ្លួនឈឺវិញ គិតមកត្រឹមពេលនេះ គឺមានចំនួនសរុប ប្រមាណ ជាង៥សែន២ម៉ឺននាក់ហើយ​ នៅទូទាំងកូរ៉េខាងជើង។ មនុស្សបានធ្លាក់ខ្លួនឈឺតៗគ្នា បន្ទាប់ពីថ្ងៃទី ២៥មេសាមក ជាថ្ងៃដែល​របបផ្តាច់ការនេះ បានរៀបចំកម្មវិធី​ព្យុហយាត្រកងទ័ព យ៉ាងសម្បើម មានមនុស្សចូលរួមយ៉ាងកកកុញ។ គ្រាន់តែក្នុងថ្ងៃសុក្រ ទី​១៣ឧសភា តែមួយថ្ងៃ មានមនុស្សធ្លាក់ខ្លួនឈឺគ្រុនក្តៅ ចំនួន ១៧៤៤៤០​នាក់។

ព្រឹកថ្ងៃសៅរ៍ មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន ដែលគឺឃើញបានចាប់ផ្តើមចេញពាក់ម៉ាសនោះ បានដឹកនាំការប្រជុំការិយាល័យនយោបាយ​បក្សកុម្មុយនីស្ត ជាបន្ទាន់លើកទី២ ដើម្បី​ដាក់ចេញនូវវិធានការ​ចាំបាច់ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ។

ប្រព័ន្ធសុខាភិបាលទន់ខ្សោយខ្លាំង

យោងតាម​ចំណាត់ថ្នាក់ ដែលស្រាវជ្រាវដោយវិទ្យាស្ថាន Johns Hopkins ក្នុងឆ្នាំ​២០២១ ប្រព័ន្ធសុខាភិបាល កូរ៉េខាងជើងស្ថិតនៅលេខរៀងទី​១៩៣ ក្នុងចំណោម​១៩៥ប្រទេស​​។ មានន័យថា វាសឹងតែចុងក្រោយ​គេបង្អស់។ អង្គការក្រៅរដ្ឋាភិបាល អ្នកជំនាញស្រាវជ្រាវគ្រប់គ្នា បានអះអាងថា ប្រព័ន្ធសុខាភិបាល​ប្រទេសនេះ ទន់ខ្សោយ​ខ្លាំងណាស់។

របបផ្តាច់ការនេះអួតថា ប្រជាជនខ្លួន​អាចទទួលបានការព្យាបាលដោយ​ឥតគិតថ្លៃ។​ តែធាតុពិត យោងតាមអង្គការក្រៅរដ្ឋាភិបាលជាច្រើន គឺតាមមន្ទីរពេទ្យ គ្មានថ្នាំ គ្មានបរិក្ខាត្រឹមត្រូវទេ គឺ​​មានតែថ្នាំជក់ នឹងទឹកអាកុលតែប៉ុណ្ណោះ សម្រាប់ព្យាបាល។​ ប្រជាជនកូរ៉េខាងជើងជាទូទៅ ត្រូវបង្ខំចិត្តស្វែងរកឱសថ តាមរយៈទីផ្សារងងឹតដែលគេលួចនាំចូលទៅ។ គ្រូពេទ្យវិញ ក៏ត្រូវប្រកបរបរ ពិនិត្យ​ព្យាបាលជំងឺ​ ដោយ​លួចលាក់ដែរ ដើម្បី​បន្ថែមចំណូលបន្តិចបន្តួច​។ នេះបើផ្អែកតាមការអះអាង របស់លោក Park Sokeel មន្ត្រីអង្គការ Liberty in North Korea។

ដូចគ្នាដែរ លោក Choi Jung-hun អតីតគ្រូពេទ្យ​ម្នាក់ ហើយ​ដែលបច្ចុប្បន្នបានរត់ភៀសខ្លួនមកកូរ៉េខាងត្បូង បាន​ប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា​ ក្រៅតែក្នុងមន្ទីរពេទ្យធំនៅ​ក្រុងព្យុងយ៉ាង មន្ទីរពេទ្យជនបទ ឬតាមក្រុងតូចៗឯទៀត គឺពុំមាន​គ្រឿងបរិក្ខា ពុំមាន​ឧបករណ៍សង្គ្រោះបន្ទាន់អ្វីទេ។ បើឈឺធ្ងន់គឺដឹងតែមិនរស់ទេ!

ប្រជាជនកូរ៉េខាងជើងហូបមិនគ្រប់ ខ្វះអាហារូបត្ថម្ភ

ប្រជាជន​កូរ៉េខាងជើងជាទូទៅ មានសុខភាពមិនរឹងមាំប៉ុន្មានទេ។ លោកស្រី Lina Yoon អ្នកស្រាវជ្រាវនៅ​នៅអង្គការ Human Rights Watch បានលើកឡើងថា ប្រជាជនកូរ៉េខាងជើង ភាគច្រើនណាស់ មានបញ្ហាកង្វះអាហាររូបត្ថម្ភជាប្រចាំ ដោយសារតែហូបមិនគ្រប់ គ្មានជីវជាតិ គ្មានប្រូតេអ៊ីន និងវីតាមីនជាដើម។ កាលពីឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងជើងខ្លួនឯង ក៏បានផ្សាយ​ដែរថា ប្រជាជនកូរ៉េខាងជើងបានប្រឈមនឹងបញ្ហាខ្វះស្បៀងអាហារ។

អ្នកជំនាញអង្គការសហប្រជាជាតិ បានទាញសញ្ញាអាសន្នផងដែរ ថាអាចប្រជាជនកូរ៉េខាងជើង ច្រើននាក់ ដែលស្លាប់ដោយដាច់ពោះ។ ហើយកាលពីឆ្នាំ​២០១៨ អង្គការសុខភាព​ពិភពលោក បាន​ប្រកាសថា ៨៤% នៃករណីស្លាប់នៅ​កូរ៉េខាងជើង គឺស្លាប់ដោយ​បញ្ហាជំងឺ ដែលមិនមែនជាជំងឺឆ្លង តួយ៉ាងដូចជាជំងឺទឹកនោមផ្អែមជាដើម។ ដូច្នេះ កត្តាទាំងអស់នេះ គឺធ្វើឲ្យ​អ្នកជំនាញបារម្ភណាស់ ព្រោះ​​ប្រជាជនកូរ៉េខាងជើង មានសុខភាពទន់ខ្សោយខ្លាំង ងាយ​ប្រឈមនឹង​ការវាយលុក​ របស់មេរោគកាចសាហាវ ដូចជាមេរោគជំងឺកូវីដ​១៩នេះជាដើម។

២៥លាននាក់ គ្មាននរណាបានចាក់វ៉ាក់សាំង

ពេល​ផ្ទុះការឆ្លងរាលដាលកូវីដភ្លាមនៅ​ដើមឆ្នាំ​២០២០ កូរ៉េខាងជើងបានបិទព្រំដែនភ្លាម ហាមឃាត់ការធ្វើដំណើរចេញចូលជាមួយចិន។ គីម ជុងអ៊ុន បានចេញបញ្ជាឲ្យទាហាន​ព្រំដែន បាញ់សម្លាប់អ្នកណាក៏ដោយ ឲ្យតែហ៊ានលួចឆ្លងព្រំដែនពីចិនចូលមកខាងកូរ៉េខាងជើង។ វិធានការបិទយ៉ាងតឹងតែងនេះ ត្រូវបានរបបនេះអួតថាធ្វើឲ្យ​គេគ្មានកូវីដ​សូម្បីមួយករណី។

ចិនបានប្រកាសផ្តល់ជំនួយវ៉ាក់សាំង ចំនួន​៣លានដូស តែព្យុងយ៉ាងបានបដិសេធមិនទទួល ហើយថាយកទៅឱ្យ​អ្នកផ្សេងដែលគេត្រូវការចាំបាច់ទៅ ចំណែកកូរ៉េខាងជើងមិនត្រូវការទេ ព្រោះគ្មានកូវីដផង។ ក្រោយមក យន្តការ Covax របស់អង្គការសុខភាពពិភពលោក ក៏បានស្នើផ្តល់វ៉ាក់សាំង AstraZeneca ឲ្យ​កូរ៉េខាងជើងដែរ កូរ៉េខាងជើងនៅតែប្រកែកមិនទទួល។ សរុបមក ក្នុងចំណោម​ប្រជាជនកូរ៉េខាងជើង២៥លាននាក់ គឺគ្មាននរណាបានចាក់វ៉ាក់សាំងបង្ការកូវីដទេ។ នៅតាមប្រទេសខ្លះ ដែលមនុស្សបានចាក់វ៉ាក់សាំង ហើយនៅតែអាចឆ្លងនិងឈឺឈានទៅដល់ស្លាប់​ ចុះទម្រាំតែមិនបានចាក់វ៉ាក់សាំងសោះ!

ក្រៅពីមិនបានចាក់វ៉ាក់សាំងឲ្យ​ប្រជាជនហើយ ប្រព័ន្ធសុខាភិបាល​កូរ៉េខាងជើងក៏គ្មានលទ្ធភាពធ្វើតេស្តទ្រង់ទ្រាយធំដែរ។ អ្នកជំនាញអះអាងទៀតថា ប្រទេសនេះ ក៏គ្មានលទ្ធភាពរៀបចំទីតាំងធ្វើចត្តាឡីស័ក ដែលត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេសសុខាភិបាលដែរ ព្រោះគ្មាន​ឧបករណ៍ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ សម្លាប់មេរោគ។ ជារួម គឺប្រព័ន្ធសុខាភិបាលទន់ខ្សោយខ្លាំងហើយ សុខភាពប្រជាជនក៏ទ្រុឌទ្រោមងាយ​ធ្លាក់ខ្លួនឈឺ ហើយ​រដ្ឋមិនបានត្រៀមលក្ខណៈបង្ការទៀត។

សារដោយ​ប្រយោល ដើម្បីសុំ​ជំនួយពីបរទេស

ភ្លាមៗក្រោយដំណឹងថាមានអ្នកស្លាប់ និងអ្នកឈឺច្រើនម៉ឺននាក់នៅកូរ៉េខាងជើងនេះ ចិន កូរ៉េខាងត្បូង និងអង្គការសុខភាពពិភពលោក បានប្រកាសថាគេត្រៀមខ្លួនជួយកូរ៉េខាងជើង ឲ្យតែត្រូវការ។​ ក្នុងកិច្ចប្រជុំការិយាល័យ​នយោបាយ​បក្ស នៅព្រឹកថ្ងៃសៅរ៍នេះ គីម ជុងអ៊ុន បានលើកឡើងថាត្រូវតែចាត់វិធានការ ដោយ​យកគម្រូតាមមហាមិត្តចិន ដើម្បីធ្វើយ៉ាងណាការពារអាយុជីវិតប្រជាជន។ គីម ជុងអ៊ុនបានអះអាងទៀតថា នឹងចែកចាយថ្នាំព្យាបាល ឲ្យ​ប្រជាជន​។ លោក Leif-Eric Easley សាស្ត្រាចារ្យ នៅ​សកលវិទ្យាល័យ Ewha ក្រុងសេអ៊ូល លើកឡើងថា សម្តីរបស់​លោក គីម ជុងអ៊ុន គឺមានន័យថាស្ថានការណ៍នឹងកាន់តែដុនដាបខ្លាំង។

បើ​យើងស្តាប់សម្តីប្រកាស របស់​ គីម ជុងអ៊ុន ព្រមជាមួយការចុះផ្សាយផ្ទួនៗគ្នា របស់ប្រព័ន្ធផ្សព្វផ្សាយ​ផ្លូវការកូរ៉េខាងជើង គឺវាអាចមានន័យថា កូរ៉េខាងជើងប្រហែលកំពុងតែគ្មានជំរើសទេ ក្រៅតែពីសុំជំនួយពីបរទេស គ្រាន់តែមិនទាន់ដាច់ចិត្តហារមាត់សុំគេ។ ប៉ុន្មានខែដើមឆ្នាំនេះ កូរ៉េខាងជើងប្រឹងអួតសម្បើមណាស់ រឿងបាញ់សាកមីស៊ីលបាលីស្ទីក នុយក្លេអ៊ែរ តែមកដល់រឿងកូវីដជួយជីវិតប្រជាជន​ បែរជាងាកទៅសុំជំនួយគេ។

​លោក Yang Moo-jin សាស្ត្រាចារ្យជំនាញសិក្សាកូរ៉េខាងជើងម្នាក់ទៀត លើកឡើងថា របបព្យុងយ៉ាង អាចនឹង​ងាកទៅរកទិញថ្នាំ និង​បរិក្ខាចាំាបាច់ផ្សេងៗទៀតពីចិន ដូចជាម៉ាស និងឧបករណ៍ធ្វើតេស្តជាដើម។ អ្នកជំនាញរូបនេះ លើកឡើងទៀតថា ការដែលកូរ៉េខាងជើងបានផ្សព្វផ្សាយដំណឹង តាមបណ្តាញព័ត៌មានបរទេស ខ្លះជាភាសាអង់គ្លេសផងនោះ គឺវាជាសារមួយហើយ ដែលបញ្ជាក់ថា កូរ៉េខាងជើងត្រូវការជំនួយ អាចជាវ៉ាក់សាំងពីអាមេរិក និងពីស្ថាប័នអន្តរជាតិផ្សេងទៀត។ ហើយជំនួយមួយទៀតដែលសំខាន់ដែរ គឺស្បៀងអាហារ ព្រោះបើប្រជាជនគ្មានអ្វីបរិភោគ គឺរឹតតែ​មិនអាចទប់ទល់ឈ្នះកូវីដ​!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ