អានតួអត្ថបទ
កូរ៉េខាងជើង-កូវីដ

កូរ៉េខាងជើងបិទប្រទេស ក្រោយរកឃើញករណី​ឆ្លងកូវីដដំបូង​​​ជាផ្លូវការ

បន្ទាប់​ពីបាន​​​រាតត្បាតពិភពលោក​អស់​ពេល​ជាង​ពីរ​ឆ្នាំ ជំងឺ​កូវីដ​ចាប់​ផ្តើម​ថម​ថយ​ឥទ្ធិពល​ជាទូទៅ​ ប៉ុន្តែ​ការ​រីករាលដាល​ចម្លង​កូវីដ​នៅ​មិន​ទាន់​បិទ​បញ្ចប់ទាំងស្រុង​​ទេ។ ថ្វីបើ​បណ្តាប្រទេស​ជា​ច្រើន​​បាន​បន្ធូរបន្ថយ​វិធានការ​ប្រឆាំង​កូវីដ​ លែង​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​មែន តែ​​ចិន​នៅ​បន្ត​ប្រកាន់​នយោបាយ​កូវីដសូន្យ យ៉ាង​តឹង​តែង​ដដែល។ ហើយ​នៅ​ថ្ងៃព្រហស្បតិ៍​ទី ១២​ ឧសភា​នេះ កូរ៉េខាង​ជើង បាន​សម្រេច​បិទ​ប្រទេស​​ ក្រោយ​ពី​ប្រកាស​រក​ឃើញ​ជា​ផ្លូវការ ​ករណី​វិជ្ជមាន​កូវីដ​ជា​លើក​ទីមួយ។

លោក គីម ជុងអ៊ុន ក្នុង​ជំនួប​ប្រជុំ​ទប់​ស្កាត់​កូវីដ ថ្ងៃទី ១២​ឧសភា ២០២២
លោក គីម ជុងអ៊ុន ក្នុង​ជំនួប​ប្រជុំ​ទប់​ស្កាត់​កូវីដ ថ្ងៃទី ១២​ឧសភា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

ក្នុង​ជំនួប​ប្រជុំ​ដោះស្រាយ​វិបត្តិ ថ្ងៃទី ១២​ឧសភា លោក​គីមជុងអ៊ុន​ បាន​ប្រកាសដោយ​ផ្ទាល់​ ដាក់​ប្រទេស​ក្នុង​ “ភាព​អាសន្ន​ធ្ងន់ធ្ងរ” និង​ដាក់​ឱ្យ​ដំណើរ​ការ​ជា​បន្ទាន់បំផុត​​ប្រព័ន្ធ​គ្រប់គ្រង​​​វីរុស​ នៅទូទាំង​ប្រទេស។ ​ ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្យុងយ៉ាង ហាក់​ជាប់​បម្រាម​បិទខ្ទប់​តាំងពី​ពីរ​ថ្ងៃ​ហើយ ក្រោយ​ពី​រក​ឃើញ​មាន​ករណី​វិជ្ជមាន​កូវីដ​ដំបូង និង​ជា​ប្រភេទ​អូមីក្រុង ដ៏​មហាឆ្លង​ កាលពី​ថ្ងៃទី ៨ ឧសភាមក។

ដើម្បី​កំរិត​​ការរីក​រាលដាល​​ចម្លង​កូវីដ លោក គីមជុងអ៊ុន​ បាន​ចេញ​បញ្ជា​ឱ្យ​បិទ​ខ្ទប់​ប្រទេស ពង្រឹង​ការ​ត្រួតពិនិត្យ​ព្រំដែន ញែក​ក្រុមការងារ​ ក្រុម​ផលិតកម្ម ឱ្យ​ធ្វើ​ការ​ជា​ក្រុមៗដាច់​ដោយ​ឡែក​ពីគ្នា​។ នេះ​បើ​តាម​ការ​លម្អិត​របស់​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង KCNK។

ពលរដ្ឋ​កូរ៉េខាង​ជើង​ទាំង​២៥លាន​នាក់ គ្មាន​ថ្នាំ​បង្ការ​ការពារ​ខ្លួន​ទេ។ របប​ព្យុងយ៉ាង​បាន​បដិសេធ​មិន​ទទួល​រាល់​គ្រប់​​ជំនួយ​វ៉ាក់សាំង មក​ពី​​រុស្ស៊ី ចិន និង​​អង្គការ​សុខភាព​ពិភពលោក។ កាលពី​ខែ​កញ្ញា​២០២១ លោក​គីមជុងអ៊ុន បាន​ច្រាន​ចោល​ជំនួយរបស់​អង្គការ​យូនីសេហ្វ​ ជា​វ៉ាក់សាំង​ ៣លាន​ដូស​ផលិត​ដោយ​​ក្រុមហ៊ុនចិន​Sinovac​ទៀត​ ដោយ​អះអាង​កូរ៉េខាង​ជើង​មាន​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​តាម​បែប​ខ្លួន​ហើយ។

កូរ៉េខាងជើង​បាន​ជ្រើសរើស​វិធី​​កាត់​ផ្តាច់​​ទំនាក់ទំនង​ទាំងស្រុងជាមួយ​ប្រទេស​ដទៃ​រាប់​ទាំង​ចិន ​​​អស់​ពីរ​ឆ្នាំ​​ដើម្បី​ទប់​ស្កាត់​ជំងឺ​រាតត្បាត​ និង​មិនដែល​ជូន​ដំណឹងដល់អង្គការ​សុខភាពពិភពលោក អំពីស្ថានភាព​កូវីដ​ក្នុង​ប្រទេស​សោះ​។ អ្នក​ជំនាញ​មិន​ជឿ​ថា​​កូរ៉េខាងជើង​គ្មាន​ករណី​ឆ្លង​កូវីដ​១៩​សោះ​ ក្នុង​រយៈ​ពេល​កន្លង​មក​នេះ​។ ប៉ុន្តែ ការ​ព្រមទទួល​ស្គាល់​ជា​សាធារណៈ​ថា​មាន​ករណី​ឆ្លង​អូមីក្រុង​នៅពេលនេះ​ ជា​សារ​បញ្ជាក់​ថា​​ស្ថានភាព​សុខភាព​សាធារណៈ​​កូរ៉េខាង​ជើង ទំនង​ជា​ធ្លាក់​ធ្ងន់ធ្ងរ​ខ្លាំង និង​អាច​ចាត់​ទុក​ថា​ការ​អំពាវនាវ​សុំ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​​​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ​ហើយ។ នេះ​បើ​តាម​ទស្សនៈ​របស់​លោកសាស្ត្រាចារ្យ​នៅសាកលវិទ្យាល័យ​ក្រុង​សេអ៊ូល​Ewha។ អ្នក​ជំនាញ​កូរ៉េខាងជើង​ខ្លះ​ទៀត​យល់​ថា ដោយហេតុ​កូវីដ​ ព្យុងយ៉ាង​អាច​នឹង​លើក​ពេល​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ដែ​ល​គ្រោ​ងធ្វើ​នៅ​ខែ​នេះ ផ្ទុយ​ទៅវិញបើ​ប្រជាជន​ស្លន់ស្លោនឹង​កូវីដ​​ខ្លាំង​ លោក​គីមជុងអ៊ុន ​អាចនឹង​យក​លេសបាញ់​​​សាកល្បង​នុយក្លេអ៊ែរ​ភ្លាម​ដើម្បី​ពង្វាង​ការ​ភ័យ​ខ្លាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ