អានតួអត្ថបទ
កូរ៉េខាងជើង-វ៉ាក់សាំងកូវីដ១៩

កូរ៉េខាង​ជើង​បដិសេធ មិនទទួល​​ជំនួយ​​វ៉ាក់សាំង​​ប្រឆាំង​​កូវីដ​១៩​​របស់​ចិន ចំនួន​​​៣លាន​​ដូស

យោងតាមការបញ្ជាក់ ពីអង្គការ Unicef របបផ្តាច់ការកូរ៉េខាងជើង បាន​បដិសេធ មិនទទួលវ៉ាក់សាំងបង្ការកូវីដ​១៩ ចំនួន​៣លានដូសដែលជាវ៉ាក់សាំងរបស់ចិនទេ។ កូរ៉េខាងជើង អះអាងថា គេមិនមានករណីឆ្លងកូវីដ​១៩ទេ ហើយវ៉ាក់សាំងនោះគួរយកទៅឲ្យ​ប្រទេសផ្សេង ដែល​ត្រូវការ​ជាងនេះ ទើបជាការប្រសើរ។

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងឱកាស​ជួប​ជាមួយយុវជន នៅក្រុងព្យុងយ៉ាង។ រូបថតផ្តល់​ឲ្យ​ដោយ ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង ថ្ងៃទី​៣១ សីហា ២០២១
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងឱកាស​ជួប​ជាមួយយុវជន នៅក្រុងព្យុងយ៉ាង។ រូបថតផ្តល់​ឲ្យ​ដោយ ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង ថ្ងៃទី​៣១ សីហា ២០២១ via REUTERS - KCNA
ផ្សាយពាណិជ្ជកម្ម

វ៉ាក់សាំងបង្ការកូវីដ១៩ របស់មន្ទីរពិសោធន៍ចិន Sinovac ចំនួន​ប្រមាណ​៣លានដូស ដែលជាជំនួយរបស់​រដ្ឋាភិបាលចិន ផ្តល់ឲ្យតាមរយៈយន្តការ Covax  ត្រូវបាន​របបផ្តាច់ការកូរ៉េខាងជើង បដិសេធមិនទទួលទេ។ នេះបើផ្អែកតាម​ប្រភពព័ត៌មាន​ ផ្តល់ឲ្យ​ដោយអង្គការ Unicef កាលពីថ្ងៃព្រហស្បតិ៍ទី​២កញ្ញា។

កូរ៉េខាងជើងបញ្ជាក់ថា ប្រទេសគេមិនត្រូវការវ៉ាក់សាំងទាំងនោះឡើយ ហើយវ៉ាក់សាំងនោះ គួរណាតែបង្វែរ ទៅឲ្យ​ប្រទេសផ្សេង ដែលជួបបញ្ហាខ្វះវ៉ាក់សាំង ដើម្បីប្រយុទ្ធនឹងកូវីដ​វិញ ទើបជាការប្រសើរ។

យ៉ាងណាមិញ អ្នកនាំពាក្យ​អង្គការ Unicef បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង​ AFP ថាគេនឹងបង្វែរ បញ្ជូនវ៉ាក់សាំងដែលកូរ៉េខាងជើងបដិសេធនោះ ទៅឲ្យ​ប្រទេសផ្សេង ដែលកំពុងប្រឈមខ្លាំងនឹងការឆ្លងរាលដាលកូវីដ១៩។ អ្នកនាំពាក្យដដែលលើកឡើងថា​ កូរ៉េខាងជើងនៅតែបន្តទាក់ទង​ជាមួយ​យន្តការ Covax ដើម្បីអាចទទួលបាន​វ៉ាក់សាំងបង្ការកូវីដ​១៩ ទៅថ្ងៃក្រោយទៀត។

គួរបញ្ជាក់ថា កូរ៉េខាងជើង តែងតែអះអាងជានិច្ចថា ក្នុងស្រុកខ្លួនគ្មាន​ករណីឆ្លងកូវីដ​១៩ទេ ដោយ​សារ​តែខ្លួន បានបិទព្រំដែនគ្រប់ច្រក បានយ៉ាងមានប្រសិទ្ធភាព។ តែយ៉ាងណាការបិទខ្ទប់ទាំងស្រុង របស់កូរ៉េខាងជើង កំពុងធ្វើ​ឲ្យដង្ហើមសេដ្ឋកិច្ច​នៃប្រទេសដ៏ក្រីក្រមួយនេះ កាន់តែលំបាកលំបិន។ កាលពីខែមិថុនា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ខ្លួនឯងបានទទួល​ស្គាល់ថា កូរ៉េខាងជើងកំពុងប្រឈម​នឹងបញ្ហាខ្វះស្បៀងអាហារ។

ដោយឡែក អ្នកជំនាញ មិនទុកចិត្តចំពោះការអះអាងរបស់កូរ៉េខាងជើង ថាគ្មានកូវីដ​នោះទេ។ កាលពីខែកក្កដា វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ​ និងសន្តិសុខជាតិ ប្រចាំនៅ​កូរ៉េខាងត្បូង បាន​អះអាងថា កូរ៉េខាងជើងធ្លាប់បានប្រកែក​មិនទទួលជំនួយ​​វ៉ាក់សាំង AstraZeneca ពីយន្តការ Covax​ ម្តងរួចហើយ ដោយ​លើកហេតុផលថា មិនទុកចិត្តពី​ផលប៉ះពាល់លើសុខភាព។ យោងតាមអ្នកជំនាញនៃវិទ្យាស្ថាននេះ គឺកូរ៉េខាងជើងពុំមានហេដ្ឋារចនាសម្ព័ន្ធ ទូបង្កកធំៗដើម្បីអាចស្តុកទុកវ៉ាក់សាំង Pfizer ឬ Moderna ទេ។ ចំណែកវ៉ាក់សាំងរបស់ចិនវិញ គឺកូរ៉េខាងជើងមិនទុកចិត្តពីគុណភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ