អានតួអត្ថបទ
កូរ៉េខាង​ជើង-កូវីដ

លោកគីម ជុងអ៊ុន បញ្ជាឲ្យកងទ័ពចេញប្រតិបត្តិការគ្រប់គ្រងវិបត្តិកូវីដ

នៅកូរ៉េខាង​ជើង ចំនួនអ្នកឆ្លងកូវីដ​បាន​កើនឡើងដល់ជាង១លាននាក់ ស្លាប់យ៉ាងហោច​ណាស់ ៥០នាក់ នេះ​បើ​តាម​តួលេខ​ផ្លូវការ​ផ្តល់​ដោយ​របប​ព្យុងយ៉ាង គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ទី ១៥ ឧសភា​២០២២។ ដោយ​​​រិះគន់យ៉ាង​ខ្លាំង ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​សុខាភិបាល ថា​ខ្វះ​ទំនួល​ខុស​ត្រូវ លោក គីម ជុងអ៊ុន​ បាន​ដាក់​បញ្ជា​ឱ្យកងទ័ព​ចេញ​ធ្វើ​ប្រតិបត្តិការ​គ្រប់គ្រង​វិបត្តិ​កូវីដ។

លោក គីម ជុងអ៊ុន ក្នុង​ឱសថស្ថានមួយ​ នៅព្យុងយ៉ាង ថ្ងៃទី ១៥ ឧសភា ២០២២
លោក គីម ជុងអ៊ុន ក្នុង​ឱសថស្ថានមួយ​ នៅព្យុងយ៉ាង ថ្ងៃទី ១៥ ឧសភា ២០២២ via REUTERS - KCNA
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាង​ជើង​ខ្វះធនធាន​ថ្នាំពេទ្យ គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ ប៉ុន្តែ​នៅពេលដំណឹង​ស្តី​ពី​ការ​ខ្វះ​ថ្នាំសង្កូវ ចេញ​ពី​បបូរ​មាត់​របស់លោក​ប្រមុខ​ដឹកនាំ​ ​​ គីម ជុងអ៊ុន​ ផ្ទាល់ មាន​ន័យ​ថា​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំងមែនទែន​ហើយ។

បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើងKCNA នៅក្នុង​ជំនួប​ប្រជុំ លោក គីម ជុងអ៊ុន បាន​រិះគន់​រដ្ឋាភិបាល​និងអាជ្ញាធរ​សុខាភិបាល​​ថា​គ្មានទំនួល​ខុស​ត្រូវ មិន​អាច​វាយ​តម្លៃ​វិបត្តិ​កូវីដ​បាន​ត្រឹមត្រូវ មន្ត្រី​ទទួល​បន្ទុក​គ្រប់គ្រងការ​ផ្គត់ផ្គង់​​ថ្នាំ ​ធ្វើការយឺតមិនអាចឬក្រ​​ចែក​ចាយថ្នាំ​ដល់​ដៃ​ប្រជាជន​​ ហើយ​ឱសថស្ថាន​មិនអាច​បើក​លក់​បម្រើ​ប្រជាពលរដ្ឋ​បាន​២៤ម៉ោង​លើ​២៤ម៉ោង។ ហេតុ​ដូច្នេះហើយ​បាន​ជា​លោក​ គីម ជុងអ៊ុន ចេញ​ក្រិត្យ​ប្រមូល​កងកម្លាំង​យោធា ដោយ​បញ្ជា​ឱ្យ​កងទ័ពជា​អ្នក​ធ្វើ​ប្រតិបត្តិការគ្រប់​គ្រង​​ចែកចាយ​ថ្នាំសង្កូវ​ឱ្យ​នៅក្រុង​ព្យុងយ៉ាង ដែល​មាន​លេច​ករណី​កូវីដ​ជា​លើកដំបូង​និង​ជា​ផ្លូវការ​កាលពី​សប្តាហ៍​មុន។

ដោយ​យល់​ថា​កូវីដ​កំពុង​ធ្វើ​ឱ្យ​ស្ថានភាព​ប្រទេសក្រឡាប់​ចាក់​ព្រោះ​ពលរដ្ឋ​គ្មាន​ចាក់​វ៉ាក់សាំងសោះ លោក គីម ជុងអ៊ុន បាន​ចេញ​មុខ​គ្រប់គ្រងយុទ្ធនាការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​ដោយ​ផ្ទាល់ ដោយ​ដឹកនាំ​​ប្រជុំ​ដោះស្រាយវិបត្តិ​ជា​រៀង​រាល់​ថ្ងៃ និង​បាន​ចុះទៅ​ត្រួត​ពិនិត្យ​មើល​ឱសថស្ថានមួយ​​ដោយ​ផ្ទាល់​ទៀត​ផង នៅថ្ងៃអាទិត្យ​ម្សិលមិញ។

ទោះបី​ជា​បាន​បិទខ្ទប់​ប្រទេស​យ៉ាង​ជិត​ឈឹងអស់​រយៈ​ពេល​ពីរឆ្នាំ​​ក្តី ក៏ដោយ​ចៀស​មិន​រួច ​វីរុស​នៅ​តែ​អាច​ជ្រៀត​ចូល​ក្នុង​ប្រទេស​បាន ជាពិសេស​វីរុស​បំប្លែង​ខ្លួនអូមីក្រុង​ដែល​មាន​អំណាចចម្លង​ខ្លាំង។ បើ​តាម​ភ្នាក់ងារ​ផ្លូវការ​កូរ៉េខាង​ជើង ដែល​មិន​ប្រើ​ពាក្យ​ថា​កូវីដ ចំនួន​អ្នកឆ្លង​មានអាការៈក្តៅ​ខ្លួន បានឡើង​ដល់​១លាន​ពីរ​សែន​៣៥៥០នាក់ ស្លាប់​៥០នាក់ និង​ជាង​៥សែន​៦ម៉ឺននាក់​កំពុង​ទទួលការ​ព្យាបាល។

ប្រឈម​នឹង​ស្ថានភាព​បែប​នេះ កូរ៉េខាង​ជើង​ទំនង​ជា​បាន​ស្នើ​សុំ​ជំនួយ​ពី​ចិន។ នេះ​បើតាម​ភ្នាក់ងារ​សារព័ត៌មានកូរ៉េខាង​ត្បូង ប៉ុន្តែ​គេមិន​ដឹង​ថា​តើជា​ការ​ស្នើ​សុំ​ថ្នាំបង្ការ ប្រដាប់ធ្វើ​តេស្ត ឬ​ថ្នាំព្យាបាល​ទេ។ អ្វី​ដែល​ប្រាកដ គឺ​ព្យុងយ៉ាង​មិន​បាន​ឆ្លើយ​តប​ជា​ផ្លូវការ​នូវ​សំណើ​របស់លោកប្រធានាធិបតី​កូរ៉េខាង​ត្បូង​ នា​ថ្ងៃ​ចន្ទទី ១៦​ឧសភា​នេះ សុំ​ដឹក​​វ៉ាក់សាំងទៅ​ឱ្យ​ទេ។ លោក យូន ស៊ុកយោល ដែល​ត្រូវទទួល​លោកប្រធានាធិបតី​អាមេរិក​ចូបៃដិន នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នៅទីសេអ៊ូល បានប្រកាសត្រៀម​ផ្តល់​ជំនួយ​ជាថ្នាំ​ ជា​វ៉ាក់សាំង ព្រមទាំង​បុគ្គលិក​សុខាភិបាល​ទៅ​ជួយ​ផង​ តែ​ព្យុងយ៉ាង​ប្រហែល​ជ្រើសរើស​យក​ជំនួយ​ពី​ដៃគូ​សេដ្ឋកិច្ចរបស់​ខ្លួន​គឺ​ចិន​ ហើយ​ត្រៀម​ប្រកាន់​យកយុទ្ធសាស្ត្រ​ដូច​ចិន​ទៀត។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ