អានតួអត្ថបទ
អាមេរិក-អាហ្វហ្កានីស្ថាន

អ.ស.ប. ៖ អាមេរិក​លើក​​គម្រោង​ផ្តល់​​ជំនួយ រយៈពេល​មួយ​ឆ្នាំ ដល់​​អាហ្វហ្កានីស្ថាន

នៅ​ល្ងាច​ថ្ងៃ​ចន្ទទី ២០​ធ្នូ​២០២១ សហរដ្ឋ​អាមេរិក​បាន​លើក​សំណើ​សេចក្តី​សម្រេចចិត្ត​ថ្មី​មួយ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ស្តី​ពី​ការ​សម្រួល​ជំនួយ​​មនុស្ស​ធម៌ ដល់​អាហ្វហ្កានីស្ថាន​ ​រយៈ​ពេល​មួយ​ឆ្នាំ។​ គម្រោង​នេះ​ ត្រូវ​ឆ្លង​កាត់​ការបោះឆ្នោត នៅ​​ក្រុម​ប្រឹក្សា​សន្តិសុខ ប៉ុន្តែ​​មិន​ដឹង​ថា​តើ​ចិន​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​មាន​សិទ្ធិ​ប្រឆាំង​វេតូ ព្រមគាំទ្រ​ឬ​យ៉ាងណាទេ។

ប្រជាពលរដ្ឋ​អាហ្វហ្កានីស្ថាន​ជាង​ពាក់កណ្តាលប្រឈមនឹង​គ្រោះ​អត់​ឃ្លាន
ប្រជាពលរដ្ឋ​អាហ្វហ្កានីស្ថាន​ជាង​ពាក់កណ្តាលប្រឈមនឹង​គ្រោះ​អត់​ឃ្លាន Mohd RASFAN AFP
ផ្សាយពាណិជ្ជកម្ម

សំណើ​ថ្មី​នេះ បាន​កំណត់​ថា ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ ជំនួយ​មនុស្ស​ធម៌​ និង​រាល់គ្រប់​សកម្មភាព​ដែល​មាន​ពាក់ព័ន្ធ​នឹង​សេចក្តីត្រូវការ​ជា​ចាំ​បាច់​របស់​មនុស្ស​ នៅ​អាហ្វហ្កានីស្ថាន មិនមែន​ជា​ការ​រំលោភ​សេចក្តីសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​លេខ ២២៥៥ កាលពី​ឆ្នាំ​២០១៥ ដាក់​ទណ្ឌកម្ម​លើ​ពួក​តាលីបង់​ទេ​។ គម្រោង​សេចក្តីសម្រេចចិត្ត​ ​ក៏​បាន​បើក​ផ្លូវឱ្យ​មាន​សកម្មភាព​គ្រប់គ្រង និង​ទូទាត់​មូលនិធិ បំណុល ​ហិរញ្ញវត្ថុ ឬធនធាន​សេដ្ឋកិច្ច ព្រមទាំង​ការ​ផ្តល់​ទំនិញ​ និង​សេវាកម្មចាំបាច់ ដើម្បី​ទ្រទ្រង់ និង​ធានា​សកម្មភាពមនុស្សធម៌​ដែរ។ ​​គម្រោង​ច្បាប់​បាន​​​​លើក​ទឹក​ចិត្ត​ ឱ្យ​អ្នក​ផ្គត់ផ្គង់​ជំនួយ​មនុស្ស​ធម៌ ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​ និង​កាត់​បន្ថយ​ឱ្យ​បាន​ច្រើន​បំផុត​​កុំ​ពាក់ព័ន្ធ ដោយ​ត្រង់ ឬដោយ​ពង្រាង​ជាមួយ​ក្រុម​ដែល​ជាប់​ទណ្ឌកម្ម​អន្តរជាតិ។ បើ​តាម​គម្រោង​សេចក្តី​សម្រេចចិត្ត ការ​ត្រួត​ពិនិត្យ​ទិសដៅ​នៃ​ជំនួយ​ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ពីរ​ខែក្រោយ​ផែនការ​លេច​ជា​រូបរាង​ពិត។

គម្រោង​សេចក្តី​សម្រេច​ចិត្ត​ស្នើ​ឡើង​ដោយ​អាមេរិក​នេះ​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ចិន​ដែល​មាន​សិទ្ធិ​ប្រឆាំង​វេតូ មិនទាន់​បាន​បញ្ជាក់​អំពី​ជំហរ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ បាន​បង្ហោះ​សារ​មួយ​ថា ជំនួយ​មនុស្ស​ធម៌​ និង​ជំនួយចាំបាច់​សម្រាប់​រស់ ត្រូវ​ទៅ​ដល់​ដៃ​ពលរដ្ឋ​អាហ្វហ្កានីស្ថាន ដោយ​គ្មាន​​លក្ខខណ្ឌ។

សូម​បញ្ជាក់​ថា នៅមុន​នេះ​បន្តិច ចិន​ គាំទ្រ​ដោយ​រុស្ស៊ី បាន​ច្រានចោល​គម្រោង​ទីមួយ​របស់​អាមេរិករួច​ម្តង​ហើយ។ ជា​គម្រោង​ចង់​​ផ្តល់​ជំនួយ​មនុស្សធម៌ឱ្យ​អាហ្វហ្កានីស្ថាន​ ដោយ​លើក​ទណ្ឌកម្ម​តាមករណី​ជាក់ស្តែង​មួយៗ ដើម្បី​កុំ​ឱ្យជំនួយ​នោះ​បាន​​ធ្លាក់​ដល់​ដៃ​ពួក​តាលីបង់។ ប៉ុន្តែ​សូម្បី​ឥណ្ឌា បារាំង​និង​អង់គ្លេស ក៏​មិន​គាំទ្រ​ដែរ។ ហេតុដូច្នេះហើយ​ បាន​ជា​​សហរដ្ឋ​អាមេរិក​ បង្ខំ​ចិត្ត​ត្រូវ​កែសម្រួល​ខ្លឹមសារ​និងលើក​​សំណើ​សេចក្តី​សម្រេច​ចិត្តថ្មី​ ដាក់​ជូន​​​ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​​មួយ​ទៀតនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ