អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រទេស និងប្រជាជនអាហ្វហ្កានីស្ថានកំពុងរងគ្រោះដោយការប្រទាញប្រទង់រវាងពួកតាលីបង់ និងសហគមន៍អន្តរជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​កិច្ចប្រជុំកំពូល​រយៈពេល ២ថ្ងៃ​ពី​ថ្ងៃទី១៨​ដល់​ថ្ងៃទី១៩ ធ្នូ​ដែល​រៀបចំ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ក្រុម​ប្រទេស​សមាជិក​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម​បាន​សន្យា​ជួយ​ស្រោចស្រង់​អាហ្វហ្កានីស្ថាន​ពី​វិបត្តិមនុស្សធម៌។ តាំង​ពី​ពួក​តាលីបង់​បាន​ឡើង​កាន់​អំណាច​ជា​ថ្មី​នា​ពាក់កណ្តាល​ខែ​សីហា នេះ​ជា​លើកទី១ ដែល​អង្គការ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម​បាន​រួម​ប្រជុំ​គ្នា។ តែ​អ្វី​ជា​ការ​កត់សម្គាល់​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ប្រទេស​ណា​មួយ​បាន​ទទួល​ស្គាល់​របប​តាលីបង់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ តើ​វា​ល្មម​ដល់​ពេល​ដែល​សហគមន៍​អន្តរជាតិ​ផ្តើម​ទទួល​ស្គាល់​របប​ថ្មី​នៅ​អាហ្វហ្កានីស្ថាន​ហើយ ឬ?។

ក្រុមប្រទេសអ៊ីស្លាមរៀបចំជំនួបកំពូលរយៈពេល ២ថ្ងៃ​ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី១៩ ធ្នូ ២០២១ ដើម្បីនិយាយពីវិបត្តិមនុស្សធម៌នៅអាហ្វហ្កានីស្ថាន។
ក្រុមប្រទេសអ៊ីស្លាមរៀបចំជំនួបកំពូលរយៈពេល ២ថ្ងៃ​ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី១៩ ធ្នូ ២០២១ ដើម្បីនិយាយពីវិបត្តិមនុស្សធម៌នៅអាហ្វហ្កានីស្ថាន។ AP - Rahmat Gul
ផ្សាយពាណិជ្ជកម្ម

គឺ​ប្រឈម​នឹង​វិបត្តិ​មនុស្សធម៌ និង​ការ​ដួលរលំ​សេដ្ឋកិច្ច​របស់​អាហ្វហ្កានីស្ថាន​ដែល​ក្រុម​ប្រទេស​សមាជិក​នៃ​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម​បាន​នាំ​គ្នា​ចូលរួម​ជួយ​ឈឺឆ្អាល​ពេល​នេះ។ អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ច្រើន​ដង​ថា អាហ្វហ្កានីស្ថាន​កំពុង​ស្ថិត​មាត់ជ្រោះ​នៃ​គ្រោះមហន្តរាយ​មនុស្សធម៌​មួយ​ដ៏​អាក្រក់​លើ​លោក។ ចំណែក​អង្គការ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ព្រមាន​ត្រង់​ពី​គ្រោះទុរ្ភិក្ស។ ហេតុអ្វី​បាន​ជា​ប្រទេស​នៅ​អាស៊ីខាងត្បូង​មួយ​នេះ​បាន​ធ្លាក់​ខ្លួន​ដុនដាប​ដល់​ម្លឹង?។ ខ្ញុំ​ទុក​ចម្លើយ​ចំពោះ​សំណួរ​នេះ​នៅ​ពេល​បន្តិច​ទៀត​ដោយ​សូម​ងាក​មក​ចាប់​អារម្មណ៍​ជា​មុន​នូវ​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​នៃ​កិច្ចប្រជុំកំពូល​របស់​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម។

កិច្ចប្រជុំកំពូល​បាន​ឯកភាព​គ្នា​លើ​ចំណុច​មួយ​ចំនួន ទី១ បើក​ការ​ចរចា​ជាមួយ​អង្គការ​សហប្រជាជាតិ​ដើម្បី​រំដោះ​ប្រាក់ជំនួយ និង​លុយ​របស់​អាហ្វហ្កានីស្ថាន​រាប់សិបលានដុល្លារ​ដែល​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ផ្អាក និង​បង្កក​នៅ​ក្រោយ​ការ​ឡើង​កាន់​អំណាច​ជា​ថ្មី​របស់​ពួក​តាលីបង់។ ជាក់ស្តែង សហរដ្ឋអាមេរិក​បាន​បង្កក​លុយ​របស់​ធនាគារកណ្តាល​អាហ្វហ្កានីស្ថាន​ចំនួន ៩ ៥០០លានដុល្លារ។ ទី២ កិច្ចប្រជុំកំពូល​បាន​ស្នើ​ឲ្យ​សហគមន៍អន្តរជាតិ​ចូលរួម​នៅ​ក្នុង​មូលនិធិមនុស្សធម៌​ដែល​គ្រប់គ្រង​ដោយ​ធនាគារអភិវឌ្ឍន៍​អ៊ីស្លាម។ តាម​គម្រោង មូលនិធិមនុស្សធម៌​មួយ​នេះ​នឹង​ចាប់​ដំណើរការ​នៅ​ត្រីមាសទី១ ឆ្នាំ ២០២២។ តែ​គេ​នៅ​មិន​ទាន់​បាន​កំណត់​ពី​ចំនួន​ទឹកប្រាក់​នៅ​ក្នុង​មូលនិធិមនុស្សធម៌​នោះ​ទេ។

ទី៣ កិច្ចប្រជុំកំពូល​បាន​អំពាវនាវ​ឲ្យ​រដ្ឋអំណាច​អាហ្វហ្កានីស្ថាន​បន្ត​ការងារ​ដើម្បី​ភាព​ចម្រុះ​នៅ​ក្នុង​សង្គម​ដោយ​មាន​ការ​ចូលរួម​របស់​ប្រជាជន​អាហ្វហ្កានីស្ថាន​គ្រប់​ស្រទាប់​វណ្ណៈ ពិសេស​ស្រ្តី និង​ក្មេងស្រី​ដោយ​គ្មាន​ការ​រើសអើង និង​ទី៤ កិច្ចប្រជុំកំពូល​បាន​ជំរុញ​ឲ្យ​រដ្ឋអំណាច​អាហ្វហ្កានីស្ថាន​គោរព​សិទ្ធិមនុស្ស ពិសេស​សិទ្ធិស្រ្តី។ គេ​អាច​និយាយ​បាន​ថា ចំណុចទី៣ និង​ចំណុចទី៤ ជា​លក្ខខណ្ឌ​ដែល​ដាក់​ដោយ​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម និង​ក៏​ដូច​ជា​ការ​ទាមទារ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ។ នៅ​ត្រង់​ចំណុច​នេះ អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម​បាន​សម្រេច​បញ្ជូន​គណៈប្រតិភូ​ទេវវិទូ​អ៊ីស្លាម​អន្តរជាតិ​ទៅ​ជជែក​ជាមួយ​អាហ្វហ្កានីស្ថាន។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ការ​កាន់​អំណាច​លើកទី២ នេះ ពួក​តាលីបង់​បាន​សន្យា​មិន​ប្រកាន់​យក​ជំហរ​តឹងឹរង​ចំពោះ​ស្រ្តីភេទ​ដូច​ដែល​តាលីបង់​ធ្លាប់​បាន​អនុវត្ត​នៅ​ពេល​កាន់​អំណាច​លើកទី១ ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០១។ តែ​ការ​ពិត​ជាក់ស្តែង​មិន​ដូច​ជា​ការ​និយាយ​ឯណា ព្រោះ​សព្វ​ថ្ងៃ​នេះ ស្រ្តី​ភាគ​ច្រើន​ត្រូវ​បាន​គេ​បំភ្លេច​ចោល ឬ​ភាត់​ចេញ​ពី​សង្គម ពិសេស​ពី​ការងារ​សាធារណៈ។ ចំណែក​សាលាមធ្យមសិក្សា​ជា​ច្រើន​សម្រាប់​ក្មេងស្រី​កំពុង​បន្ត​បិទទ្វារ។ បើ​កាយវិការ​របៀប​នេះ​មិនមែន​ជា​ការ​រើសអើង​ចំពោះ​ស្រ្តី និង​ក្មេងស្រី តើ​វា​ជា​កាយវិការ​ស្អី​ទៅ។ តែ​ពួក​តាលីបង់​បាន​យល់​ឃើញ​ថា ផ្លូវ​ដែល​ខ្លួន​កំពុង​ដើរ​ជា​ផ្លូវ​ត្រូវ និង​ជា​ផ្លូវ​ដែល​ដើរ​ចំ​គោលដៅ នេះ​ជា​ការ​ពន្យល់​របស់​ប្រមុខ​ការទូត​ប៉ាគីស្ថាន​នា​ឱកាស​សន្និសីទកាសែត​នៅ​ក្រោយ​កិច្ចប្រជុំកំពូល។

បន្ទាប់​មក ប្រមុខ​ការទូត​ប៉ាគីស្ថាន​បាន​ព្រមាន​ពី​ផលវិបាក​ធ្ងន់ធ្ងរ​ដែលអាច​កើត​ចេញ​ពី​ការ​ដួលរលំ​សេដ្ឋកិច្ច​អាហ្វហ្កានីស្ថាន ដូច​ជា​គ្រោះ​ទុរ្ភិក្ស លំហូរ​ជនភៀសខ្លួន​ថ្មីៗ​ទៀត និង​ការ​កើន​ឡើង​នៃ​ពួកជ្រុលនិយម។ ចំណែក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក​អ៊ីមរ៉ាន់ ខាន់​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​បាន​ទាមទារ​ឲ្យ​ផ្តាច់​ចំណង​រវាង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ពួក​តាលីបង់ និង​ប្រជាជន​អាហ្វហ្កានីស្ថាន​ទាំង ៤០លាននាក់។ លោក​អ៊ីមរ៉ាន់ ខាន់​ចង់​និយាយ​នៅ​ត្រង់​នេះ​ថា សហគមន៍​អន្តរជាតិ​មិន​គួរ​បិទភ្នែក​ទុក​ឲ្យ​ប្រជាជន​អាហ្វហ្កានីស្ថាន​អត់​បាយ​ស្លាប់​ដោយសារ​តែ​ខ្លួន​មិន​ពេញ​ចិត្ត​នឹង​ការ​គ្រប់គ្រង​របស់​ពួក​តាលីបង់​នោះ​ទេ។

គួរ​បញ្ជាក់​ថា ជាង ៤ខែ​ក្រោយ​ការ​ឡើង​កាន់​អំណាច​របស់​ពួក​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន នៅ​មិន​ទាន់​មាន​ប្រទេស​ណា​មួយ​បាន​ចេញ​មុខ​ទទួល​ស្គាល់​របប​តាលីបង់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ នេះ​ហើយ​ជា​ចម្លើយ​ទៅ​នឹង​សំណួរ​ដែល​ថា ហេតុអ្វី​បាន​ជា​ប្រទេស​នៅ​អាស៊ីខាងត្បូង​មួយ​នេះ​កំពុង​ធ្លាក់​ខ្លួន​ដុនដាប​ដល់​ម្លឹង។ ជា​ថ្មី​ម្តង​ទៀត ប្រមុខ​ការទូត​អាហ្វហ្កានីស្ថាន​បាន​បន្ត​ទាមទារ​សិទ្ធិ​ពី​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​តាលីបង់​ជា​ផ្លូវការ​ពី​សហគមន៍​អន្តរជាតិ។ ជា​ថ្មី​ម្តង​ទៀត សហគមន៍​អន្តរជាតិ​បាន​បន្ត​ទាមទារ​ឲ្យ​ពួក​តាលីបង់​គោរព​សិទ្ធិមនុស្ស​ទូទៅ ពិសេស​សិទ្ធិស្រ្តី និង​ក្មេង​ស្រី។ មែនទែន​ទៅ ការ​បន្ត​ច្របាច់ ក ពួក​តាលីបង់​របស់​សហគមន៍​អន្តរជាតិ​របៀប​នេះ​ពិត​ជា​រឿង​ត្រឹមត្រូវ។

តែ​គេ​មិន​ត្រូវ​ភ្លេច​មើល​ទេ​ថា អ្នក​ដែល​កំពុង​លៀនអណ្តាត និង​ថប់ដង្ហើម​ពី​ការ​ច្របាច់ ក នេះ គឺ​ប្រជាជន​អាហ្វហ្កានីស្ថាន​ទាំង ៤០លាននាក់ ពោល​មិនមែន​ពួក​តាលីបង់​តែ​មួយ​ក្តាប់​តូច​នោះ​ឯណា។ ម្យ៉ាង​ទៀត គេ​ក៏​មិន​ត្រូវ​មើល​រំលង​ទេ​ថា​ចង់ ឬ​មិន​ចង់ និង​ក្រោម​ភ្នែក​ប្រជាជន​អាហ្វហ្កានីស្ថាន​ទូទៅ តាលីបង់​ជា​អ្នក​ឈ្នះ​សង្រ្គាម និង​កំពុង​កាន់​អំណាច​ណែនដៃ។ សហគមន៍​អន្តរជាតិ​អាច​បន្ត​មិន​ទាន់​ទទួល​ស្គាល់​របប​តាលីបង់ តែ​សហគមន៍​អន្តរជាតិ​មិន​អាច និង​គ្មាន​សិទ្ធិ​ទុក​ឲ្យ​ប្រជាជន​អាហ្វហ្កានីស្ថាន​ស្លាប់​ដោយ​អត់​បាយ​បាន​ទេ ទោះ​ក្រោម​ហេតុផល​អ្វី​ក៏​ដោយ​ចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ