អានតួអត្ថបទ

ក្រុមប្រទេសអ៊ីស្លាមរៀបចំជំនួបកំពូលដើម្បីនិយាយពីវិបត្តិមនុស្សធម៌នៅអាហ្វហ្កានីស្ថាន

នៅ​ថ្ងៃ​អាទិត្យ ទី១៩ ធ្នូ អ្នក​តំណាង​មក​ពី ៥៧ប្រទេស​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម​បាន​រួម​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេស​ប៉ាគីស្ថាន។ កិច្ចប្រជុំវិសាមញ្ញ​នេះ​ផ្តោត​សំខាន់​លើ​វិបត្តិ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ តាំង​ពី​ការ​ឡើង​កាន់​អំណាច​របស់​ពួក​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន​ក្នុង​ខែ​សីហា នេះ​ជា​លើកទី១ ដែល​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម​បើក​ជំនួបកំពូល​ដើម្បី​និយាយ​ពី​បញ្ហា​អាហ្វហ្កានីស្ថាន។

ក្រុមប្រទេសអ៊ីស្លាមរៀបចំជំនួបកំពូលនៅ​ប៉ាគីស្ថានដើម្បីនិយាយពីវិបត្តិមនុស្សធម៌នៅអាហ្វហ្កានីស្ថាន ថ្ងៃទី១៩ ធ្នូ ២០២១។
ក្រុមប្រទេសអ៊ីស្លាមរៀបចំជំនួបកំពូលនៅ​ប៉ាគីស្ថានដើម្បីនិយាយពីវិបត្តិមនុស្សធម៌នៅអាហ្វហ្កានីស្ថាន ថ្ងៃទី១៩ ធ្នូ ២០២១។ AP - Rahmat Gul
ផ្សាយពាណិជ្ជកម្ម

មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម​បាន​បើក​កិច្ចប្រជុំ​ដើម្បី​ជជែក​ពី​វិបត្តិ​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ មិន​ចៃដន្យ ព្រោះ​តាំង​ពី​ការ​ឡើង​កាន់​អំណាច​ជា​ថ្មី​របស់​ពួក​តាលីបង់​មក មាន​លុយ​ជា​ច្រើន​លាន​ដុល្លារ និង​ជំនួយ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​បង្កក និង​ផ្អាក។ នេះ​ជា​ដើមចម​នៃ​ការ​បង្ក​ឲ្យ​មាន​ហានិភ័យ​វិបត្តិ​មនុស្សធម៌​ធំធេង​សម្រាប់​ពលរដ្ឋ​អាហ្វហ្កានីស្ថាន​ទាំង ៣៨លាននាក់ ពិសេស​ចំ​ពេល​ជិត​ចូល​ដល់​រដូវត្រជាក់។

តាម​អង្គការ​សហប្រជាជាតិ អាហ្វហ្កានីស្ថាន​បាន​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​មនុស្សជាតិ​មួយ​ដ៏​អាក្រក់​លើ​លោក។ ចំណែក​អង្គការ​ស្បៀងអាហារ​ពិភពលោក​បាន​ព្រមាន​ប្រឆាំង​នឹង​គ្រោះ​អត់ឃ្លាន​នា​ពេល​ខាង​មុខ។ ដូច្នេះ​ជំនួបកំពូល​រយៈពេល ១ថ្ងៃ​របស់​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម​ពេល​នេះ​ត្រូវ​ផ្តោត​សំខាន់​ពី​ការ​សន្យា​ផ្តល់​ជំនួយ​មនុស្សធម៌​ឲ្យ​ប្រជាជន​អាហ្វហ្កានីស្ថាន។ ក្រៅ​ពី​វត្តមាន​អ្នក​តំណាង​មក​ពី ៥៧ប្រទេស​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម ជំនួបកំពូល​ក៏​មាន​ការ​ចូលរួម​ពី​អ្នក​តំណាង​សហរដ្ឋអាមេរិក ចិន រុស្ស៊ី សហភាពអឺរ៉ុប និង​អង្គការសហប្រជាជាតិ​ដែរ។

តែ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​វត្តមាន​នៅ​ក្នុង​ជំនួបកំពូល​ពេល​នេះ នៅ​មិន​ទាន់​មាន​ប្រទេស​ណា​មួយ​បាន​ទទួល​ស្គាល់​របប​តាលីបង់​នៅ​ឡើយ​ទេ​តាំង​ពី​ពួក​នេះ​បាន​ឡើង​កាន់​អំណាច​នា​ពាក់​កណ្តាល​ខែ​សីហា​កន្លង​ទៅ។ បើ​តាម​ប្រមុខ​ការទូត​ប៉ាគីស្ថាន ជំនួបកំពូល​នេះ​និយាយ​ពី​ប្រជាជន​អាហ្វហ្កានីស្ថាន​ទូទៅ ពោល​មិនមែន​និយាយ​សំដៅ​លើ​ក្រុម ឬ​ចលនា​ណា​មួយ​ទេ។ ប្រមុខ​ការទូត​ប៉ាគីស្ថាន​បាន​បន្ថែម​ដោយ​លើក​ឡើង​ពី​ភាព​ខុស​គ្នា​រវាង​ការ​ទទួល​ស្គាល់ និង​ការ​សន្យា​ជាមួយ​របប​ថ្មី​នៅ​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ