អានតួអត្ថបទ
ហ្វីលីពីន-ការអប់រំ-កូវីដ១៩

ហ្វីលីពីន​នឹងផ្តើម​​បើក​សាលា​រៀន​ចំនួន​១២០​ ​ក្នុង​ដំណាក់កាល​សាក​ល្បង

ដោយ​ហេតុ​កូវីដ​ រដ្ឋ​អំណាច​ហ្វីពីលីន​បាន​បិទទ្វារ​សាលារៀន​នៅទូទាំង​ប្រទេស​ជាង​មួយ​ឆ្នាំ​មក​ហើយ​។ រហូត​ដល់​ថ្ងៃចន្ទ​ ទី២០​ កញ្ញា​ម្សិលមិញ​នេះ​ ទើប​លោក​ប្រធានាធិបតី​ ឌុយទែរតេ​ ប្រកាស​អនុញ្ញាត​ឲ្យ​សាកល្បងបើក​សាលា​រៀន​ឡើង​វិញ​ចំនួន ១២០ តែ​ត្រូវ​កំណត់​ចំនួន​សិស្ស​និង​ម៉ោង​រៀន​។

ដោយហេតុកូវីដរដ្ឋអំណាចហ្វីលីពីនបានបិទទ្វារសាលារៀនទាំងស្រុងចាប់ពីខែមីនា ឆ្នាំ២០២០។
ដោយហេតុកូវីដរដ្ឋអំណាចហ្វីលីពីនបានបិទទ្វារសាលារៀនទាំងស្រុងចាប់ពីខែមីនា ឆ្នាំ២០២០។ © AP - Aaron Favila
ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​សឹង​តែ​គ្រប់​ប្រទេស​នៅលើ​ពិភពលោក​បាន​បើក​សាលារៀនឡើងវិញ​ដោយ​ផ្នែក​និង​ពេញលេញ​សម្រាប់​កម្មវិធី​បង្រៀន​ដោយ​ផ្ទាល់​ក្នុង​ថ្នាក់​ ប្រទេស​ហ្វីលីពីនវិញ​បាន​បិទ​សាលា​ទាំងស្រុង​ចាប់តាំងពី​ផ្ទុះ​ការ​ឆ្លងរាលដាលជំងឺ​កូវីដដំបូង​កាលពី​ខែមីនា​ ឆ្នាំ ២០២០​។

ទើប​តែនៅថ្ងៃទី ២០ កញ្ញា​ ក្រោមការ​ណែនាំ​ដែល​អនុម័ត​ដោយ​លោក​ប្រធានាធិបតី​ឌុយទែរតេ​ សាលាមួយ​ចំនួន​នៅក្នុងប្រទេសហ្វីលីពីន​អាច​បើក​ទ្វារ​ទទួល​បង្រៀង​សិស្ស​ក្នុង​ថ្នាក់​ទល់​មុខ​គ្នា​បាន​។ សាលារដ្ឋ​ចំនួន​១០០ ដែល​ស្ថិត​នៅក្នុង​តំបន់​មាន​ហានិភ័យ​តិច​តួច​បំផុត​នៃការ​ចម្លងជំងឺកូវីដ​នឹង​ទទួល​បាន​ភ្លើង​ខៀវ​ក្នុងការ​បើក​សាលា​សាកល្បង​ឡើង​វិញ​ចំនួន​ពីរខែ​។ ហើយ​មាន​ ២០ សាលាផ្សេងទៀត​ គឺជា​សាលាឯកជន​។

ថ្នាក់រៀន​នឹង​ត្រូវបើក​សម្រាប់​កុមារ​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់ទី៣​ និង​ថ្នាក់​វិទ្យាល័យ​។ ប៉ុន្តែចំនួន​សិស្ស​និង​ចំនួនម៉ោងរៀន​ក្នុងថ្នាក់​នឹង​ត្រូវ​មាន​កំណត់​។ ​ប្រសិន​បើ​ការ​បើក​សាលា​សាក​ល្បង​នេះ​មាន​សុវត្ថិភាព​ នោះ​អាជ្ញាធរ​ហ្វីលីពីន​នឹង​បង្កើន​ចំនួន​សាលារៀន​ដែល​ត្រូវ​បើក​បន្ថែម​ទៀត​។

គួរបញ្ជាក់ថា​កាលពីពេលកន្លងទៅ​ ប្រមុខដឹកនាំហ្វីលពីលីន​លោកឌុយទែរតេ​ បាន​បដិសេធ​ទៅនឹងសំណើសុំ​បើក​សាលាសាកល្បង​ដោយ​បារម្ភខ្លាចថា​ក្មេងៗ​អាច​ឆ្លង​ជំងឺ​កូវីដ​១៩ រួចបន្ទាប់មកទៀត​ចម្លងជំងឺនេះទៅមនុស្សចាស់​។

ប៉ុន្តែ​ដោយ​មាន​ការអំពាវនាវខ្លាំងឡើង​ពី​មូលនិធិ​កុមារ​របស់​អង្គការ​សហ​ប្រជា​ជាតិ​និងពីក្រុម​គ្រូបង្រៀនជាច្រើននាក់​ដែល​ព្រួយ​បារម្ភ​ពី​វិបត្តិ​អប់រំ​ ​ប្រមុខ​រដ្ឋ​អំណាច​ហ្វីលីពីន​សម្រេចឲ្យបើកទ្វារសាលារៀន ១២០សម្រាប់ដំណាក់កាលសាកល្បង​លើក​ដំបូង​។ សាលារៀនដែលចង់បើកទ្វារក្នុងដំណាក់កាលសាកល្បងនេះ នឹង​ត្រូវ​វាយតម្លៃ​ហើយ​ប្រសិន​បើសាលាទាំងនោះ​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​រួចរាល់​ហើយនោះ​ អាជ្ញាធរ​មូលដ្ឋាន​នឹងអនុញ្ញាតឲ្យពួកគេ​បើកដំណើរការឡើងវិញបាន​។ ចំណែក​ការយល់ព្រមជាលាយ​លក្ខណ៍​​អក្សរ​ពីពុកម្តាយឬអាណាព្យាបាលសិស្សចាំបាច់ត្រូវមានផងដែរ។

យ៉ាងណាក៏ដោយ​រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នោះទេ​ថាតើ​ការ​បើក​សាលារៀន​សាកល្បង​នឹង​ចាប់​ផ្តើមនៅពេលណា​ឲ្យប្រាកដ​ ឬក៏​សាលា​ណាមួយ​ឲ្យ​ជាក់ច្បាស់​ដែលមាន​ឈ្មោះ​ឲ្យ​បើក​សាកល្បង​។ អ្វី​ដែលគេដឹងច្បាស់នៅពេលនេះ​ គឺ​កម្មវិធីរៀនសូត្រ​លាយ​បញ្ចូលគ្នា​ដែល​រួមមាន​ថ្នាក់រៀន​អនឡាញ​ ការផ្ញើបញ្ជូន​ឯកសារ​មេរៀន​ និង​មេរៀន​ដែល​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នឹង​នៅបន្ត​ប្រព្រឹត្តធ្វើនៅ​ហ្វីលីពីន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ