ហ្វីលីពីន៖រដ្ឋាភិបាលប្តូរចិត្តវិញភ្លាមៗដោយបន្តបិទខ្ទប់ក្រុងម៉ានីលរហូតដល់ថ្ងៃទី១៥ កញ្ញា
នៅក្នុងប្រទេសហ្វីលីពីន រដ្ឋាភិបាលបានប្តូរចិត្តដោយបានប្រកាសនាថ្ងៃអង្គារ ទី៧ កញ្ញាថា វិធានការបិទខ្ទប់ក្រុងម៉ានីលដែលកំពុងចូលជាធរមានសព្វថ្ងៃនឹងបន្តអនុវត្តរហូតដល់ថ្ងៃទី១៥ កញ្ញា។ ការប្រកាសប្តូរចិត្តវិញភ្លាមៗពេលនេះបានធ្វើឡើង ២៤ម៉ោងក្រោយពីរដ្ឋាភិបាលបានប្រកាសពីការប្តូរពីការបិទខ្ទប់ទាំងស្រុងទៅជាការបិទខ្ទប់នៅតាមតំបន់វិញចាប់ពីថ្ងៃពុធ ទី៨ កញ្ញា។ គួរបញ្ជាក់ថាគិតត្រឹមសប្តាហ៍កន្លងទៅ ករណីឆ្លងកូវីដ១៩ នៅហ្វីលីពីនបានឡើងដល់ ២លាននាក់ និងមានស្លាប់ជាង ៣៤ ០០០នាក់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២០
តាមគម្រោងចាប់ពីថ្ងៃពុធ ទី៨ កញ្ញា រដ្ឋាភិបាលត្រូវប្តូរពីវិធានការបិទខ្ទប់ក្រុងម៉ានីលទាំងមូលទៅជាការបិទខ្ទប់ដោយជ្រើសយកផ្ទាំងស៊ីបនៅតាមតំបន់ដែលកំពុងមានកំណើនករណីឆ្លងកូវីដ១៩ ខ្លាំង ពិសេសឆ្លងដោយមេរោគកូវីដ១៩ បំប្លែងខ្លួន « ដែលតា »។ ជម្រើសផ្ទាំងស៊ីបនៅតាមតំបន់អាចធ្វើឡើងទៅលើលំនៅដ្ឋាន អាគារ ផ្លូវ ឬមួយក៏សង្កាត់ណាមួយ។ ការប្រើយុទ្ធសាស្រ្តរបៀបនេះត្រូវបានរដ្ឋាភិបាលយល់ថា គឺដើម្បីជួយសម្រាលតំបន់ និងទីកន្លែងណាដែលមិនសូវមានកំណើនករណីឆ្លង និងអនុញ្ញាតឲ្យតំបន់ និងទីកន្លែងទាំងនោះអាចបើកសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញ។
តែនៅទីបំផុតក្នុងថ្ងៃអង្គារ ទី៧ កញ្ញា រដ្ឋាភិបាលបានប្តូរចិត្តវិញដោយបន្តវិធានការបិទខ្ទប់នៅទូទាំងក្រុងម៉ានីលរហូតដល់ថ្ងៃទី១៥ កញ្ញា ឬមួយក៏រហូតដល់រដ្ឋាភិបាលផ្តើមអនុវត្តវិធានការបិទខ្ទប់ដោយជ្រើសយកផ្ទាំងស៊ីបនៅតាមតំបន់។ ការប្តូរចិត្តវិញភ្លាមៗនេះមិនត្រូវបានរដ្ឋាភិបាលលើកយកហេតុផលទៅពន្យល់ទេ។ ដូច្នេះ ភោជនីយដ្ឋានក្នុងក្រុងម៉ានីលដែលបានបិទទ្វារតាំងពីថ្ងៃទី៦ សីហា និងបានត្រៀមខ្លួនបើកទ្វារឡើងវិញចាប់ពីថ្ងៃពុធ ទី៨ កញ្ញានឹងត្រូវបន្តបិទទ្វាររហូតដល់ថ្ងៃទី១៥ កញ្ញា។ ចំណែកហាងកែសម្ផស្សក៏បន្តទុកទ្វារបិទ ហើយវិហារកាតូលិកក៏នៅមិនទាន់អាចបើកទ្វារទទួលគ្រឹស្តបរិស័ទបានដែរ។
គួរបញ្ជាក់ថា តាំងពីថ្ងៃផ្ទុះជំងឺកូវីដ១៩ ដំបូង ការបិទខ្ទប់ប្រទេស និងវិធានការរឹតបន្តឹងរបស់រដ្ឋាភិបាលបានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ដុនដាបដោយមានមនុស្សជាច្រើនលាននាក់បានបាត់បង់ការងារ និងមានគ្រួសារជាច្រើនកំពុងរស់ក្នុងស្ថានភាពគ្មានប្រាក់ចំណូលទៀងទាត់។ ជាមួយនឹងចំនួនអ្នកបានចាក់វ៉ាក់សាំងរួចដែលមានត្រឹមតែ ១៩% សន្ទុះកំណើនករណីឆ្លងកូវីដ១៩ ពិសេសមេរោគ « ដែលតា » និងការចាល់នៅមន្ទីរពេទ្យគ្មានកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ រដ្ឋាភិបាលហាក់គ្មានជម្រើសអ្វីផ្សេងក្រៅពីប្រើវិធានការបិទខ្ទប់ទេ។ គិតត្រឹមសប្តាហ៍កន្លងទៅ ហ្វីលីពីនមានករណីឆ្លងកូវីដ១៩ សរុបឡើងដល់ ២លាននាក់ និងមានស្លាប់ជាង ៣៤ ០០០នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ