ជប៉ុនរំឭកខួប៧៦ឆ្នាំនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដោយអាមេរិក
៩សីហា ១៩៤៥-៩សីហា ២០២១ ថ្ងៃនេះជាគម្រប់ខួប៧៦ឆ្នាំគត់ ដែលក្រុងណាហ្កាសាគី បានរងគ្រោះខ្ទេចខ្ទី ពីការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដោយសហរដ្ឋអាមេរិក។ បីថ្ងៃក្រោយការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើក្រុងអ៊ីរ៉ូស្ហីម៉ាសម្លាប់ជីវិតមនុស្សជាង១៤ម៉ឺននាក់ ថ្ងៃទី ៩សីហា១៩៤៥ នៅវេលាម៉ោង ១១និងពីរនាទី អាមេរិកបានទម្លាក់គ្រាប់បែបបរមាណូមួយគ្រាប់ទៀត លើក្រុងណាហ្កាសាគី បង្កឱ្យស្លាប់មនុស្សអស់៧៤០០នាក់។ នាឱកាសប្រារព្វខួបលើកទី ៧៦ឆ្នាំនេះ អភិបាលក្រុងណាហ្កាសាគី បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ អនុម័តសន្ធិសញ្ញាថ្មីស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៧
៧៦ឆ្នាំក្រោយ អ្នករួចពីស្លាប់ និងតំណាងមេដឹកនាំបរទេសមួយចំនួនតូច បានមកគោរពវិញ្ញណក្ខន្ធនិងស្មឹងស្មាន មួយនាទី នៅកន្លែងនិងចំម៉ោងគ្រាប់បែកធ្លាក់។ ដោយហេតុកូវីដ១៩ និងជាលើកទីពីរ ការប្រារព្វពិធីរំឭកខួបនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ បានសង្រួមតូចនិងមានឥស្សរជននយោបាយចូលរួមតិចតួចបំផុត។
ប៉ុន្តែពិធីឆ្នាំនេះមានបង្កប់អត្ថន័យពិសេសសម្រាប់ជប៉ុន ក្នុងការបំពងសំឡេងប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ អភិបាលក្រុងណាហ្កាសាគី Tomihisa Taue បានឱកាសស្រែកអំពាវនាវ ឱ្យមេដឹកនាំអន្តរជាតិទាំងអស់ ត្រូវតែប្តេជ្ញាចិត្ត កាត់បន្ថយអាវុធនុយក្លេអ៊ែរ និងស្តារទំនុកចិត្តគ្នាតាមរយៈការចរចា។ ចំណែកសង្គមស៊ីវិលក៏ត្រូវតែចូលចំណែកជំរុញពិភពលោកក្នុងការកាត់បន្ថយអាវុធនុយក្លេអ៊ែរដែរ។
“ក្នុងនាមជាប្រទេសរងគ្រោះដោយគ្រាប់បែកនុយក្លេអ៊ែរតែមួយគត់នៅលើពិភពលោក ជប៉ុនមានបេសកកម្មដ៏ចាំបាច់មួយ គឺជំរុញសហគមន៍អន្តរជាតិ មួយដំណាក់ម្តងៗ ឆ្ពោះរកពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ”។ នេះជាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីជប៉ុន យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា។
សូមបញ្ជាក់ថា នេះជាពិធីរំឭកខួបលើកទីមួយ គិតចាប់តាំងពីសន្ធិសញ្ញាហាមឃាត់ អាវុធនុយក្លេអ៊ែរចូលជាធរមានមក។ តែប្រទេសចំនួនភាគច្រើនជាប្រទេសមានអាវុធនុយក្លេអ៊ែរ មានជាអាទិ៍ សហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស អ៊ីស្រាអែល ឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើង មិនបានចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរនេះទេ។ ជាប្រទេសរងគ្រោះនុយក្លេអ៊ែរផ្ទាល់ តែក្រោយមកក្លាយជាសម្ព័ន្ធមិត្តមិនអាចកាត់ផ្តាច់ពីអាមេរិកបាន ជប៉ុនក៏មិនបានចុះហត្ថលេខាលើកសន្ធិសញ្ញានេះដែរ។
កាលពីថ្ងៃសុក្រទី៦សីហា ក្នុងពេលកំពុងមានការប្រកួតកីឡាអូឡាំពិក ក្រុងហ៊ីរ៉ូស្ហ៊ីម៉ា បានប្រារព្វពិធីរំឭកខួបនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដែរ ប៉ុន្តែពុំមានទេ កម្មវិធីគោរពស្មឹងស្មានមួយនាទីរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះនុយក្លេអ៊ែរ ក្នុងកម្មវិធីកីឡាអូឡាំពិក នៅតូក្យូ តាមសំណើជប៉ុន។ ប្រធានគណៈកម្មការអូឡាពិក បានបដិសេធ ដោយពន្យល់ថាចង់រំឭកជាលក្ខណៈសកល តាមរយៈលិខិតឧទ្ទិសការបិទបញ្ចប់កីឡាអូឡាំពិកដល់ជនរងគ្រោះក្នុងគ្រប់សោកនាដកម្មទាំងអស់នៅលើពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ