ប្រជាជនជប៉ុនប្រារព្ធខួប៧៥ឆ្នាំ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅហ៊ីរ៉ូស្ហ៊ីម៉ា និងណាហ្កាសាគី
ប្រទេសជប៉ុន នៅថ្ងៃទី៦សីហា នេះបានប្រារព្ធខួប ៧៥ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរិមាណូរបស់ អាមេរិកទៅលើទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា និងណាហ្កាសាគី កាលពីក្នុងសម័យសង្រ្គាមលោកលើកទី២។ គ្រាប់បែកបរិមាណូរបស់អាមេរិកបានចាប់បង្ខំឲ្យអធិរាជជប៉ុនលើកទង់ជ័យស ចុះចាញ់សង្រ្គាមលោកលើកទី២មែនហើយ ប៉ុន្តែ វាបានសម្លាប់មនុស្ស ប្រមាណ ២៤១ ០០០នាក់ ដែលភាគច្រើនជាប្រជាជនស៊ីវិល។ កាលពី៧៥ឆ្នាំ មុន គឺនៅថ្ងៃទី ៦សីហា ដែលគ្រាប់បែកនុយក្លេអ៊ែរ លើកដំបូងគេក្នុងប្រវត្តិសាស្រ្ត ត្រូវអាមេរិក ទម្លាក់ទៅលើទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា។ នៅ៣ថ្ងៃក្រោយ គឺទីក្រុងណាហ្កាសាគីដែលរងបំផ្លាញខ្ទេចខ្ទីដោយគ្រាប់បែកមរណៈ របស់អាមេរិក។ នៅថ្ងៃដែលប្រជាជនជប៉ុន នាំមុខដោយរដ្ឋាភិបាលកំពុងរៀបចំពិធីបុណ្យគោរពវិញ្ញាញក្ខន្ធរបស់ជនរងគ្រោះ នៅក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ នៅហ៊ីរ៉ូស្ហ៊ីម៉ា និងណាហ្កាសាគី វិទ្យុបារាំងRFI បានរំលឹកហេតុការណ៍ នៅថ្ងៃមហាសោកនាដកម្មរបស់មនុស្សជាតិ តាមរយៈ សាក្សីកម្មរបស់លោកស្រី Keiko OGURA ជនរងគ្រោះ ដែលរួចរស់ជីវិតពីការទម្លាក់គ្រាប់បែកបរិមាណូរបស់អាមេរិក នៅហ៊ីរ៉ូស្ហ៊ីមា។ កាលណោះ លោកស្រី មានអាយុ ប្រមាណ ៨ឆ្នាំ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣១
“នៅយប់ថ្ងៃទី៥ ចូលដល់ថ្ងៃទី៦សីហា យន្តហោះអាមេរិកទម្លាក់គ្រាប់បែក មិនឈប់។ នៅយប់នោះ យើងគេងនៅក្រោមជំរកការពារពីគ្រាប់បែក។ នៅព្រឹកឡើង ឪពុកខ្ញុំនិយាយថា Keiko មិនបាច់ទៅសាលារៀនទេ ថ្ងៃនេះ ព្រោះវាគ្មានសុវត្ថិភាព។ ត្រូវប្រញាប់ត្រលប់មកផ្ទះ។”
“នៅម៉ោង ៨ ១៥នាទី ខ្ញុំជិតមកដល់ផ្ទះទៅហើយ ស្រាប់តែ មួយរំពេចនោះ ពន្លឺផ្លេក សភ្លាវ ដ៏ធំអស្ចារ្យ មួយ ចាំងឡើងទៅលើមេឃ។ មានសំឡេងផ្ទុះដ៏ខ្លាំងមហិមារ និងបន្ទាប់មក មានកម្លាំងខ្យល់ ដ៏សន្ទឹក ដែលធ្វើឲ្យខ្ញុំខ្ទាតប៉ើងទៅលើដី។ ក្បាលរបស់ខ្ញុំបុកប៉ះត្រូវដុំថ្ម។ ខ្ញុំក៏សន្លប់បាត់ស្មារតី។”
“នៅពេលខ្ញុំដឹងខ្លួនឡើងវិញ អ្វីៗនៅជុំវិញខ្ញុំគឺបំផ្លាញខ្ទេច និងមានភ្លើងឆេះគ្រប់កន្លែង។ នៅពេលនោះ គឺមានសភាពស្ងាត់ជ្រងំ ដូចនៅវាលកប់ខ្មោច។ មេឃខ្មៅងងឹត បើទោះបីនៅថ្ងៃក៏ដោយ។ ភ្លាមៗ ខ្ញុំនៅងីងើ មិនអាចងើបឈរដោយខ្លួនឯងបានទេ។”
“មនុស្សម្នាររាប់ពាន់នាក់ចាប់ផ្តើមរត់ចាកចេញពីទីក្រុង។ ប្រជាជនជាច្រើនមានរបួស រលាកដ៏គួរខ្លោចចិត្ត។ អ្នករបួសច្រើនណាស់បានស្រែកថ្ងូរ រក ទឹក ទឹក។ អ្នករបួស២នាក់បានស្លាប់ដាច់ខ្យល់នៅនឹងមុខខ្ញុំ ដោយសារតែពួកគេបានផឹកទឹកដែលខ្ញុំខំរកឲ្យពួកគេ។ គេមិនត្រូវឲ្យទឹកទៅឲ្យអ្នកដែលរបួសរលាកខ្លាំងនោះទេ។ ប៉ុន្តែ កាលណោះ ខ្ញុំមិនដឹងអ្វីទេ។ ខ្ញុំនៅជាកូនក្មេង នៅឡើយ។ ខ្ញុំធ្លាប់គិតថា ខ្ញុំធ្វើត្រូវហើយ។ ប៉ុន្តែ តាមពិត ខ្ញុំបានសម្លាប់អ្នកទាំង២នាក់នោះ នៅពេលខ្ញុំព្យាយាមជួយពួកគេទៅវិញ។ រឿងនេះធ្វើឲ្យខ្ញុំយល់សប្តិអាក្រក់អស់ជាច្រើនឆ្នាំ។”
“ប៉ុន្មានថ្ងៃបន្ទាប់ យើងបានរៀបចំបុណ្យដុតសាកសពរបស់ជនរងគ្រោះ។ ដល់ទៅមានបុណ្យដុតសពច្រើនពេកនៅទីក្រុង គេឃើញ មានតែផ្សែងខ្មៅ និងក្លិនគេដុតខ្មោច នៅគ្រប់កន្លែង។”
“ចាប់តាំងពីថ្ងៃនោះមក មានសំណួរ៣ដែលតែងតែលងខ្ញុំជានិច្ច។ ហេតុអ្វីបានជាខ្ញុំមិនស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅហ៊ីរ៉ូស្ហ៊ីម៉ា។ ហេតុអ្វីបានជានៅថ្ងៃទី ៦ សីហា ឆ្នាំ ១៩៤៥ ខ្ញុំមិនអាចជួយសង្រ្គោះមនុស្សម្នាក់ទាល់តែសោះ។ ហេតុអ្វីបានជានៅ៧៥ឆ្នាំ ក្រោយ គេនៅតែមិនអាចបំផ្លាញ លុបបំបាត់ចោល អាវុធនុយក្លេអ៊ែរ ហេតុអ្វី? រឿងទាំងអស់នេះ វាធ្វើឲ្យខ្ញុំខឹងក្តៅក្រហាយមែនទែន។”
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ