អានតួអត្ថបទ
ជប៉ុន-កីឡាអូឡាំពិក

អភិបាល​តំបន់​អូសាកា​ថា​ការ​ដង្ហែ​ភ្លើង​គប់​អូឡាំពិក​គួរ​លុប​ចោល​ដោយ​សារ​កំណើន​កូវីដ

អភិបាល​តំបន់​អូសាកា​នៅថ្ងៃ​ព្រហស្បតិ៍​ ទី១​ មេសា​បាន​ស្នើ​ឲ្យ​លុបចោល​ការ​ដង្ហែ​ភ្លើង​គប់​អូឡាំពិក​ឆ្លងកាត់ទីក្រុង​នេះ​ ដោយសារ​ករណី​ឆ្លង​កូវីដ​ហក់​ស្ទុះ​ឡើង​ខ្ពស់​។ ការ​ស្នើ​ឡើង​បែប​នេះបាន​ធ្វើឲ្យ​ពិធី​ដង្ហែភ្លើងគប់​អូឡាំពិក​ត្រូវ​ជួប​ឧបសគ្គ​ធំ​ ព្រោះ​ការ​ប្រកួត​កីឡា​នៅតូក្យូ​នឹងត្រូវចាប់​បើក​ក្នុង​រយៈពេល​មិន​ដល់​បួនខែ​ទៀតនោះទេ​។

អភិបាលតំបន់អូសាកា នៅថ្ងៃព្រហស្បតិ៍ ទី១ មេសា បានស្នើឲ្យលុប ចោលការដង្ហែភ្លើងគប់អូឡាំពិកឆ្លងកាត់ទីក្រុងនេះ ដោយសារករណីឆ្លងកូវីដហក់ស្ទុះឡើងខ្ពស់។
អភិបាលតំបន់អូសាកា នៅថ្ងៃព្រហស្បតិ៍ ទី១ មេសា បានស្នើឲ្យលុប ចោលការដង្ហែភ្លើងគប់អូឡាំពិកឆ្លងកាត់ទីក្រុងនេះ ដោយសារករណីឆ្លងកូវីដហក់ស្ទុះឡើងខ្ពស់។ REUTERS - ISSEI KATO
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​នេះធ្លាក់មក​នៅពេលដែល​តំបន់អូសាកា​ និង​តំបន់​ចំនួនពីរផ្សេងទៀត​នៃ​ប្រទេស​ជប៉ុនកំពុងប្រឈមនឹងកំណើនករណីឆ្លងកូវីដ​ ហើយ​អាជ្ញាធរ​ត្រូវ​ដាក់​ចេញ​នូវ​វិធាន​ការ​តឹងរ៉ឹងថ្មី​ដើម្បី​ដោះស្រាយ​បញ្ហានៅចំពោះមុខ​។ ចំណាត់ការថ្មីនេះ​នឹង​ចូលជា​ធរមាន​នៅថ្ងៃ​ចន្ទសប្តាហ៍ក្រោយ​ និងត្រូវ​អនុវត្ត​រហូតដល់ថ្ងៃទី៥​ ខែឧសភា​។

អភិបាល​ក្រុងអូសាកា​លោកអ៊ីហ្ស៊ីរ៉ូ​ ម៉ាត់ស៊ូអិ​ (Ichiro Matsui) បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​លោក​មើល​ការ​ដង្ហែភ្លើងគប់​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​ប្រទេសជប៉ុន​ ប្រជាជន​ក៏​ទៅ​ប្រមូលផ្តុំគ្នា​កកកុញ​។ លោកម៉ាត់ស៊ូអិ បានបន្ថែមថា​ការ​លុបចោល​នូវ​ការដង្ហែគឺជា​រឿង​គួរ​ឲ្យសោកស្តាយខ្លាំងណាស់​ ប៉ុន្តែ​លោកគិតថា​គេគួរតែ​បញ្ឈប់​វា​ក្នុង​កាលៈទេសៈ​ដូចបច្ចប្បន្ន​។

ដូចគ្នានេះដែរ​ អភិបាល​តំបន់​អូសាកា​លោកយូហ្ស៊ីម៉ូរ៉ា​ បាន​យល់ស្រប​ចំពោះ​មតិ​របស់​លោកម៉ាត់ស៊ូអិ​ ដោយ​និយាយថា​ការ​បង្ហែភ្លើងគប់​ឆ្លង​កាត់​កណ្តាល​ក្រុង​អូសាកា​គួរតែ​ត្រូវ​លុបចោល​។ នៅល្ងាចថ្ងៃព្រហស្បតិ៍​ ទី១​ មេសា លោក​នាយករដ្ឋមន្ត្រីជប៉ុន​ យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា ក៏បាន​បង្ហាញ​ពី​ចេតនា​ចង់​លុបចោល​ការដង្ហែនេះ​ដែរ​ និង​ថា​កំពុង​ពិចារណា​ជុំវិញ​រឿងនេះ​។

អភិបាល​តំបន់អូសាកា​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទកាសែត​មួយ​ថា​លោក​នៅមិនទាន់បាន​និយាយ​ជាមួយ​មន្ត្រី​កីឡាអូឡាំពិក​ក្រុងតូក្យូឆ្នាំ​ ២០២០​ នៅឡើយទេ​អំពី​បញ្ហានេះ​។ ចំណែក​អ្នករៀបចំ​ការដង្ហែភ្លើងគប់អូឡាំពិក​វិញ​ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ពួក​គេ​នឹងបន្តការពិភាក្សាយ៉ាងជិតស្និទ្ធ​ ជាមួយ​អាជ្ញាធរ​តំបន់​អូសាកា​ទាក់ទង​នឹងការ​ដង្ហែ​បញ្ជូន​ភ្លើងគប់​ និងបាន​សន្យា​ព្យាយាម​ប្រកាស​លទ្ធផលឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

សូមរំឭកថា​ការ​ដង្ហែ​ភ្លើង​គប់​អូឡាំពិក​នៅ​ជប៉ុនបាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ២៥​ មីនា​​ ដោយ​បានចេញ​ដំណើរ​ពី​ទី​ក្រុង​ហ្វូគូស្ហីម៉ា​ ដើម្បី​ឈាន​ទៅ​បើក​ការ​ប្រកួត​នៅ​តូក្យូ នាថ្ងៃទី ២៣ ​កក្កដា​ខាងមុខ​។

មុន​ពេល​ពិធី​ដង្ហែចាប់ផ្តើម​ ក្រុមអ្នករៀបចំ​បាននិយាយ​រួចជាស្រេច​ហើយថា​ ពួកគេ​អាច​នឹងផ្លាស់ប្តូរ​ផ្លូវ​ប្រសិន​បើចាំបាច់​។ ប៉ុន្តែ​ក្នុងករណី​មាន​ការ​ពន្យារ​ពេល​ណា​មួយ​វិញ​នោះ គេត្រូវ​ដឹងថា​ក្រុម​អត្តពលិក​ចំនួន​១ម៉ឺននាក់​ នឹង​ត្រូវ​ជួប​ឧបសគ្គ​ក្នុង​ការ​ដឹកដង្ហែ​ភ្លើងគប់​ទៅដល់​ទីក្រុងតូក្យូ​ឲ្យទាន់ពេលវេលា​ដែល​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​ត្រូវ​បើក​ជាផ្លូវការ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ