អានតួអត្ថបទ
ជប៉ុន-កូវីដ១៩

ជប៉ុន​ពិចារណា​ដាក់​ក្រុង​តូក្យូ​ក្នុង​ស្ថានភាព​អាសន្ន​ក្រោយ​ករណី​ឆ្លង​កូវីដ​ហក់​ឡើង​ខ្លាំង

អភិបាល​ក្រុង​តូក្យូ​ បាន​ស្នើ​នៅ​ថ្ងៃ​សៅរ៍​ ទី២​ មករា​ឲ្យ​រដ្ឋាភិបាល​ប្រកាស​ដាក់​ទីក្រុង​ដែល​ជា​បេះដូង​នៃ​ប្រទេស​មួយនេះ​ក្នុង​ស្ថានភាព​អាសន្ន​ជាថ្មី​ដោយសារ​ករណី​ឆ្លង​កូវីដ​ហក់​ឡើង​មក​វិញខ្លាំង​។ រដ្ឋាភិបាល​ជប៉ុន​របស់​លោក យ៉ូស្ហ៊ីហ៊ីដេ​ ស៊ូហ្កា​ កំពុង​ពិចារណា​អំពី​សំណើ​ខាងលើ​ និង​គ្រោង​ផ្តល់​ចម្លើយ​តប​វិញ​ក្នុង​ពេល​ឆាប់ៗនេះ​។

រដ្ឋាភិបាលជប៉ុនរបស់លោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា កំពុងពិចារណាអំពីសំណើដាក់ក្រុងតូក្យូក្នុងស្ថានភាពអាសន្ន និងគ្រោងផ្តល់ចម្លើយតបវិញក្នុងពេលឆាប់ៗនេះ។
រដ្ឋាភិបាលជប៉ុនរបស់លោក យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា កំពុងពិចារណាអំពីសំណើដាក់ក្រុងតូក្យូក្នុងស្ថានភាពអាសន្ន និងគ្រោងផ្តល់ចម្លើយតបវិញក្នុងពេលឆាប់ៗនេះ។ AP - Hiro Komae
ផ្សាយពាណិជ្ជកម្ម

ចៅហ្វាយ​ក្រុង​តូក្យូ​លោកស្រី​ យូរីកុ​ កយកេ​  (Yuriko Koike) និង​អាជ្ញាធរ​គ្រប់គ្រង​តំបន់​ក្បែរ​នោះ​ចំនួន​ ៣ ផ្សេង​ទៀត​ បាន​អំពាវនាវ​ឲ្យ​ដាក់​ទី​ក្រុង​របស់​ពួកគេ​ក្នុងស្ថានភាព​អាសន្ន​ក្នុង​អំឡុង​ពេល​ជួបប្រជុំ​ជាមួយ​លោក​ យ៉ាស៊ុតុស្ហី​ នីស្ហីម៊ុរ៉ា​ (Yasutoshi Nishimura) ដែល​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​កូវីដ​១៩​។

លោកស្រី​ចៅហ្វាយ​ក្រុងតូក្យូ​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​យកព័ត៌មានថា​ នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ មន្ដ្រី​រដ្ឋាភិបាល​ជប៉ុន​ជាច្រើនរូប​បាន​ស្នើ​ឲ្យ​បិទ​ភោជនីយដ្ឋាន​ និង​អាជីវកម្ម​ផ្សេងៗទៀត​ ហើយ​ជំរុញឲ្យ​ប្រជាពលរដ្ឋ​ស្នាក់នៅ​តែ​ក្នុងផ្ទះ​។ វិធានការ​ខាងលើ​មាន​ឥទ្ធិពល​ខ្លះ​ក្នុងការ​ទប់ស្កាត់​កុំឲ្យ​ការ​ឆ្លង​រាលដាល​កូវីដ​មាន​សន្ទុះ​លឿន​រហួស​ខ្លាំង​ពេក​។

“ប៉ុន្តែ​ ដោយ​ពិចារណា​លើ​ចំនួន​ករណី​ឆ្លង និង​ស្ថានភាព​នៃ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​នៅ​តូក្យូ​ និង​តំបន់​ជិត​ខាង​នោះ​ទាំងបី​ យើង​បាន​សម្រេច​ថា​វា​ពិតជា​ចាំបាច់​ក្នុងការ​ទប់ស្កាត់​ការ​ផ្លាស់ទី​របស់​ប្រជាជន​ឲ្យ​បាន​ឆាប់រហ័ស​និង​ប្រកប​ដោយ​ភាព​តឹងរ៉ឹង​”។ លោកស្រី កយកេ​ បាន​បន្ថែម​។

រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​កូវីដ​របស់​ជប៉ុន​ លោក​នីស្ហីម៊ុរ៉ា​ បាន​ប្រាប់​ថា​រដ្ឋាភិបាលក​ណ្តាល​ជប៉ុន​បាន​ពិនិត្យ ​និង​ចាត់​ទុក​ករណី​ឆ្លង​កូវីដ​នា​ពេលបច្ចុប្បន្ន​ថា​មានលក្ខណៈ​ធ្ងន់ធ្ងរ​ និង​គ្រោង​ពិភាក្សា​លើ​សំណើ​ប្រកាស​ដាក់​ក្រុង​តូក្យូ​ និង​តំបន់​ក្បែរ​នោះក្នុង​ស្ថានភាព​អាសន្ន​ឆាប់ៗ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ លោក​បាន​បើកភ្លើងខៀវ​រួចរាល់​ហើយ​ដល់​អភិបាល​ក្រុង​តូក្យូ​ និង​អាជ្ញាតំបន់​ក្បែរនោះ​ឲ្យ​ស្នើសុំ​ដល់​អាជីវកម្ម​នានា​ឲ្យ​ឆាប់​បិទ​ទ្វារ​លឿន​ជាមុន​ និង​អំពាវនាវ​ដល់​ប្រជាជនឲ្យ​ចៀសវាង​ចេញក្រៅ​បើគ្មានការ​ចាំបាច់​បន្ទាប់ពី​ម៉ោង ៨ យប់​តទៅ។

គួរជ្រាបថា​ កាលពី​ថ្ងៃព្រហស្បតិ៍​ ទីក្រុងតូក្យូ​បាន​រាយការណ៍ពី​អត្រា​ឆ្លង​កូវីដ​ថ្មី​ ១ ៣ ០០ ករណី​ ដែល​មាន​ចំនួន​ខ្ពស់​ជាង​កំណត់ត្រា​ចាស់​កាលពី​ចុងខែធ្នូ​ដែល​មាន ៩៤៩ ករណី​ទៅទៀត​។ ចំណែក​ ករណី​ឆ្លង​កូវីដ​នៅទូទាំង​ប្រទេសជប៉ុន​វិញ​ ក៏បាន​ឈាន​ដល់​ការបំបែក​កំណត់ត្រាថ្មី​ផង​ដែរ​។ គិត​ត្រឹម​ល្ងាច​សៅរ៍​ថ្ងៃ​ទី​២​ មករា​ ឆ្នាំ ២០២១ នេះ​ ចំនួន​អ្នក​ឆ្លង​កូវីដ​សរុប​នៅជប៉ុន​មាន​ចំនួន​ច្រើន​ជាង​ ២៣​ ម៉ឺន​ ៤​ ពាន់​នាក់​ និង​មាន​អ្នក​ស្លាប់​ ៣ ៤៦០នាក់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ