អានតួអត្ថបទ
ជប៉ុន សេដ្ឋកិច្ច

សេដ្ឋកិច្ចជប៉ុន ចាប់ផ្តើម​​ស្ទុះឡើង​វិញ​ នៅ​​ពាក់​កណ្តាល​​ឆ្នាំ​២០២០

សេដ្ឋកិច្ច​ជប៉ុន បានផ្តើមស្ទុះឡើងវិញ ចាប់ពីពាក់កណ្តាល​ឆ្នាំ​២០២០នេះ បន្ទាប់ពីបានដើរថយ​ក្រោយ​ អស់ប្រមាណ​ជា​៣ត្រីមាសជាប់គ្នា។ នៅរវាងខែ កក្កដា ដល់​ខែ​កញ្ញា ឆ្នាំ២០២០នេះ ចំណូល​ដុលក្នុងស្រុក​របស់ជប៉ុន បានស្ទុះកើនឡើង ប្រមាណ​៥% ដែលនេះគឺដោយ​សារតែការ​នាំចេញ​ បានកើនឡើងវិញ។ តែយ៉ាងណានៅតែមាន​ការបារម្ភថា ត្រីមាសទី​៤ចុងឆ្នាំ២០២០ វិបត្តិនៅតែបន្តមាន​ដោយ​សារតែរលកឆ្លងរាលដាលកូវីដ១៩។

ស្ត្រីជប៉ុនស្លៀកឈុតគីម៉ូណូ ពាក់ម៉ាសការពារកូវីដ១៩ នៅក្រុងតូក្យូ ថ្ងៃទី​១៣ វិច្ឆិកា ២០២០
ស្ត្រីជប៉ុនស្លៀកឈុតគីម៉ូណូ ពាក់ម៉ាសការពារកូវីដ១៩ នៅក្រុងតូក្យូ ថ្ងៃទី​១៣ វិច្ឆិកា ២០២០ REUTERS - KIM KYUNG-HOON
ផ្សាយពាណិជ្ជកម្ម

ក្នុងត្រីមាសទី៣ឆ្នាំ២០២០ សេដ្ឋកិច្ចជប៉ុន​បានស្ទុះមានកំណើនឡើងវិញយ៉ាងប្រសើរ ដោយ​ចំណូល​ដុល​ក្នុងស្រុក​សរុប ចន្លោះពីខែ​កក្កដា ដល់ខែ​កញ្ញា បានកើនឡើង​ចំនួន​៥%។ នេះគឺជាសញ្ញាវិជ្ជមាន​ ខណៈដែល​កន្លងមក​ ៣ត្រីមាសជាប់គ្នា សេដ្ឋកិច្ចជប៉ុនបានដើរថយក្រោយ។ ការដើរថយក្រោយ​នេះ បានចាប់ផ្តើមតាំងតែពី​ត្រីមាសទី​៤ចុងឆ្នាំ​២០១៩ ពោលគឺមុនមានវិបត្តិ​ជម្ងឺកូវីដ​១៩​ទៅទៀត។ នេះក៏ដោយ​សារតែ​ ការ​ដំឡើងពន្ធលើតំលៃបន្ថែម (TVA) ពីសំណាក់​រដ្ឋាភិបាលជប៉ុន។

ដោយសារតែវិបត្តិកូវីដ១៩ នៅត្រីមាសទី​២​ឆ្នាំ២០២០ សេដ្ឋកិច្ច​ជប៉ុនបានដាំក្បាលចុះ ចំនួន​ប្រមាណ​៨,២%។ ប៉ុន្តែសម្រាប់ត្រីមាសទី​៣ សេដ្ឋកិច្ចជប៉ុនបានស្ទុះឡើង ខ្ទង់៤,៤% នេះបើផ្អែកតាមអ្នកជំនាញរបស់​ទីភ្នាក់​ងារ​​ Bloomberg។ យោងតាមតួលេខ​ក្រសួងឧស្សាហកម្មជប៉ុន ផលិតកម្មឧស្សាហកម្ម​របស់ជប៉ុន បានកើនឡើងចំនួន​៣,៩% រវាងពីខែ​មិថុនា ដល់ខែ​កញ្ញា។ 

យោងតាមអ្នកជំនាញ ការស្ទុះឡើងវិញនៃសេដ្ឋកិច្ចជប៉ុន នៅត្រីមាសទី​៣នេះ គឺដោយ​សារតែ​ការប្រើប្រាស់ក្នុងស្រុក​បានស្ទុះកើនឡើងវិញ ចំនួន ៤,៧% នៅក្រោយ​ពេល​ជប៉ុន​ បាន​ដកចេញ​នូវវិធានការបិទខ្ទប់ ដើម្បីបង្ការការឆ្លងរាលដាលកូវីដ១៩។ ស្របពេលនោះដែរ ប្រទេសជាច្រើនក៏បានបើកទ្វារសេដ្ឋកិច្ចឡើងវិញដែរ ដែលធ្វើឲ្យ​ការនាំចេញរបស់ជប៉ុន ​បានកើនឡើងប្រមាណ​៧%។

តែយ៉ាងណា ការវិនិយោគក្នុងស្រុក នៅតែស្ថិតក្នុងកម្រិតអវិជ្ជមានដដែលទេ។ យោងតាមតួលេខ​របស់ធនាគារជាតិជប៉ុន ថ្វីបើសហគ្រាសជប៉ុន មានសុទិដ្ឋិនិយមពិតមែន តែក្នុងវិស័យខ្លះ ដូច​ជា​សណ្ឋាគារ ភោជនីយដ្ឋាន និង​វិស័យយានយន្តជាដើម គឺនៅតែមានការលំបាក។ លោក Naoya Oshikubo អ្នកវិភាគសេដ្ឋកិច្ចជប៉ុន បានអះអាងថា សេដ្ឋកិច្ចជប៉ុន អាចនឹងជួបឧបសគ្គសាជាថ្មី នៅត្រីមាសទី​៤ចុងឆ្នាំ២០២០នេះ ដោយសាររលកឆ្លងរាលដាលកូវីដ១៩ កំពុងតែមានខ្លាំងនៅ​ឯបរទេស។ យោងតាមការព្យាករណ៍ របស់​មូលនិធិរូបិយវត្ថុអន្តរជាតិ ជារួម​សេដ្ឋកិច្ចជប៉ុននឹងធ្លាក់ចុះ ចំនួន ៥,៣% ក្នុងឆ្នាំ២០២០​ មុននឹងមានកំណើនវិជ្ជមានវិញ ប្រមាណ​ ២,៣% នៅឆ្នាំ​២០២១។

ដើម្បីផ្តល់សន្ទុះដល់សេដ្ឋកិច្ច រដ្ឋាភិបាល​លោក យូស្ហ៊ីហ៊ីដេ ស៊ូហ្កា បាន​សម្រេច​ផ្តល់​ប្រាក់ ចំនួន​​១សែនយ៉េន (៨០០អឺរ៉ូ) ដល់ប្រជាជនម្នាក់ៗ ព្រមទាំងបានបង្កើតកញ្ចប់ថវិកា ជួយ​សហគ្រាស​បង់ការចំណាយលើប្រាក់ខែ​ ពាក់កណ្តាលដល់​បុគ្គលិក​។ កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រី​ជប៉ុន បាន​បើកការប្រជុំ ដើម្បីរិះរកវិធានការថ្មីបន្ថែមទៀត ដើម្បី​ជួយ​សេដ្ឋកិច្ច ជាពិសេសក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ដែលកំពុងប្រឈមនឹងការខាតបង់ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ