អានតួអត្ថបទ
ជប៉ុន-សេដ្ឋកិច្ច

វិបត្តិ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​ដាំក្បាល​ចុះ​ចំនួន ៤,៨% ក្នុង​ឆ្នាំ ២០២០

នៅ​ក្នុង​ប្រទេស​ជប៉ុន ផលិតផល​សរុប​ក្នុង​ស្រុក​នា​ឆ្នាំ ២០២០ កន្លង​ទៅ​បាន​ធ្លាក់​ចុះ​ចំនួន ៤,៨%។ គឺ​ជា​ការ​ដាំ​ក្បាល​ចុះ​ប្រចាំ​ឆ្នាំ​លើកទី១ ដែល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី៣ ក្នុង​លោក​មួយ​នេះ​មិន​ធ្លាប់​ជួប​តាំង​ពី​ឆ្នាំ ២០០៩។ ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ក្នុង​លោក​ដែរ វិបត្តិ​កូវីដ១៩ ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ជប៉ុន​យ៉ាង​គំហុក​ក្នុង​ឆ្នាំ ២០២០។ សម្រាប់​ឆ្នាំ ២០២១ នេះ រដ្ឋាភិបាល​សង្ឃឹម​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន ទោះ​បី​ជា​ប្រទេស​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​កូវីដ១៩ រហូត​ដល់​ថ្ងៃទី៧ មីនា​ខាង​មុខ​ក៏​ដោយ។

វិបត្តិ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​ដាំក្បាល​ចុះ​ចំនួន ៤,៨% ក្នុង​ឆ្នាំ ២០២០
វិបត្តិ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​ដាំក្បាល​ចុះ​ចំនួន ៤,៨% ក្នុង​ឆ្នាំ ២០២០ ASSOCIATED PRESS - Shizuo Kambayashi
ផ្សាយពាណិជ្ជកម្ម

នៅ​ដើម​ឆ្នាំ ២០២០ ពិសេស​ពី​ខែ​មេសា​ដល់​ដំណាច់​ខែ​មិថុនា ជប៉ុន​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន​ដល់​ទៅ ៨,៣% ក្រោម​សូន្យ។ គឺ​ជា​រយៈពេល​ដែល​ប្រទេស​កំពុង​ស្ថិត​ក្នុង​ស្ថានភាពអាសន្ន​កូវីដ១៩។ តែ​ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ ២០២០ ជប៉ុន​ចាប់​ផ្តើម​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​បន្តិច​ឡើង​វិញ។ នេះ​ដោយសារ​មាន​កត្តា​សំខាន់​ចំនួន ៣ ទី១ វិស័យ​នាំ​ចេញ​បាន​កើន​ឡើង ទី២ ការ​ចំណាយ​របស់​ប្រជាជន​ក៏​មាន​ការ​កើន​ឡើង និង​ទី៣ ការ​វិនិយោគ​ក្រៅ​ពី​លំនៅដ្ឋាន​ក៏​មាន​ការ​កើន​ឡើង​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី និង​បើ​គិត​ពេញ​មួយ​ឆ្នាំ ២០២០ ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី៣ ក្នុង​លោក​មួយ​នេះ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៤,៨%។

សម្រាប់​ឆ្នាំ ២០២១ ត្រូវ​បាន​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ព្យាករណ៍​ថា ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ជប៉ុន​មាន ៣,១%។ តែ​បើ​តាម​ការ​ព្យាករណ៍​របស់​ធនាគារកណ្តាល​ជប៉ុន គឺ​អាច​មាន ៣,៩%។ ក្រុម​អ្នក​សេដ្ឋវិទូ​ក៏​បាន​សម្លឹង​ឃើញ​ពី​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​របស់​ជប៉ុន​ក្នុង​ឆ្នាំ ២០២១ ដែរ។ តែ​បាន​ប្រមើលមើល​ពី​ការ​ធ្លាក់​ចុះ​ផលិតផលសរុប​នៅ​ត្រីមាស​ទី១ ដើម​ឆ្នាំ ២០២១ នេះ​ដោយសារ​តែ​វិធានការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​កូវីដ១៩ របស់​រដ្ឋាភិបាល​តាំង​ពី​ដើម​ខែ​មករា​រហូត​ដល់​ថ្ងៃទី៧ មីនា​ខាង​មុខ។ ក្តីសង្ឃឹម​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ក្នុង​ឆ្នាំ ២០២១ អាស្រ័យ​ទាំង​ស្រុង​លើ​ស្ថានភាព​កូវីដ១៩។

បើ​ស្ថានភាព​ជំងឺ​ឆ្លង​មួយ​នេះ​មាន​ភាព​ប្រសើរ​ឡើង វិស័យ​ជា​ច្រើន​នឹង​ផ្តើម​មាន​ដំណើរការ​ជា​ថ្មី ហើយ​ការ​ចំណាយ​របស់​ប្រជាជន​ក៏​នឹង​ចាប់​ផ្តើម​មាន​សន្ទុះ​ឡើង​វិញ​ចាប់​ពី​ខែ​មេសា​ខាង​មុខ។ ទន្ទឹម​គ្នា​នេះ ផែនការ​ផ្តល់សន្ទុះ​មាន​ទឹកប្រាក់​ច្រើន​ពាន់លានដុល្លារ​របស់​រដ្ឋាភិបាល​ដែល​បាន​អនុម័ត​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២០ ក៏​ជា​កត្តា​ដើម្បី​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ដែរ។ តែ​អ្វី​ដែល​នៅ​ជា​ក្តីបារម្ភ​របស់​ក្រុម​អ្នក​សេដ្ឋវិទូ គឺ​យុទ្ធនាការ និង​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ១៩ នៅ​ជប៉ុន។ គឺ​ទើប​តែ​នៅ​ថ្ងៃ​អាទិត្យ ទី១៤ កុម្ភៈ​ដែល​ជប៉ុន​បាន​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​ផលិត​ដោយ​មន្ទីរពិសោសធន៍ Pfizer-BioNTech៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ