អានតួអត្ថបទ
សេដ្ឋកិច្ចជប៉ុន-កូវីដ១៩

ជប៉ុន​ បញ្ចេញ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​ពី​វិបត្តិ​កូវីដ​១៩

សភា​ជប៉ុន​ នៅថ្ងៃ​ព្រហស្បតិ៍​ ទី​៣០​ មេសា​ បាន​សម្រេច​អនុម័ត​លើ​បញ្ចប់​ថវិកា​ពិសេស​ ដែល​មាន​តម្លៃ​ប្រមាណ​ជា​ ២៤០​ ពាន់​លាន​ដុល្លារ​ ដើម្បី​ទប់ទល់​នឹង​ការ​បំផ្លិច​បំផ្លាញ​សេដ្ឋកិច្ច​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត​កូវីដ​១៩​។ ទន្ទឹមគ្នានេះ​ រដ្ឋាភិបាល​ជប៉ុន​ ក៏​បាន​បង្ហើប​ផងដែរ​ពី​គម្រោង​ ពន្យារ​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ក្រោយ​ថ្ងៃ​ទី​៦​ ឧសភា​។

មនុស្សម្នា ដើរតាមផ្លូវក្បែរផ្សារមួយក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២០។
មនុស្សម្នា ដើរតាមផ្លូវក្បែរផ្សារមួយក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២០។ REUTERS - KYODO
ផ្សាយពាណិជ្ជកម្ម

កញ្ចប់​ថវិកា​គ្រា​អាសន្ន​ចំនួន​ ២៤០​ ពាន់​លាន​ដុល្លារ​នេះ​ មាន​រួមបញ្ចូល​នូវ​វិធានការ​ជាច្រើន​ ដែល​ត្រូវ​បាន​ត្រៀម​បម្រុង​ទុក​ ដើម្បី​ជួយ​ទ្រទ្រង់ដល់​សេដ្ឋកិច្ច​ជប៉ុន​ ដែល​មាន​ដំណើរ​រប៉ាក់​រពើក​ស្រាប់​ទៅ​ហើយ​ តាំងតែ​ពី​មុន​មាន​ការ​ផ្ទុះឡើង​នៃ​មេរោគ​កូរ៉ូណាថ្មី​ទៅទៀត​។

វិធានការ​សង្គ្រោះ​ទាំងនោះ​ មាន​ជាអាទិ៍​ ថវិកា​ទុក​ជួយ​បង្កើន​ការ​ផលិត​ម៉ាស់​សម្រាប់​បុគ្គលិក​ពេទ្យ​ ការធ្វើ​ឲ្យប្រសើរឡើង​នូវ​សមត្ថភាព​ធ្វើ​តេស្ត​រក​កូវីដ១៩​ និង​ការ​គាំទ្រ​ដល់ការ​បង្កើន​ល្បឿន​ក្នុងការ​ស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង​ និង​ការ​ផលិត​ថ្នាំ​ប្រឆាំង​នឹងកូវី១៩​។

ចំណែក​ពាក់កណ្តាល​នៃ​ថវិកា​សរុប​ គេគ្រោងនឹង​ទុក​សម្រាប់​ប្រគល់​ឲ្យ​ពលរដ្ឋ​ជប៉ុន​។ បើ​តាមផែនការ​ រដ្ឋ​ជប៉ុន​ នឹង​ប្រគល់​សាច់ប្រាក់​ចំនួន​ ១០​ម៉ឺន​យេន​ ឬស្មើ​នឹង​ ៩៣០​ ដុល្លារ​ទៅ​ឲ្យ​យុវវជន​ និង​កុមារៗ​ជប៉ុន​គ្រប់ៗ​រូប​។

គួរ​ជ្រាប​ថា​ កញ្ចប់​ថវិកា​ពិសេស​ចំនួន​ ២៤០ ពាន់​លាន​ដុល្លារ​ គឺជា​ផ្នែកមួយ​នៃ​ថវិកា​ជំនួយ​សរុប​ទាំងអស់​ ១ ទ្រីលាន​ដុលា្លរ​ ឬក៏​ស្មើនឹង​ ១០០ ម៉ឺន​លាន​ដុល្លារ​ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ស្ហីនហ្សូ​ អាបេ​ បាន​ប្រកាស​កាល​ពី​ដើម​ខែ​មេសា​។

នៅ​គ្រា​កន្លង​មក​ លោក​អាបេ​ ធ្លាប់​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ទាំងអស់​ដែល​ចាំបាច់​ ដោយ​គ្មានស្ទាក់ស្ទើរ​ឡើយ​ ក្នុង​កិច្ច​ការ​ដោះស្រាយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​បង្ក​ឡើង​ដោយ​កូវីដ​១៩​។

គួរ​គូស​បញ្ជាក់​ជូនថា​ ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ក្នុង​ប្រទេស​ជប៉ុន​ មិន​ធ្ងន់ធ្ងរ​ខ្លាំង​ដូច​នៅ​អឺរ៉ុប​ ឬ​សហរដ្ឋអាមេរិក​នោះទេ​។ គិត​ត្រឹម​យប់ថ្ងៃ​ទី​៣០​ មេសា​ ចំនួន​អ្នក​ឆ្លង​កូវីដ​១៩​ នៅ​ជប៉ុន​មាន​ចំនួន​ប្រមាណ​ ១​ម៉ឺន​ ៤ ពាន់​នាក់​ និង​ស្លាប់​ប្រមាណ​ ៤២៥ នាក់​។

ប៉ុន្តែ​ ការ​កើនឡើង​នៃ​ករណីឆ្លង​ បាន​ជំរុញឲ្យ​លោក​អាបេ​ ប្រកាស​ដាក់​ប្រទេស​ ក្នុង​គ្រា​អាសន្ន​រយៈពេល​មួយ​ខែ​ ដែល​មាន​សុពលភាព​ដល់​ថ្ងៃ​ទី​ ៦​ ឧសនា​ខាង​មុខ​។ នៅ​ពេល​ថ្មីៗនេះ​ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ បាន​បង្ហើប​ផងដែរ​ពី​គម្រោង​ពន្យារ​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ក្រោយ​ថ្ងៃទី​ ៦​ ឧសភា​ ចំនួន​មួយ​ខែ​បន្ថែម​ទៀត​។

ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ ផ្តល់​សិទ្ធិ​អំណាច​ដល់​អាជ្ញាធរ​ក្នុង​តំបន់​របស់ជប៉ុន​ ក្នុងការ​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​ស្នាក់នៅ​តែ​ក្នុង​ផ្ទះ​ និង​អាច​ស្នើឲ្យ​អាជីវកម្ម​នានា​បិទទ្វារ​បាន​។ ប៉ុន្តែ​ រដ្ឋ​អំណាច​ជប៉ុន​ នឹង​មិន​ដាក់ទោស​ទណ្ឌ​អ្វី​នោះទេ​ ទៅលើ​អ្នក​ដែល​មិន​គោរព​តាមការ​ស្នើសុំ​របស់​ខ្លួន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ