អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេសចិនបន្តធ្វើជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចសកល ខណៈដែលពិភពលោកកំពុងញាំញីដោយកូវីដ១៩?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី១៣ តុលា ឆ្នាំ ២០២០ អគ្គនាយកដ្ឋាន​គយ​ចិន​បាន​ផ្សព្វផ្សាយ​ស្ថិតិ​មួយ​ស្តីពី​ស្ថានភាព​វិស័យ​នាំចេញ និង​វិស័យ​នាំចូល​នា​ខែ​កញ្ញា​កន្លង​ទៅ។ ស្ថិតិ​បាន​ឲ្យ​ដឹង​ថា បើ​គិត​តាំង​ពី​ដើម​ឆ្នាំ ២០២០ ការ​នាំ​ចូល​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ខែ​កញ្ញា។ ចំណែក​ការ​នាំ​ចេញ​វិញ​ក៏​មាន​សន្ទុះ​កើន​ឡើង​ដែរ។ ដោយឡែក និង​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ គឺ​តួលេខ​ស្តីពី​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី១ និង​ទី២ ក្នុង​លោក។ ខុស​ពី​អ្វី​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ចង់​បាន ផលលើស​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​បន្ត​កើន​ឡើង ពោល​ទំនិញ​ចិន​នាំ​ទៅ​អាមេរិក​នៅ​តែ​ច្រើន​ជាង​ទំនិញ​អាមេរិក​នាំ​ទៅ​ចិន​ដែល​គិត​ជា​ទឹកប្រាក់​កើន ៣០ ៧៥០លានដុល្លារ​ក្នុង​ខែ​កញ្ញា។

ចិន​កំពុង​ស្គាល់​កំណើន​វិស័យ​នាំ​ចេញ និង​វិស័យ​នាំ​ចូល​ក្នុង​សម័យ​កូវីដ១៩
ចិន​កំពុង​ស្គាល់​កំណើន​វិស័យ​នាំ​ចេញ និង​វិស័យ​នាំ​ចូល​ក្នុង​សម័យ​កូវីដ១៩ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ផលលើស​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​បន្ត​កើន​ឡើង​ជា​ដំណឹង​ល្អ​សម្រាប់​ចិន តែ​មិន​ល្អ​សម្រាប់​អាមេរិក ពិសេស​រូប​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​ដែល​ការ​រៀប​ចំ​បោះឆ្នោត​ប្រធានាធិបតី​ឈាន​ចូល​ជិត​មក​ដល់ និង​ដែល​លោក​ត្រាំ​បាន​ឈរ​ឈ្មោះ​អាណត្តិ​ថ្មី។ គឺ​ផលលើស​ពាណិជ្ជកម្ម​ដែល​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​លោក​ត្រាំ​លើ​ចិន ហើយ​គឺ​ផលលើស​ពាណិជ្ជកម្ម​ដែល​ជា​ដើមចម​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីតោន​មក​ដល់​សព្វថ្ងៃ។ អ្វី​ដែល​លោក​ត្រាំ​ចង់​បាន គឺ​ចង់​ឃើញ​ផលលើស​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​មាន​សមភាព ពោល​សមភាព​នៅ​ក្នុង​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក។

ត្រង់​ចំណុច​នេះ លោក​ត្រាំ​ចង់​ឃើញ​ចិន​ទិញ​ផលិតផល​អាមេរិក​បន្ថែម​ទៀត។ ក្នុង​ខែ​មករា​ដើម​ឆ្នាំ ២០២០ ពោល​មុន​ពេល​ពិភពលោក​ធ្លាក់​ចូល​ក្នុង​វិបត្តិ​កូវីដ១៩ អាមេរិក និង​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​ចិន​បាន​សន្យា​ទិញ​ផលិតផល​អាមេរិក​បន្ថែម​សម្រាប់​ទឹកប្រាក់ ២០០ ០០០លានដុល្លារ​ក្នុង​រយៈពេល ២ឆ្នាំ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ផលលើស​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​នៅ​បន្ត​កើនឡើង​ដែល​គិត​ជា​ទឹកប្រាក់​មាន ៣០ ៧៥០លានដុល្លារ​ក្នុង​ខែ​កញ្ញា។ តែ​កំណើន​នេះ​ធ្លាក់​ចុះ​បន្តិច បើ​ធៀប​នឹង​ខែ​សីហា​ដែល​មាន ៣៤ ២៤០លានដុល្លារ មាន​កត្តា​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​លើ​កំណើន​នេះ តែ​សំខាន់ គឺ​វិបត្តិ​កូវីដ១៩។

វិបត្តិ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​សង្វាក់​ផលិតកម្ម​សកល​ជាប់គាំង​សឹង​តែ​ទាំង​ស្រុង​តាម​រយៈ​វិធានការ​បិទខ្ទប់​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​ច្រើន​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ១៩។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ចិន​ដែល​ជា​ប្រទេស​ធ្លាក់​ក្នុង​កូវី១៩ មុន​គេ​ក៏​បាន​ងើប​ផុត​ពី​កូវីដ១៩ មុន​គេ​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​សព្វថ្ងៃ​នេះ រោងចក្រ សហគ្រាស​នៅ​ចិន​អាច​ដំណើរការ​ផលិតកម្ម​ដូច​មុន ខណៈ​ដែល​ប្រទេស​ជា​ច្រើន ពិសេស​អាមេរិក​កំពុង​ងើប​ខ្លួន​មិន​រួច​ពី​កូវីដ១៩។ ដូច្នេះ​អាមេរិក​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​បន្ត និង​បង្កើន​ទិញ​ផលិតផល​ពី​ចិន​នៅ​ពេល​នេះ។

ម៉ាស និង​សម្ភារៈបរិក្ខារពេទ្យ​ជា​ផលិផល​ដែល​ចិន​នាំ​ចេញ​ច្រើន

បើ​និយាយ​ជា​រួម ផលិតផល​ចិន​មិនមែន​សម្រាប់​ផ្គត់ផ្គត់​ឲ្យ​តែ​អាមេរិក​មួយ​ទេ ពោល​សម្រាប់​ពិភពលោក​ទាំង​មូល។ ចូរ​កុំ​ភ្លេច​ថា​ក្រៅ​តែ​ពី​ចិន​ដែល​បាន​ងើប​ផុត​ពី​កូវីដ១៩ សឹង​តែ​ទាំង​ស្រុង មាន​ប្រទេស​ជា​ច្រើន​ទៀត​កំពុង​បន្ត​រុំាំរ៉ៃ​ងើប​មិន​រួច និង​ហាក់​កំពុង​ធ្លាក់​ចូល​ក្នុង​កូវីដ១៩ ជា​លើកទី២ ទៀត​ផង ពិសេស​អាមេរិក និង​ប្រទេស​នៅ​អឺរ៉ុប។ ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​កូវីដ១៩ អាមេរិក និង​ប្រទេស​អឺរ៉ុប​នៅ​មិន​ទាន់​អាច​បន្ត​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​ដូច​មុន​ពេល​ផ្ទុះ​កូវីដ១៩ បាន​នៅ​ឡើយ​ទេ។ គឺ​មាន​តែ​បង្កើន​ការ​នាំ​ចូល​ពី​ក្រៅ​ទើប​អាច​ផ្គង់ផ្គង់​តម្រូវការ​របស់​ខ្លួន​បាន។ ខណៈ​ដែល​សមត្ថភាព​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​គូប្រជែង​ផ្សេង​កំពុង​ជួប​ភាព​រអាក់រអួល ចិន​បាន​ឆក់​ឱកាស​ក្រសោប​យក​ទីផ្សារ​នៅ​សឹង​គ្រប់​ផ្នែក​ទាំង​អស់។

ម៉ាស និង​សម្ភារៈបរិក្ខារពេទ្យ​ជា​ផលិតផល​តារា​ដែល​ចិន​លក់​បាន​លុយ​រាប់​សិប​ម៉ឺនលានដុល្លារ​ក្នុង​សម័យ​កូវីដ១៩ រហូត​មាន​ការ​លើក​ឡើង​ថា ចិន​បាន​យក​ម៉ាស និង​សម្ភារៈបរិក្ខារពេទ្យ​ធ្វើ​ជា​ឧបករណ៍​ការទូត។ វិបត្តិ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​ចិន​ប្រែ​ក្លាយ​រោងចក្រ​ជា​ច្រើន ពិសេស​រោងចក្រ​ផលិត​សម្លៀកបំពាក់​ទៅ​ជា​រោងចក្រ​ផលិត​ម៉ាស និង​សម្ភារៈបរិក្ខារពេទ្យ។ ក្នុង​សម័យ​កូវីដ១៩ ចិន​មាន​លុយ​ច្រើន​ដោយ​គ្រាន់​តែ​ផលិត​ម៉ាស និង​សម្ភារៈបរិក្ខារ​ពេទ្យ​លក់ ហើយ​ចរន្ត​មួយ​នេះ​អាច​នឹង​បន្ត​មាន​ជា​ច្រើន​ខែ​ទៅ​មុខ​ទៀត។ តាម​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយ​ចិន វិស័យ​នាំ​ចេញ​បាន​កើន ៩,៩% ក្នុង​ខែ​កញ្ញា។ តែ​ទន្ទឹម​នឹង​សន្ទុះ​កំណើន​នាំ​ចេញ វិស័យ​ដឹកជញ្ជូន និង​វិស័យ​ទេសចរណ៍​កំពុង​មាន​ដំណើរ​រអាក់រអួល។ ភាព​រអាក់រអួល​នៅ​ក្នុង​វិស័យ​ទាំង​ពីរ​នេះ​មាន​នៅ​គ្រប់​ប្រទេស​ទាំង​អស់ ពោល​មិនមែន​មាន​តែ​ចិន​មួយ​ទេ។

ទន្ទឹម​នឹង​កំណើន​នាំ​ចេញ ចិន​ក៏​មាន​កំណើន​នាំ​ចូល

ពិភពលោក​ត្រូវ​ការ​ចិន​ជា​រឿង​ចៀស​មិន​រួច តែ​ចិន​ក៏​មិន​អាច​អត់​ពិភពលោក​បាន​ដែរ។ ទន្ទឹម​នឹង​នាំ​ទំនិញ​ចេញ ចិន​ក៏​ទិញ​ទំនិញ​ពី​បរទេស​យ៉ាង​ច្រើន​សម្បើម​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក។ ក្នុង​ខែ​កញ្ញា វិស័យ​នាំ​ចូល​ចិន​មាន​កំណើន ១៣,២%។ អគ្គនាយកដ្ឋានគយ​មិន​បាន​បញ្ជាក់​ពី​មុខទំនិញ​ដែល​ចិន​បាន​ទិញ​ពី​បរទេស​ទេ តែ​អ្នកវិភាគ​លោក Stephen Innes បាន​យល់​ឃើញ​ថា ផលិតផល​បច្ចេកវិទ្យា​អាច​ជា​ផលិតផល​ដែល​ចិន​បាន​ទិញ​ក្នុង​បរិមាណ​ច្រើន ពិសេស​មុន​ពេល​ចូល​ជា​ធរមាន​នូវ​ទណ្ឌកម្ម​អាមេរិក។ គួរ​បញ្ជាក់​ថា​តាំង​ពី​ថ្ងៃទី១៥ កញ្ញា​មក ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei មិន​អាច​ទិញ​បច្ចេកវិទ្យា​របស់​អាមេរិក​ដើម្បី​បំពាក់​លើ​ផលិតផល​របស់​ខ្លួន​បាន​ទៀត​ឡើយ។

ដូច្នេះ​ជា​ការ​បង្ការ​ទុក​មុន ចិន​បាន​បង្វែរ​បង្កើន​ការ​ទិញ​ស្តុក​ពី​ប្រទេស​ផ្សេង។ ក្នុង​បរិបទ​ដដែល​នេះ ចិន​ក៏​បាន​នាំ​ចូល​យ៉ាង​ច្រើន​សម្បើម​នូវ​ផលិផល​រ៉ែដែក និង​ឈីប នេះ​ជា​ការ​លើកឡើង​របស់​អ្នក​វិភាគ​លោក Tommy Xie។ ចំណែក​អ្នក​វិភាគ​ម្នាក់​ទៀត​លោក Julian Evans-Pritchard បាន​បញ្ជាក់​ថា ចិន​បាន​ទិញ​យ៉ាង​ច្រើន​នូវ​ផលិតផល​កសិកម្ម បន្ទាប់​ពី​ចិន​បាន​រង​គ្រោះទឹកជំនន់​នា​ដើម​រដូវក្តៅ។ យ៉ាង​ណា​ក៏​ដោយ និង​បើ​គេ​និយាយ​ជា​រួម សេដ្ឋកិច្ច​ចិន​ហាក់​កំពុង​ងើប​ឡើង​វិញ​បន្តិច​ម្តងៗ។ ផលិតផលសរុប​ក្នុង​ស្រុក​នៅ​ត្រីមាស​ទី២ បាន​កើន ៣,២% បន្ទាប់​ពី​បាន​ធ្លាក់​ចុះ ៦,៨% នៅ​ត្រីមាសទី១។ មាន​ការ​ឯកភាព​ដូច​គ្នា​ថា ចិន​ដែល​បាន​ធ្លាក់​ក្នុង​កូវីដ១៩ មុន​គេ និង​ងើប​ចេញ​ពី​កូវីដ១៩ មុន​គេ គឺ​ជា​ប្រទេស​ដែល​នឹង​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ខ្លាំង​មុន​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ